សន្ទស្សន៍អំពើពុករលួយបង្ហាញថា កម្ពុជានៅតែស្ថិតក្នុងចំណាត់ថ្នាក់បាតតារាង

៣០ មករា ២០២៤
ហាន ណូយ
វីអូអេខ្មែរ

រូបឯកសារ៖ ទិដ្ឋភាពចរាចរណ៍នាពេលព្រឹកមេឃស្រទុំ នៅម្តុំវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣។
រូបឯកសារ៖ ទិដ្ឋភាពចរាចរណ៍នាពេលព្រឹកមេឃស្រទុំ នៅម្តុំវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣។

ភ្នំពេញ —  អំពើ​ពុករលួយ​នៅ​តែជាក្តី​បារម្ភ​សម្រាប់​ប្រទេស​កម្ពុជា​ ខណៈ​នៅ​ឆ្នាំ​ ២០២៣​ កម្ពុជា​ទទួល​ជាប់​ចំណាត់​ថ្នាក់​ ១៥៨​ក្នុ ង​ចំណោម​ប្រទេស​ និង​ដែនដី​ ១៨០ ​នៅលើ​ពិភព​លោក។ ​នេះបើ​តាម​សន្ទស្សន៍​អំពើ​ពុករលួយ ​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​តម្លាភាព​កម្ពុជា​ នៅ​ថ្ងៃ​អង្គារ​នេះ។​


បើ​តាម​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ​ឆ្នាំ​ ២០២៣​ កម្ពុជា​ទទួល​បាន​ពិន្ទុ​ចំនួន​ ២២ ​ស្ថិត​នៅ​លេខ​រៀង​ទី ​១៥៨ ​ក្នុង​ចំណោម​ប្រទេស​ ១៨០ ​លើ​ពិភព​លោក។ ​រីឯ​ក្នុង​ចំណោមប្រទេស​ជា​សមាជិក​អាស៊ាន ​កម្ពុជា​ស្ថិត​នៅ​ចំណាត់ថ្នាក់​បាត​តារាង​ នៅ​ក្រោម​តែប្រទេស​មីយ៉ាន់ម៉ា​មួយ​ប៉ុណ្ណោះ​ ដែល​ទទួល​បាន​ ២០ ​ពិន្ទុ។ ​ចំណាត់​ថ្នាក់​របស់​កម្ពុជា​អន់​ថយ​បន្តិច ​បើ​ធៀប​នឹងឆ្នាំ ​២០២២ ដោយ​កាល​ពី​ឆ្នាំ​ ២០២២ ​កម្ពុជា​ទទួល​បាន ​២៤ ​ពិន្ទុ​ នៅ​លេខ​រៀង​ទី​ ១៥០។​

បើ​តាម​របាយ​ការណ៍​ដដែល លទ្ធផល​នេះបង្ហាញ​ពី​និន្នាការ​ដ៏គួរ​ឱ្យ​ព្រួយ​បារម្ភ​ ដោយ​សារ​តែ​ពិន្ទុ​របស់​កម្ពុជា​បន្ត​ប្រែប្រួល​ឡើង​ចុះ​ក្នុង​ចន្លោះ​ពិន្ទុ​ ២០ ​បន្តិច​បន្តួច​ ក្នុង​រយៈ​ពេល​ ១០​ ឆ្នាំ​កន្លង​មក​នេះ​ ជា​ពិន្ទុ​ដែល​ទាប​ បើ​ទោះ​បី​មាន​ភាពប្រសើរ​ឡើង​នៅ​ឆ្នាំ​ខ្លះ​ក្តី។​

ថ្លែង​នៅ​ក្នុង​កម្មវិធី​ផ្សព្វ​ផ្សាយ​លទ្ធផល​នៃ​ការ​សិក្សារ​បាយ​ការណ៍​ខាង​លើ​ នាយក​ប្រតិ​បត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ លោក​ ប៉ិច ពិសី ​លើក​ឡើង​ថា​ អំពើ​ពុករលួយ​នៅ​កម្ពុជា​មាន​ទាំង​ខ្នាត​តូច​ និង​ខ្នាតធំ​ ដែល​លោក​ថា ​អំពើ​ពុករលួយ​ខ្នាត​ធំ​ប៉ះពាល់​ខ្លាំង​ដល់​កម្ពុជា។​ លោក​បន្ថែម​ថា ការ​កែ​ទម្រង់​អំពើ​ពុក​រលួយ​ជា​លក្ខណៈ​ប្រព័ន្ធ​ជា​រឿង​ចាំបាច់ ហើយ​អំពើ​ពុក​រលួយ​នយោបាយ​ក៏​ត្រូវ​ការ​ដោះស្រាយ​ដើម្បី​ឱ្យ​ផ្នែក​ផ្សេង​ទៀត​អាច​ដើរ​ទៅ​មុខ​បាន។​

លោក​ថ្លែង​ថា៖​ «ទាក់ទង​នឹង​អំពើ​ពុករលួយ​ផ្នែក​នយោបាយ​ក៏​ជា​បញ្ហា​ដែរ​ ដែល​យើង​ត្រូវ​តែ​ Address ​(ដោះស្រាយ) ​ដើម្បី​ឱ្យផ្នែក​ដទៃ​ទៀត​អាច​ដើរ​ទៅ​រក​ភាព​ល្អ​ប្រសើរ​បាន​ រួម​ទាំង​ការ​ដោះ​នូវ​បញ្ហា​នីតិរដ្ឋ​ ការ​បើក​លំហ​លទ្ធិ​ប្រជា​ធិបតេយ្យ​ ការ​គោរព​នូវ​គោល​ការ​ណ៍​សិទ្ធិ​មនុស្ស ​និង​ការ​ធានា​នូវ​គោល​ការណ៍​គណនេយ្យ​ភាព​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ Check and balance ​(ត្រួត​បែងចែក​អំណាច)​ ដែល​យើង​ជា​ប្រទេស​ប្រជា​ធិប​តេយ្យ​ត្រូវ​មាន»។​

​បើ​តាម​លោក ​ប៉ិច ពិសី ​អំពើ​ពុក​រលួយ​បំផ្លាញ​នូវ​សន្តិភាព​ ស្ថិរភាព​ និង​រារាំង​មិន​ឱ្យប្រជា​ពល​រដ្ឋ​ទទួល​បាន​យុត្តិ​ធម៌ ​ជាពិសេស​ក្នុង​ចំណោម​ជន​ងាយ​រងគ្រោះ។​

អ្នក​នាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​លោក ​សយ ចាន់វិចិត្រ ​ប្រាប់​វីអូអេ​ថា ​របាយ​ការណ៍​របស់​អង្គការ​តម្លាភាព​កម្ពុជា​មិន​ឆ្លុះ​បញ្ចាំង​អំពី​ស្ថានភាព​ពិត​នៅ​កម្ពុជា​ឡើយ។​ ទោះជាយ៉ាង​ លោក​ថា ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​អាច​ចាត់​ទុក​ជា​ព័ត៌មាន​មួយ​ដើម្បី​ពិចារណា។​

លោក​ថ្លែងថា៖ ​«ប៉ុន្តែ​សម្រាប់​ការណ៍​ពិត​នៅ​កម្ពុជា​ គឺ​របាយ​ការណ៍​នោះ​ខ្ញុំ​អាច​ជម្រាប​បាន​ថា មិន​បាន​ឆ្លុះ​បញ្ចាំង​អំពី​អ្វី​ជាក់​ស្តែង​ដែល​កើត​ឡើង​នៅ​កម្ពុជា​ទេ។​ អ៊ីចឹង​យើង​ក៏​មិន​មាន​អ្វី​ធ្វើការ​អត្ថាធិប្បាយ​ទៅ​លើ​របាយ​ការណ៍​នេះ​ដែរ»។​

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ លោក​ ប៉ែន បូណា​ ប្រាប់​វីអូអេ​ថា​ ​ការ​ចេញ​របាយ​ការណ៍​នានា​របស់​អង្គការ​ជា​សិទ្ធិ​របស់​ពួក​គេ​ ដោយ​លោក​ថា ប្រទេស​ណា​ក៏​មាន​បញ្ហា​ដែរ​ ប៉ុន្តែ​កម្ពុជា​បាន​ខិត​ខំ​ធ្វើ​កំណែ​ទម្រង់​ដោយ​ស្រប​ទៅ​តាម​គោល​ការណ៍​អភិបាល​កិច្ច​ល្អ​ជាដើម។​

លោក​បញ្ជាក់​ថា៖ ​«ហើយ​សួរ​ថា​ តើ​យើង​ស្កប់ស្កល់​ត្រឹម​ប៉ុណ្ណឹង​ទេ?​ អត់​ទេ!​ សូម​មើល​យុទ្ធ​សាស្ត្រ​បញ្ចកោណ​ដែល​ដាក់ចេញ​ដោយ​សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត​ នៅ​តែ​មាន​កំណែ​ទម្រង់​ និង​អភិបាល​កិច្ចល្អ​ជា​ស្នូល​ដដែល។ ​រាជរដ្ឋាភិបាល​នៅ​តែ​បន្ត​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ធ្វើ​ឱ្យ​មាន​អភិបាល​កិច្ចល្អ ​កាន់​តែ​ប្រសើរ​ឡើងៗ​បន្ថែម​ទៀត»។​

ប្រទេស​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​ជាង​គេ​ ឬហៅ​ថា ប្រទេស​ស្អាតស្អំ​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ រួម​មាន​ប្រទេស​ដាណឺម៉ាក​ ហ្វ្រាំងឡង់​ នូវែលហ្សេឡង់​ ន័រវែស​ និង​សិង្ហបុរី​ ខណៈ​ប្រទេស​ដែល​មាន​ចំណាត់​ថ្នាក់​ទាប​បំផុត​រួម​មាន​ប្រទេស​សូម៉ាលី ​វ៉េណេស៊ុយអេឡា​ ស៊ីរី​ និងស៊ូដង់។​

របាយ​ការណ៍​ក៏​បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ផង​ដែរ​ រួម​មាន​រដ្ឋាភិបាល​ត្រូវ​ផ្តន្ទាទោស​រាល់​អំពើ​ពុករលួយ​ ពង្រឹង​គណនេយ្យភាព ​និង​ត្រួត​ពិនិត្យ​ ធ្វើ​ទំនើប​កម្ម​ក្រប​ខណ្ឌច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ លើក​កម្ពស់​តម្លាភាព​ និង​ត្រួត​ពិនិត្យ​សាធារណៈ ​និង​កម្រិត​នៃ​ការ​ប្រកួត​ប្រជែង​សម្រាប់​អាជីវកម្ម៕

What Next?

Recent Articles

Leave a Reply

Submit Comment