អង្គការតម្លាភាព៖ ស្ថានភាពអំពើពុករលួយនៅកម្ពុជាក្នុងឆ្នាំ ២០២៣ នៅតែខ្ពស់

កម្ពុជា
30/01/2024 – 12:09
ដោយ៖ អោ ស្រីពេជ្រ
RFI

នៅថ្ងៃទី៣០ មករានេះ អង្គការតម្លាភាពអន្តរជាតិបានផ្សព្វផ្សាយរបាយការណ៍ឆ្នាំ ២០២៣ ស្តីពីស្ថានភាពអំពើពុករលួយក្នុងលោក។ នៅក្នុងរបាយការណ៍ ប្រទេសកម្ពុជាត្រូវបានអង្គការតម្លាភាពអន្តរជាតិដាក់នៅចំណាត់ថ្នាក់ទី ១៥៨ ក្នុងចំណោមប្រទេស ១៨០ នៃការវាយតម្លៃអំពើពុករលួយឆ្នាំ ២០២៣។ សម្រាប់អង្គការតម្លាភាពអន្តរជាតិ លទ្ធផលនេះចង្អុលបង្ហាញយ៉ាងច្បាស់ពីការបន្តកើតមានអំពើពុករលួយនយោបាយ និងពុករលួយខ្នាតធំនៅក្នុងគ្រប់វិស័យ។

អង្គការតម្លាភាព៖ ស្ថានភាពអំពើពុករលួយនៅកម្ពុជាក្នុងឆ្នាំ ២០២៣ នៅតែខ្ពស់ © Transparency International Cambodia


តាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការតម្លាភាពអន្តរជាតិ ស្ថានភាពអំពើពុករលួយនៅកម្ពុជាក្នុងឆ្នាំ ២០២៣ កន្លងទៅ មានការធ្លាក់ចុះខ្លាំងដោយកម្ពុជាទទួលបានពិន្ទុចំនួន២២ លើពិន្ទុ១០០។ ពិន្ទុនេះបានធ្វើឲ្យកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី១៥៨ ក្នុងចំណោមប្រទេស ១៨០ ដែលអង្គការបានវាយតម្លៃ ពោលធ្លាក់ចុះ ៨លេខបើធៀបនឹងការវាយតម្លៃកាលពីឆ្នាំ ២០២២ដែលកម្ពុជាស្ថិតនៅ​ចំណាត់ថ្នាក់ទី ១៥០។ បើធៀបជាមួយប្រទេសខ្លះក្នុងតំបន់អាស៊ាន កម្ពុជានៅតែស្ថិតជិតបាតតារាង ពោលនៅពីលើតែប្រទេសភូមាមួយគត់ដែលទទួលបានពិន្ទុ ២០។ ចំណែកនៅអាស៊ីប៉ាស៊ីហ្វិកវិញ កម្ពុជាមានលេខរៀងទាបបំផុតជាងគេទី៤ ដោយនាំមុខតែ​ប្រទេសអាហ្វហ្គានីស្ថាន ភូមា និងកូរ៉េខាងជើង។

តាមអង្គការតម្លាភាពអន្តរជាតិ របាយការណ៍វាយតម្លៃរបស់ខ្លួនធ្វើឡើងដោយយោងលើប្រភពទិន្នន័យសំខាន់ៗចំនួន ៧ ដែលបានបង្ហាញពីរូបភាពដ៏គួរឱ្យព្រួយបារម្ភនៃបញ្ហាប្រឈមកាន់ស្លែជាច្រើន។ បញ្ហាប្រឈមទាំងនោះ រួមមានកង្វះប្រសិទ្ធភាពក្នុងការផ្តន្ទាទោសមន្ត្រីពុករលួយ ការប្រើប្រាស់ធនធានដោយមិនត្រឹមត្រូវ និងយន្តការគណនេយ្យភាពទន់ខ្សោយ។ ក្រៅពីនេះ អង្គការតម្លាភាពអន្តរជាតិក៏បានបង្ហាញប្រភពទិន្និន័យផ្សេងទៀត ដូចជាការប្រព្រឹត្តិអំពើពុករលួយក្នុងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ ហានិភ័យខ្ពស់នៃសំណូក ប្រព័ន្ធតុលាការដែលមិនដំណើរការ និងកំណើនឥទ្ធិពលនៃផលប្រយោជន៍របស់ក្រុមមនុស្សមួយភាគតូច។

លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាបានបញ្ជាក់ក្នុងថ្ងៃទី៣០ មករានេះថា ការធ្លាក់ចុះពិន្ទុរបស់កម្ពុជា ជាសញ្ញាដែលបង្ហាញការប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់កម្ពុជានៅទ្រឹង និងជាសារក្រើនរំលឹកថា កម្ពុជាកំពុងប្រឈមអំពើពុករលួយលើគ្រប់វិស័យ ក្នុងនោះមានអំពើពុករលួយខ្នាតធំ និងអំពើពុករលួយនយោបាយ ទោះបីកម្ពុជាមានវឌ្ឍនភាពនៅក្នុងវិស័យខ្លះ ដូចជាការកៀរគរធនធាន និងសេវាសាធារណៈនៅថ្នាក់មូលដ្ឋានក៏ដោយ។

អង្គការតម្លាភាពបានទទូចឱ្យមានការអនុវត្តវិធានការមួយចំនួនដូចជាការផ្តន្ទាទោសរាល់អំពើពុករលួយអោយមានប្រសិទ្ធភាព ការពង្រឹងគណនេយ្យភាព និងការត្រួតពិនិត្យលើកកម្ពស់សេរីភាពប្រជាធិបតេយ្យ ការធ្វើទំនើបកម្មក្របខណ្ឌច្បាប់ប្រឆាំងអំពើពុករលួយ លើកកម្ពស់តម្លាភាព និងការត្រួតពិនិត្យសាធារណៈ រួមនឹងការកម្រិតនៃការប្រកួតប្រជែកសម្រាប់អាជីវកម្ម។

រដ្ឋាភិបាលកម្ពុជាតាមរយៈ​អ្នកនាំពាក្យ លោក ប៉ែន បូណា បានប្រាប់វិទ្យុបារាំងអន្តរជាតិក្នុងថ្ងៃទី​៣០មករានេះ​ថា ការវាយតម្លៃ​​របស់អង្គការតម្លាភាព ​​គ្មានទម្ងន់និងគ្មានមូលដ្ឋាន ដែល​​អាចធ្វើជាសំអាង​សម្រាប់ប្រើប្រាស់បានឡើយ។ តាមលោក ប៉ែន បូណា កន្លងមក រដ្ឋាភិបាលកម្ពុជាបានសម្រេចលទ្ធផលធំៗជាច្រើន​ តាមរយៈការ​ធ្វើ​កំណែទម្រង់និងអភិបាលកិច្ចល្អ ហើយរដ្ឋាភិបាល​ក៏នឹងនៅតែបន្តអនុវត្តការកែ​ទម្រង់និងអភិបាលកិច្ចល្អ​​ជាស្នូលដឹកនាំ​កម្ពុជានៅថ្ងៃអនាគតតទៀតដែរ។ នេះជាការបញ្ជាក់របស់ លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា៕

What Next?

Recent Articles

Leave a Reply

Submit Comment