អង្គការ​តម្លាភាព​អន្តរជាតិ​រក​ឃើញ​ថា អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ២០២៣ អាក្រក់​ជាង​ឆ្នាំ​មុន

ដោយ មាន ឫទ្ធិ
2024.01.30
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អង្គការ​តម្លាភាព​អន្តរជាតិ​រក​ឃើញ​ថា អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ២០២៣ អាក្រក់​ជាង​ឆ្នាំ​មុន

តារាងពិន្ទុ និង​ចំណាត់ថ្នាក់ នៃ​អំពើពុករលួយ នៅ​តំបន់អាស៊ីប៉ាស៊ីហ៊្វីក ក្នុង​ឆ្នាំ២០២៣។ រូប៖ Transparency International


អង្គការ​តម្លាភាព​អន្តរជាតិ​​រក​ឃើញ​ថា អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​អាក្រក់​ជាង​ឆ្នាំ​មុន ដែល​បង្ហាញ​ថា​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​គ្មាន​​ឆន្ទៈ​ពិត​ប្រាកដ​​​​​​ក្នុង​ការ​លុប​បំបាត់​អំពើ​ពុករលួយ។ មន្ត្រី​សង្គម​ស៊ីវិល​​បារម្ភ​ថា​អំពើ​ពុករលួយ​នឹង​ក្លាយ​ជា​ជំងឺ​​រ៉ាំរ៉ៃ និង​ជា​កន្លែង​លាង​លុយ​កខ្វក់​​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដល់​ការ​អភិវឌ្ឍ​​ប្រទេស​កម្ពុជា។

អង្គការ​តម្លាភាព​​​អន្តរជាតិ (Transparency International) រក​ឃើញ​ថា​​​អំពើ​ពុករលួយ​នៅ​ប្រទេស​​កម្ពុជា​​​​​​ក្នុង​ឆ្នាំ២០២៣ ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឱ្យ​ព្រួយ​បារម្ភ។ កម្ពុជា​ទទួល​បាន​ពិន្ទុ ២២ ធ្លាក់​មក​នៅ​ចំណាត់​ថ្នាក់​ទី១៥៨ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៨០។ ចំណាត់​នេះ​ទាប​ជាង​ឆ្នាំ​ទៅ​មិញ ដែល​កម្ពុជា​ជាប់​លេខ ១៥០។

​អង្គការ​តម្លាភាព​​​អន្តរជាតិ​នៅ​ថ្ងៃ​ទី៣០ ខែមករា ចេញ​ផ្សាយ ​របាយការណ៍​អំពី​សន្ទស្សន៍​នៃ​អំពើពុករលួយ​​លើ​ប្រទេស​ និង​ដែន​ដី​ចំនួន១៨០ ក្នុង​នោះ​រួម​ទាំង​ប្រទេស​កម្ពុជា​ផង។ ​​សន្ទស្សន៍​នៃ​​​អំពើ​ពុក​រលួយ (CPI) របស់​កម្ពុជា​ក្នុង​​ឆ្នាំ២០២៣ នៅ​តែ​ទាប​ជាង​មធ្យម​ភាគ​ពិន្ទុ​ក្នុង​តំបន់ និង​សកលលោក។ នៅ​ក្នុង​តំបន់​អាស៊ាន​ កម្ពុជា​​​ស្ថិត​នៅ​ជិត​បាត​តារាង ដោយ​នៅ​ពី​លើ​តែ​ប្រទេស​មីយ៉ាន់ម៉ា​ (Myanmar) ឬ​ភូមា មួយ​ប៉ុណ្ណោះ​ ដែល​ទទួល​បាន​ពិន្ទុ ២០។ ចំណែក​​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​វិញ កម្ពុជា​មាន​លេខ​រៀង​ទាប​ជាង​គេ​បំផុត​ទី​បួន ដោយ​នាំ​មុខ​តែ​អាហ្វហ្គានីស្ថាន (Afghanistan) មីយ៉ាន់ម៉ា និង​កូរ៉េ​ខាង​ជើង (North Korea) ។

សន្ទស្សន៍​នៃ​​​អំពើ​ពុក​រលួយ (CPI) របស់​ប្រទេស​កម្ពុជា​ឆ្នាំ​ ២០២៣ បង្ហាញ​ឱ្យ​ឃើញ​ពី​កង្វះខាត​​ឆន្ទៈ​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ក្នុង​អំឡុង​ឆ្នាំ​កន្លង​ទៅ និង​រូបភាព​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ​នៃ​បញ្ហា​ប្រឈម​រ៉ាំរ៉ៃ​នានា រួម​មាន​កង្វះ​ប្រសិទ្ធ​ភាព​ក្នុង​ការ​ផ្ដន្ទាទោស​មន្ត្រី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ការ​ប្រើប្រាស់​ធនធាន​ដោយ​មិន​ត្រឹមត្រូវ​ និង​យន្ត​ការ​គណនេយ្យ​ភាព​ទន់​ខ្សោយ​នៅ​ឡើយ។ ក្រៅ​ពី​នេះ កម្ពុជា​នៅ​មាន​​ហានិភ័យ​ខ្ពស់​នៃ​ការ​ទទួល​សំណូក និង​ការ​ប្រព្រឹត្ត​ពុករលួយ​ក្នុង​ប្រតិបត្តិ​ការ​អាជីវកម្ម​ប្រចាំថ្ងៃ​ ប្រព័ន្ធ​តុលាការ​ដែល​មិន​ដំណើរ​ការ​ និង​កំណើន​ឥទ្ធិពល​នៃ​ផល​ប្រយោជន៍​របស់​ក្រុម​មនុស្ស​មួយ​ភាគ​តូច។

ប្រធាន​អង្គការ​តម្លាភាព​អន្តរជាតិ លោក ហ្វ្រ័ងស្វ័រ វ៉ាលេរាន (François Valérian) លើក​ឡើង​ក្នុង​របាយការណ៍​ថា អំពើ​ពុករលួយ​នឹង​​មិន​បន្ត​រីក​ធំ​ធាត់​នោះ​ទេ នៅ​ពេល​​ប្រព័ន្ធ​យុត្តិធម៌​អាច​ដាក់​ទោស​កំហុស​អ្នក​ធ្វើ​ខុស​ និង​មាន​អំណាច​ត្រួតពិនិត្យ​ទង្វើ​របស់​រដ្ឋាភិបាល។ លោក​បន្ត​ថា នៅ​ពេល​​ប្រព័ន្ធ​យុត្តិធម៌​ត្រូវ​បាន​គេ​ទិញ​ ឬ​ជ្រៀត​ជ្រែក​បែប​​នយោបាយ​នោះ នោះ​នឹង​នាំ​ឱ្យ​ពលរដ្ឋ​ក្លាយ​ជា​អ្នក​ឈឺ​ចាប់។ លោក​ជំរុញ​ឱ្យ​មេ​ដឹក​នាំ ឬ​រដ្ឋាភិបាល​ពង្រឹង​ប្រព័ន្ធ​ស្ថាប័ន​ឱ្យ​មាន​ឯករាជ្យ​ និង​អនុវត្ត​ច្បាប់​ដោយ​ប្រសិទ្ធភាព​ ទើប​អាច​បិទ​បញ្ចប់​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​បាន។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ឆ្លើយ​តប​​ជុំ​វិញ​រឿង​នេះ​ពី​ អ្នក​នាំ​ពាក្យ​នាយក​រដ្ឋ​មន្ត្រី​លោក មាស សោភ័ណ្ឌ និង​ អ្នកនាំពាក្យ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក សយ ច័ន្ទវិចិត្រ បាន​ទេ​ នៅ​ថ្ងៃ​ទី​៣០ ខែ​មករា។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ លោក ប៉ិច ពិសី ​មាន​ប្រសាសន៍​ថា ការ​ធ្លាក់​ចុះ​នៃ​ពិន្ទុ​នេះ​គឺ​ជា​សញ្ញា​បង្ហាញ​ថា ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​កម្ពុជា​កំពុង​នៅ​ស្ងៀម​ទ្រឹង និង​ជា​​សារ​ក្រើន​រំលឹក​​មួយ​​អំពី​ទំហំ​នៃ​បញ្ហា​​ពុករលួយ​ដែល​កម្ពុជា​បន្ត​ប្រឈម​មុខ​ក្នុង​គ្រប់​វិស័យ។

លោក ប៉ិច ពិសី ថា៖ «យើង​មើល​ជា​ទិដ្ឋភាព​​រួម​ កម្រិត​នៃ​អំពើ​ពុករលួយ​នៅ​ប្រទេស​កម្ពុជា​គឺ​ទាំង​អ្នក​ជំនាញ​ ទាំង​រដ្ឋាភិបាល​ខ្លួន​ឯង​ហ្នឹង​ ហើយ​ដៃ​គូ​ពាក់​ព័ន្ធ​ ​ទាំង​ពលរដ្ឋ​ហ្នឹង​បាន​ដឹង​ច្បាស់​ហើយ​​ថា​ពិន្ទុ​នេះ​ឆ្លុះ​បញ្ចាំង​ពី​ភាព​ជាក់​ស្ដែង​នៅ​កម្ពុជា​ មាន​ន័យ​ថា​កម្រិត​នៃ​អំពើ​ពុករលួយ​ដែល​យើង​ឃើញ​គ្រប់​គ្នា​ពិត​ជា​​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ហើយ​ធ្ងន់ធ្ងរ​ ទាំង​ការ​ផ្ដល់​សេវា​ទូទៅ​ក៏​ជោគ​ជាំ​ដោយ​អំពើ​ពុករលួយ​ ទាំង​អំពើ​ពុករលួយ​ខ្នាត​ធំ ក៏​យើង​មាន»។

ប្រទេស​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ១ នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ គឺ​ប្រទេស​ដាណឺម៉ាក (Denmark)។ ចំណាត់​ថ្នាក់​​បាត​តារាង​វិញ គឺ​បាន​ទៅ​លើ​ប្រទេស​​សូម៉ាលី (Somalia)។ ​

អង្គការ​តម្លាភាព​កម្ពុជា ​ស្នើ​រដ្ឋាភិបាល​ឱ្យ​កែ​ទម្រង់​ដើម្បី​​​លុបបំបាត់​អំពើ​ពុករលួយ​តាម​​វិធាន​ការ​​មួយ​ចំនួន​ ​ដូច​ជា​ការ​​ផ្ដន្ទាទោសរាល់​អំពើ​ពុករលួយ​​ ពង្រឹង​គណនេយ្យភាព​និង​ការ​ត្រួតពិនិត្យ​ ការ​ធ្វើ​ទំនើបកម្ម​ក្របខ័ណ្ឌ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ការ​លើក​កម្ពស់​តម្លាភាព និង​ការ​ត្រួត​ពិនិត្យ​សាធារណៈ​ ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles