គណបក្ស​ភ្លើង​ទៀន​​​ថ្កោល​ទោស​​អាជ្ញាធរ​ក្រុង​ភ្នំពេញ​​​​ចំពោះ​ការ​ចាប់​ខ្លួន​មន្ត្រី​បក្ស​ភ្លើង​ទៀន​​ពីរ​រូប​ដោយ​គ្មាន​មូលហេតុ​​

ដោយ ទីន ហ្សាការីយ៉ា
2024.02.01
RFA

គណបក្ស​ភ្លើង​ទៀន​​​ថ្កោល​ទោស​​អាជ្ញាធរ​ក្រុង​ភ្នំពេញ​​​​ចំពោះ​ការ​ចាប់​ខ្លួន​មន្ត្រី​បក្ស​ភ្លើង​ទៀន​​ពីរ​រូប​ដោយ​គ្មាន​មូលហេតុ​​

(ឆ្វេង) លោក ហាក់ កុសល និង​លោក ម៉ា ចិន្តា​ ជា​មន្ត្រី​គណបក្ស​ភ្លើង​ទៀន ដែល​អាជ្ញាធរភ្នំពេញចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី៣១ ខែមករា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀន


គណបក្ស​ភ្លើង​ទៀន​​​ថ្កោល​ទោស​អាជ្ញាធរ​ក្រុង​ភ្នំពេញ​​​​ចំពោះ​ការ​ចាប់​ខ្លួន​មន្ត្រី​បក្ស​ភ្លើង​ទៀន​​ពីរ​រូប​ដោយ​គ្មាន​មូលហេតុ។ គណបក្ស​នេះ​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះថា​ គឺ​​​ជា​រូបភាព​គំរាមកំហែង​​នៅ​មុន​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ខាង​មុខ។ មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ដល់​រដ្ឋាភិបាល​ និង​គណបក្ស​កាន់​អំណាច​បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​បង្ក្រាប​ទៅ​លើ​មន្ត្រី​បក្ស​ប្រឆាំង​ និង​​​អ្នក​រិះគន់​តទៅ​ទៀត។

គណបក្ស​ភ្លើង​ទៀន​នៅ​ថ្ងៃ​ទី១ ខែកុម្ភៈ ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោល​ទោស​ចំពោះ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ដែល​បាន​ចាប់​ខ្លួន​​​​លេខាធិការ​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​ខណ្ឌ​ជ្រោយ​ចង្វារ លោក ហាក់ កុសល និងអនុប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​ខណ្ឌដូនពេញ លោក ម៉ា ចិន្តា កាល​ពី​ថ្ងៃ​ទី៣១ ខែមករា។

សេចក្ដីថ្លែងការណ៍​​​​ដដែល​បញ្ជាក់​ថា អាជ្ញាធរ​បាន​ព័ទ្ធ​ចាប់ខ្លួន​ លោក ហាក់ កុសល ដោយ​មិន​មាន​បង្ហាញ​ដីកា នៅ​តាម​ដង​ផ្លូវជាតិ​លេខ៦ ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ​រាជធានី​ភ្នំពេញ ​ខណៈ​ដែល​រូប​លោក​កំពុង​បើកបរ​ម៉ូតូ​ដឹក​ប្រពន្ធ។ ចំណែក​លោក ម៉ា ចិន្តា ក៏​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ដោយ​មិន​ដឹង​មូល​ហេតុ​ដែរ​ក្នុង​ថ្ងៃ​ដដែល។

គណបក្ស​ភ្លើងទៀន​ចាត់ទុកថា​ការ​ចាប់​ខ្លួន​មន្ត្រី​ទាំង​ពីរ​រូប​នេះ​ គឺ​ជា​រូបភាព​គំរាមកំហែង​ថ្មី​ទៀត​ ក្នុង​គោល​ដៅ​បំបាក់​ស្មារតី​ពលរដ្ឋ​មិន​ឱ្យ​ចូល​រួម​សកម្មភាព​នយោបាយ​ ជា​មួយ​គណបក្ស​ភ្លើង​ទៀន និង​​​ធ្វើ​ឱ្យ​បរិយាកាស​នយោបាយ​ មុន​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​ខាង​មុខ​​​​មាន​ភាព​អាប់អួ​ថែម​ទៀត។

គណបក្ស​ភ្លើង​ទៀន​អំពាវនាវ​ដល់​អាជ្ញាធរ​ដោះលែង​ លោក ហាក់ កុសល និង​លោក ម៉ា ចិន្តា ឱ្យ​មាន​សេរីភាព​ឡើងវិញ​ បញ្ឈប់​ការ​ចាប់​ខ្លួន និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​តាម​គ្រប់​រូបភាព​មក​លើ​ថ្នាក់​ដឹក​នាំ​ និង​សកម្មជន​​គណបក្ស​ភ្លើង​ទៀន។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ​ពី ក្រុម​គ្រួសារ​មន្ត្រី​បក្ស​ភ្លើង​ទៀន លោក ហាក់ កុសល និង​លោក ម៉ា ចិន្តា​ បាន​ទេ នៅ​ថ្ងៃ​ទី១ ខែ​កុម្ភៈ។ វិទ្យុ​អាស៊ី​សេរី​ក៏​មិន​អាច​សុំ​ការ​ឆ្លើយតប​រឿង​នេះ​ពី​​​​​អ្នក​នាំ​ពាក្យ​ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខ​សីហា បាន​ទេ​ នៅ​ថ្ងៃ​ដដែល​នេះ។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា លើក​ឡើង​ថា ទាំង​អង្គការ​​សិទ្ធិ​មនុស្ស​​ជាតិ និង​អង្គការ​អន្តរជាតិ​កត់​សម្គាល់​ឃើញ​ថា សកម្មជន​ និង​មន្ត្រី​បក្ស​ប្រឆាំង​តែង​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​មិន​មាន​ភស្តុតាង​ច្បាស់លាស់​ និង​ច្រើន​ជា​ករណី​នយោបាយ​នៅ​មុន​ការ​បោះ​ឆ្នោត​មក​ដល់។ លោក ស៊ឹង សែនករុណា ស្នើ​ដល់​រដ្ឋាភិបាល​​​​បញ្ឈប់​​ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​​មន្ត្រី​គណបក្ស​ប្រឆាំង​ និង​ងាក​មក​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​​ដើម្បី​ផល​ប្រយោជន៍​ពលរដ្ឋ។

លោក ស៊ឹង សែនករុណា៖ «យើង​អត់​ចង់​ឃើញ​បញ្ហា​ហ្នឹង​ចេះ​តែ​អូស​បន្លាយ​ពី​មួយ​អាណត្តិ​ ទៅ​មួយ​អាណត្តិ​ ពី​រដូវ​កាល​នៃ​ការ​បោះ​ឆ្នោត​ទៅ​រដូវ​កាល​នៃ​ការ​បោះ​ឆ្នោត​មួយ​ទៀត​​បន្ត​បន្ទាប់​​ហើយ​ គ្មាន​ឃើញ​ការ​បើក​នូវ​លំហ​ប្រជាធិបតេយ្យ​នោះ​ទេ​ អ៊ីចឹង​យើង​ចង់​ឃើញ​ណាស់​អំពី​អ្វី​ដែល​ជា​ការ​ប្រកួត​ប្រជែង​ផ្នែក​នយោបាយ គប្បី​អ្នក​នយោបាយ​ហ្នឹង​ធ្វើ​យ៉ាង​ណា​បើក​នូវ​សិទ្ធិ​សេរីភាព​ទាំង​អស់​ឱ្យ​បាន​ពេញ​លេញ​សម​ស្រប​តាម​ប្រទេស​ ដែល​ហៅ​ថា​ប្រទេស​​ប្រកាន់​យក​នូវ​របប​ប្រជាធិបតេយ្យ​ពិត​ប្រាកដ»។

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ថា គិត​ត្រឹម​ថ្ងៃ​ទី១ ខែ​កុម្ភៈ​ មាន​អ្នក​ទោស​មនសិការ​ចំនួន ៣៥នាក់ ក្នុង​នោះ​​មាន​មេដឹកនាំ​ និង​សកម្មជន​នយោបាយ​ចំនួន​២៤នាក់។ ក្នុង​ចំណោម​សកម្មជន​នយោបាយ​ដែល​​កំពុង​ជាប់​ពន្ធនាគារ​យូរ​ជាង​គេ​រួមមាន សកម្មជន​​គណបក្ស​សង្គ្រោះ​ជាតិ​ លោក អ៊ីស្មាឯល ពិនអូស្មាន បាន​ជាប់​ឃុំ​​​ខ្លួន​អស់​រយៈ​ពេល​ជិត ៧ឆ្នាំ និង​អតីត​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​គណបក្ស​សង្គ្រោះ​ជាតិ កាក់ កុម្ភារ បាន​ជាប់​ឃុំ​​​ខ្លួន​អស់​រយៈ​ពេល​ជាង ៣ឆ្នាំ។

ចំណែក​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) បាន​ចេញ​របាយការណ៍​ពិភព​លោក​ប្រចាំ​ឆ្នាំ២០២៤ ដោយ​លើក​ឡើង​ថា​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​អំណាច​រយៈ​ពេល ​៤​ខែ​មក​នេះ​ ស្ថានភាព​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​នៅ​តែ​យ៉ាប់​យឺន​នៅ​ឡើយ។ អង្គការ​នេះ​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​យាយី​លើ​អ្នក​រិះគន់​ រារាំង​គណបក្ស​ភ្លើង​ទៀន​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត រឹតត្បិត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ និង​ប្រើ​អំពើ​ហិង្សា​ចាប់ចង​អ្នក​រិះគន់​ឥត​ស្រាកស្រាន្ត​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment