ដោយ ទីន ហ្សាការីយ៉ា
2024.02.02
RFA
ព្រះតេជព្រះគុណ សំ គឹមសាធ (សយ សាធ) និងលោក អ៊ុក ពេជ្រសំណាង សកម្មជនសង្គម កំពុងធ្វើធម្មយាត្រា ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តសៀមរាប ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤។ រូបពីពលរដ្ឋ
បន្ទាប់ពីទទួលរងការធ្វើទុក្ខបុកម្នេញ ពីអាជ្ញាធរ និងបាត់ព្រះភក្ត្រមួយរយៈ ពេលនេះ ព្រះតេជព្រះគុណ សំ គឹមសាធ ដេឡគេធ្លាប់ស្គាល់ព្រះនាមថា សយ សាធ បានចាប់ផ្ដើមដំណើរធម្មយាត្រាជាលើកទី៣ ហើយ ដោយព្រះអង្គគ្រោងនិមន្តថ្មើរជើងឆ្លងកាត់ខេត្តចំនួន៨ ដែលមានចម្ងាយដល់ទៅជិត ៧រយគីឡូម៉ែត្រ។ មន្ត្រីសង្គមស៊ីវិលស្នើដល់អាជ្ញាធរឱ្យជួយសម្របសម្រួលសុវត្ថិភាពនៃការធ្វើធម្មយាត្រារបស់ព្រះតេជព្រះគុណ ដោយមិនត្រូវធ្វើទុក្ខបុកម្នេញលោកទៀតឡើយ។
អាជ្ញាធរខេត្តកំពង់ធំព្រមានចាប់ខ្លួនព្រះតេជព្រះគុណ សំ គឹមសាធ បើធ្វើដំណើរធម្មយាត្រាឆ្លងកាត់
ព្រះសង្ឃសកម្មការងារសង្គម ធ្វើធម្មយាត្រាម្តងទៀត ដើម្បីលើកកម្ពស់សីលធម៌សង្គម
ធម្មយាត្រា របស់ព្រះតេជព្រះគុណ សំ គឹមសាធ បានចាប់ផ្ដើមចេញដំណើរហើយ នៅព្រឹកថ្ងៃទី២ កុម្ភៈ នេះ ដោយចេញពីទីលានប្រជាធិបតេយ្យ ឆ្ពោះទៅខេត្តសៀមរាប និងបញ្ចប់នៅភ្នំអដ្ឋរស្ស ដែលមានចម្ងាយផ្លូវជិត ៧រយគីឡូម៉ែត្រ នឹងឆ្លងកាត់ខេត្តចំនួន៨ រួមមាន ខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង និងកំពង់ស្ពឺ។ ធម្មយាត្រានេះ មានអ្នកចូលរួមតែម្នាក់ប៉ុណ្ណោះ គឺសកម្មជនសង្គម លោក អ៊ុក ពេជ្រសំណាង។
ព្រះតេជព្រះគុណ សំ គឹមសាធ មានថេរដីកា ប្រាប់វិទ្យុអាស៊ីសេរី ថា ធម្មយាត្រានេះ ធ្វើឡើងដើម្បីលើកកម្ពស់សីលធម៌សង្គម ដែលព្រះអង្គសង្កេតឃើញថា ធ្លាក់ចុះដោយសារសកម្មភាពពលរដ្ឋ និងអ្នកនយោបាយ។ ព្រះអង្គបន្តថា ព្រះអង្គនឹងយកធម្មយាត្រាធ្វើជាការផ្សព្វផ្សាយធម៌ និងដំបូន្មានព្រះពុទ្ធ អប់រំទៅពលរដ្ឋ និងអ្នកនយោបាយទាំងអស់ឱ្យរួបរួមសាមគ្គីគ្នា និងបញ្ឈប់ការលាបពណ៌គ្នាទៅវិញទៅមក និងស្នើឱ្យរដ្ឋាភិបាល ដោះលែងសកម្មជនសង្គម អ្នកនយោបាយ អ្នកទោសមនសិការ ដែលជាប់ឃុំក្នុងពន្ធនាគារឱ្យមានសេរីភាពឡើងវិញ។
ព្រះតេជព្រះគុណ សំ គឹមសាធ៖ «សេចក្ដីទុក្ខកើតឡើងដោយសារភាពបៀតបៀនគ្នា ដោយសារប្រើអំណាចហ្នឹងឯង ដែលធ្វើឱ្យសង្គមមានកលិយុគ កើតនូវហានិភ័យនៅក្នុងកម្ពុជា។ ពរ! មិនខ្លាចសេចក្ដីស្លាប់ទេ ស្លាប់ក៏ស្លាប់ចុះ។ ស្លាប់បាននិយាយការពិត ស្លាប់បានយកធម៌ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូ ឱ្យអ្នកទាំងអស់ដែលជាអ្នកដឹកនាំហ្នឹង យល់ដឹងថា សេចក្ដីប្រមាថ សេចក្ដីប៉ុនប៉ងជីវិត សេចក្ដីបិទសិទ្ធិដែលជាសេចក្ដីល្អនេះ ឱ្យពលរដ្ឋពិចារណាដោយការគួរ»។
នេះគឺជាធម្មយាត្រាលើកទី៣ របស់ព្រះតេជព្រះគុណ សំ គឹមសាធ ឬ សយ សាធ ដោយកាលពីឆ្នាំ២០២៣ ព្រះអង្គបានធ្វើធម្មយាត្រាចំនួនពីរលើក។ លើកទីមួយ ឆ្ពោះទៅខេត្តពោធិ៍សាត់ និងលើកទីពីរ ឆ្ពោះទៅព្រំដែនថៃ(Thai) ដោយមានអ្នកចូលរួមដង្ហែពីសកម្មជនសង្គម និងមន្ត្រីសង្គមស៊ីវិលមួយចំនួន។ យ៉ាងណា ការធ្វើធម្មយាត្រាពីរលើកកន្លងមក ព្រះតេជព្រះគុណ សំ គឹមសាធ តែងរងការរារាំង ធ្វើទុក្ខបុកម្នេញ ចាប់ផ្សឹក ពីសំណាក់អាជ្ញាធរ និងការបណ្ដេញចេញពីវត្តជាដើម។
សកម្មជនសង្គម លោក អ៊ុក ពេជ្រសំណាង ដែលធ្វើធម្មយាត្រាជាមួយព្រះអង្គ សំ គឹមសាធ កំពុងដើរកាន់ផ្លាក ដែលមានខ្លឹមសារថា “ធម្មយាត្រាលើកកម្ពស់សីលធម៌សង្គម” លោកបញ្ជាក់ថា ធម្មយាត្រាដើរថ្មើរជើងនេះ អាចប្រើរយៈពេលជាង ១ខែកន្លះ ដោយសារលោក និងព្រះអង្គ សំ គឹមសាធ មានវ័យចំណាស់ ដែលអាចនិមន្តថ្មើរជើងបានត្រឹមជាង២០គីឡូម៉ែត្រប៉ុណ្ណោះ ក្នុងមួយថ្ងៃ ហើយធម្មយាត្រានេះ អាចជួបឧបសគ្គដោយសារការរំខានពីសំណាក់អាជ្ញាធរនៅតាមតំបន់មួយចំនួន។
លោក អ៊ុក ពេជ្រសំណាង៖ «អ៊ីចឹងខ្ញុំបាទសរសេរសារនេះ ក្នុងដំណោះស្រាយមួយគឺផ្ញើទៅដល់អាជ្ញាប័ណ្ណនៃអាជ្ញាធររដ្ឋ សមត្ថកិច្ចនិងតុលាការ និងលោក ហ៊ុន ម៉ាណែត ផ្ទាល់ហ្នឹង ដើម្បីទាមទារឱ្យដោះលែងសកម្មជន ជនដែលសកម្មក្នុងការតស៊ូទាមទារក្នុងហេតុផលនយោបាយ ក៏ដូចហេតុផលសង្គម»។
លោក អ៊ុក ពេជ្រសំណាង គឺជាអតីតអ្នកទោសនយោបាយធ្លាប់ជាប់ពន្ធនាគារចំនួនបីលើក រួចមកហើយ គឺនៅចន្លោះឆ្នាំ១៩៨០ ហើយកាលពីឆ្នាំ២០១៤ លោកត្រូវបានចាប់ខ្លួនម្ដងទៀត ក្រោមហេតុផលបានចូលរួមការតវ៉ាដើម្បីទាមទារសិទ្ធសេរីភាព ហើយលើកចុងក្រោយ លោកត្រូវ តុលាការរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចន្លោះពី ៧ ទៅ ២០ឆ្នាំ ពីបទដឹកនាំកុប្បកម្ម និងចូលរួមធ្វើកុប្បកម្ម។
ទោះជាយ៉ាងណា មិនខុសពីធម្មយាត្រាកាលពីលើកមុនឡើយ ការចាប់ផ្ដើមធម្មយាត្រាលើកនេះ គឺមានអាជ្ញាធរស៊ីវិល ដើរឃ្លាំមើលផងដែរ។ ព្រះតេជព្រះគុណ សំ គឹមសាធ ពេលនេះ បានឈប់សម្រាកនៅផ្ទះពលរដ្ឋ ស្ថិតក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។ ជាមួយគ្នានេះ ព្រះអង្គ ក៏ទទួលបានសារតាមបណ្ដាញសង្គម គំរាមចាប់ខ្លួនព្រះអង្គនៅពេលនិមន្តដល់ខេត្តកំពង់ធំ ផងដែរ។ ពេលនោះ ព្រះអង្គឆ្លើយតបវិញថា បើចាប់ខ្លួនព្រះអង្គស្រួលទេ គឺខលមកលេខព្រះអង្គហើយ ព្រះអង្គនឹងឱ្យជួបផ្ទាល់។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង អភិបាលខេត្តកំពង់ធំ លោក ងូន រតនៈ និងអ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី ០២ ខែកុម្ភៈ។
ព្រះតេជព្រះគុណ សំ គឹមសាធ ស្នើឱ្យអាជ្ញាធរខេត្តកំពង់ធំ ឱ្យពិចារណា និងបើកសិទ្ធិសេរីភាពឱ្យព្រះអង្គ និងលោក អ៊ុក ពេជ្រសំណាង បានធ្វើធម្មយាត្រាដោយសន្តិភាព ជាជាងការធ្វើទុក្ខបុកម្នេញព្រះអង្គ ពីព្រោះព្រះអង្គលះបង់កម្លាំងកាយចិត្តដើម្បីប្រយោជន៍សង្គម និងក្ដីមេត្តាចំពោះមនុស្សទាំងឡាយ មិនមែនដើម្បីអំណាច ឬលាភសក្ការៈនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។