កូនប្រុស​ច្បង​លោក ទៀ បាញ់ សម្ញែង​ទ្រព្យ​ជិះ​រថយន្ត​សេរី​ទំនើប​តម្លៃ​ជាង ៣០​ម៉ឺន​ដុល្លារ

ដោយ ខាន់ លក្ខិណា
2024.02.02
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កូនប្រុស​ច្បង​លោក ទៀ បាញ់ សម្ញែង​ទ្រព្យ​ជិះ​រថយន្ត​សេរី​ទំនើប​តម្លៃ​ជាង ៣០​ម៉ឺន​ដុល្លារ

កូនប្រុស​ច្បង​លោក ទៀ បាញ់ លោក ទៀ ស្យាម (Tea Siam) ក្នុងរថយន្ត​សេរី​ទំនើបរបស់ខ្លួន កាល​ពី​ថ្ងៃទី​២៧ មករា ២០២៤។ រូប៖ ហ្វេសប៊ុកលោក ទៀ ស្យាម


កូនប្រុស​ច្បង​លោក ទៀ បាញ់ គឺ​លោក ទៀ ស្យាម ដែល​ពុំ​សូវ​លេច​មុខមាត់​ក្នុង​សង្គម ជិះ​រថយន្ត​សេរី​ទំនើប តម្លៃ​ជាង ៣០​ម៉ឺន​ដុល្លារ បង្ហាញ​ភាព​ហ៊ឺហា ខណៈ​ប្រជាពលរដ្ឋ​ភាគច្រើន​កំពុង​មាន​បញ្ហា​ជីវភាព។ មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា គួរតែ​មាន​ការ​ស៊ើបអង្កេត​ដោយ​តម្លាភាព​នៃ​ប្រភព​ទ្រព្យសម្បត្តិ ដើម្បី​ចៀសវាង​ការ​ចោទប្រកាន់​ថា ជា​ទ្រព្យ​ដែល​បាន​ពី​អំពើពុករលួយ និង​ការ​រំលោភ​អំណាច។

កូនប្រុសច្បងលោក ទៀបាញ់ ជិះរថយន្តសេរីទំនើបតម្លៃជាង ៣០ម៉ឺនដុល្លារ


កូនប្រុស​ច្បង​របស់​អតីតរដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ទៀ បាញ់ គឺ​លោក ទៀ ស្យាម ដែល​ពុំ​សូវ​ឃើញ​មាន​ការ​ផ្សព្វផ្សាយ​ច្រើន ពី​ស្ថានភាព​ជីវិត​របស់​លោក ពេល​នេះ​បាន​ចេញ​បង្ហាញ​ភាព​ហ៊ឺហា​ជិះ​រថយន្ត​ទំនើប​ដែល​មាន​តម្លៃ​ខ្ទង់ ៣០​ម៉ឺន​ដុល្លារ​អាមេរិក។

លោក ទៀ បាញ់ មាន​កូន​ប្រុស​២​នាក់ ដែល​កូនប្រុស​ច្បង​ឈ្មោះ ទៀ ស្យាម និង កូនប្រុស​ម្នាក់ទៀត ឈ្មោះ ទៀ សីហា។

ក្នុង​ពេល​ថ្មីៗ​នេះ លោក ទៀ ស្យាម បាន​ចេញ​បង្ហាញ​បែប​ផែន​ជីវិត ឬ​ស្ទីល​ជីវិត ដ៏​ស្ដុកស្ដម្ភ​របស់​លោក ក្នុង​នាម​ជា​ប្រធាន​កម្មវិធី​វប្បធម៌​ឡាន​កម្ពុជា (Cambodia Car Culture) ជិះឡាន​ទំនើប​របស់​អង់គ្លេស​ម៉ាក ម៉ាក់ក្លែរិន ប្រាំពីរយម្ភៃអែស (McLaren 720s) ដែល​មាន​តម្លៃ​ជាង ៣០​ម៉ឺន​ដុល្លារ (ចាប់ពី ៣១០ ០០០​ដុល្លារ ដល់ ៣៣៦ ០០០​ដុល្លារ​) ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Rev Up Beyond Supercar កាល​ពី​ថ្ងៃទី​២៧ មករា នៅ​អគារ​ពាណិជ្ជកម្ម​ជីបម៉ុង (Chip Mong Tower) របស់​អ្នកឧកញ៉ា លាង ឃុន នៅ​រាជធានី​ភ្នំពេញ។

តាមរយៈ​គណនី​ហ្វេសប៊ុក (Facebook) របស់​លោក​បង្ហាញ​ថា លោក ទៀ ស្យាម (Tea Siam) គឺជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​ប្រើប្រាស់​រថយន្ត​សេរី​ទំនើបៗ ការ​ជិះ​រថយន្ត​ប្រណាំង និង​ជិះ​រថយន្ត​ដើម្បី​លុកព្រៃ ឬ​ហៅថា អហ្វ រ៉ូដ (Off Road) ជាដើម។

វិទ្យុ​អាស៊ីសេរី មិន​ទាក់ទង​សុំ​ការ​បំភ្លឺ ជុំវិញ​បញ្ហា​នេះ​ពី​លោក ទៀ ស្យាម និង​ឧត្ដម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក ទៀ បាញ់ បាន​ទេ នៅ​ថ្ងៃទី​២ កុម្ភៈ ។​

សកម្មជន​បរិស្ថាន លោក លី ចាន់ដារ៉ាវុត ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២ កុម្ភៈ ថា កូនចៅ និង សាច់​ញាតិ នៃ​គ្រួសារ​ក្រុម​មន្ត្រី​ជាន់ខ្ពស់ ក្នុង​រដ្ឋាភិបាល​គួរតែ​បង្ហាញ​តម្លាភាព នៃ​ប្រភព​ទ្រព្យសម្បត្តិ​របស់​ពួកគេ ដើម្បី​ចៀសវាង​ការ​ចោទ​ប្រកាន់​ថា ជា​ទ្រព្យ​ដែល​បាន​ពី​អំពើពុករលួយ និង​ការរំលោភ​អំណាច។

លោក លី ចាន់ដារ៉ាវុត៖ «សម្រាប់​ខ្ញុំ​សង្កេតឃើញ​ទ្រព្យសម្បត្តិ​កន្លង​មក វា​ច្រើន​ដែល​អ្នក​មាន​អំណាច​មាន​ជាពិសេស​គ្រួសារ​រដ្ឋមន្ត្រី គ្រួសារ​នាយករដ្ឋមន្ត្រី មាន​ហ្នឹង​គឺ​បាន​មក​ពី​ការ​រកស៊ី​លើ​ធនធាន​ធម្មជាតិ​ញើស​ឈាម​ប្រជាពលរដ្ឋ​ខ្មែរ ឬក៏​ដីធ្លី​ដែល​ប្រជាពលរដ្ឋ​បាត់បង់​កន្លង​មក ការ​បើក​ដៃ​ឱ្យ​ក្រុមហ៊ុន​រកស៊ី​ខុសច្បាប់ រកស៊ី​ព្រៃឈើ រកស៊ី​កេង​ប្រវ័ញ្ច​ធនធាន​ធម្មជាតិ​អី​ជាដើម»។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង ប្រាប់​វិទ្យុ​អាស៊ីសេរី ថ្ងៃទី​២ កុម្ភៈ ថា ការ​បង្ហាញ​ភាព​ហ៊ឺហា ពុំ​មាន​អ្វី​ខុស​ទេ បើ​មាន​ចំណូល​ពី​មុខ​របរ​ត្រឹមត្រូវ។ យ៉ាងណា លោក​ថា ជា​ទូទៅ បើ​មានការ​ពិនិត្យ​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​ចំណូល និង មាន​ការ​ប្ដឹងផ្ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ អាច​ធ្វើ​ការ​ស៊ើប​អង្កេត។

លោក យង់ គិមអេង៖ «អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏​មិនមែន​ឱ្យ​តែ​ឃើញ​ថា អ្នកណា​មាន​ចេះតែ​ទៅ​ស៊ើបអង្កេត ប៉ុន្តែ​មើល​ពី​ដំណើរ​ដើមទង​បើ​ថា​ដំណើរ​ដើមទង​វា​មើលទៅ​គាត់​ចម្រើន​ឥត​ហេតុ​បាន​ន័យ​ថា គាត់​អត់​ឃើញ​រកស៊ី​អី​ទេ ប៉ុន្តែ​ឃើញ​មានបាន​ទិញ​ឡាន ទិញ​វីឡា​អី មុខ​របប​តូចតាច​ទេ មិន​ដល់​មាន​ចំណូល​អី​រាប់​សិន​លាន​ទៅ​ចំណាយ​អី​អ៊ីចឹង អាហ្នឹង​គេ​អាច​ធ្វើ​ការ​ស៊ើបអង្កេត»។

លោក យង់ គិមអេង លើក​ឡើង​ថា ការស៊ើបអង្កេត មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​ជួយ​លើកកម្ពស់​ភាព​ស្អាតស្អំ​និង ការ​ប្រឆាំង​ការ​លាង​លុយកខ្វក់។

វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក សយ ច័ន្ទ​វិចិត្រ និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា បានទេ នៅ​ថ្ងៃទី២ ខែ​កុម្ភៈ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល។

គ្រួសារ​លោក ទៀ បាញ់ ជា​គ្រួសារ​ដ៏​មាន​ឥទ្ធិពល​ផ្នែក​យោធា និង​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​មួយ ក្នុង​ចំណោម​ក្រុម​គ្រួសារ​មន្ត្រី​ជាន់ខ្ពស់​នៅ​ប្រទេស​កម្ពុជា។

កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣​កន្លង​ទៅ សារព័ត៌មាន​អន្តរជាតិ អេស៊ា ថាមស៍ (Asia Times) បាន​ចេញ​អត្ថបទ​ស្រាវជ្រាវ​មួយ​ថា ក្រុម​គ្រួសារ លោក ទៀ បាញ់ កំពុង​គំរាមកំហែង និង​ប្រជែង​អំណាច​ជាមួយនឹង​ក្រុម​គ្រួសារ​របស់​លោក ហ៊ុន សែន។

ក្រុម​លោក ទៀ បាញ់ ជា​ប៉ូល​អំណាច​ធំ​មួយ​នៅ​កម្ពុជា ព្រោះ​លោក ទៀ បាញ់ ធ្លាប់​បាន​ដឹកនាំ​ក្រសួង​ការពារ​ជាតិ​ប្រមាណ ៤​ទសវត្សរ៍​មក​ហើយ និង​ថែមទាំង​មាន​តួនាទី​ជា​អនុប្រធាន​បក្ស​កាន់អំណាច​ទៀត​ផង។ បច្ចុប្បន្ន​នេះ កូនប្រុស​របស់​លោក គឺ​លោក ទៀ សីហា បាន​ឡើង​ស្នង​តំណែង​បន្ត​ពី​លោក។

ក្រៅ​ពី​នេះ ប្អូនប្រុស​របស់​លោក គឺជា​មេបញ្ជាការ​កងទ័ពជើងទឹក លោក ទៀ វិញ។ មិនមែន​តែ​គ្រួសារ​លោក ទៀ បាញ់ ទេ ក្រុម​គ្រួសារ​មន្ត្រី​កំពូលៗ​ផ្សេងទៀត របស់​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ចូលចិត្ត​សម្ញែង​ទ្រព្យសម្បត្តិ​ដែរ​។ អ្នកឃ្លាំមើល​យល់​ថា មានតែ​ក្រុម​មេដឹកនាំ​ផ្ដាច់ការ និង​ពុករលួយ​នៅក្នុង​ប្រទេស​ក្រីក្រ​ប៉ុណ្ណោះ ដែល​ចូលចិត្ត​អួត​សម្ញែង​ទ្រព្យសម្បត្តិ​ដាក់​ប្រជា​ពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles