ដោយ សេក បណ្ឌិត
2024.02.02
RFA
(ឆ្វេង) លោក ម៉ា ចិន្តា អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខណ្ឌដូនពេញ និងលោក ហាក់ កុសល លេខាធិការគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខណ្ឌជ្រោយចង្វារ ដែលអាជ្ញាធរចាប់ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀន
គណបក្សភ្លើងទៀនស្នើដល់តុលាការដោះលែងមន្ត្រី និងសកម្មជនគណបក្សភ្លើងទៀនឱ្យមានសេរីភាពឡើងវិញ។ មន្ត្រីសង្គមស៊ីវិលថា ការចាប់ខ្លួនមន្រ្តីគណបក្សភ្លើងទៀនដោយមិនមានភស្តុតាងជាក់លាក់នោះ នឹងប៉ះពាល់ដល់ដំណើរការបោះឆ្នោតព្រឹទ្ធសភានាពេលខាងមុខ។
គណបក្សភ្លើងទៀនចាត់ទុកថាការចាប់ខ្លួនមន្ត្រីបក្សភ្លើងទៀនពីររូបចុងក្រោយ រួមមាន លេខាធិការគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខណ្ឌជ្រោយចង្វារ លោក ហាក់ កុសល និងអនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខណ្ឌដូនពេញលោក ម៉ា ចិន្តា ពីបទក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែងធ្វើឡើងក្រោមហេតុផលនយោបាយ។
អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ ឱ្យដឹងថាលោក ហាក់ កុសល និងលោក ម៉ា ចិន្តា ត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃស កាលពីថ្ងៃទី៣១ ខែមករា។ លោក លី សុធារ៉ាយុត្តិ អះអាងថា មន្ត្រីបក្សភ្លើងទៀនទាំងពីររូបនេះមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់នោះទេ ហើយគណបក្សភ្លើងទៀននឹងចាត់តាំងមេធាវី ដើម្បីរកយុត្តិធម៌ដល់ពួកគាត់។
លោក លី សុធារ៉ាយុត្តិ អំពាវនាវដល់អាជ្ញាធរដោះលែង លោក ហាក់ កុសល លោក ម៉ា ចិន្តា និងមន្ត្រីគណបក្សភ្លើងទៀនផ្សេងទៀត ដើម្បីឱ្យបរិយាកាសនយោបាយ មុនការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាមានភាពល្អប្រសើរឡើងវិញ។
អាជ្ញាធរបានព័ទ្ធចាប់ខ្លួន លោក ហាក់ កុសល នៅតាមដងផ្លូវជាតិលេខ៦ ក្នុងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ខណៈដែលរូបលោកកំពុងបើកបរម៉ូតូដឹកប្រពន្ធ។ ចំណែក លោក ម៉ា ចិន្តា ក៏ត្រូវបានអាជ្ញាធរចាប់ខ្លួនដោយមិនដឹងមូលហេតុដែរក្នុងថ្ងៃដដែល។
វិទ្យុអាស៊ីសេរីមិនអាចសុំឆ្លើយតបជុំវិញរឿងនេះពី ក្រុមគ្រួសារមន្ត្រីបក្សភ្លើងទៀន លោក ហាក់ កុសល និងលោក ម៉ា ចិន្តា បានទេ នៅថ្ងៃទី២ ខែកុម្ភៈ។ វិទ្យុអាស៊ីសេរីក៏មិនអាចសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លោក ប្លង់ សុផល បានទេ នៅថ្ងៃដដែលនេះ។
បើតាមដីកាបង្គាប់ឱ្យនាំខ្លួនដែលចេញដោយចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ឃី សុខវួច កាលពីថ្ងៃទី៣១ ខែមករា កន្លងទៅ បង្ហាញថា លោក ហាក់ កុសល និងលោក ម៉ា ចិន្តា ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំ និងបទប្រើប្រាស់លិខិតក្លែងតាមមាត្រា៦២៦ មាត្រា៦២៧ និងមាត្រា៦២៨ នៃក្រមព្រហ្មទណ្ឌ ដែលបានប្រព្រឹត្តកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ។ ដីកាដដែលអះអាងថាលោក ហាក់ កុសល និងលោក ម៉ា ចិន្តា បានប្រព្រឹត្តបទល្មើសជាមួយ លោក ខឹម ចាន់វណ្ណៈ។
លោក ខឹម ចាន់វណ្ណៈ គឺជាប្រធានស្ដីទីគណបក្សភ្លើងទៀនរាជធានីភ្នំពេញ ដែលត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញ បានសម្រុកចូលផ្ទះ និងឃាត់ខ្លួនទាំងកំរោលនៅផ្ទះរបស់លោក កាលពីរសៀលថ្ងៃទី១៥ ខែមករា។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា លើកឡើងថា ការចាប់ខ្លួនមន្ត្រីបក្សភ្លើងទៀនពាក់ព័ន្ធនឹងការបន្លំឯកសារជាបន្តបន្ទាប់នៅមានមន្ទិលសង្ស័យជាច្រើន ដោយសារធ្វើឡើងនៅកៀកថ្ងៃ នៃការបោះឆ្នោតព្រឹទ្ធសភា។ លោក នី សុខា កត់សម្គាល់ថា ថ្មីៗ នេះក៏មានការគំរាមកំហែងជាច្រើនករណីមកលើមន្ត្រីគណបក្សភ្លើងទៀននៅតាមបណ្ដារាជធានីខេត្តផងដែរ។
លោក លោក នី សុខា៖ «ក្នុងមួយរយៈកាលនេះឃើញមានការឃើញមានការចាប់ជាបន្តបន្ទាប់ទៅលើអ្នកដែលជាតំណាងដែលមានសិទ្ធិក្នុងការចូលរួមបោះឆ្នោត នេះចង់មិនចង់វាបង្ហាញអំពីការធ្វើឱ្យប៉ះពាល់ទៅដល់ស្មារតីអ្នកបោះឆ្នោតដែលតួអង្គបោះឆ្នោតដែលគាត់មានសិទ្ធិក្នុងការចូលរួមបោះឆ្នោតព្រឹទ្ធសភានេះ អ៊ីចឹងធ្វើឱ្យបរិយាកាសនយោបាយព្រឹទ្ធសភាដែលយើងប្រកួតប្រជែង ទោះបីជាអសកលក៏ដោយវាអាចជះឥទ្ធិពលមិនល្អទៅដល់ដំណើរការនៃការបោះឆ្នោត»។
គិតមកដល់ពេលនេះថ្នាក់ដឹកនាំ និងសកម្មជនគណបក្សភ្លើងទៀនប្រមាណ ១២នាក់ត្រូវបានតុលាការចោទប្រកាន់ដាក់ពន្ធនាគារដូចៗ គ្នា ពីបទក្លែងឯកសាររៀបចំបញ្ជីបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំសង្កាត់ កាលពីឆ្នាំ២០២២។ ប៉ុន្តែអ្នកខ្លះត្រូវបានតុលាការដោះលែងមកវិញ បន្ទាប់ពីពួកគេបង្ខំចិត្តប្រកាសចុះចូលជាមួយគណបក្សកាន់អំណាចដើម្បីជាថ្នូរទទួលបានសេរីភាពមកវិញ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញរបាយការណ៍ពិភពលោកប្រចាំឆ្នាំ២០២៤ ដោយលើកឡើងថាលោក ហ៊ុន ម៉ាណែត ឡើងកាន់អំណាចរយៈពេល ៤ខែមកនេះ ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅតែយ៉ាប់យឺននៅឡើយ។ អង្គការនេះបញ្ជាក់ថារដ្ឋាភិបាលកម្ពុជានៅតែប្រើប្រាស់ប្រព័ន្ធតុលាការយាយីលើអ្នករិះគន់ រារាំងគណបក្សភ្លើងទៀនមិនឱ្យចូលរួមការបោះឆ្នោត រឹតត្បិតប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងប្រើអំពើហិង្សាចាប់ចងអ្នករិះគន់ឥតស្រាកស្រាន្តជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។