អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ស្នើ​ឲ្យ​អាជ្ញាធរ​ថៃ​ដោះលែង​ជន​ភៀស​ខ្លួន​ខ្មែរ​៣​នាក់

ដោយ យន់ សាមៀន
2024.02.03
RFA

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ស្នើ​ឲ្យ​អាជ្ញាធរ​ថៃ​ដោះលែង​ជន​ភៀស​ខ្លួន​ខ្មែរ​៣​នាក់

នាយករង​នៃ​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch លោក ហ្វីល រ៉ូបឺតសុន (Phil Robertson)។ AP


សមត្ថកិច្ច​ថៃ​បន្ត​ឃុំខ្លួន​ជនភៀសខ្លួន​បី​នាក់ និង​ប្រពន្ធ​កូន​របស់​ពួកគេ ក្រោយ​សមត្ថកិច្ច​សម្រុក​ចុះ​ចាប់​ពួកគេ​ដល់​កន្លែង​ស្នាក់នៅ​កាលពី​ថ្ងៃទី​២ ខែ​កុម្ភៈ។ អ្នកការពារ​សិទ្ធិមនុស្ស​ថា គួរ​ដល់​ពេល​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) ជជែក​ជាមួយ​រដ្ឋាភិបាល​ថៃ ដើម្បី​ឱ្យ​រដ្ឋាភិបាល​ប្រទេស​នេះ​គោរព​សិទ្ធិ​ជនភៀសខ្លួន​ហើយ។

សមត្ថកិច្ច​ថៃ​សម្រុក​ចុះ​ចាប់​ជនភៀសខ្លួន​ជា​បន្តបន្ទាប់​នៅ​ពេល​នេះ ខណៈ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គ្រោង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ​នៅ​សប្ដាហ៍​ក្រោយ។ ជនភៀសខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ​បារម្ភ​ថា ប្រសិន ​UNHCR អន្តរាគមន៍​មិនទាន់​ពេល​ទេ សមត្ថកិច្ច​ថៃ អាច​នឹង​បញ្ជូន​ជនភៀសខ្លួន​ទាំងនោះ​ទៅ​ប្រទេស​កម្ពុជា​វិញ។

កាល​ពី​ថ្ងៃ​ទី២ កុម្ភៈ ថា ប៉ូលិស​ថៃ​បាន​ចូលចាប់​ខ្លួន លោក ផន ផាន់ណា នៅ​បន្ទប់​ស្នាក់នៅ​ក្នុង​ខេត្ត​រាក់យ៉ង (Rayorng) ដោយ​សមត្ថកិច្ច​បាន​បញ្ជូន​លោក ផន ផាន់ណា និង​ប្រពន្ធ​របស់​លោក រួមទាំង​កូន​តូចៗ​ពីរ​នាក់​យក​ទៅ​ឃុំខ្លួន​។ នៅ​ថ្ងៃ​ដដែល​នោះ​សមត្ថកិច្ច​ក៏​បាន​ទៅ​ព័ទ្ធ​បន្ទប់​ស្នាក់​របស់​អតីត​សកម្មជន​គណបក្ស​ភ្លើងទៀន លោក គង់ រ៉ៃយ៉ា និង​នាំ​ខ្លួន​លោក គង់ រ៉ៃយ៉ា ប្រពន្ធ និង​កូនតូច​ពីរ​នាក់​ទៅ​ឃុំខ្លួន​។ ចំណែក​សកម្មជន​បក្ស​ប្រឆាំង និង​ជា​តំណាង​ភៀសខ្លួន​ម្នាក់​ទៀត គឺ​លោក លឹក សុខា ក៏​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​នៅ​ម្ដុំ​ស្ថានីយ​រថយន្ត​អនុស្សាវរីយ៍ នៅក្នុង​ទីក្រុង​បាងកក នៅ​យប់​ទី២ ខែ​កុម្ភៈ។

មន្ត្រី​គណបក្ស​ភ្លើងទៀន​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ លោក លី ម៉េងឃៀង ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី៣ ខែ​កុម្ភៈ​ថា នៅ​ពេល​នេះ សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​លើ​ជនភៀសខ្លួន​ទាំងនោះ។ លោក​ឱ្យ​ដឹង​ទៀត​ថា អតីត​សកម្មជន​គណបក្ស​ភ្លើងទៀន លោក គង់ រ៉ៃយ៉ា និង​ប្រពន្ធ ត្រូវ​សមត្ថកិច្ច​បញ្ជូន​កាត់ក្ដី​នៅ​តុលាការ​ថៃ​រួចហើយ ហើយ​ពេល​នេះ សមត្ថកិច្ច​កំពុង​ឃុំ​ខ្លួន​លោក គង់ រ៉ៃយ៉ា នៅ​ពន្ធនាគារ​បាង​ខែ នៅ​ជាយ​ទីក្រុង​បាងកក។ ចំណែក សកម្មជន​គណបក្ស​ភ្លើងទៀន លោក ផន ផាន់ណា និង​សកម្មជន​បក្ស​ប្រឆាំង​មួយ​រូប​ទៀត គឺ​លោក លឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ថៃ បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ស៊ូនភ្លូ នៅ​ទីក្រុង​បាងកក។ «»

លោក លី ម៉េងឃៀង ឱ្យ​ដឹង​ថា សមត្ថកិច្ច​ថៃ​ចុះ​ចាប់ខ្លួន​ក្រុម​ជនភៀសខ្លួន​ទាំងនោះ ព្រោះ​មាន​គេ​ប្ដឹង​ទៅ​សមត្ថកិច្ច​ថៃ តែ​លោក​មិន​ដឹង​ថា ម្ចាស់​បណ្ដឹង​នោះ​ជា​អ្នកណា​ឡើយ​។ លោក​បន្ត​ទៀត​ថា ក្រុម​ជនភៀសខ្លួន​ដែល​បាន​ផ្ដល់​ដំណឹង​មក​លោក​ថា សមត្ថកិច្ច​ថៃ កំពុង​តាម​រក​ចាប់ខ្លួន​រូបលោក និង​មន្ត្រី​គណបក្ស​ភ្លើងទៀន​ម្នាក់​ទៀត​គឺ​លោក ខឹម មុន្នីកុសល ដែល​កំពុង​ភៀសខ្លួន​នៅ​ថៃ​ដែរ។ «»

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បកស្រាយ​ពី​មន្ត្រី​អនុព័ន្ធ​ការងារ​អម​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក លោក ឈឹម វិបុល បាន​ទេ​នៅ​ថ្ងៃទី៣ ខែ​កុម្ភៈ។ ប៉ុន្តែ លោក ឈឹម វិបុល សរសេរ​លើ​ទំព័រ​របស់​លោក​ថា ស្ទូច​ក៏​បាន​ចាប់​ក៏បាន បឹង​ធំ​យ៉ាងណា​ក៏​រត់​មិន​រួច​ដែល​អា​កូន​ត្រី​។ មន្ត្រី​ស្ថានទូត​រូប​នេះ តែងតែ​រង​ការ​រិះគន់​ថា យក​ពេលវេលា​បំពេញការងារ​រដ្ឋ​ទៅ​បម្រើ​ប្រយោជន៍​បក្ស​កាន់​អំណាច ដូចជា​សហការ​ជាមួយ​សមត្ថកិច្ច​ថៃ​ក្នុង​ការ​ចាប់ខ្លួន​ជនភៀសខ្លួន​ជនភៀសខ្លួន ដើរ​កៀរគរ​ឱ្យ​ពលករ​គាំទ្រ​គណបក្សកាន់អំណាច ឬ​កៀរគរ​ពលករ​ឱ្យ​រង់ចាំ​ទទួល​ស្វាគមន៍​លោក ហ៊ុន ម៉ាណែត មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ​ជាដើម។

ជុំវិញ​រឿង​នេះ​នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត សង្កេត​ឃើញ​ថា សមត្ថកិច្ច​ថៃ​សម្រុក​ចុះ​ចាប់ខ្លួន​ជនភៀសខ្លួន​នៅ​ពេល​នេះ ខណៈ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គ្រោង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ​។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ បារម្ភ​ពី​សុវត្ថិភាព​ជនភៀសខ្លួន​។ លោក អំ សំអាត ចង់​ឃើញ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន គួរ​បន្ត​ជែក​ជាមួយ​រដ្ឋាភិបាល​ថៃ ឱ្យ​មាន​គោរព​សិទ្ធិ និង​ធានា​សុវត្ថិភាព​ជនភៀសខ្លួន​ដែល​កំពុង​រស់នៅ​ប្រទេស​ថៃ។

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ស្នើ​ឲ្យ​អាជ្ញាធរ​ថៃ ដោះលែង​ជនភៀសខ្លួន​ខ្មែរ​៣​នាក់ និង​ត្រូវ​បញ្ឈប់​ការ​តាម​ចាប់ខ្លួន​សកម្មជន​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដែល​បាន​រត់​គេច​ខ្លួន​ពី​កម្ពុជា​មក​នៅ​ប្រទេស​ថៃ។

នាយករង​នៃ​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍ នៅ​ថ្ងៃទី​៣ ខែ​កុម្ភៈ ថា ការ​ចាប់ខ្លួន​ជនភៀសខ្លួន​ខ្មែរ ៣​នាក់ មុន​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​សប្តាហ៍​ក្រោយ​នេះ មិនមែន​ជា​ទង្វើ​ល្អ​សំរាប់​ប្រទេស​ថៃ ដើម្បី​ទទួល​បាន​អាសនៈ​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នោះ​ឡើយ។

លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បន្ត​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត កំពុង​ដឹកនាំ​ប្រទេស​តាមរបៀប​ផ្ដាច់ការ គាបសង្កត់ និង​រំលោភ​សិទ្ធិមនុស្ស ដូចជា​ឪពុក​របស់​ខ្លួន​ដែរ ហើយ​រដ្ឋាភិបាល​ថៃ មិន​គួរ​សហការ​ជាមួយ​អាជ្ញាធរ​ខ្មែរ ដើម្បី​ពង្រីក​កិច្ចប្រឹងប្រែង​បង្ក្រាប​ឆ្លងដែន ដល់​ជនភៀសខ្លួន​ខ្មែរ​ទាំង​នោះ​​ឡើយ។

សមត្ថកិច្ច​ថៃ កាល​ពី​ចុងឆ្នាំ​២០២៣ បាន​ឃាត់ខ្លួន​ជនភៀសខ្លួន​ខ្មែរ​ចំនួន​១០​នាក់ ក្នុង​ពេល​ពួកគាត់​ចូលរួម​វគ្គ​សិក្សា​ស្វែងយល់​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣​តុលា នៅក្នុង​ទីក្រុង​បាងកក តែ​ក្រោយ​មក​សមត្ថកិច្ច​ដោះលែង​មនុស្ស​ពួកគេ​ខ្លះ​ទៅវិញ និង​ជនភៀសខ្លួន​ខ្លះទៀត​ត្រូវ​បាន ​UNCHR បញ្ជូន​ទៅ​ប្រទេស​ទី​៣ ដែល​នៅ​ពេល​នេះ​មាន​ជនភៀសខ្លួន​កំពុង​ជាប់ឃុំ​នៅសល់​ចំនួន​៦​នាក់។ ចំណែក​ការ​សម្រុក​ចាប់​ជនភៀសខ្លួន​ពី​ក្រុម​សមត្ថកិច្ច​ថៃ​នៅ​ពេល​នេះ គឺ​លក្ខណៈ​ជា​គ្រួសារ ដោយ​គ្រួសារ​លោក គង់ រ៉ៃយ៉ា ត្រូវ​ជាប់ឃុំ​ទាំង​ប្រពន្ធ និង​កូនតូច​សរុប​ទាំងអស់ ៤​នាក់ គ្រួសារ​លោក ផន ផាន់ណា ទាំង​ប្រពន្ធ និង​កូនតូច​សរុប​ទាំងអស់​៤​នាក់ ចំណែក​លោក លឹម សុខា គឺ​ជាប់ឃុំ​តែ​ម្នាក់ឯង​ទេ ដែល​ធ្វើ​ឱ្យ​ជនភៀសខ្លួន​ខ្មែរ​ជាប់​ឃុំ​នៅ​ប្រទេស​ថៃ ក្នុង​នៅ​រយៈពេល​ចុងក្រោយ​មាន​ចំនួន​១៥​នាក់​រួម​ទាំង​មនុស្ស​ចាស់ និង​កូន​ក្មេង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment