ដោយ ខាន់ លក្ខិណា
2024.02.04
RFA
អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន (ឆ្វេង) និងអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកលោក ស៊ឹង សែនករុណា (ស្ដាំ) រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន និងអាដហុក
អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន បញ្ជាឱ្យមេធាវីគណបក្សសិក្សាផ្លូវច្បាប់ប្ដឹងមន្ត្រីសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ចំពោះការអត្ថាធិប្បាយលើសំណុំរឿងគណបក្សកាន់អំណាច ប្ដឹងអតីតអនុប្រធានគណបក្សភ្លើងទៀនលោក សុន ឆ័យ។
មន្ត្រីសិទ្ធិមនុស្សលើកឡើងថា លោក ស៊ឹង សែនករុណា ដែលមានបទពិសោធ យូរឆ្នាំខាងវិស័យសិទ្ធិមនុស្ស តែងតែផ្ដល់យោបល់ចង់ឃើញប្រទេសកម្ពុជាមាន នីតិរដ្ឋ ដែលទទួលស្គាល់ដោយសហគមន៍អន្តរជាតិ។
អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន គំរាមថា លោកគ្មានការយោគយល់ ឱ្យអ្នកដែលវាយប្រហារ លើរូបលោក និងគណបក្សប្រជាជនកម្ពុជាទៀតនោះទេ។
លោក ហ៊ុន សែន សរសេរនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី ៤កុម្ភៈ ដោយសំដៅដល់ការអត្ថាធិប្បាយពីការប្ដឹងផ្ដល់របស់បក្សកាន់អំណាចមកលើរូបលោក សុន ឆ័យ ថាគណបក្សប្រជាជនកម្ពុជា មិនផ្ដល់ឱកាសឱ្យអ្នកដែលលោកចាត់ទុកថានិយាយប្រមាថមើលងាយគណបក្សតទៅទៀតទេ និងថាត្រូវរកយុត្តិធម៌សម្រាប់គណបក្សកាន់អំណាចតាមផ្លូវតុលាការ។
លោក ហ៊ុន សែន បានលើកជាសំណួរថា ពួកអ្នកមានបានយោគយល់ដល់ គណបក្សប្រជាជនកម្ពុជា និងរូបលោកដែរឬទេ នៅពេលអ្នកវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា ឬមកលើរូបលោក?
លោក ហ៊ុន សែន សរសេរបន្ថែមថា ក្នុងការចុះផ្សាយអំពីសំណុំរឿងប្ដឹងផ្ដល់លោក សុន ឆ័យ នេះក៏មានការនិយាយដោយលោក ស៊ឹង សែនករុណា ដែរ និងថាឱ្យមេធាវីគណបក្សសិក្សាផ្លូវច្បាប់ ដើម្បីប្ដឹងលោក ស៊ឹង សែនករុណា ម្នាក់ទៀត ប្រសិនបើមានមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់។
ទោះជាយ៉ាងណាក៏ដោយ លោក ហ៊ុន សែន មិនបានបង្ហាញទេថា តើលោកចង់ប្ដឹងលោក ស៊ឹង សែនករុណា នោះ ដោយសំអាងលើការអត្ថាធិប្បាយរបស់មន្ត្រីសិទ្ធិមនុស្សរូបនេះ នៅស្ថាប័នសារព័ត៌មានមួយណា ឬ នៅទីណា និង មានខ្លឹមសារយ៉ាងដូចម្ដេចនោះឡើយ?
ចំពោះការគំរាមរបស់លោក ហ៊ុន សែន នេះ វិទ្យុអាស៊ីសេរីបានទាក់ទងលោក ស៊ឹង សែនករុណា នៅថ្ងៃទី៤ កុម្ភៈ ប៉ុន្តែលោកសុំមិនធ្វើអត្ថាធិប្បាយជុំវិញករណីនេះនៅឡើយ ដោយគ្រាន់តែបញ្ជាក់ថា លោកនៅមិនទាន់មានបញ្ហាអ្វីនោះទេ។
ជុំវិញរឿងនេះដែរ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិ មនុស្ស លីកាដូ(LICADHO) លោក អំ សំអាត បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី ៤កុម្ភៈ ដោយកត់សម្គាល់ថា លោក ស៊ឹង សែនករុណា ដែលមានបទពិសោធន៍យូរឆ្នាំ ខាងវិស័យសិទ្ធិមនុស្ស តែងតែផ្ដល់យោបល់ចង់ឃើញប្រទេសកម្ពុជាមាននីតិរដ្ឋ ដែលទទួលស្គាល់ដោយសហគមន៍អន្តរជាតិ។
លោក អំ សំអាត ថា៖ «កន្លងមក យើងមានការស្រង់សម្ដីរបស់សារព័ត៌មានមួយចំនួន គាត់មានពេលវេលា គាត់មានទំហំអត្ថបទ។ អ៊ីចឹង! ការដកស្រង់ពាក្យពេចន៍ ពាក្យសម្ដីគឺខ្លី ដែលអាចមានការភ័ន្តច្រឡំអត្ថន័យ ប៉ុន្តែបើខ្ញុំពិនិត្យទៅលើការផ្ដល់យោបល់ ការផ្ដល់បទសម្ភាសន៍របស់លោក ស៊ឹង សែនករុណា ដែលលោកធ្វើការខាងសិទ្ធិមនុស្សនេះជាង ២០ ឆ្នាំ ហើយគឺក្នុងគោលបំណងលើកកម្ពស់បញ្ហាសិទ្ធិមនុស្ស បញ្ហាបរិស្ថាន បញ្ហាធនធានធម្មជាតិ និងព្រៃឈើ ជាពិសេស គឺចង់ឱ្យប្រទេសយើងដែលជាប្រទេសមួយ មានភាពល្អប្រសើរទាក់ទងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស»។
ពាក់ព័ន្ធនឹងបណ្ដឹងបរិហារកេរ្តិ៍ជាសាធារណៈ របស់គណបក្សប្រជាជនកម្ពុជាលើលោក សុន ឆ័យ ដែលបានរិះគន់អំពីភាពមិនប្រក្រតីនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ ២០២២ វិញ មេធាវីតំណាងគណបក្សកាន់អំណាចបានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី ៤កុម្ភៈ ឆ្លើយតបនឹងបទសម្ភាសន៍របស់លោក សុន ឆ័យ នៅលើបណ្ដាញព័ត៌មានមួយចំនួន ដែលបានបំភ្លឺការមិនពេញចិត្តរបស់លោកទៅនឹងសាលដីកា របស់តុលាការកំពូល បន្តឱ្យគណបក្សប្រជាជន កម្ពុជា ឈ្នះក្ដីដោយទាមទារសំណងពីលោកចំនួន ១ លានដុល្លារនោះ។
សេចក្ដីថ្លែងការណ៍របស់មេធាវីតំណាងគណបក្សកាន់អំណាច បានចោទអតីតអនុប្រធានគណបក្សភ្លើងទៀនលោក សុន ឆ័យ ថា បានបកស្រាយមានចរិតលក្ខណៈកេងចំណេញនយោបាយ គ្មានមូលដ្ឋានផ្នែកច្បាប់ ប៉ះពាល់ដល់ស្ថាប័នតុលាការ និងបានធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តសិទ្ធិ តាមផ្លូវច្បាប់របស់គណបក្សប្រជាជនកម្ពុជា។
អតីតអនុប្រធានគណបក្សភ្លើងទៀន និងបច្ចុប្បន្នជាអនុប្រធានគណបក្សឆន្ទៈខ្មែរ លោក សុន ឆ័យ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី ៤កុម្ភៈ ថា លោកមិនបានមាក់ងាយគណបក្សប្រជាជនកម្ពុជា ឬក៏ស្ថាប័នណាទេ ព្រោះក្នុងនាមជាអ្នកនាំពាក្យគណបក្ស លោកមានតួនាទីឆ្លើយបំភ្លឺតាមខ្លឹមសារ នៃសេចក្ដីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ដែលមានលក្ខណៈតវ៉ានឹងលទ្ធផលបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២ និងគ្មានគោលដៅប្រមាថគណបក្សប្រជាជនកម្ពុជាឡើយ ប៉ុន្តែមានបំណងកែលម្អស្ថាប័នជាតិឱ្យល្អប្រសើរប៉ុណ្ណោះ។
ទោះជាយ៉ាងណា លោកនៅតែយល់ថា ការសម្រេចរបស់តុលាការ ជារឿងអយុត្តិធម៌ ដូចការមើលឃើញរបស់អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិដែរ តែលោកថា គ្មានជម្រើសទេ គឺត្រូវតែបង់ប្រាក់សងជំងឺចិត្តដល់គណបក្សប្រជាជនកម្ពុជា ជាដើមបណ្ដឹង។
លោក សុន ឆ័យ ថា៖ «អ្វីដែលតុលាការបានកំណត់ឱ្យខ្ញុំសងជំងឺប៉ុណ្ណា ខ្ញុំមិនមានជម្រើសក្រៅពីគោរពសាលដីកានោះទេ ហើយអ្វីដែលខ្ញុំមានសំណូមពរគ្រាន់តែសុំសិទ្ធិលក់ផ្ទះជាជាងឱ្យតុលាការរឹបអូសយកទៅលក់ឡៃឡុង ព្រោះខ្ញុំជឿថាបើសិនជាមានការលក់ត្រឹមត្រូវនោះផ្ទះនោះ អាចឱ្យខ្ញុំសល់ប្រាក់ខ្លះ ក្រោយពីសងជំងឺដល់គណបក្សប្រជាជន»។
កាលពីថ្ងៃទី ២៣ កុម្ភៈ ឆ្នាំ២០២៣ ចៅក្រមតុលាការកំពូល បានសម្រេចតម្កល់ សាលដីការបស់សាលាឧទ្ធរណ៍ ដែលតម្រូវឱ្យលោក សុន ឆ័យ កាលនោះជាអនុប្រធានគណបក្សភ្លើងទៀន បង់សងជំងឺចិត្តដល់គណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សរុបចំនួនជាង ១ លានដុល្លារអាមេរិក។
ស្ថាប័នទាំងពីរនេះបានប្ដឹងលោក សុន ឆ័យ ទៅសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្តិ៍ កាលពីខែមិថុនា ឆ្នាំ២០២២ ចំពោះការអត្ថាធិប្បាយរបស់លោក ទាក់ទងនឹងភាពមិនប្រក្រតី នៃការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ តាមសេចក្ដី ថ្លែងការណ៍តវ៉ារបស់គណបក្សភ្លើងទៀន៕
ហ៊ុន សែន គំរាមប្តឹងមន្ត្រីអាដហុកក្នុងសំណុំរឿងបក្សកាន់អំណាចប្តឹង សុន ឆ័យ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
បើលោក ហ៊ុនសែន មិនទាន់លាចាកភពទេ! សូម បងប្អូនកូនក្មួយកុំសង្ឃឹមថាកម្ពុជាមាន សិទ្ធសេរីភាពបញ្ចេញមតិឲ្យសោះ។តែបងប្អូនទ្រាំបន្តិចទៀតទៅនៅមិនប៉ុន្មានទេយើងច្បាស់ជាមានសិទ្ធសេរីភាពហើយ។