តុលាការ​ប្រទេស​ចិន តាមដាន​សម្ព័ន្ធ​ក្រុមហ៊ុន​កម្ពុជា​ដែល​មាន​ «កេរ្តិ៍ឈ្មោះ​អាក្រក់»

ដោយ៖ ហ្សាក់ អាដាមូវិក ដេវី (Jack Adamović Davies) និង ម៉ារី ចាវ (Mary Zhao)
2024.02.06
RFA

តុលាការ​ប្រទេស​ចិន តាមដាន​សម្ព័ន្ធ​ក្រុមហ៊ុន​កម្ពុជា​ដែល​មាន​«កេរ្តិ៍ឈ្មោះ​អាក្រក់»

 ក្រាហ្វិក​ដោយ៖ អាមែនដា វៃស៍ប្រដ (Amanda Weisbrod)/RFA


[អាន​អត្ថបទ​ជាភាសាអង់គ្លេសChinese courts go after ‘notorious’ Cambodian conglomerate]


តួកុន​ថៃ​ម្នាក់ លោក សាហាចាក់ ប៊ុនថាណាគិត (Sahajak Boonthanakit) នឹង​មិន​ងាយ​ភ្លេច​ថ្ងៃ​ដែល​លោក​បាន​ជួប​ជាមួយ​លោក ចេន ហ្ស៊ី (Chen Zhi) ឡើយ។

លោក សាហាចាក់ រំឭក​ឡើង​វិញ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​វិទ្យុ​អាស៊ីសេរី​ថា៖ «ខ្ញុំ​មិន​ចង់​និយាយ​រឿង​នេះ​ឱ្យ​រំជួលចិត្ត​ពេកទេ​ ប៉ុន្តែ គាត់​ដូចជា​ឪពុក​ធម៌​ម្នាក់​អ៊ីចឹង។ គាត់​មិន​សូវ​និយាយ​ច្រើន​ទេ លើកលែង​តែ​ពាក្យ​ សួស្ដី​ តែ​ប៉ុណ្ណឹង​ឯង»។ លោក សាហាចាក់ បន្ត​ថា៖ «គាត់​ដូចជា​មាន​អំណាច​ខ្លាំង​ណាស់»។

មែន​ទែន​ទៅ អតីត​ជន​ចំណាកស្រុក​ចិន​រូប​នេះ​​គឺជា​ឧកញ៉ា​កម្ពុជា​មួយ​រូប​ដែល​មាន​បណ្ដាញ​ទំនាក់ទំនង​ដ៏​ពូកែ​ជាង​គេ​ម្នាក់។ នៅ​ឯ​កិច្ចប្រជុំ​មួយ​កាលពី​ឆ្នាំ២០១៨ លោក ចេន ហ្ស៊ី កាន់​មុខ​​តំណែង​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ជា​ទីប្រឹក្សា​ឱ្យ​ក្រសួង​មហាផ្ទៃ​នៅ​កម្ពុជា។ ក្រោយ​មក លោក ចេន ហ្ស៊ី បាន​ក្លាយ​ជា​ទីប្រឹក្សា​មួយ​រូប​របស់​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​សព្វថ្ងៃ​នេះ លោក​កាន់​តំណែង​ដូចគ្នា​ឱ្យ​ទាយាទ​ និង​ជា​កូន​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ នេះ​បើ​យោង​តាម​សេចក្ដីចម្លង​នៃ​ព្រះរាជក្រឹត្យ​ដែល​ផ្ដល់​តួនាទី​ទាំងនេះ​ដល់​លោក។ សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប របស់​លោក​ដែល​រកស៊ី​ខាង​វិស័យ​អចលនទ្រព្យ ផ្សារ​ទំនើប ធនាគារ និង​វិស័យ​ជាច្រើន​ទៀត​នៅ​ទូទាំង​ប្រទេស​កម្ពុជា រក​ចំណូល​បាន​រាប់​ពាន់​លាន​ដុល្លារ។

សម្រាប់​លោក សាហាចាក់ ទោះជា​លោក ចេន ហ្ស៊ី អាយុ​៣០​ឆ្នាំ រាង​រៅ​ទាប​ សម្បុរ​ស​ស្លេក ​មាន​ពុក​ចង្កា លោក ចេន ហ្ស៊ី គ្រាន់តែ​ជា «អ្នក​រក​លុយ» ដ៏​អាថ៌កំបាំង​ម្នាក់​ដែល​ចេញ​លុយ​ឱ្យ​ការផលិត​ខ្សែភាពយន្ត​ថ្មី​របស់​លោក និង​​ជា​ម្ចាស់​កម្មវិធី​ទទួលទាន​អាហារ​មួយ​ពេល​នៅ​ក្នុង​ភូមិគ្រឹះ​​មួយ​នៅ​ក្រុង​ភ្នំពេញ ដែល​គេ​អាច​មើល​ឃើញ​ទន្លេ​មេគង្គ។

បន្ទាប់​ពី​រថយន្ត​ទំនើប​ជាច្រើនគ្រឿង​​បាន​ដឹក​តួសម្តែង​ និង​ក្រុម​ការងារ​ថតកុន​ទៅ​កាន់​គេហដ្ឋាន​របស់​លោក ចេន ហ្ស៊ី រួចមក លោក សាហាចាក់ និង​សហការី​របស់​លោក​ ត្រូវបាន​គេ​នាំ​ទៅ​ក្នុង​សាល​បង់កេ​មួយ​កន្លែង។ តុ​មូល​ធំ​មួយ​ដែល​អាច​ដាក់​មនុស្ស​អង្គុយ​បាន​ប្រមាណ ២០នាក់ មាន​តម្រៀប​ស្រា​ និង​អាហារ​ប្រណីត រួមមាន​ស៊ុប​ព្រុយ​ត្រី​ឆ្លាម ដែល​ជា​ធម្មតា​​មាន​​តម្លៃ​រាប់​រយ​ដុល្លារ​ក្នុង​មួយ​ចាន។

ខ្សែ​ភាពយន្ត​ដែល​ពួកគេ​កំពុង​អបអរ​សាទរ​នោះ គឺ​ជា​ការប៉ុនប៉ង​ដំបូង​គេ​បង្អស់​របស់​កម្ពុជា​ថត​​ក្នុង​ប្រទេស​​ខ្លួន​ឯង ជា​ខ្សែភាពយន្ត​ពោរពេញ​ទៅ​ដោយ​ឈុត​ឆាក​វាយប្រហារ​​តាម​បែប​ហូលីវូដ (Hollywood)។ ខ្សែភាពយន្ត​មាន​ចំណងជើង​ថា «វាល​ប្រមាញ់» (The Prey) ផ្ដោត​លើ​បុរស​ម្នាក់​ឈ្មោះ ស៊ីន (Xin) ជា​គិញ​សម្ងាត់​ជនជាតិ​ចិន​​ដែល​ត្រូវ​បាន​គេ​ចាប់​ដាក់​គុក​ខុស នៅ​​គុក​ដាច់ស្រយាល​មួយ​ក្នុង​ប្រទេស​កម្ពុជា នៅ​ពេល​ដែល​លោក​កំពុង​ធ្វើការ​ស៊ើបអង្កេត​ដើម្បី​ជ្រៀតចូល​ទៅ​ក្នុង​ក្រុម​បងធំ​ដ៏​ហិង្សា​មួយ​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​អនឡាញ​ដ៏​កាក់កប​ជាច្រើន។

តាមរយៈ​ការផ្តល់​ការ​គាំទ្រ​ដល់​វិស័យ​ខ្សែ​ភាពយន្ត​​បែប​វាយប្រហារ​ខ្នាត​ធំ​ជា​លើក​ដំបូង​របស់​កម្ពុជា​នេះ លោក ចេន ហ្ស៊ី ទំនង​ជា​ចង់​ធ្វើ​ខ្លួន​ឯង​ឱ្យ​ក្លាយ​ជា​មហាសេដ្ឋី​ដ៏​មាន​ឥទ្ធិពល​មួយ​រូប។

ប៉ុន្តែ វា​ក៏​អាច​ជា​ផ្នែក​មួយ​នៃ​កំហុស​អចេតនា​ដែល​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​គំនិត​ពិត​របស់​លោក។ វិទ្យុ​អាស៊ីសេរី​រក​ឃើញ​ថា ប៉ូលិស​ប្រទេស​ចិន​កំពុង​ស៊ើបអង្កេត​ថា​តើ​ភាគច្រើន​នៃ​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​វ័យក្មេង​រូប​នេះ បាន​មកពី​សកម្មភាព​ខុសច្បាប់​​ដែល​ស្រដៀងគ្នា​​ទៅ​នឹង​តួអង្គ​នៅ​ក្នុង​ខ្សែ​ភាពយន្ត​នេះ​ដែរ​ឬ​ក៏​យ៉ាង​ណា​នោះ។

1 The Prey.jpg
លោក ចេន ហ្ស៊ី គឺ​ជា​អ្នក​ចេញ​លុយ​ឱ្យ​ផលិត​ខ្សែ​ភាពយន្ត​ដែល​មាន​ចំណងជើង​ថា «វាល​ប្រមាញ់» ដែល​ជា​ការប៉ុនប៉ង​ដំបូង​បង្អស់​របស់​កម្ពុជា​ក្នុង​ការ​ផលិត​​ខ្សែភាពយន្ត​បែប​វាយប្រហារ​ដូច​ក្នុង​រឿង​កុន​​ហូលីវូដ (Hollywood)។ (រូបភាព៖ “The Prey” / Altered Vision Films – Kongchak Pictures)

ជា​សំណុំ​រឿង​ដែល​មិនធ្លាប់​ត្រូវ​បាន​គេ​រាយការណ៍​កាលពី​មុន សាលក្រម​តុលាការ​ឧក្រិដ្ឋកម្ម​នៃ​ប្រទេស​ចិន ចុះ​កាលបរិច្ឆេទ​ពី​ឆ្នាំ២០២០ ដល់​ឆ្នាំ២០២២ ពិពណ៌នា​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប របស់​លោក ចេន ហ្ស៊ី ថា​ជា «ក្រុម​ឧក្រិដ្ឋកម្ម​បនល្បែង​អនឡាញ​ឆ្លងដែន​ដ៏​អាក្រក់»​មួយ ដែល​រក​ប្រាក់​ចំណូល​បាន​យ៉ាងហោចណាស់ ៥ពាន់​លាន​យ័ន (៧០០​លាន​ដុល្លារ) ជា​ចំណូល​មិន​ស្រប​ច្បាប់។ នៅ​ខែ​ឧសភា ឆ្នាំ២០២០ ប៉ូលិស​ក្រុង​ប៉េកាំង (Beijing) បាន​បង្កើត​ក្រុម​ការងារ​ពិសេស​មួយ​ដើម្បី​ស៊ើប​អង្កេត​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប នេះ។ នេះ​បើ​យោង​តាម​កំណត់ត្រា​របស់​តុលាការ​នៃ​ប្រទេស​ចិន។ ចាប់តាំង​ពី​ពេល​នោះ​មក យ៉ាងហោចណាស់​មាន​សាលក្រម​ចំនួន​៧​ចេញ​ដោយ​តុលាការ​ថ្នាក់​ខេត្ត​របស់​ប្រទេស​ចិន​ផ្សេងៗ​គ្នា បាន​ផ្ដន្ទាទោស​បុគ្គលិក​ថ្នាក់​​ក្រោម​ជាច្រើន​នាក់​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប ឬ​ដែល​​ជាប់​ពាក់ព័ន្ធ​នឹង​សម្ព័ន្ធ​ក្រុមហ៊ុន​នេះ ពី​បទ​ល្មើស​​បើក​បនល្បែង​ស៊ីសង និង​លាង​លុយ​កខ្វក់។

សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប ខ្លួនឯង និង​លោក ចេន ហ្ស៊ី ទំនងជា​មិន​​បាន​ក្លាយ​ជា​កម្មវត្ថុ​នៃ​ការ​កាត់ទោស​របស់​តុលាការ​នៃ​ប្រទេស​ចិន​នេះ​ទេ។ តំណាង​ម្នាក់​របស់​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រុមហ៊ុន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​ទាំងអស់​មក​លើ​​ក្រុមហ៊ុន ហើយ​​ក្រុមហ៊ុន​ជឿជាក់​ថា​ការចោទ​ប្រកាន់​នេះ​គឺជា​លទ្ធផល​នៃ «ការក្លែង​​អត្តសញ្ញាណ​ដោយ​​សមាសភាព​​ឧក្រិដ្ឋជន​នានា»

ក៏ប៉ុន្តែ ដើម្បី​ស្វែងយល់​ថា​តើ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប អាច​ទាក់ទាញ​នូវ​ការពិនិត្យ​ពិច័យ​យ៉ាង​ដូច្នេះ ជា​ការចាំបាច់​ដែល​ត្រូវ​ពិនិត្យ​មើល​ថា​តើ​លោក ចេន ហ្ស៊ី បាន​ប្រែក្លាយ​ពី​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​មួយ​ដែល​មិនសូវ​មាន​អ្នក​ស្គាល់​នៅ​ក្នុង​ទឹកដី​កំណើត​របស់​លោក​ក្នុង​ប្រទេស​ចិន​ ទៅជា​មហាសេដ្ឋី​សញ្ជាតិ​កម្ពុជា​ម្នាក់​ដោយ​របៀប​ណា។ សព្វថ្ងៃ​នេះ លោក​មាន​មោទនភាព​ដោយសារ​តែ​មាន​ទំនាក់ទំនង​ជ្រាលជ្រៅ​ជាមួយ​មន្ត្រី​ដ៏​មាន​អំណាច​បំផុត​របស់​កម្ពុជា ដែល​អាច​នឹង​ការពារ​លោក​ និង​ក្រុម​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប របស់​លោក​បាន​យ៉ាង​ល្អ យ៉ាងហោចណាស់​គិត​មក​ទល់​នឹង​ពេល​នេះ។

នេះ​គឺ​ជា​អត្ថបទ​ស៊ើបអង្កេត​​ទី​មួយ​ក្នុង​ចំណោម​អត្ថបទ​ស៊ើបអង្កេត​ចំនួន​៣​ដែល​ពិនិត្យ​មើល​ថាតើ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប របស់​លោក ចេន ហ្ស៊ី រីក​ដុះដាល​ឡើង​យ៉ាង​ឆាប់រហ័ស​ដោយ​របៀបណា, តើ​ទ្រព្យសម្បត្តិ​ទាំងនោះ​បាន​មក​ដោយ​របៀបណា, និង​ហេតុអ្វី​បាន​ជា​អ្នក​អនុវត្ត​ច្បាប់​នៅ​ប្រទេស​ចិន​កំពុង​តាមដាន​​សម្ព័ន្ធ​ក្រុមហ៊ុន​នេះ​​ដិតដល់​ខ្លាំង​យ៉ាង​ដូច្នេះ។

ការទទួល​បាន​អំណាច​ដ៏​ហ៊ឹកហ៊ាក់

លោក ចេន ហ្ស៊ី កើត​នៅ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៨៧ នៅ​ខេត្ត​ហ្វួជៀន (Fujian) ដែល​អស់​រយៈពេល​ជាច្រើន​សតវត្ស​មក​ហើយ​គឺជា​មជ្ឈមណ្ឌល​មួយ​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ។ លោក​គឺជា «អ្នកជំនួញ​វ័យក្មេង​ដ៏​ពូកែ​ម្នាក់» នេះ​បើ​យោង​តាម​ជីវប្រវត្តិ​មួយ​ដែល​ត្រូវ​បាន​គេ​បង្ហោះ​ផ្សាយ​នៅ​លើ​វែបសាយ​របស់​ក្រុមហ៊ុន DW Capital Holdings មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី (Singapore) ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ឱ្យ​ការវិនិយោគ​ផ្ទាល់​របស់​លោក ចេន ហ្ស៊ី។ មុន​ពេល​លោក​មាន​អាយុ​៣ឆ្នាំ ជីវប្រវត្តិ​នោះ​អះអាង​ថា​ លោក​ ចេន ហ្ស៊ី បាន​ជួយ​បម្រើ​ការងារ​អាជីវកម្ម​ឱ្យ​គ្រួសារ​មួយ​នៅ​ក្រុងស៊ឹងឈិន (Shenzhen)។

ការ​ចេញ​រកស៊ី​ដំបូង​តែឯង​របស់​លោក ចេន ហ្ស៊ី គឺ​ទំនង​ជា​តាមរយៈ​ការបើក «ហាង​អ៊ីនថឺណិត​កាហ្វេ​តូច​មួយ» នៅ​ទីក្រុង​ហ្វួចូវ (Fuzhou) ដែល​ជា​រដ្ឋធានី​របស់​ខេត្ត​ហ្វួជៀន (Fujian)។ នេះ​បើ​យោង​តាម​វែបសាយ​ដដែល។ នៅ​ឆ្នាំ២០១១ ជីវប្រវត្តិ​ដដែល​កត់សម្គាល់​ថា លោក ចេន ហ្ស៊ី បាន​ចាប់ផ្ដើម​វិនិយោគ​ក្នុង​ «វិស័យ​អភិវឌ្ឍន៍​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​​ដែល​មិនទាន់​សូវ​មាន​គេ​រកស៊ី​ច្រើន​នៅឡើយ»

ការបណ្តាក់​ទុក​វិនិយោគ​របស់​លោក ចេន ហ្ស៊ី កាន់​តែ​មាន​សន្ទុះ​ខ្លាំង​ឡើងៗ​​នៅពេល​ដែល​លោក​ធ្វើ​ចំណាកស្រុក​ទៅ​កាន់​ប្រទេស​កម្ពុជា ដែល​ជា​ទី​​ពោរពេញ​ទៅ​ដោយ​ឱកាស​​សម្រាប់​អ្នក​ទាំងឡាយ​ណា​ដែល​ឆ្លាតវៃ និង​មាន​ខ្សែ។

ក្រុមហ៊ុន​ដំបូង​របស់​លោក គឺ​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​ស្ថិត​ក្នុង​ក្រុងភ្នំពេញ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ដែល​លោក​ធ្វើ​ចំណាកស្រុក​ពី​ប្រទេស​ចិន។ នេះ​បើ​យោង​តាម​ទិន្នន័យ​ធនាគារ​ដែល​វិទ្យុ​អាស៊ីសេរី​បាន​ឃើញ។ នៅ​ឆ្នាំ២០១៥ លោក​បាន​ធ្វើ​ជា​ស្ថាបនិក​បង្កើត​ក្រុមហ៊ុន ព្រីនស៍ ហើយ​ក្រោយ​មក​យីហោ​​របស់​ក្រុមហ៊ុន​នេះ​ត្រូវ​គេ​ប្រទះ​ឃើញ​មាន​ស្ទើរ​គ្រប់​ទីកន្លែង​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​ក្រុង​ជាច្រើន​នៃ​ប្រទេស​កម្ពុជា។

បុត្រ​សម្ព័ន្ធ​ផ្នែក​អចលនទ្រព្យ​របស់​ក្រុមហ៊ុន​នេះ គឺ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប ដើរ​តួនាទី​យ៉ាង​សំខាន់​មួយ​ក្នុងការ​កែប្រែ​មុខមាត់​ក្រុងព្រះសីហនុ​ពី​ទីក្រុង​មួយ​ដែល​ស្ងប់ស្ងាត់ សម្បូរ​ទៅ​ដោយ​​វាលស្មៅ និង​ជា​រមណីយដ្ឋាន​ឆ្នេរសមុទ្រ ទៅជា​ទីក្រុង​ដែល​មាន​កាស៊ីណូ​ចិន​រីក​ដុះដាល​ដូច​ផ្សិត។ ដោយ​បាន​ឃើញ​ពី​ចំណូល​ដ៏​រឹងមាំ​​ពី​វិស័យ​អាផាតធឺមិន (Apartment) និង​សណ្ឋាគារ​រាប់​ពាន់​កន្លែង​របស់​ខ្លួន​ក្នុង​ក្រុងព្រះសីហនុ សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប បាន​ពង្រីក​សាខា​ទៅជា​ខុនដូ​ភ្នំពេញ ផ្សារ​ទំនើប និង​អគារពាណិជ្ជកម្ម សប់ភីង ម៉ល (shopping malls) ជាច្រើន​កន្លែង។ ក្នុង​អំឡុង​ពេល​មួយ​ឆ្នាំ​ក្រោយ​បង្កើត​ឡើង ក្រុមហ៊ុន​នេះ​បាន​ចាប់ផ្តើម​ផ្តល់​សេវាកម្ម​ធនាគារ​ក្នុងនាម​ជា​វិទ្យាស្ថាន​មីក្រូហិរញ្ញវត្ថុ​ឯកជន​មួយ។ បីឆ្នាំ​ក្រោយមក សម្ព័ន្ធ​ក្រុមហ៊ុន​នេះ​ទទួល​បាន​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ពាណិជ្ជកម្ម។

ក្នុង​ពេល​ដែល​មុខ​ជំនួញ​របស់​លោក ចេន ហ្ស៊ី កំពុង​រីក​លូតលាស់ ទុន​នយោបាយ​របស់​លោក​ក៏​ចេះ​តែ​កើន​ឡើង​ដូចគ្នា​ដែរ។

2 Chen Zhi with Prime Minister Hun Sen after he was made “neak oknha” on July 20, 2020..jpg
លោក ចេន ហ្ស៊ី ឈរ​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន បន្ទាប់​ពី​លោក​ទទួល​បាន​គោរមងារ​ជា «អ្នកឧកញ៉ា» នៅ​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។ (រូប៖ Prince Holding Group)

នៅ​​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤ លោក ចេន ហ្ស៊ី បានចូល​សញ្ជាតិជា​ពលរដ្ឋ​កម្ពុជា​ម្នាក់។ ការធ្វើ​សញ្ជាតូបនីយកម្ម ឬ​ចូលសញ្ជាតិ ដែល​តម្រូវ​ឱ្យ​អ្នកសុំ​ចូល​សញ្ជាតិ​វិនិយោគ ឬ​ផ្តល់​វិភាគទាន​ដល់​រដ្ឋាភិបាល​កម្ពុជា​​នូវ​ទឹកប្រាក់​ប្រមាណ ២សែន៥ម៉ឺន​ដុល្លារ បាន​ក្លាយ​ជា​វិធី​ដ៏​ពេញនិយម​កាន់តែ​ខ្លាំង​ឡើងៗ​សម្រាប់​ជនបរទេស​ដែល​មាន​ទ្រព្យសម្បត្តិ ក៏ប៉ុន្តែ​មាន​មនុស្ស​តិចតួច​ទេ​ដែល​​ដើរតាម​គន្លង​ដូចដែល​លោក ចេន ហ្ស៊ី កំពុង​ធ្វើ​នេះ។ បីឆ្នាំ​ក្រោយ​មក​ទៀត ព្រះរាជក្រឹត្យ​មួយ​បាន​ប្រកាស​ថា​លោក​គឺជា​ទីប្រឹក្សា​របស់​ក្រសួង​មហាផ្ទៃ។ ដោយ​មិន​ទទួល​បាន​ប្រាក់​បៀវត្ស តួនាទី​នេះ​បាន​ផ្តល់​ឱ្យ​លោក ចេន ហ្ស៊ី នូវ​ឋានៈ​ក្នុង​សង្គម​កម្ពុជា ស្មើនឹង​អនុរដ្ឋលេខាធិការ​មួយ​រូប។

ជា​ច្រើន​សប្ដាហ៍​ក្រោយ​លោក​ទទួល​បាន​តួនាទី​នេះ​ នៅ​ឆ្នាំ២០១៧ លោក ចេន ហ្ស៊ី បាន​បង្កើត​អាជីវកម្ម​រួមគ្នា​មួយ​ជាមួយ​លោក ស សុខា។ កាលពី​ពេល​នោះ ឪពុក​លោក ស សុខា គឺជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ដ៏​មាន​អំណាច​ម្នាក់។ នៅ​ឆ្នាំ២០២៣ លោក ស សុខា បាន​ឡើង​កាន់​តំណែង​នេះ​បន្តវេន​ពី​ឪពុក​របស់​លោក។

ក្រុមហ៊ុន ជីនប៉ី (Jinbei Cambodia Investment Co. Ltd.) ដែល​ជា​ការ​ធ្វើ​អាជីវកម្ម​រួមគ្នា​រវាង​លោក ចេន ហ្ស៊ី និង​លោក ស សុខា ត្រូវ​បាន​រម្លាយ​ចោល​នៅ​ឆ្នាំ២០២១ តែ​វា​គឺ​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​៥​ដាក់​ឈ្មោះ ជីនប៉ី ដែល​ត្រូវបាន​បង្កើត​ឡើង​ដោយ​លោក ចេន ហ្ស៊ី និង​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ ដទៃទៀត។ នេះ​បើ​យោង​តាម​ទិន្នន័យ​ចុះបញ្ជី​អាជីវកម្ម​នៅ​កម្ពុជា។ ក្រុមហ៊ុន​ទាំងនេះ​រួមគ្នា​បង្កើត​បាន​ជា​សម្ព័ន្ធ​ក្រុមហ៊ុន ជីនប៉ី គ្រូប (Jinbei Group) ដែល​វែបសាយ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន​នេះ​អះអាង​ថា​មាន​​ទឹកប្រាក់​វិនិយោគ ៣០០លាន​ដុល្លារ ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា។

បើទោះបី​ជា​ក្រុមហ៊ុន​ទាំងនេះ​ជា​ក្រុមហ៊ុន​ដាច់ដោយឡែក​ពី​គ្នា​ក៏ដោយ អ្វី​ដែល​ជា​ទំនាក់ទំនង​ជិតដិត​នោះ​គឺ​ការពាក់ព័ន្ធ​គ្នា​រវាង​ក្រុមហ៊ុន​ជាច្រើន ​ដែល​អាជ្ញាធរ​ចិន​បាន​ហៅ​ក្រុមហ៊ុន ជីនប៉ី ថា​ជា «ក្រុមហ៊ុន​បុត្រសម្ព័ន្ធ» មួយ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ នៅ​ក្នុង​ឯកសារ​តុលាការ​ដែល​ភ្ជាប់​ក្រុមហ៊ុន​ទាំងពីរ​នេះ។ សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប បដិសេធ​ការ​ពិពណ៌នា​នេះ។

ការវិនិយោគ​ចម្បង​របស់​សម្ព័ន្ធ​ក្រុមហ៊ុន ជីនប៉ី គឺ​អាច​និយាយ​បាន​ថា​មាន​នៅ​លើ​វិស័យ​សណ្ឋាគារ និង​កាស៊ីណូ​កម្ពស់​៧ជាន់​នៅ​ក្រុង​ព្រះសីហនុ​ លាតសន្ធឹង​លើ​ផ្ទៃដី​ទំហំ ១៦.៥០០ ម៉ែត្រការ៉េ ដាក់ឈ្មោះ​ថា កាស៊ីណូ និង​សណ្ឋាគារ ជីនប៉ី ឬ Golden Shell ជា​ភាសា​ចិន​កុកងឺ។ សណ្ឋាគារ​ និង​កាស៊ីណូ​នេះ​បើក​ដំណើរការ​អាជីវកម្ម​ក្នុង​ឆ្នាំ២០១៧។

រមណីយដ្ឋាន​នេះ ដែល​អះអាង​ថា​មាន តុ​ល្បែង ៤៣តុ លាតសន្ធឹង​លើ​បរិវេណ​កាស៊ីណូ​ទំហំ ២ពាន់​ម៉ែត្រ​ការ៉េ និង​សាល​ទទួល​ភ្ញៀវ វី.អាយ.ភី (VIP) ចំនួន​ពីរ គឺជា​កាស៊ីណូ​មួយ​ក្នុង​ចំណោម​កាស៊ីណូ​​ជាង​១០០​កន្លែង​ដែល​បើក​ដំណើរការ​ក្នុង​ក្រុង​ព្រះសីហនុ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មុន​ឈាន​ទៅ​ដល់​ឆ្នាំ២០១៩ ដែល​ជា​ឆ្នាំ​រីក​ដុះដាល​នាំ​ឱ្យ​ទីក្រុង​នេះ​ត្រូវ​បាន​គេ​អួត​សរសើរ​ថា​ដូចជា​ទីក្រុង​ម៉ាកាវ (Macau) ថ្មី​មួយ។

ថ្លែង​ប្រាប់​ទស្សនាវដ្ដី Macau Business កាលពី​ឆ្នាំ២០១៩ នាយក​ផ្នែក​ទីផ្សារ​របស់​កាស៊ីណូ ជីនប៉ី លោក វ៉ិចទ័រ ឆុង (Victor Chong) ចាត់ទុក​ការ​រីក​លូតលាស់​នេះ​គឺ​ដោយសារតែ​ជំហរ​បែប «ធុរកិច្ច​និយម» របស់​រដ្ឋាភិបាល​កម្ពុជា ដែល​លោក​បាន​និយាយ​ថា​ ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​អាជ្ញាប័ណ្ណ​បើក​កាស៊ីណូ​​ជូន​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​ហ៊ាន​បង់​ប្រាក់​កម្រៃ​ប្រចាំឆ្នាំ​ចំនួន ៤ម៉ឺន​ដុល្លារ​ ដល់​រដ្ឋាភិបាល។

4 Jin Bei Casino.jpg
កាស៊ីណូ ជីនប៉ី នៅ​ទីក្រុង​រមណីយដ្ឋាន​ភាគ​ខាងត្បូង​ខេត្ត​ព្រះសីហនុ ជា​កន្លែង​ស្រូប​យក​ក្រុម​អ្នកលេង​ល្បែង​ស៊ីសង​ជនជាតិ​ចិន​ដែល​មក​ទស្សនា​កម្ពុជា ត្រូវបាន​គេ​មើល​ឃើញ​នៅ​ក្នុង​រូបភាព​គ្មាន​ចុះ​កាលបរិច្ឆេទ​នេះ។ កាស៊ីណូ​នេះ គឺ​ជា​កម្មសិទ្ធិ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន ជីនប៉ី គ្រូប របស់​លោក ចេន ហ្ស៊ី។ (ហ្វេសប៊ុក​កាស៊ីណូ ជីនប៉ី)

អនឡាញ ក្រោម​តុ

បើទោះបី​ជា​ច្បាប់​នានា​មិន​ត្រូវ​បាន​គេ​យក​មក​អនុវត្ត​ជា​រឿយៗ​ក៏ដោយ ក៏​ការ​លេង​ល្បែង​ស៊ីសង​គឺ​ជា​ទង្វើ​ខុសច្បាប់​សម្រាប់​ពលរដ្ឋ​កម្ពុជា។ ពលរដ្ឋ​ចិន​ទេ​ដែល​បង្កើត​បាន​ជា​អតិថិជន​ភាគច្រើន​នៅ​បនល្បែង​ក្នុង​ក្រុង​ព្រះសីហនុ និង​ជា​អ្នក​កាន់កាប់​​ភាគហ៊ុន​មួយ​ភាគ​ធំ​នៃ​ម្ចាស់​កម្មសិទ្ធិ​ទាំងនេះ។

ពេញ​​ពាក់​កណ្តាល និង​ចុង​ឆ្នាំ២០១០ ក្រុម​អ្នកលេង​ល្បែង​ស៊ីសង​ត្រូវ​​បន្ថែម​ដោយ​លំហូរ​ចូល​នៃ​ក្រុម​ជើងកាង​ជនជាតិ​ចិនដែល​​ស្វែងរក​ឱកាស​រក​លុយ​ឆាប់រហ័ស ខាង​​ផ្តល់​​ប្រាក់​កម្ចី​ដែល​មានការប្រាក់​ខ្ពស់​ខុសច្បាប់ និង​ជា​ក្រុម​អ្នក​ជំរិត​យក​ប្រាក់។ សាកសព​មនុស្ស​មួយ​ចំនួន​​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​លើ​ឆ្នេរ​សមុទ្រ។ ពេស្យាចារ ដែល​ជា​អំពើ​ខុសច្បាប់​ក្នុង​ប្រទេស​កម្ពុជា បាន​រីក​ដុះដាល​ឡើង។ ក្រុម​ឧក្រិដ្ឋជន​តាម​ប្រព័ន្ធ​អ៊ីនថឺណិត ដែល​ធ្លាប់​បាន​ប្រើប្រាស់​ទីក្រុង​ព្រះសីហនុ​នេះ​ធ្វើ​ជា​មូលដ្ឋាន​ជា​យូរ​មក​ហើយ បាន​កើន​ឡើង​យ៉ាងច្រើន។ ក្រុម​អ្នក​ឆបោក​ភាគច្រើន​ដាក់​​មុខព្រួញ​ទៅលើ​ជន​រូម​ជាតិ​របស់​ពួកគេ​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ចិន។

​អំពី​និទ្ទណ្ឌភាព​បាន​ចាប់​ផ្តើម​កើន​ឡើង​ដោយសារ​តែ​មានករណី​បាញ់បោះតាម​ដង​ផ្លូវ និងភោជនីយដ្ឋាន​នានា​​ដោយ​គ្មាន​ញញើត​កោតក្រែង​តាម​បែប​ក្រុម​ឧក្រិដ្ឋកម្ម​ដែល​មាន​ការរៀបចំ​ទុក​ជាមុន។ ជនរងគ្រោះ​ដែល​ក្រុម​ឧក្រិដ្ឋជន​កំណត់​គោលដៅ​នោះ​​គឺ​ភាគច្រើន​ជា​ជនជាតិ​ចិន បើ​ទោះ​ជា​ម្ដងម្កាល​មាន​ពលរដ្ឋ​កម្ពុជា​​រងគ្រោះ​ពី​អំពើ​បាញ់​ប្រហារ​ប្រយុទ្ធ​តបត​​គ្នា​ទាំងនោះ​ក៏ដោយ។

បរិយាកាស​ឧក្រិដ្ឋកម្ម​នេះ បាន​នាំ​ឱ្យ​ប្រទេស​ចិន​ខឹង​សម្បារ។ ក៏ប៉ុន្តែ អ្វី​ដែល​អាច​រំខាន​ចិត្ត​ដល់​ក្រុង​ប៉េកាំង​កាន់តែ​ខ្លាំង​ជាង​ការ​កើន​ឡើង​នៃ​ឧក្រិដ្ឋកម្ម​មក​លើ​ពលរដ្ឋ​របស់​ខ្លួន​នោះ គឺ​ម៉ូដែល​អាជីវកម្ម​ដែល​​កាស៊ីណូ​ជា​ច្រើន​កំពុង​យក​មក​ប្រតិបត្តិ។ ភាគច្រើន​​នៃ​ទីតាំង​ទាំងនោះ​ ត្រូវ​បាន​ប្រើប្រាស់​​ជា​កន្លែងលេង​ល្បែង​​ស៊ីសង​អនឡាញ​​​ដែល​ដាក់​មុខព្រួញ​ទៅ​លើ​អតិថិជន​នៅ​ប្រទេស​ចិន។ ល្បែង​ស៊ីសង​បែប​នេះ គឺ​ជា​អំពើ​រំលោភ​ច្បាប់​ចិន​យ៉ាង​ជាក់ច្បាស់។

ដោយ​លើកឡើង​ពី​ករណី​ឧក្រិដ្ឋកម្ម​កើនឡើង ហើយ​ទំនងជា​ឱន​លំទោន​ទៅ​សម្ពាធ​ពី​ក្រុង​ប៉េកាំង​ផង លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ឆ្នាំ២០១៩ បាន​ចាត់​ទុក​ប្រតិបត្តិការ​លេងល្បែង​ស៊ីសង​តាម​អនឡាញ​ជា​ទង្វើ​ខុសច្បាប់។ ជា​លទ្ធផល ផលវិបាក​សម្រាប់​ក្រុងព្រះសីហនុ​គឺ​កើតមាន​ឡើង​ស្ទើរតែ​ភ្លាមៗ​តែ​ម្តង។ បុគ្គលិក​ និង​សហគ្រិន​ជនជាតិ​ចិន​ជាង ២សែន​នាក់ បាន​បោះបង់ចោល​ទីក្រុង​នេះ ហើយ​មនុស្ស​រាប់ពាន់​នាក់​ផ្សេង​ទៀត​បាន​ជាប់​គាំង​ដោយ​សារ​គ្មាន​ប្រាក់​ដើម្បី​ត្រលប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ។

ក្នុង​ពេល​ជំងឺរាតត្បាត​សាកល​កូវីដ១៩ ការ​រឹតត្បិត​ការធ្វើ​ដំណើរ​ដ៏​តឹងរ៉ឹង​របស់​ប្រទេស​ចិន និង​​សេដ្ឋកិច្ច​ក្នុងស្រុក​​កំពុង​លំបាក​ផង​នោះ រឹតតែ​បង្កើន​បន្ទុក​បន្ថែម​លើ​បញ្ហា​ទាំងនេះ។ បួន​ឆ្នាំ​ក្រោយ​មក ជើង​មេឃ​នៃ​ក្រុង​ព្រះសីហនុ​បាន​ក្លាយ​ជា​កន្លែង​ច្របូកច្របល់។ នៅ​ពេល​យប់ ភ្លើង​ភ្លឹបភ្លែត​ៗ​នៃ​កាស៊ីណូ​ដែល​នៅ​សេសសល់​តិចតួច​ចំនួន​ពីរ​ទៅ​បី ភ្លឺ​តាម​ចម្រឹង​អគារ​ខ្ពស់​កប់​ពពក​ដែល​សាង​សង់​រួច​តែ​ពាក់​កណ្ដាល ហើយ​​ត្រូវ​​បាន​គេ​បោះបង់​ចោល​កណ្ដាល​ទី។

5 General view of Sihanouokville.jpg
ក្រុម​អ្នកធ្វើ​ដំណើរ​ជិះ​ម៉ូតូ​តាម​ផ្លូវ​មួយ​ក្នុង​ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ ទីក្រុង​នេះ​ម្ដង​នោះ​ធ្លាប់​ត្រូវបាន​គេ​អួត​សរសើរ​ថា​ជា​ទីក្រុង​ម៉ាកាវ​ថ្មី​មួយ ក៏ប៉ុន្តែ បម្រាម​មិន​ឱ្យ​បើក​បន​ល្បែង​អនឡាញ និង​ជំងឺរាតត្បាត​សាកល​កូវីដ១៩ បាន​ធ្វើ​ឱ្យ​សុបិន​ទាំងនោះ​ត្រូវ​រលាយ​សាបសូន្យ​ទៅវិញ។ (រូប៖ Tang Chhin Sothy/AFP)

ប៉ុន្តែ ប្រសិន​បើ​មាន​ក្រុម​អ្នក​រកស៊ី​ខាត​បង់​នៅ​ទីនេះ សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប មិនមែន​ជា​ផ្នែក​មួយ​នៃ​ពួកគេ​ទាំង​នោះ​ទេ។

អ្នក​រាយការណ៍​របស់​វិទ្យុអាស៊ីសេរី​បានចុះ​ទៅដល់​ទីតាំង​ផ្ទាល់​មួយ​​កាលពី​ឆ្នាំ​មុន និង​បាន​ឃើញថា កាស៊ីណូ ជីនប៉ី នៅតែ​ស្វាគមន៍​ទទួល​ភ្ញៀវ​តាមខ្លោង​ទ្វា​ក្រោម​ពន្លឺ​ភ្លើង​ពណ៌​ណេអុង​នៅលើ​រូបសញ្ញា​សម្បក​លាស​សមុទ្រ​ដ៏ធំ​ដែល​​មាន​អាប៉ោង​ពណ៌ក្រហម​ខាងក្នុង​តំណាង​ឱ្យ​សំណាង​ល្អ។ អគារពាណិជ្ជកម្ម ព្រីនស៍ ម៉ល (Prince Mall) ច្រើន​ជាន់ ជា​កន្លែង​ដែល​​មាន​ហាង​លក់​ទំនិញ​ប្រណីតៗ កន្លែង​លេង​វីដេអូហ្គេម និង​ផ្សារ​ទំនើប Prince Supermarket ពោរពេញ​ទៅដោយ​​ធុង​ដាក់​បង្កង ដែល​នៅតែ​ទាក់ទាញ​អ្នកដើរ​លេង​ផ្សារ​ជាច្រើន​នាក់។ នៅ​ចំ​កណ្តាល​ជាន់​ផ្ទាល់ដី​នៃ​ម៉ល​នោះ មាន​​ស្តង់​​ក្រុមហ៊ុន​បុត្រសម័្ពន្ធ​ផ្នែក​អចលនទ្រព្យ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន​នេះ ដែល​បង្ហាញ​ពី​ម៉ូដែល​ស្ថាបត្យកម្ម​​ផ្ទះល្វែង និង​​អាផាតធឺមិន​នៅ​ជាប់​ឆ្នេរ​សមុទ្រ និង​អគារ​ខ្ពស់​កប់​ពពក​នៅ​កណ្តាល​ក្រុង។

សូម្បី​តែ​នាវា​ប្រណីត Nonni II តម្លៃ​២៤​លានដុល្លារ​របស់​លោក ចេន ហ្ស៊ី ដែល​មាន​​រោងកុន និង​បារ​ឌីស្កូ​មួយ​នៅលើ​នាវា​នោះ ក៏​គេ​នៅតែ​អាចឃើញ​ចត​នៅ​ឯ​កំពង់ផែ​ក្រុង​ព្រះសីហនុ​យូរៗម្តង។

តើ​កត្តា​អ្វី​ខ្លះ​ដែល​ធ្វើ​​ឱ្យ​សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រូប រីក​ដុះដាល​ឡើង ​ខណៈ​ក្រុមហ៊ុន​ប្រកួតប្រជែង​ជាច្រើន​ជួបប្រទះនឹង​បញ្ហា​​សេដ្ឋកិច្ច​ពពុះ​សាប៊ូ? ចម្លើយ គឺ​ថា​បើ​យោងតាម​សាលក្រម​ចំនួន​៧​របស់​តុលាការ​ចិន​ នេះ​គឺ​​ដោយសារតែ​ការប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ក្នុង​ទ្រង់ទ្រាយ​ធំ​មួយ។

អ្នក​ផ្ទេរលុយ​ខុសច្បាប់​តាម​បច្ចេកវិទ្យាខ្ពស់

យោងតាម​កំណត់ត្រា​តុលាការ​ដែល​វិទ្យុអាស៊ីសេរី​បាន​ឃើញ ភ្នាក់ងារ​អនុវត្ត​ច្បាប់​របស់​ចិន​បាន​ចាប់​ផ្តើម​បើក​ការស៊ើបអង្កេត​មក​លើ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប នៅ​ឆ្នាំ២០២០ ជា​ពិសេស យ៉ាងហោចណាស់​មួយភាគ​បី​នៃ​ទឹកប្រាក់​ប៉ាន់ស្មាន ២ពាន់លាន​ដុល្លារ​ ជា​តម្លៃ​វិនិយោគ​នេះ បាន​មក​ពី​ប្រតិបត្តិការ​បន​ល្បែង​ស៊ីសង​ខុសច្បាប់​ដែរឬយ៉ាងណា​នោះ។

នៅ​ខែឧសភា ឆ្នាំ២០២០ ការិយាល័យ​មូលប័ត្រ​សាធារណៈ​ក្រុង​ប៉េកាំង (Beijing Municipal Public Security Bureau) បាន​បង្កើត​ក្រុម​មួយ​ដែល​គេ​ហៅថា ក្រុម​ការងារ​ពិសេស​លេខ ៥.២៧។ ក្រុម​ការងារ​នេះ​ត្រូវ​បាន​បង្កើតឡើង​ «ដើម្បី​ស៊ើប​អង្កេត និង​ដោះស្រាយ​សំណុំ​រឿង​នៃ​ក្រុម​ឧក្រិដ្ឋជន​បន​ល្បែង​អនឡាញ​ឆ្លងដែន​ដ៏​អាក្រក់ ដែល​គេ​ស្គាល់​ថា​ជា «សម្ព័ន្ធ​ក្រុមហ៊ុន​ ព្រីនស៍ គ្រូប (Prince Group)» នៅ​ប្រទេស​កម្ពុជា។ នេះ​បើ​យោងតាម​សាលក្រម​តុលាការ​ឆ្នាំ២០២១។ អ្នកនាំពាក្យ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប ឈ្មោះ ហ្គាប្រ៊ីយែល តាន់ (Gabriel Tan) បាន​សរសេរ​ក្នុង​សារអេឡិចត្រូនិក​មួយ​ថា ក្រុមការងារ​នេះ «មិន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ណាមួយ​របស់​ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រូប (Prince Holding Group) ឡើយ»។ លោក​និយាយ​ក្នុង​កំណត់សម្គាល់​តាមដាន​បន្ត​ថា ការនិយាយ​ចំឈ្មោះ​ទៅលើ​ក្រុមហ៊ុន ព្រីនស៍ ក្នុង​ឯកសារ​តុលាការ គឺ​​ដោយសារ​តែ «បញ្ហា​ក្លែង​អត្តសញ្ញាណ»

តាមរយៈ​តុលាការ​ស្រុក​មួយ​នៅ​ខេត្តហ៊ឺណាន (Henan) សាលក្រម​ពណ៌នា​ក្រុម​ការងារ​នេះថា គឺ​ជា​ក្រុម​ការងារ​មួយ​ក្នុង​ចំណោម​ក្រុម​ការងារ​ជាច្រើន​ដែល​បង្កើត​ឡើង​ក្នុង​ខេត្ត​ផ្សេងៗ​គ្នា​ដើម្បី​ប្រឆាំងនឹង​បុគ្គល​ទាំងឡាយ​ណា​ដែល​មាន​ទំនាក់ទំនង​នឹង​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប ដែល​ត្រូវបាន​ចោទប្រកាន់​ពី​បទ​លាងលុយ​កខ្វក់ និង​បើក​បន​ល្បែង​ស៊ីសង។

បុគ្គល​ទាំងនេះ​មួយ​ចំនួន​ធ្វើការ​ដោយ​ផ្ទាល់​ឱ្យ​សម្ព័ន្ធ​ក្រុមហ៊ុន​នេះ រីឯ​អ្នកដទៃ​ទៀត​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​ជាប់ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ព្រីនស៍ រួម​ទាំង​កាស៊ីណូ ជីនប៉ី។ សាលក្រម​មួយ​ពណ៌នា​កាស៊ីណូ ជីនប៉ី ថា​ជា «បុត្រសម្ព័ន្ធ​មួយ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប នៅ​កម្ពុជា» ដែល «បាន​បង្កើត​សូហ្វវែរ​លេងល្បែង​ជាច្រើន ហើយ​បញ្ជូន​វា​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ផ្លេតហ្វម​ (Platform) របស់​ប្រទេស​ចិន»

ឯកសារ​តុលាការ​ដដែល​ផ្តល់​យោបល់​ថា សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប ក៏​ត្រូវ​បាន​ចោទប្រកាន់​ពី​ការបន្ត​បើក​ប្រតិបត្តិការ​ប្រភេទ​កាស៊ីណូ​អនឡាញ ដែល​លោក ហ៊ុន សែន បាន​ចេញ​បម្រាម​កាលពី​ឆ្នាំ២០១៩។

ពលរដ្ឋ​ចិន​ម្នាក់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ផ្ទេរ​ប្រាក់​តែ ៥ម៉ឺន​ដុល្លារ ចេញ​ពី​ប្រទេស​ពួកគេ​ក្នុង​មួយឆ្នាំ​តែប៉ុណ្ណោះ។ ការត្រួតពិនិត្យ​លំហូរ​សាច់ប្រាក់​​ទាំងនោះ នឹង​បង្អាក់ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​នរណាម្នាក់​ដែល​ព្យាយាម​បើក​ដំណើរការ​​កាស៊ីណូ​អនឡាញ​ខុសច្បាប់ ដូចជា​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប ដែល​ត្រូវបាន​ចោទ​ប្រកាន់​ថា​កំពុង​ប្រតិបត្តិការ​យ៉ាង​ដូច្នេះឯង។

តុលាការ​ចិន​បាន​រកឃើញ​ថា ដំណោះស្រាយ​មួយ​ដែល​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ ដែល​រងនូវ​ការ​ចោទ​ប្រកាន់​ បាន​គិតឃើញ​នោះ គឺ​ការប្រើ​ប្រាស់​បណ្តាញ​បុគ្គល​ក្នុង​ទ្រង់ទ្រាយ​ធំ​ដើម្បី​ផ្ទេរប្រាក់​តាម​​កាត​ធនាគារ​រវាង​ប្រទេសចិន និង​ប្រទេស​កម្ពុជា។ ជារួម ក្រុម​ការងារ​ពិសេស​នេះ​កំណត់​អត្តសញ្ញាណ​មនុស្ស​ចំនួន ៤៥៨​នាក់ ដែល​រងនូវ​ការចោទ​ប្រកាន់​ថា​បាន​ផ្ទេរ​ប្រាក់​តាមរបៀប​នេះ​ឱ្យ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប។

នាង គ័រ ឆាយណា (Guo Caina) ដែល​ម្តង​នោះ​ធ្លាប់​ធ្វើ​ជា​អ្នក​ផ្ទេរ​លុយ​របៀប​នេះ កាលនោះ​មាន​អាយុ ២៨​ឆ្នាំ នៅខែ​មីនា ឆ្នាំ២០១៨ ត្រូវបាន​គេ​ជ្រើសរើស​ពី​ស្រុកកំណើត​របស់​នាង​នៅ​ក្រុងឡួយ៉ាង (Luoyang) ឱ្យ​មក​បម្រើ​ការងារ​​ឱ្យ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប នៅ​កម្ពុជា។ នេះ​បើ​យោងតាម​សាលក្រម​របស់​តុលាការ​ចិន​ប្រឆាំង​នឹង​​នាង។ នាង​ត្រូវ​បាន​គេ​ប្រាប់​ថា ការងារ​របស់​នាង​គឺ​រួមមាន​ការផ្តល់​សេវាកម្ម​អតិថិជន​ និង​ការចុះ​បញ្ជី​គណនេយ្យ។ នៅពេល​ទៅដល់​ប្រទេស​កម្ពុជា នាង គ័រ បាន​ប្រគល់​កាត​ធនាគារ​ចិនរបស់​នាង​ចំនួន​៤ ដែល​មាន​ដាក់​ឈ្មោះ​របស់​នាង ជាថ្នូរនឹង​ការទទួលបាន​សាច់ប្រាក់ ១ពាន់យ័ន (១៤០​ដុល្លារ) សម្រាប់​កាត​មួយ។ នាង​បាន​លាឈប់​ពី​ក្រុមហ៊ុន​នេះ​ក្រោយ​ធ្វើការ​បាន​មួយថ្ងៃ និង​បាន​វិល​ត្រលប់​ទៅ​ប្រទេសចិន​វិញ ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​នៅ​ពេល​ដែល​នាង​បាន​ស្នើ​សុំ​ឱ្យ​គេ​ប្រគល់​កាត​ធនាគារ​របស់​នាង​មក​ឱ្យ​នាងវិញ។ នៅ​ចុង​ខែ​មេសា ឆ្នាំ២០១៨ ទឹកប្រាក់​ជាង ១៤០លាន​យ័ន (១៩,៥លានដុល្លារ) ជា​មូលនិធិ​ល្បែង​ស៊ីសង បាន​ឆ្លងកាត់​តាមរយៈ​គណនី​ធនាគារ​របស់​នាង នេះ​បើ​យោងតាម​សាលក្រម​ដដែល​នេះ។

នាង គ័រ បាន​ឆ្លើយ​ចំពោះ​មុខ​តុលាការ​ទទួលស្គាល់​កំហុស​នៃ​ការសមគំនិត​បើក​កាស៊ីណូ​មួយ​កន្លែង។ នាង​ត្រូវបាន​កាត់ទោស​ដោយ​ព្យួរទោស និង​ពិន័យ​ជាប្រាក់ចំនួន ៣ម៉ឺន​យ័ន (៤.២០០​ដុល្លារ)។

7 Prince headquarters.jpg
ភ្នាក់ងារ​អនុវត្ត​ច្បាប់​របស់​ប្រទេស​ចិន កំពុង​បើក​ការស៊ើប​អង្កេត​លើ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប ដែល​​ការិយាល័យ​កណ្តាល​នៅ​ភ្នំពេញ ត្រូវ​បាន​គេ​ឃើញ​នៅ​ក្នុង​រូបភាព​គ្មាន​ចុះ​កាលបរិច្ឆេទ​នេះ។ (Google Street View)

សំណុំ​រឿង​របស់​នាង គ័រ មិនមែន​ជា​សំណុំ​រឿង​តែ​ម្នាក់​ឯង​នោះទេ។ សាលក្រម​តុលាការ​ចិន​ដែល​វិទ្យុអាស៊ីសេរី​​បាន​ពិនិត្យ​មើល មាន​ឈ្មោះ​អ្នក​ជួយ​ផ្ទេរប្រាក់​ជាច្រើន​ដូច​ករណីនាង គ័រ ដែរ ដែល​ត្រូវបាន​ផ្តន្ទាទោស​​ពីបទ​ដំណើរការ​មូលនិធិ​ល្បែង​ស៊ីសង។ ដូច្នេះ​តុលាការ​ចិន​ជឿជាក់​ថា ពួកគេ​ទាំងនេះ​ធ្វើឡើង​តាងនាម​ឱ្យ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប និង​កាស៊ីណូ ជីនប៉ី។

សេចក្តីប្រកាស​មួយកាលពី​ខែកក្កដា ឆ្នាំ២០២២ ដោយ​តុលាការ​តំបន់​វ៉ានឆាង (Wancang County) នៅ​ខេត្ត​ស៊ឺឈ័ន (Sichuan) បាន​ប៉ាន់ស្មាន​ថា ប្រាក់​ចំណេញ​មិន​ស្របច្បាប់​របស់​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប បាន​មក​ពី​សកម្មភាព​បើក​បន​ល្បែង​ស៊ីសង​នានា​ចាប់តាំង​ពី​ឆ្នាំ២០១៦​មក មាន​ច្រើន​ជាង ៥ពាន់​លាន​យ័ន (៧០០​លានដុល្លារ)។

វិទ្យុអាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​លោក ចេន ហ្ស៊ី ជាច្រើន​ដង​តែ​មិន​បាន​ជោគជ័យ។ ក៏ប៉ុន្តែ អ្នកនាំពាក្យ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ លោក តាន់ បាន​ប្រាប់​វិទ្យុអាស៊ីសេរី ថា ក្រុមហ៊ុន​«បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការពាក់ព័ន្ធ​ណាមួយ​ជាមួយ​សម្ព័ន្ធ​ក្រុមហ៊ុន ជីនប៉ី គ្រូប និង​ប្រតិបត្តិការ​បន​ល្បែង​ស៊ីសង​អនឡាញ​ដែល​រងនូវ​ការចោទប្រកាន់​ទាំងនេះ»។

លោក តាន់ បាន​សរសេរ​ក្នុង​សារ​អេឡិចត្រូនិក​ថា៖ «ការនិយាយ​សំដៅ​ទៅ​ដល់ “សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប នៅ​កម្ពុជា” នៅក្នុង​ឯកសារ​តុលាការ​ចិន គឺ​ទំនងជា​ដោយសារ​តែ​​ការក្លែង​​អត្តសញ្ញាណ​ពី​សំណាក់​​សមាសភាព​ឧក្រិដ្ឋជន»។ លោក​​បន្ថែម​ថា ក្រុមហ៊ុន «ដឹង​ពី​ករណី​ជាច្រើន​ដែល​ឈ្មោះ​របស់​ក្រុមហ៊ុន ត្រូវបាន​គេ​យកទៅ​ប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់​ពីសំណាក់​អង្គភាព បុគ្គល និង​ក្រុម​សមាសភាព​​ឧក្រិដ្ឋជន​ដោយ​ពុំ​មាន​ការអនុញ្ញាត»

ស្រដៀងគ្នា​នេះ​ដែរ លោក​បាន​បដិសេធ​ថា ក្រុមហ៊ុន​មិន​បាន​ប្រើប្រាស់​កាតធនាគារ​របស់​បុគ្គលិក​ជនជាតិ​ចិន​ដើម្បី​ផ្ទេរ​ប្រាក់​មូលនិធិ​ល្បែង​ស៊ីសង​អនឡាញ​នោះទេ។ លោក​​ហៅ​ការចោទប្រកាន់​នេះថា «គ្មាន​មូលដ្ឋាន​ទាល់តែសោះ​ពាក់ព័ន្ធ​ទៅនឹង​ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រូប»។ វិទ្យុអាស៊ីសេរី មិន​អាច​ទាក់ទង​កាស៊ីណូ ជីនប៉ី ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បានទេ។

ខ្សែ​ច្រើន​ពេក ពិបាក​នឹង​ចាប់​ដាក់គុក?

ការកាត់ទោស​ប្រឆាំង​នឹង​ក្រុមអ្នក​ផ្ទេរ​ប្រាក់​ឱ្យ​ក្រុមហ៊ុន ព្រីនស៍ និង​ភ្នាក់ងារ​ភ្នាល់ល្បែង ​ដែល​រងនូវ​ការចោទប្រកាន់​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​សង្គ្រាម​ធំ​​ប្រឆាំង​នឹង​ការ​បើក​បន​​ល្បែង​ស៊ីសង ប្រកាស​ឡើង​ដោយ​រដ្ឋាភិបាល​ចិន​កាល​ពី​ឆ្នាំ២០១៨។ ក្រុងប៉េកាំង ចាត់ទុក​កាស៊ីណូ​អនឡាញ​ថាជា​ការគំរាមកំហែង​ផ្នែក​សន្តិសុខជាតិ​មួយ ដោយ​ប៉ាន់ស្មាន​ថា​បន​ល្បែង​ស៊ីសង​ មាន​ទំហំ​​ទឹកប្រាក់​១ទ្រីលាន​យ័ន (១៤៥ពាន់លានដុល្លារ) ជា​លំហូរ​មូលនិធិ​ក្នុង​មួយ​ឆ្នាំៗ។

នៅ​​ខែមករា ឆ្នាំ​២០២៣ តុលាការ​ក្រុងម៉ាកាវ បាន​កាត់ទោស​លោក អាលវិន ចាវ (Alvin Chau) ដែល​ជា​ឧញ៉ា​ល្បែង​ដ៏​ជោគជ័យ​ជាងគេ​មួយរូប​នៅ​លើ​កោះនេះ ឱ្យ​ជាប់​គុក​១៨​ឆ្នាំ​ពី​បទចោទ​ចំនួន​១៦២​បទចោទ រួម​ទាំង​បទ​ដឹកនាំ​ក្រុមឧក្រិដ្ឋជន​​មាន​ការរៀបចំ​ទុកជាមុន​មួយ អំពើ​ឆបោក និង​បទ​ជួយសម្រួល​ឱ្យ​មាន​ការបើក​បន​ល្បែង​អនឡាញ​ខុសច្បាប់។

នៅ​ខែ​សីហា ពលរដ្ឋកម្ពុជា​ដើម​កំណើត​ចិន​៩នាក់​ត្រូវបាន​ចាប់​ខ្លួន​នៅ​ប្រទេស​សិង្ហបុរី ជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​លើ​ការលាងលុយ​កខ្វក់​ដ៏​ធំបំផុត​មួយ​មិនធ្លាប់​មាន​ពីមុន​មកនៅ​លើ​ដែនដី​ក្រុង​ជា​រដ្ឋ​មួយ​នេះ។ រដ្ឋអាជ្ញា​សិង្ហបុរី បាន​ចោទ​ប្រកាន់​មនុស្ស​ទាំង៩​នាក់​នេះ​ថាប្រតិបត្តិការ​វែបសាយ​បនល្បែង​ខុសច្បាប់​ដាក់​មុខសញ្ញា​ចំពោះ​ក្រុម​​មនុស្ស​ជនជាតិ​ចិន​ដីគោក។ ក្រុម​អ្នកតាមដាន​បាន​កត់សម្គាល់​ថា ការបង្ក្រាប​កើត​ឡើងតែ​​មួយ​សប្តាហ៍​ក្រោយ​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi) បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហបុរី ដែល​បញ្ជាក់​ថា ក្រុង​ប៉េកាំង​អាច​ជា​អ្នក​នៅ​ពីក្រោយ​បទ​ចោទប្រកាន់​ទាំងនេះ ជាពិសេស​នៅ​ពេល​ដែល​ជនជាប់ចោទ​ជាច្រើន​នាក់​នៅ​មាន​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​នៅក្នុង​ប្រទេសចិន​នៅឡើយ​នោះ។

សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប អាច​ក្លាយ​ជា​បញ្ហា​ប្រឈម​ដ៏ស្មុគស្មាញ​ច្រើន​ជាង​នេះ​មួយ​សម្រាប់​ក្រុង​ប៉េកាំង។ ប៉ូលិស និង​ប្រព័ន្ធ​យុត្តិធម៌​ចិន ទំនង​ជា​មាន​បំណង​ក្នុងការ​តាមដាន​សំណុំ​រឿង​មួយ​ដែល​ថា សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប និង​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​នេះ បង្កើតបាន​ជា «ក្រុម​ឧក្រិដ្ឋកម្ម​ល្បែង​អនឡាញ​ឆ្លងដែន​មួយ»។ ក៏ប៉ុន្តែ ឈ្មោះ​របស់​លោក ចេន ហ្ស៊ី និង​បុគ្គល​ជាន់ខ្ពស់​ដទៃទៀត​នៅក្នុង​ក្រុម​នេះ ដែល​ពួកគេ​ភាគច្រើន​ត្រូវ​ជា​ពូ និង​បងប្អូន​ជីដូនមួយ​របស់​លោក ចេន ហ្ស៊ី ពុំមាន​បង្ហាញ​នៅ​ក្នុង​​សាលក្រម​របស់​តុលាការ​ចិន​ណាមួយ​ឡើយ។

ទោះជាយ៉ាងណាក៏ដោយ កន្លែង​ដែល​ពួកគេ​នៅ​មានវត្តមាន​នៅ​ឡើយ​នោះ គឺ​នៅ​ក្នុង​ស្រទាប់​នយោបាយ​នៃ​សម្ព័ន្ធមិត្រ​ក្នុង​តំបន់​ដ៏​ទុកចិត្ត​បំផុត​របស់​ប្រទេស​ចិន។

នៅ​ពេល​ដែល​ប្រមុខ​ដឹកនាំ​រដ្ឋ​នានា​បាន​មក​ជួប​ប្រជុំ​គ្នា​នៅ​ក្រុង​ភ្នំពេញ​កាលពី​ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បី​ចូលរួម​​កិច្ចប្រជុំ​ពីរដង​ក្នុង​មួយ​ឆ្នាំ​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ លោក ហ៊ុន សែន បាន​ប្រគល់​ឱ្យ​ពួកគេ​នូវ​វត្ថុអនុស្សាវរីយ​ជា​នាឡិកាដៃ​ប្រណីត​ផលិត​ក្នុង​​ចំនួន​កម្រិត តម្លៃ​២ម៉ឺន​ដុល្លារ​ក្នុង​មួយ​គ្រឿង។ ផ្នែក​ខាង​មុខ​នៃ​គ្រឿង​នាឡិកា​នេះ​គឺ​មាន​លំអ​ដោយ​ឈ្មោះ​ក្រុមហ៊ុន​ផលិត​នាឡិកា​ដៃ​កម្ពុជា​របស់​លោក ចេន ហ្ស៊ី គឺ​ក្រុមហ៊ុន Prince Horology។

9 Hun Sen watch2.JPG
អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន បង្ហាញ​នាឡិកាដៃ​មួយ​ក្នុង​ចំណោម​នាឡិកាដៃ​ផលិត​មាន​កម្រិត​ចំនួន២៥ ដែល​លោក​ផលិត​ដើម្បី​ផ្តល់​ជា​វត្ថុ​អនុស្សាវរីយ៍​បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ នាឡិកាដៃ​នេះ​មាន​ឈ្មោះ​ក្រុមហ៊ុន​ផលិត​នាឡិកា​ដៃ​កម្ពុជា​របស់​លោក ចេន ហ្ស៊ី ឈ្មោះ Prince Horology។ (រូប៖ Cindy Liu/Reuters)

ក្រឡេក​ទៅ​មើល​រឿងរ៉ាវ​ហួស​ឆ្ងាយ​ពី​នេះ ក្នុង​តួនាទី​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក ហ៊ុន សែន ជា​តំណែង​ដែល​លោក​បាន​ទទួល​ចាប់តាំង​ពី​ឆ្នាំ២០២០​មក លោក ចេន ហ្ស៊ី បាន​អម​ដំណើរ​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន តាមរយៈ​បេសកកម្ម​កាទូត​មួយ​ទៅ​ប្រទេស​គុយបា (Cuba) ហើយ​បាន​ចែកចាយ​អំណោយ​តាង​នាម​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ទៅអោយ​ប្រទេស​ឡាវ (Lao) ដែលជា​ប្រទេសជិតខាង​របស់​កម្ពុជា។ លោក​ក៏​ជា​ទីប្រឹក្សា​ផ្ទាល់​ម្នាក់​របស់​អតីត​ប្រធាន​រដ្ឋសភា​លោក​ ហេង សំរិន និង​អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង។ មិនយូរ​ប៉ុន្មាន ក្រោយពេល​លោក ហ៊ុន ម៉ាណែត​ ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ថ្មី​ដំបូង​របស់​កម្ពុជា​ក្នុង​រយៈពេល​៤​ទស្សវត្សរ៍​មក លោក​ ចេន ហ្ស៊ី មាន​ឈ្មោះ​ជា​ទីប្រឹក្សា​ម្នាក់​ក្នុង​ចំណោម​ទីប្រឹក្សា ១០៤នាក់ ​របស់​លោក ហ៊ុន ម៉ាណែត។ តួនាទី​នេះ​ផ្តល់​ឱ្យ​លោក​នូវ​ឋានៈ​ស្មើ​រដ្ឋមន្ត្រី។

ការប៉ុនប៉ង​ណាមួយ​ក្នុងការ​ចោទប្រកាន់​លោក ចេន ហ្ស៊ី ​ដោយ​ផ្ទាល់ នៅ​ពេលនោះ នឹង​ស​ឱ្យ​ឃើញ​ពី​ការជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​កំពូល​អនុវត្តច្បាប់​របស់​កម្ពុជា ហើយ​ក៏​នឹង​ធ្វើ​ឱ្យ​​អតីត​នាយករដ្ឋមន្ត្រី និង​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​របស់​កម្ពុជា​ខ្មាសគេ​ផងដែរ។ ក្រុង​ប៉េកាំង បាន​ចំណាយ​ពេល​ជា​ច្រើន​ទស្សវត្សរ៍​តាមរយៈ​កិច្ចប្រឹងប្រែង​ការទូត​ និង​ទឹកប្រាក់​រាប់​ពាន់​លានដុល្លារ​ដើម្បី​ប្រែក្លាយ​ត្រកូល​ហ៊ុន​អោយ​ក្លាយ​ទៅ​ជា​ជា​មិត្ត​ដ៏មាន​សណ្តានចិត្ត​បំផុត​មួយ​របស់​ប្រទេស​ចិន។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក សុខ ឥសាន និយាយ​ថា​លោក​សុំ​មិន​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​ទេ ហើយ​ជំរុញ​ឱ្យ​វិទ្យុអាស៊ីសេរី​ទាក់ទង​ទៅ​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដែល​មិន​ឆ្លើយតប​នឹង​ការស្នើសុំ​អត្ថាធិប្បាយ​ជាច្រើន​ដង។

សាស្ត្រាចារ្យ​ខ្មែរអាមេរិកាំង លោក អៀ សុផល ដែល​ជា​អ្នកនិពន្ធ​សៀវភៅ​ជាច្រើន​ស្តីពី​កម្ពុជា និង​ចិន បាន​ប្រាប់​វិទ្យុអាស៊ីសេរី​ថា វាទំនងដូចជា​មិន​អាច​ទៅរួច​ទេ​ដែល​ថា​លោក ចេន ហ្ស៊ី នឹង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ញាត់​គុក​ក្នុង​រយៈពេល​ដ៏ខ្លី​ខាង​មុខ​នេះ។

លោក អៀ សុផល និយាយថា «ច្បាស់​ណាស់​ថា គាត់​គឺជា​មនុស្ស​ម្នាក់​​ដែល​​មិន​អាច​ប៉ះពាល់​បាន​ឡើយ»។ លោក​ចោទ​ជា​សំណួរ​ថា «តើ​លោក ចេន ហ្ស៊ី កំពុង​ព្យាយាម​ធ្វើ​​នយោបាយ​នៅក្នុង​ប្រទេសចិន​ឬ? មិន​ដូច្នេះ​ទេ។ ដូច្នេះ វា​មិន​អីទេ វា​គ្រាន់តែ​ជា​ការរក​លុយ។ មនុស្ស​នៅក្រោម​ឱវាទ​របស់​លោក​ទេ ដែល​​នឹង​ត្រូវលះបង់​ជំនួស​គាត់​»

កែសម្រួល​ដោយ អាប៊ី ស៊ីហ្វ (Abby Seiff), ជីម ស្នាយឌឺរ (Jim Snyder), ម៉ាត់ ផេនីងថុន (Mat Pennington) និង បូអឺរ ដេង (Boer Deng)

What Next?

Recent Articles