ក្រុម​យុវជន​បរិស្ថាន​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ត្រៀម​ចេញ​សៀវភៅ​បង្ហាញ​ភាព​ខ្មៅ​ងងឹត​ក្នុង​ពន្ធនាគារ

ដោយ ទីន ហ្សាការីយ៉ា
2024.02.07
RFA

ក្រុម​យុវជន​បរិស្ថាន​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ត្រៀម​ចេញ​សៀវភៅ​បង្ហាញ​ភាព​ខ្មៅ​ងងឹត​ក្នុង​ពន្ធនាគារ

សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា «​មនុស្ស​ដែល​គេ​យក​ទៅ​កែប្រែ​» នេះ គឺជា​ស្នាដៃ​សហ​និពន្ធ​របស់​សកម្មជន​បរិស្ថាន​ទាំង​៧ នាក់​ដែល​រងការចោទប្រកាន់ និងដាក់ពន្ធនាគារ។ រូប៖ ហ្វេសប៊ុក​ចលនាមាតាធម្មជាតិ


ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ជិត ១​ឆ្នាំ​ត្រៀម​នឹង​ចេញ​សៀវភៅ​មាន​ចំណងជើង​ថា «​មនុស្ស​ដែល​គេ​យក​ទៅ​កែប្រែ​»។ ពួកគាត់​ថា សៀវភៅ​នេះ នឹង​បើក​កកាយ​ពី​ភាព​ខ្មៅ​ងងឹត​នៅក្នុង​ពន្ធនាគារ ដើម្បី​ផ្ដល់​ចំណេះ​ដឹង និង​បណ្ដុះ​មនសិការ​ដល់​យុវជន​ដែល​មាន​ឆន្ទៈ ការពារ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។

សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា «​មនុស្ស​ដែល​គេ​យក​ទៅ​កែប្រែ​» នេះ គឺជា​ស្នាដៃ​សហ​និពន្ធ​របស់​សកម្មជន​បរិស្ថាន​ទាំង​៧ នាក់ ដែល​ធ្លាប់​ពន្ធនាគារ ក្រោម​បទ​ចោទ​ពី​បទ «​បទ​ញុះញង់ និង​រួមគំនិត​ក្បត់»

សកម្មជន​ចលនា​មាតា​ធម្មជាតិ ដែល​ធ្លាប់​ជាប់ពន្ធនាគារ​ជិត ១​ឆ្នាំ​ហើយក៏​ជា​សហ​និពន្ធ​សៀវភៅ លោក ថុន រដ្ឋា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៧ ខែ​កុម្ភៈ ថា សៀវភៅ​ «​មនុស្ស​ដែល​គេ​យក​ទៅ​កែប្រែ​» នេះ​ជា​ស្នាដៃ​ដំបូង​របស់​ពួកគាត់ ដែល​បាន​បើក​កកាយ​ពី​ភាព​ខ្មៅ​ងងឹត​នៅ​ក្នុង​ពន្ធនាគារ និង​បង្ហាញ​ពី​គោល​ជំហរ របស់​ពួក​គាត់​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​កន្លង​ទៅ។

លោក ថុន រដ្ឋា៖ «ជីវិត​របស់​ពួក​យើង ដែល​មនុស្ស​ទូទៅ​កម្រ​ឆ្លង​កាត់ ឬក៏​ជួបប្រទះ ដោយសារតែ​យើង​ការពារ​ប្រយោជន៍​រួម គួរតែ​ត្រូវ​បាន​លើកទឹកចិត្ត តែ​ផ្ទុយទៅវិញ យើង​បែរជា​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់ ពី​បទ​រួមគំនិត​ក្បត់ រហូត​ដល់​យើង​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​។ អ្វី​ដែល​សំខាន់​ជាង​នឹង​ទៀត​ហ្នឹង រឿងរ៉ាវ​នៅក្នុង​ពន្ធនាគារ​ភាគច្រើន គេ​ពុំ​សូវ​បានដឹង​ទេ ពី​អ្នក​ដែល​ជាប់​ទេ​។ អ៊ីចឹង ពួកយើង​ដែល​ឆ្លងកាត់​ជីវិត​នៅក្នុង​ពន្ធនាគារ គួរតែ​បាន​ចែករំលែក​ដល់​សាធារណជន»។

សៀវភៅ​បែប​ប្រលោមលោក​ជីវិត​ពិត​ក្នុង​ពន្ធនាគារ​នេះ មាន​ក្រប​ពណ៌​ខ្មៅ ភ្ជាប់​ជាមួយ​នឹង​រូប​សកម្មជន​ទាំង​៦​នាក់ ដែល​ជា​តួអង្គ​សំខាន់។ អ្នក​ទាំងនោះ​រួមមាន លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត លោក យីម លាងហ៊ី កញ្ញា ឡុង គន្ធា កញ្ញា ស៊ុន រដ្ឋា និង កញ្ញា ភួង កែវរស្មី ដែល​សុទ្ធ​សឹង​តែ​ជា​សកម្មជន​បរិស្ថាន​វ័យក្មេង។

book1.jpg
សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា «​មនុស្ស​ដែល​គេ​យក​ទៅ​កែប្រែ​» នេះ គឺជា​ស្នាដៃ​សហ​និពន្ធ​របស់​សកម្មជន​បរិស្ថាន​ទាំង​៧ នាក់​ដែល​រងការចោទប្រកាន់ និងដាក់ពន្ធនាគារ។ រូប៖ ហ្វេសប៊ុកលោក ថុន រដ្ឋា

អ្នកការពារ​សិទ្ធិមនុស្ស និង​បរិស្ថាន ហើយក៏​ជា​សហ​និពន្ធ​ដែរ​នោះ លោក សាន់ ម៉ាឡា លើក​ឡើង​ថា សៀវភៅ​ដែល​កម្រាស់​ជាង ៣០០​ទំព័រ​នេះ ពួក​លោក​បាន​ចំណាយ​ពេល​ជាង ១​ឆ្នាំ ដើម្បី​សរសេរ។ លោក​ថា សៀវភៅ​នេះ​ក៏​នឹង​ក្លាយជា​ឯកសារ​ប្រវត្តិសាស្ត្រ បង្ហាញ​ពី​ការ​ពិត បង្ហាញ​ពី​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ដែល​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​សកម្មជន​សិទ្ធិមនុស្ស និង​បរិស្ថាន។ លោក​បន្ត​ថា សៀវភៅ​នេះ នឹង​ចេញ​លក់​ជា​ផ្លូវការ​នៅ​ចុង​ខែ​កុម្ភៈ ខាង​មុខ។

លោក សាន់ ម៉ាឡា៖ «មនុស្ស​ជំនាន់​ក្រោយ​គាត់​នឹង​ទទួល​ស្គាល់​ការ​លះបង់​របស់​យើង​ទាំងអស់​គ្នា ដើម្បី​ពួកគាត់​។ ហើយ​ការ​លះបង់​របស់​យើង​ទាំងអស់​គ្នា​ដើម្បី​បរិស្ថាន និង​ជាតិ​មាតុភូមិ។ជាពិសេស​ការ​បោះពុម្ព​ជា​សៀវភៅ ក៏​ជា​ការ​លើក​ស្ទួយ​វិស័យ​ការ​តែង​និពន្ធ និង​វិស័យ​អំណាន​នេះ​គឺ​ជា​វប្បធម៌​ដែល​យើង​ត្រូវ​រៀប​ចងក្រង​ប្រមូល​ម្ដុំ​ឯកសារ»។

ក្រុម​សហ​និពន្ធ​សៀវភៅ «​មនុស្ស​ដែល​គេ​យក​ទៅ​កែប្រែ​» រំពឹង​ថា ក្រោយ​ពី​ចេញ​ផ្សាយ​សៀវភៅ​នេះ​ជា​ផ្លូវការ អាជ្ញាធរ​ពាក់ព័ន្ធ រួម​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹង​ពិចារណា​ឡើងវិញ ក្នុង​ការ​ស្ដារ​ប្រព័ន្ធ​ប្រជាធិបតេយ្យ ធានា​ការ​គោរព​សិទ្ធិមនុស្ស និង​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​សកម្មជន​បរិស្ថាន​តទៅ​ទៀត។

វិទ្យុ​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៧ ខែ​កុម្ភៈ ដោយ​ហៅ​ទូរស័ព្ទ​ចូល តែ​គ្មាន​អ្នក​ទទួល។

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ទាំង​៦​នាក់​នេះ ត្រូវ​បាន​តុលាការ​ចេញ​ដីកា បញ្ជា​ឱ្យ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ជិត ១​ឆ្នាំ​[១០ ខែ ១៤​ថ្ងៃ​] ដោយ​ចោទ​ពី​បទ «ញុះញង់ ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ និង​បទ​រួម​គំនិត​ក្បត់​»​។ ប៉ុន្តែ នៅ​ថ្ងៃទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ពួកគាត់​ក៏​ត្រូវ​បាន​តុលាការ​ដោះលែង ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

យ៉ាងណា ចាប់​តាំង​ពី​ត្រូវ​បាន​ដោះលែង ឱ្យ​មាន​សេរីភាព ក្រុម​យុវជន​ទាំង​នេះ បាន​ទទួល​ពាន​រង្វាន់​ជា​បន្តបន្ទាប់ ទី​១ គឺជា​ពានរង្វាន់​អ្នកការពារ​សិទ្ធិមនុស្ស​ឆ្នើម​ប្រចាំឆ្នាំ​២០២១ ពី​បណ្ដាញ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា ហើយ​ពាន​រង្វាន់​ទី​២ គឺ​ជា​ពានរង្វាន់​អ្នកការពារ​ជួរ​មុខ ពី​អង្គការ Front Line Defenders ចំពោះ​ភាព​ក្លាហាន និង​ការ​ហ៊ាន​ប្រថុយប្រថាន​គ្រោះថ្នាក់ ដើម្បី​ការពារ​បរិស្ថាន​នៅ​កម្ពុជា និង​ពាន​រង្វាន់​ទី​៣ គឺ​ពាន​រង្វាន់​កម្រិត​អន្តរជាតិ រ៉ាយឡាយលីហ៊ូដ (Right Livelihood) ឆ្នាំ​២០២៣ ពី​ប្រទេស​ស៊ុយអែត (Sweden)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment