កសិករ​មួយចំនួន​នៅ​ខេត្ត​ជាប់​បឹង​ទន្លេសាប ចំណាកស្រុក​ដោយសារ​ខ្វះ​ប្រព័ន្ធ​ធារាសាស្ត្រ​ធ្វើ​កសិកម្ម

ដោយ ហ៊ុំ ចំរើន
2024.02.10
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កសិករ​មួយចំនួន​នៅ​ខេត្ត​ជាប់​បឹង​ទន្លេសាប ចំណាកស្រុក​ដោយសារ​ខ្វះ​ប្រព័ន្ធ​ធារាសាស្ត្រ​ធ្វើ​កសិកម្ម

ទិដ្ឋភាពអាជ្ញាធរ​ចុះបែងចែកទឹកដល់កសិករ​ធ្វើស្រូវប្រាំង នៅស្រុក​តាលោសែនជ័យ ខេត្ត​ពោធិ៍សាត់ កាលពីថ្ងៃទី៣០ មករា ២០២៤។ រូប៖ ហ្វេសប៊ុកស្រុក​តាលោសែនជ័យ


ប្រជាកសិករ​មួយ​ចំនួន​រស់នៅ​ខេត្ត​ជាប់​តំបន់​បឹង​ទន្លេសាប បាន​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក​ជា​បន្តបន្ទាប់ ដោយសារ​ការ​ប្រកប​របរ​ធ្វើ​កសិកម្ម​មិន​អាច​ធ្វើ​ឱ្យ​ពួកគាត់​រក​ប្រាក់​ចំណូល ទូទាត់​ថ្លៃ​ចំណាយ​ប្រចាំ​ថ្ងៃ និង​ដោះ​បំណុល​គ្រប់គ្រាន់​បាន​ឡើយ។

ពួកគាត់​អះអាង​ថា បញ្ហា​ខ្វះ​ប្រព័ន្ធ​ធារាសាស្ត្រ​ធ្វើ​កសិកម្ម គឺជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​ពលរដ្ឋ​ធ្វើ​ចំណាកស្រុក។

ប្រជាកសិករ​រស់នៅ​ខេត្ត​សៀមរាប កំពង់ឆ្នាំង និង​ខេត្ត​ពោធិ៍សាត់​អស់​សង្ឃឹម​ក្នុង​ការ​ប្រកប​របរ​កសិកម្ម​ចិញ្ចឹម​ជីវិត ដោយសារ​បញ្ហា​ខ្វះ​ទឹក​បូម​បញ្ចូល​ស្រែ និង​ខ្វះ​ប្រព័ន្ធ​ធារាសាស្ត្រ​ជាដើម។ ប្រការ​នេះ ធ្វើ​ឱ្យ​កសិករ​ជាច្រើន​បង្ខំ​ចិត្ត​ធ្វើ​ចំណាកស្រុក​ជា​បន្តបន្ទាប់។

កសិករ​រស់នៅ​ក្នុង​ឃុំ​អញ្ចាញរូង ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង លោកស្រី ពេញ អាត ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី៩ កុម្ភៈ ថា ពេលនេះ​ស្រែប្រាំង​របស់​កសិករ​ក្នុង​ឃុំ​អញ្ចាញ​រូង យ៉ាងហោច​ណាស់ ៥០០​ហិកតារ​ស្វិត​ងាប់​ជា​បន្តបន្ទាប់ ធ្វើ​ឱ្យ​កសិករ​ជាច្រើន​គ្រួសារ​កំពុង​ប្រឈម​ខាត​បង់។

បញ្ហា​នេះ​លោកស្រី​ថា ធ្វើ​ឱ្យ​កសិករ​បាក់​ទឹកចិត្ត ហើយ​ត្រូវ​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក ដើម្បី​រក​ប្រាក់​សង​បំណុល​គេ។

លោកស្រី ពេញ អាត៖ «ស្រូវ​ខ្លះ​ជិត​ប្រមូល​ផល​ហើយ ខ្លះ​នៅ​ស្រូវ​ផ្តើម​ផើម ខ្លះ​ខូច​អស់​រលីង អស់​សង្ឃឹម បើសិន​នៅផ្ទះ​មិនដឹង​បាន​អី​សង​គេ គាត់​ចេះ​តែ​ទៅ (ចំណាកស្រុក)»។

ចំណែកឯ​ខេត្តពោធិ៍សាត់​ឯណោះ​វិញ ! ស្រូវប្រាំង​ជាច្រើន​ពាន់​ហិកតារ​នៅតែ​បន្ត​ក្រៀម​ស្វិត​ជាច្រើន​ថ្ងៃ​មកហើយ និង​ស្រូវប្រាំង​ខ្លះទៀត ងាប់​ជា​បន្តបន្ទាប់ ដោយសារ​ខ្វះ​ទឹក​។ រីឯ​ការ​អន្តរាគមន៍​ជួយសង្គ្រោះ​ស្រូវប្រាំង​របស់​អាជ្ញាធរ មាន​តិចតួច​នៅ​ឡើយ។

ពួកគាត់​សោកស្តាយ​ស្រូវប្រាំង​ជាច្រើន​ហិកតារ​មូល​ដើម ឬ​ស្រូវ​ផើម​ជិត​នឹង​ប្រមូល បែរ​ស្វិត​ងាប់។

កសិករ​រស់នៅ​ក្នុង​ឃុំ​តាលោ ស្រុក​តាលោសែនជ័យ ខេត្ត​ពោធិ៍សាត់ លោកស្រី នួន មុំ ឱ្យ​ដឹង​ថា ពេល​នេះ​កសិករ​តិចតួច​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ផល​ច្រើន ពី​ការ​ធ្វើ​ស្រែប្រាំង ដោយសារ​ដីស្រែ​របស់​ពួកគាត់ នៅ​កៀក​នឹង​ប្រឡាយ​មេ។

រីឯ​កសិករ​ភាគច្រើន​ធ្វើស្រែ​ប្រាំង​នៅ​ឆ្ងាយ​ពី​ប្រឡាយ​មេ ប្រឈម​ខ្វះ​ទឹក បណ្តាល​ឱ្យ​ងាប់​ស្រូវ​ស្ទើរ​ទាំងស្រុង។

រីឯ​នៅ​ខេត្ត​សៀមរាប​ឯណោះ​វិញ កសិករ​រស់នៅ​កៀក​នឹង​តំបន់​បឹង​ទន្លេសាប​ខេត្ត​សៀមរាប ភាគច្រើន​មិន​សូវ​ធ្វើស្រែ​ប្រាំង​នោះ​ទេ ដោយសារ​ខ្វះ​ប្រព័ន្ធ​ធារាសាស្ត្រ​ដោយ​ពួកគាត់​ធ្វើស្រែ​បានតែ​ម្តង​ប៉ុណ្ណោះ ក្នុង​មួយឆ្នាំ ហើយ​ដីស្រែ​រាប់​ម៉ឺន​ហិកតារ​ទៀត​ទុក​ទំនេរ​ចោល។

កសិករ​រស់នៅ​ស្រុក​អង្គរធំ ខេត្ត​សៀមរាប លោក សៀម រ៉ាន់ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា កូនៗ របស់​លោក​សរុប ៨​នាក់ រួម​ទាំង​កូន​ប្រសារ ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ ដើម្បី​រក​ប្រាក់​ដោះបំណុល។លោក​ថា កសិករ​ភាគច្រើន​បោះបង់​មុខ​របរ​ធ្វើ​កសិកម្ម ហើយ​នាំគ្នា​ទៅ​ប្រទេស​ថៃ​ស្ងាត់​ភូមិ នៅ​សល់​តែ​មនុស្ស​វ័យ​ចំណាស់ និង​កុមារ​ចាំផ្ទះ។

លោក​បន្ថែម​ថា ដីស្រែ​របស់​លោក ទំហំ ៣​ហិកតារ​ធ្វើស្រែ​បានតែ​ម្តង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ដោយសារ​ខ្វះ​ប្រព័ន្ធ​ធារាសាស្ត្រ។

លោក សៀម រ៉ាន់៖ «តំបន់​យើង​នេះ ទៅ​ចំណាក​ស្រុក​ស្ងាត់ នៅ​តិច​ណាស់ បើសិន​ជា​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​គ្រប់គ្រាន់ ធ្វើស្រែ​ប្រាំង​កុះករ​មិន​ចំណាកស្រុក​ទៅ​ណា។ បើ​យើង​មានមុខ​របរ​អត់​ចេញ ធ្វើ​តែ​ស្រែប្រាំង​តែ​ដំណាំ​លក់ សុខ​សប្បាយ​ទាំងអស់គ្នា មិន​បាច់​ចំណាកស្រុក​អី​ណា»។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក លោក ចាន់ យុត្ថា និង​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម កញ្ញា អ៊ឹម រចនា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៩ កុម្ភៈ។

ជុំវិញ​រឿង​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង យល់​ថា រដ្ឋាភិបាល​គួរតែ​រក​មធ្យោបាយ​ដោះស្រាយ​រឿង​នេះ ដោយ​ត្រូវ​ជីក​ស្ដារ ទឹកស្ទឹង បឹងបួ អូរ ទន្លេ និង​ប្រឡាយ គ្រប់​ច្រកល្ហក ដើម្បី​បង្កើត​ចរន្តទឹក​ធ្វើ​កសិកម្ម។

លោក យង់ គិមអេង៖ «នៅ​កម្ពុជា​មាន​ទន្លេ​មួយ​យ៉ាង​ធំ ល្បីល្បាញ​ដែរ បើ​យើង​មាន​ទឹកស្ទឹង​បឹងបួ​ជាច្រើន បើ​យើង​ស្ដារ​ជួយ​បាន​ច្រើន ត្រូវ​ដាក់​លុយ​ស្ដារ​ស្ទឹង​បឹងបួ​ឡើងវិញ ដើម្បី​ជួយ​កសិករ​។ កុំ​លុប​បឹងបួ មិន​អាច​ដោះស្រាយ​បញ្ហា​ទឹក​ជូន​កសិករ​បានទេ»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បន្ថែម​ថា បច្ចុប្បន្ន​ទឹកស្ទឹង បឹងបួ អូរ និង​ប្រឡាយ​ភាគច្រើន​គោក​រាក់ ខ្វះ​ការ​យកចិត្តទុកដាក់​ថែទាំ និង​ជីក​ស្អារ ក៏​ជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​កសិករ​ជួប​ការ​លំបាក និង​បោះបង់​មុខរបរ​នេះ ហើយ​ធ្វើ​ចំណាកស្រុក។

កសិករ​បន្ថែម​ថា ឆ្នាំមុនៗ​ពួកគាត់​ធ្វើស្រែ​ប្រាំង​មាន​ទឹក​គ្រប់គ្រាន់ ក៏ប៉ុន្តែ​ពេល​ប្រមូល​ផល ស្រូវប្រាំង​បែរ​ជា​ចុះថោក ក៏ប៉ុន្តែ​ឆ្នាំនេះ​នៅ​ពេល​ស្រូវ​មាន​តម្លៃ​ថ្លៃ បែរ​ជា​ខ្វះ​ទឹក​ធ្វើស្រែ ធ្វើ​ឱ្យ​ពួកគាត់​ជួប​ការ​លំបាក​ផ្ទួនៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment