ដោយ ច័ន្ទ ដារ៉ូ
2024.02.10
RFA
ថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភាដំបូង របស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយអនុប្រធានគណបក្ស លោក សាយ ឈុំ នៅថ្ងៃទី១០ កុម្ភៈ ២០២៤។ រូប៖ ហ្វេសប៊ុកគណបក្សប្រជាជនកម្ពុជា
គណបក្សកាន់អំណាចបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាអាណត្តិទី៥គគ្រឹកគគ្រេងនៅទូទាំងប្រទេស ស្របពេលបក្សប្រឆាំងចោទថា អាជ្ញាធរបក្សកាន់អំណាចដើរអូសទាញ និងទិញទឹកចិត្តសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ជាអង្គបោះឆ្នោតដែលនឹងធ្វើឱ្យប៉ះពាល់ដល់លទ្ធផលការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅពេលខាងមុខ។
ការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ បានចាប់ផ្តើមនៅថ្ងៃទី១០ ខែកុម្ភៈ។
គណបក្សប្រជាជនកម្ពុជាបានឃោសនានៅភូមិភាគទាំង៨ ជាពិសេសនៅរាជធានីភ្នំពេញរៀបចំកម្មវិធីជួបជុំ និងហែក្បូនទ្រង់ទ្រាយធំនៅតាមដងផ្លូវដែលមានយានជំនិះ និងអ្នកចូលរួមប្រមាណ១ម៉ឺននាក់។
ប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន បានសរសេរលិខិតដោយលោកលើកឡើងថា កម្ពុជាកំពុងរស់នៅក្រោមសន្តិភាព ការឯកភាពជាតិ ហើយឈានទៅមុខលើមាគ៌ាប្រជាធិបតេយ្យ និងការអភិវឌ្ឍ។ លោកអះអាងថា ការបោះឆ្នោតព្រឹទ្ធសភានេះគឺស្របតាមឆន្ទៈ និងបំណងប្រាថ្នារបស់ពលរដ្ឋខ្មែរ ពីព្រោះអ្នកតំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សាឃុំជាអង្គបោះឆ្នោតកើតចេញពីឆន្ទៈពលរដ្ឋកន្លងទៅ។ លោក ហ៊ុន សែន អំពាវនាវឱ្យអង្គបោះឆ្នោតទៅបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាដើម្បីធានាជោគវាសនាជាតិ និងពលរដ្ឋខ្មែរ។
ទោះយ៉ាងណាលោក ហ៊ុន សែន អះអាងបែបនេះក្តី ប៉ុន្តែសហគមន៍ជាតិ និងអន្តរជាតិតែងតែរិះគន់លទ្ធផលនៃការបោះឆ្នោតជាតិជាបន្តបន្ទាប់ថា ប្រព្រឹត្តទៅមិនសេរី ត្រឹមត្រូវ និងយុត្តិធម៌ដែលមិនទាន់ឆ្លុះបញ្ចាំងអំពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ ពីព្រោះស្ថាប័នបោះឆ្នោតមិនឯករាជ្យ ហើយគណបក្សប្រឆាំងតែងរងការធ្វើទុក្ខបុកម្នេញ និងត្រូវបានលោក ហ៊ុន សែន ផាត់ចេញពីសង្វៀនប្រកួតចាប់តាំងពីឆ្នាំ២០១៨មក។
យុទ្ធនាការរកសំឡេងឆ្នោតរបស់គណបក្សនយោបាយនេះ មានរយៈ១៤ថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃទី១០ដល់ថ្ងៃទី២៣ ខែកុម្ភៈ។ ចំណែការបោះឆ្នោតព្រឹទ្ធសភា អាណត្តិទី៥ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ដោយមានគណបក្សចំនួន៤ចូលរួម គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាមាត្រា១០ ចែងថាអ្នកបោះឆ្នោត និងអង្គបោះឆ្នោតគឺជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ក្នុងតំណែង។
នៅថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតនេះដែរ គណបក្សនយោបាយដែលចូលឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភាចំនួនបី មិនរៀបចំពិធីជួបជុំហាមជន និងហែក្បូនគគ្រឹកគគ្រេងនៅតាមទីសាធារណៈនោះឡើយ ពីព្រោះពួកគេរៀបចំពិធីជួបជុំផ្សព្វផ្សាយពីគោលនយោបាយ និងពង្រឹងជំហររបស់អង្គបោះឆ្នោតនៅក្នុងមុខតំណែង។
គណបក្សកម្លាំងជាតិចេញលិខិតអំពាវនាវចំពោះអង្គបោះឆ្នោតឱ្យបោះឆ្នោតជូនគណបក្សកម្លាំងជាតិ គឺជាការប្រើប្រាស់សិទ្ធិសេរីភាពស្របច្បាប់ ជាសម្ងាត់ ឈរលើឧត្តមគតិ មនសិការជាតិផ្ទាល់ខ្លួន ស្របតាមបំណងប្រាថ្នារបស់ពលរដ្ឋម្ចាស់ឆ្នោត ដើម្បីស្រោចស្រង់លទ្ធិប្រជាធិបតេយ្យឡើងវិញ រួមគ្នាការពារសេរីភាព យុត្តិធម៌សង្គម និងបូរណភាពទឹកដីកម្ពុជា។
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរីថា គណបក្សកម្លាំងជាតិកំពុងរៀបចំកម្មវិធីជួបប្រជុំនៅតាមមូលដ្ឋានដោយធ្វើសកម្មភាពឃោសនាតែពីរភូមិគឺមណ្ឌល៧ និងមណ្ឌល៨ ចំណែកមណ្ឌល១ ដល់ ៦ ទុកឱ្យបក្សគណបក្សភ្លើងទៀនដើម្បីកុំបែកសំឡេងឆ្នោតដែលពលរដ្ឋបោះឆ្នោតឱ្យអ្នកប្រជាធិបតេយ្យកាលពីឆ្នាំ២០២២។
លោក រ៉ុង ឈុន៖ «ការបោះឆ្នោតនៅថ្ងៃទី១៥ ខែកុម្ភៈជាការបោះឆ្នោតអសកល ដូច្នេះយើងគ្រាន់តែដើរតាមគោលដៅ ហើយសារសំខាន់បោះឆ្នោតឱ្យគណបក្សកម្លាំងជាតិដើម្បីស្តារឡើងវិញនូវការគោរពសិទ្ធិមនុស្ស យើងដឹងហើយថា គណបក្សកម្លាំងជាតិជាបក្សមួយយកចិត្តទុកដាក់ពីសុខទុក្ខរបស់ពលរដ្ឋខ្មែរ»។
ដោយឡែកបេក្ខជនព្រឹទ្ធសភារបស់គណបក្សឆន្ទៈខ្មែរ ក៏បានរៀបចំកម្មវិធីជួបប្រជុំឃោសនារកសំឡេងឆ្នោតជាមួយអង្គបោះឆ្នោតមកពីគណបក្សភ្លើងទៀននៅភូមិភាគចំនួន៤ នៅថ្ងៃទី១ នៃយុទ្ធនាការឃោសនានេះដែរ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានគណបក្សឆន្ទៈខ្មែរលោក សុក ហាច ដើម្បីសាកសួរបន្ថែមបានទេនៅថ្ងៃទី១០ ខែកុម្ភៈ។
ប៉ុន្តែគណបក្សភ្លើងទៀនដែលមានអង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំជាង២ពាន់នាក់ បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៩ ខែកុម្ភៈថា អាជ្ញាធរមូលដ្ឋាននៅរាជធានី ខេត្តមួយចំនួនបានជួបលួងលោមបញ្ចុះបញ្ចូលឱ្យអង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀនបោះឆ្នោតឱ្យគណបក្សដទៃដើម្បីជាថ្នូរនឹងទទួលបានថវិកាមួយចំនួន។ គណបក្សនេះចាត់ទុកទង្វើទាំងនេះថា ជាការរំលោភច្បាប់ និងធ្វើឱ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោតព្រឹទ្ធសភាខាងមុខ។ គណបក្សភ្លើងទៀនអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់បញ្ឈប់សកម្មភាពបំភិតបំភ័យ និងលួងលោមទិញទឹកចិត្តអង្គបោះឆ្នោត ហើយស្នើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវចាត់វិធានការចំពោះសកម្មភាពមិនប្រក្រតីគ្រប់ទម្រង់មកលើអង្គបោះឆ្នោត។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា ប្រាប់វិទ្យុអាស៊ីសេរីថា ថ្ងៃដំបូងនៃការឃោសបោះឆ្នោតព្រឹទ្ធសភាបានប្រព្រឹត្តទៅធានានូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ ដោយគណបក្សនយោបាយបានចេញធ្វើសកម្មភាពតាមលទ្ធភាព និងរូបភាពផ្សេងគ្នានៅតាមភូមិភាគនីមួយៗ រួមមានការហែក្បួន ការចែកខិត្តប័ណ្ណ ចាក់មេក្រូ និងចូលរួមពីអ្នកគាំទ្រជាដើម។ ចំណែកករណីបក្សភ្លើងទៀនថា អាជ្ញាធរដើរអូសទាញឬទិញទឹកចិត្តក្រុម ប្រឹក្សាឃុំសង្កាត់ឱ្យបោះឆ្នោតជូនគណបក្សណាមួយវិញ លោកណែនាំឱ្យគណបក្សភ្លើងទៀនដាក់ភស្តុតាង និងហេតុផលច្បាស់លាស់ប្តឹងមក គ.ជ.ប ដើម្បីពិនិត្យដោះស្រាយតាមនីតិវិធី។
លោក ហង្ស ពុទ្ធា៖ «ការដាក់ពាក្យបណ្តឹងគឺ គ.ជ.ប មិនទាន់ទទួលបានពាក្យបណ្តឹងណាមួយទេ អ៊ីចឹងអ្នកប្តឹងត្រូវមានភាពច្បាស់លាស់ផងដែរ ហើយការលើកឡើងផ្សេងត្រូវមានភស្តុតាង ហេតុផលច្បាស់លាស់ដើម្បីបញ្ជាក់ថា យើងចូលរួមក្នុងវិស័យបោះឆ្នោតប្រកបដោយតម្លាភាព មិនមែនញុះញង់ ឬធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់របស់សង្គមបាទ»។
យ៉ាងណាក្តី នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាហៅកាត់ថា និចហ្វិច (Nicfec) លោក សំ គន្ធាមី មានប្រសាសន៍ថា អង្គបោះឆ្នោតជាទិសដៅសំខាន់របស់គណបក្សនយោបាយក្នុងឃោសនារកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតព្រឹទ្ធសភាខាងមុខ។ ប៉ុន្តែលោកថា បើសិនសមាជិកគណបក្សនយោបាយណាធ្វើសកម្មភាពអូសទាញក្រោមរូបភាពទិញដូរ គំរាមកំហែង ឬបំភិតបំភ័យដើម្បីបង្ខំឱ្យក្រុមប្រឹក្សាឃុំសង្កាត់ណាម្នាក់បោះឆ្នោតឱ្យនោះជាទង្វើខុសច្បាប់។
លោក សំ គន្ធាមី៖ «អ្នកទិញសន្លឹកឆ្នោតគឺខុសច្បាប់ និងអង្គបោះឆ្នោតត្រូវមានឆន្ទៈ ពីព្រោះគាត់មិនមែនជាប្រជាពលរដ្ឋទេ គាត់ជាក្រុមប្រឹក្សាស្រាប់ហើយគឺគាត់ត្រូវមានឆន្ទៈច្បាស់លាស់»។
ការបោះឆ្នោតព្រឹទ្ធសភានៅថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខនេះមានអង្គបោះឆ្នោតជិត ១ម៉ឺន ២ពាន់នាក់(១១.៧៤៧) ក្នុងនោះតំណាងរាស្ត្រក្នុងតំណែងចំនួន១២៥នាក់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងចំនួនជាង ១ម៉ឺន ១ពាន់ (១១.៦២២)នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។