ព្រះតេជព្រះគុណ សំ គឹមសាធ បន្ត​ធម្មយាត្រា​ដល់​ខេត្ត​សៀមរាប

ដោយ យ៉ង ចាន់តារា
2024.02.09
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ព្រះតេជព្រះគុណ សំ គឹមសាធ បន្ត​ធម្មយាត្រា​ដល់​ខេត្ត​សៀមរាប

ព្រះតេជព្រះគុណ សំ គឹមសាធ និង​សកម្មជន​សង្គម លោក អ៊ុក ពេជ្រសំណាង ធ្វើ​ដំណើរ​ធម្មយាត្រា​ផ្សព្វផ្សាយ​ពី​សីលធម៌​សង្គម និង​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ ចេញពី​រាជធានីភ្នំពេញ ឆ្ពោះទៅខេត្តសៀមរាប កាល​ពី​ទី២ ខែកុម្ភៈ ឆ្នាំ២០២៤។​ក្ដី។ រូបពីពលរដ្ឋ


ដំណើរ​ធម្មយាត្រា​លើក​កម្ពស់​សិទ្ធិ​មនុស្ស និង​ស្នើ​ឱ្យ​តុលាការ​ដោះលែង​អ្នក​ទោស​មនសិការ​ទាំងអស់​ឱ្យ​មាន​សេរីភាព របស់​ព្រះតេជព្រះគុណ សំ គឹមសាធ និង លោក អ៊ុក ពេជ្រសំណាង បាន​មក​ដល់​ស្រុកបាគង ខេត្ត​សៀមរាប​ហើយ ក្រោយ​ការ​ធ្វើ​គំរាមកំហែង​ពី​អាជ្ញាធរ​ស្រុក​ជើងព្រៃ​ខេត្ត​កំពង់ធំ។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​គួរតែ​ជួយ​សម្រួល​ដល់​ដំណើរ​ធម្មយាត្រា​របស់ ព្រះអង្គ សំ គឹមសាធ ពីព្រោះ​ដំណើរ​ផ្សាយ​មេត្តា​ចិត្ត​ឱ្យ​អ្នក​នយោបាយ​ចេះ​រួបរួម​គ្នា​គឺជា​រឿង​សំខាន់។

ធម្មយាត្រា​របស់​ព្រះតេជព្រះគុណ សំ គឹមសាធ និង​សកម្មជន​សង្គម លោក អ៊ុក ពេជ្រសំណាង ឆ្ពោះ​ទៅ​ភ្នំ​អដ្ឋរស្ស​នៅ​ខេត្ត​កំពង់ស្ពឺ បាន​បន្ត​ដំណើរ​មក​ដល់​ខេត្ត​សៀមរាប​ហើយ បើ​ទោះ​ជា​ក្នុង​ដំណើរ​ផ្សព្វផ្សាយ​ពី​សីលធម៌​សង្គម និង​លើក​កម្ពស់​សិទ្ធិ​មនុស្ស​រង​ការ​ឃ្លាំ​មើល​ពី​អាជ្ញាធរ​ក្ដី។

ព្រះតេជព្រះគុណ សំ គឹមសាធ មាន​ថេរ​ដីកា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៩ ខែកុម្ភៈ​ថា ព្រះអង្គ​និមន្ត​មក​ដល់​ខេត្ត​សៀមរាប​ហើយ ដោយ​ពុំ​ឃើញ​អាជ្ញាធរ​នៅ​ក្នុង​ខេត្ត​នេះ​រារាំង​ដំណើរ​របស់​ព្រះអង្គ​ឡើយ។ ព្រះអង្គ​មាន​ថេរ​ដីកា​បន្ត​ថា ព្រះអង្គ​ចង់​ឃើញ​អ្នក​នយោបាយ​ទាំងអស់​ចេះ​រួបរួម​សាមគ្គី​គ្នា​ដើម្បី​អភិវឌ្ឍន៍​ប្រទេស ជាជាង​ចាត់​ទុក​អ្នក​មាន​ទស្សន​នយោបាយ​មតិផ្ទុយ​ជា​សត្រូវ។

ព្រះតេជព្រះគុណ សំ គឹមសាធ៖ «ការ​ធ្វើ​ធម្មយាត្រា​ហ្នឹង​ហើយ​ឱ្យ​បណ្ដា​ខេត្ត អភិបាល គណៈ អភិបាល​ខេត្ត​ជួយ​ជាពិសេស​ថ្នាក់​ជាតិ​ថ្នាក់​មន្ត្រី​ដូច​សម្ដេច ហ៊ុន ម៉ាណែត ជា​អ្នក​ដឹកនាំ​​សូម​ឱ្យ​មាន​ការ​លើក​លែង​ទោស អ្នក​ទោស​មនសិការ​ដែល​បាន​ចាប់​ដាក់​ពន្ធនាគារ ដូចជា​មន្ត្រី​សង្គម​ស៊ីវិល ទំនាស់​ដីធ្លី រឿង​បញ្ហា​អ្វី​ទាំងអស់​ដែល​មាន​បញ្ហា​ហ្នឹង​សុំ​ឱ្យ​មាន​ការ​ដោះលែង​ទៅ»

ដំណើរ​ធម្មយាត្រា​ផ្សព្វផ្សាយ​ពី​សីលធម៌​សង្គម លើក​កម្ពស់​សិទ្ធិ​មនុស្ស និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទោស​មនសិការ​នេះ​មាន​ការ​ចូលរួម​ឃ្លាំ​មើល​ពី​មន្ត្រី​សិទ្ធិ​មនុស្ស និង​មាន​អាជ្ញាធរ​តាម​ថតរូប​ព្រះអង្គ​ផង​ដែរ។ នៅ​តាម​ផ្លូវ​ក៏​មាន​ពលរដ្ឋ​មួយ​ចំនួន បាន​ប្រគេន​ចង្ហាន់ និង​ភេសជ្ជៈ​ដល់​ព្រះតេជព្រះគុណ សំ គឹមសាធ ព្រមទាំង​គាំទ្រ​សកម្មភាព​របស់​ព្រះអង្គ​នេះ​ដែរ។

Sam_Kimsath_Soy_Sath_pilgrimage_1.JPG
ពលរដ្ឋ​មួយ​ចំនួន​នៅ​តាម​ផ្លូវ​ពី​ភ្នំពេញ​ឆ្ពោះ​ទៅ​ខេត្តសៀមរាប ​ប្រគេន​ចង្ហាន់ និង​ភេសជ្ជៈ​ដល់​ព្រះតេជព្រះគុណ សំ គឹមសាធ ព្រមទាំង​គាំទ្រ​សកម្មភាព​ធ្វើធម្មយាត្រា​ររបស់​ព្រះអង្គ​។​ រូបពីពលរដ្ឋ

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ដំណើរ​ធម្មយាត្រា​របស់​ព្រះតេជព្រះគុណ សំ គឹមសាធ គឺជា​រឿង​ល្អ​ក្នុង​ការ​អប់រំ​ឱ្យ​ពលរដ្ឋ​យល់​ដឹង​ពី​សិទ្ធិ​មនុស្ស និង​សីលធម៌​សង្គម។ លោក​សង្កេត​ឃើញ​ថា បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នៅ​តែ​ជា​បញ្ហា​រសើប​ដែល​ធ្វើ​ឱ្យ​មាន​មតិ​រិះគន់​ពី​ជាតិ និង​អន្តរជាតិ ដូច្នេះ​រដ្ឋាភិបាល​គួរតែ​មាន​ដោះស្រាយ​ឱ្យ​បាន​ឆាប់​រហ័ស។

លោក អំ សំអាត៖ «ខ្ញុំ​យល់​ថា​ដំណើរ​ធម្មយាត្រា​របស់​ព្រះអង្គ​នេះ​គឺជា​ការ​ចូលរួម​ចំណែក​មួយ​នៅ​ក្នុង​សង្គម​ដូច្នេះ​អាជ្ញាធរ​ក៏ ដូចជា​ពលរដ្ឋ​គួរតែ​ចូលរួម​លើក​កម្ពស់​បញ្ហា​សីលធម៌​ក្នុង​សង្គម ទៅ​តាម​អ្វី​ដែល​ព្រះអង្គ​ធ្វើ​ធម្មយាត្រា​ដើម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យល់​ដឹង​ពី​សីលធម៌​នៅ​ក្នុង​សង្គម​ក៏ ដូចជា​បញ្ហា​គោរព​សិទ្ធិ​មនុស្ស»

កាល​ពីថ្ងៃទី៣ ខែកុម្ភៈ​អាជ្ញាធរ​ស្រុក​ជើង​ព្រៃ​ខេត្ត​កំពង់ចាម​គំរាម​ចាប់​ផ្សឹក​ព្រះតេជព្រះគុណ សំ គឹមសាធ នៅ​ពេល​ដែល​ព្រះអង្គ​ធ្វើ​ធម្មយាត្រា ឆ្លងកាត់​ខេត្ត​នេះ ប៉ុន្តែ​ទោះ​ជា​បែប​នេះ​ក្ដី ព្រះអង្គ​អះអាង​ថា សកម្មភាព​ធ្វើ​ទុក្ខបុកម្នេញ​លើ​ព្រះអង្គ មិន​អាច​ធ្វើ​ឱ្យ​ព្រះអង្គ​តក់ស្លុត​ឡើយ ។ ព្រះអង្គ សំ គឹមសាធ និង​លោក អ៊ុក ពេជ្រសំណាង នឹង​ស្នាក់នៅ​ខេត្ត​សៀមរាប​មួយ​យប់។


គិត​មក​ដល់​ថ្ងៃ​នេះ ព្រះតេជព្រះគុណ សំ គឹមសាធ និង​លោក អ៊ុក ពេជ្រសំណាង ធ្វើ​ធម្មយាត្រា​ដើម្បី​លើក​កម្ពស់​សីលធម៌​សង្គម និង​ដោះលែង​អ្នកទោស​មនសិការ​បាន​ចម្ងាយ​ផ្លូវ​ប្រមាណ ជាង៣រយ​គីឡូម៉ែត្រ (៣០០)ហើយ។ ធម្មយាត្រា​នេះ​ចាប់​ផ្ដើម​ពី​ទីលាន​ប្រជាធិបតេយ្យ​នៅ​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​ភ្នំ​អដ្ឋរស្ស​ក្នុង​ខេត្ត​កំពង់ស្ពឺ ដោយ​ឆ្លង​កាត់​តាម​ផ្លូវ​ជាតិលេខ៦ និង​ផ្លូវជាតិ​លេខ៥ ឆ្លងកាត់​ខេត្ត​ចំនួន៨ រួម​មាន​ខេត្ត​កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង និង​កំពង់ស្ពឺ។ ព្រះតេជព្រះគុណ សំ គឹមសាធ ទទូច​ឱ្យ​រដ្ឋាភិបាល ជាពិសេស​គណបក្ស​នយោបាយ​គ្រប់​និន្នាការ​ទាំងអស់ យោគយល់ ចេះ​អត់ឱន​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​គិត​ពី​ផលប្រយោជន៍​ពលរដ្ឋ​ជា​ធំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles