ព្រះតេជព្រះគុណ សំ គឹមសាធ បន្ត​ធម្មយាត្រា​ចេញ​ពី​ខេត្ត​សៀមរាប​ឆ្ពោះ​ទៅ​ខេត្ត​បន្ទាយមានជ័យ

ដោយ សេក បណ្ឌិត
2024.02.10
RFA

ព្រះតេជព្រះគុណ សំ គឹមសាធ បន្ត​ធម្មយាត្រា​ចេញ​ពី​ខេត្ត​សៀមរាប​ឆ្ពោះ​ទៅ​ខេត្ត​បន្ទាយមានជ័យ

ព្រះតេជព្រះគុណ សំ គឹមសាត (ឆ្វេង) និងសកម្មជន​សង្គម លោក អ៊ុក ពេជ្រសំណាង ក្នុង​ដំណើរធម្មយាត្រា នៅខែ​កុម្ភ Photo: RFA


ព្រះតេជព្រះគុណ សំ គឹមសាធ និង​សកម្មជន​សង្គម លោក អ៊ុក ពេជ្រសំណាង បាន​បន្តដំណើរ​ធម្មយាត្រា​ចេញ ពី​ខេត្ត សៀមរាប ឆ្ពោះ​ទៅ​ខេត្ត​បន្ទាយមានជ័យ ផ្សព្វផ្សាយ​អំពី​ធម៌​មេត្តាចិត្ត ដើម្បី​ឱ្យ​អ្នក​នយោបាយ​ងាក​មក​ផ្សះផ្សា​ជាតិ និង​លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ​។ ព្រះអង្គ​អះអាង​ថា បើ​ទោះ​បី​ជា​ឈឺ​ជើង និង​អស់កម្លាំង​ល្ហិតល្ហៃ​យ៉ាង​ក្ដី ក៏​ព្រះអង្គ​ប្ដេជ្ញា​មិន​បោះបង់​ដំណើរ​ធម្ម​យាត្រា​នេះ​ឡើយ។

ធម្ម​យាត្រា​ផ្សព្វផ្សាយ​អប់រំ​អំពី​សិទ្ធិមនុស្ស និង​លើកកម្ពស់​សីលធម៌​សង្គម​របស់​ព្រះតេជព្រះគុណ សំ គឹមសាធ និង​សកម្មជន​សង្គម លោក អ៊ុក ពេជ្រសំណាង ដំណើរការ​ដោយ​រលូន ដោយ​ពលរដ្ឋ​នៅ​រស់​នៅ​តាម​ដងផ្លូវ​រីករាយ​គាំទ្រ និង​ប្រគេន​ជា​គ្រឿង​ឧបភោគបរិភោគ​ផង​ដែរ។

ព្រះតេជព្រះគុណ សំ គឹមសាធ មាន​សង្ឃដីកា​ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃទី​១០ ខែ​កុម្ភៈ ថា រយៈពេល ៩​ថ្ងៃ​នៃ​ដំណើរ​ធម្ម​យាត្រា​នេះ​ព្រះអង្គ​សង្កេត​ឃើញ​មាន​អាជ្ញាធរ​ស្លៀកពាក់​ស៊ីវិល និង​ឯកសណ្ឋាន​នៅ​តាម​ថតរូប​ព្រះអង្គ​ជាប្រចាំ។ ព្រះអង្គ​សោកស្ដាយ​ដែល​ដំណើរ​ធម្ម​យាត្រា​អប់រំ​ពី​សិទ្ធិ​សេរីភាព និង​ចង់ឱ្យ​សង្គម​មាន​យុត្តិធម៌ ប៉ុន្តែ​បែរជា​មាន​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​ដើរ​ហើរ​បែប​នេះ។

ព្រះតេជព្រះគុណ សំ គឹមសាធ៖ «ជីវិត​នៅ​តាម​ផ្លូវ​ធ្វើ​ធម្ម​យាត្រា​ដី​រាប់​រយ​គីឡូ​នេះ ទោះ​ផ្ដាច់ជីវិត​ក៏​នៅតែ​ស្មោះត្រង់​នៅតែ​ល្អ និង​នៅតែ​ក្រាប​ថ្វាយ​បង្ខំ​ព្រះសម្មាសម្ពុទ្ធ ឥឡូវនេះ​ទទូច​ឱ្យ​អ្នកនយោបាយ​ទាំងអស់​ចេះ​ផ្សះផ្សា​គ្នា ចេះ​ធ្វើ​សេចក្ដី​ល្អ​នឹង​គ្នា ឈប់​លាប​ពណ៌​គ្នា​ទៅ​បច្ចុប្បន្ន​មាន​សុខ​សន្តិភាព​ហើយ មាន​ពហុបក្ស​ហើយ​បែរជា​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ព្រាត់​ប្រាសនិរាស គ្រួសារ​ទៅ​នៅ​ប្រទេស​គេ គេ​ចាប់​ធ្វើបាប​ធ្វើ​ទោស​ដាក់​ពន្ធនាគារ»។

ដំណើរ​ធម្ម​យាត្រា​ផ្សព្វផ្សាយ​ពី​សីលធម៌​សង្គម និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទោស​នយោបាយ​រយៈចម្ងាយ​ផ្លូវ​ជិត​៧​រយ​គីឡូ (៧០០) ពេលនេះ​ព្រះអង្គ​បាន​និមន្ត​មកដល់​ខេត្ត​បន្ទាយមានជ័យ​ហើយ ដោយ​ព្រះអង្គ​សឹង (សម្រាន្ត) នៅ​ផ្ទះ​សំណាក់​ក្នុង​ខេត្ត​នេះ​មួយ​យប់ ហើយ​ព្រឹក ស្អែក​នឹង​បន្ត​ដំណើរ​ទៅ​ខេត្ត​បាត់ដំបង។ ព្រះអង្គ​ថា មូលហេតុ​ដែល​ព្រះអង្គ​មិន​ស្នាក់នៅ​ក្នុង​វត្ត​គឺ​ដោយសារតែ កន្លង​ទៅ​មាន​ព្រះ​អនុគណ​ស្រុក និង​ព្រះ​ចៅ​អធិការ​មិន​ពេញ​ចិត្ត ហើយ​មាន​ថេរ​ដីកា​បង្ក​ឱ្យ​មាន​ការ​រើសអើង​ព្រះសង្ឃ។

ដោយឡែក​សកម្មជន​សង្គម លោក អ៊ុក ពេជ្រសំណាង ដែល​បាន​ចូលរួម​ធ្វើ​ធម្មយាត្រា​ជាមួយ​ព្រះអង្គ សំ គឹមសាធ ថ្លែង​ថា លោក​ឈឺចាប់​នៅ​ពេល​ឃើញ​ពលរដ្ឋ​ទន់ខ្សោយ រង​នូវ​ការរំលោភ​សិទ្ធិ​ទាំង​អយុត្តិធម៌​។ លោក​ចង់​ឃើញ​អ្នក​នយោបាយ​ចេះ​ផ្សះផ្សា​បង្រួបបង្រួម​គ្នា​ប្រកបដោយ​មេត្តាធម៌ និង​មាន​ការ​គោរព​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ។

ព្រះអង្គ សំ គឹមសាធ៖ «ឈាន​ទៅ​រក​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ឱ្យ​ច្បាស់លាស់​ហើយ​ជួយ​ពង្រឹង​អំណាច​ឱ្យ​សីលធម៌​សង្គម និង​ឥទ្ធិពល​សង្គម​ក្លាយជា​មនុស្ស​ដែល​មាន​ក្របខ័ណ្ឌ និង​ផ្លូវច្បាប់ ជាតិ និង​អន្តរជាតិ ទើប​មាន សេចក្ដីសម្រេច​ទៅ​ការ​ទំនាក់ទំនង​របៀប​ជួយ​ប្រទេសជាតិ​ខ្លួន និង​ជួយ​ពិភពលោក​ដោយសារតែ​អ្នកកាន់អំណាច អ៊ីចឹង​ខ្ញុំ​សូម​ទទូច និង​សុំ​ឱ្យ​បងប្អូន​ធានា​ការ​ទាមទារ​អ្វី​ដែល​មាន​បញ្ហា និង​ចូលរួម​ធានា​បញ្ហា​គ្រប់បែបយ៉ាង»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី ដើម្បី​សុំ​ការ​បក​ស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​១០ ខែ​កុម្ភៈ។

ទាក់ទិន​បញ្ហា​នេះ​ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា មាន​ប្រសាសន៍​ថា ធម្ម​យាត្រា​ដែល​មាន​អាជ្ញាធរ​តាម​ថតរូប​នេះ​គឺជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព។ លោក​សង្កេត​ឃើញ​ថា ស្ថានភាព​សេរីភាព​នៅ​កម្ពុជា​បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​ការ​រឹតត្បិត ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​មានការ​ភ័យខ្លាច​ក្នុង​ការ​បញ្ចេញមតិ​របស់​ខ្លួន។

លោក រស់ សុដ្ឋា៖ «សង្គម​ខ្មែរ​មួយ​បើ​ចង់ឱ្យ​ខ្មែរ​បាន​សុខ​សប្បាយ ហើយ​រដ្ឋាភិបាល​មិនសូវ​ឈឺក្បាល មាន​តែ​ឱ្យ​ប្រជាពលរដ្ឋ​យើង​ហ្នឹង​មាន​សិទ្ធិ​បញ្ចេញមតិ សិទ្ធិ​ចូលរួម​ក្នុង​ការ​អភិវឌ្ឍន៍​ហ្នឹង​ឱ្យ​បាន​ផុលផុស​ទៅ កាល​ណា​គាត់​ចូលរួម​បញ្ចេញមតិ​បាន​ផុលផុស​ហើយ យើង​ធ្វើ​បាន​តាម​ការ​ចង់​បាន​របស់​គាត់​អាហ្នឹង​វា​អស់​បញ្ហា​ហើយ»។

នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​ព្រះតេជព្រះគុណ សំ គឹម​សាធ និមន្ត​ធ្វើ​ធម្ម​យាត្រា​ដើម្បី​អប់រំ​អំពី​សីលធម៌​សង្គម និង​ការ​លើកកម្ពស់​ការ​គោរព​សិទ្ធិមនុស្ស​។ ជាក់ស្ដែង កាលពី​ឆ្នាំ​២០២៣ កន្លងទៅ​ព្រះតេជព្រះគុណ សំ គឹមសាធ ធ្លាប់ធ្វើ​ធម្ម​យាត្រា​ទៅ​ខេត្តពោធិ៍សាត់ និង​ទៅ​ព្រំដែន​ថៃ ដែល​កាល​ណោះ​ព្រះអង្គ​រង​ការ​ធ្វើទុក្ខបុកម្នេញ​គ្រប់​រូបភាព ការ​រារាំង ការ​គំរាម​ចាប់​ផ្សឹក ពី​សំណាក់​អាជ្ញាធរ និង​ការ​បណ្ដេញ​ចេញ​ពី​វត្ត​ជាដើម។

ដំណើរ​ធម្ម​យាត្រា​នេះ​នឹង​បញ្ចប់​នៅ​ភ្នំ​អដ្ឋរស្ស ស្ថិត​ក្នុង​ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ ដែល​មាន​ចម្ងាយ​ផ្លូវ​ជិត ៧​រយ​គីឡូម៉ែត្រ ដោយ​ឆ្លងកាត់​ខេត្ត​ចំនួន​៨​។ ព្រះអង្គ សំ គឹម សាធ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស​និង​បើក​លំហ​ឱ្យ​ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ដោយ គ្មាន​ការ​គំរាមកំហែង និង​ចាប់​ដាក់​ពន្ធនាគារ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles