មេ​បក្ស​ឆន្ទៈ​ខ្មែរ​ថា ហួស​ពេល​ហើយ ក្នុង​ការ​បែងចែក​មណ្ឌល​គ្នា​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ព្រឹទ្ធសភា

ដោយ ទីន ហ្សាការីយ៉ា
2024.02.09
RFA

មេ​បក្ស​ឆន្ទៈ​ខ្មែរ​ថា ហួស​ពេល​ហើយ ក្នុង​ការ​បែងចែក​មណ្ឌល​គ្នា​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ព្រឹទ្ធសភា

បណ្ឌិត សុក ហាច ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ។ រូប៖ ហ្វេសប៊ុកគណបក្សឆន្ទៈខ្មែរ


ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​ឈរ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ជំនួស​គណបក្ស​ភ្លើង​ទៀន​នោះ អះអាង​ថា ឥឡូវ​នេះ ហួស​ពេល​ហើយ សម្រាប់​ការ​ចរចា​ជាមួយ​គណបក្ស​កម្លាំង​ជាតិ ក្នុង​ការ​បែងចែក​មណ្ឌល​គ្នា​បោះ​ឆ្នោត​ព្រឹទ្ធសភា។

បណ្ឌិត សុក ហាច ឲ្យ​ដឹង​កាល​ពី​យប់​ថ្ងៃ​ទី៩ កុម្ភៈ​ថា គណបក្ស​ឆន្ទៈ​ខ្មែរ ឬ​គណបក្ស​ភ្លើង​ទៀន លែង​និយាយ​ពី​រឿង​បែងចែក​មណ្ឌល​បោះ​ឆ្នោត​ជាមួយ​គណបក្សកម្លាំង​ជាតិ​ហើយ ពីព្រោះ​ថា ពេល​វេលា​សម្រាប់​បោះ​ឆ្នោត គឺ​នៅ​ខ្លី​ណាស់។ លោក​អះអាង​ថា ការ​រួបរួម​គ្នា​ណា​មួយ​ជាមួយ​អ្នក​ប្រជាធិបតេយ្យ ត្រូវ​រង់ចាំ​មើល​ឆ្នាំ២០២៧ សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ ​ឆ្នាំ២០២៨។

ការ​លើក​ឡើង​របស់​បណ្ឌិត សុក ហាច នេះ នៅ​ក្រោយ​ពេល​ថ្នាក់​ដឹកនាំ​គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ភ្លើង​ទៀន​តំណាង​ឲ្យ​គណបក្ស​ឆន្ទៈ​ខ្មែរ បាន​ជួប​ពិភាក្សា​អំពី​ការ​បែងចែក​មណ្ឌល​បោះ​ឆ្នោត​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី៩ កុម្ភៈ មិន​បាន​ជោគជ័យ។

ឆ្លើយតប​នឹង​បញ្ហា​នេះ ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ទី មានប្រសាសន៍ថា គណបក្ស​កម្លាំង​ជាតិ​សម្រេច​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ព្រឹទ្ធសភា តែ ២មណ្ឌល​ទេ គឺ​មណ្ឌល៧ និង​មណ្ឌល​ភូមិភាគ៨។ ដោយឡែក ពី​មណ្ឌលទី១ ដល់​មណ្ឌលទី៦ គណបក្ស​កម្លាំង​ជាតិ​សម្បទាន​ឲ្យ​គណបក្ស​ភ្លើង​ទៀន។

ការ​បោះឆ្នោត​ព្រឹទ្ធសភា​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី២៥ កុម្ភៈ​នេះ។ គណបក្ស​ចំនួន៤ បាន​ចូលរួម​ប្រកួត​ប្រជែង​បោះ​ឆ្នោត​នេះ គឺ​គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​កម្លាំង​ជាតិ គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា។ ដោយ​ឡែក​គណបក្ស​ឆន្ទៈ​ខ្មែរ និង គណបក្ស​កម្លាំង​ជាតិ កំពុង​តែ​ដណ្ដើម​អង្គ​បោះឆ្នោត​គ្នា ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា ឃុំ សង្កាត់​គណបក្ស​ភ្លើង​ទៀន ដែល​មាន​ជាង ២ពាន់​អាសនៈ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment