សង្គម​ស៊ីវិល​ស្នើ​ដើម​បណ្ដឹង​ពិចារណា​ដក​ពាក្យបណ្ដឹង​លើ​លោក សឹង សែនករុណា

កម្ពុជា
10/02/2024 – 12:19
ដោយ៖ អេង គីមហុង
RFI

នៅថ្ងៃទី៩​ខែកុម្ភៈ​ក្រុមអង្គការសង្គម​ស៊ីវិល សមាគម សហជីព យុវជន ស្នើសុំដើមបណ្ដឹងដែលជាគណបក្សប្រជាជនកម្ពុជាពិចារណាដកពាក្យបណ្ដឹងលើលោក សឹង សែនករុណា។ ការស្នើឲ្យដកពាក្យបណ្ដឹងនេះដោយសារពួកគេយល់ថា នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានឌឺខេមបូឌាដេលី លោក សឹង សែនករុណាមិនមានចេតនាទុច្ចរិតណាមួយបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះគណបក្សប្រជាជនកម្ពុជាទេ។ 

លោក សឹង សែនករុណា អនុប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក
លោក សឹង សែនករុណា អនុប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក © FB

សេចក្ដីថ្លែងការណ៍រួមនេះបន្តថា ការណ៍ដែលពួកគេស្នើសុំគណបក្សប្រជាជនដកពាក្យបណ្ដឹងប្រឆាំងនឹង លោកសឹង សែនករុណា ដោយសារតែសាម៊ីខ្លួនបានបដិសេធលើការបន្ថែមបន្ថយសម្រង់សម្ដីដើមរបស់ខ្លួនដែលមានចុះផ្សាយនៅក្នុងបទសម្ភាសជាមួយសារព័ត៌មានឌឺខេមបូឌាដេលីរួចហើយ។ ម្យ៉ាងវិញទៀតសារព័ត៌មានឌឺខេមបូឌាដេលីក៏បានកែសម្រួលសម្រង់សម្ដីរបស់លោក សឹង សែនករុណា ជាមួយនឹងការបញ្ជាក់ថា សម្ដីដើមរបស់លោក សឹង សែនករុណា មិនមានឈ្មោះគណបក្សប្រជាជនទេ។

ក្រៅពីជួយបញ្ជាក់ភាពស្អាតស្អំរបស់លោក សឹង សែនករុណា នៅចំពោះមុខបទចោទ«បង្កចលាចល ញុះញង់បង្កើតឲ្យមានការស្អប់ រើសអើងចំពោះគណបក្សប្រជាជន សេចក្ដីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលទាំងនេះក៏លើកឡើងពីការលះបង់របស់លោក សឹង សែនករុណា អនុប្រធានផ្នែកអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក។  លោកសឹង សែនករុណា បានរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្ស យុត្តិធម៌សង្គម និងប្រជាធិបតេយ្យនៅកម្ពុជា។

ជុំវិញការស្នើសុំដកពាក្យបណ្ដឹងប្រឆាំង លោក សឹង សែនករុណា យ៉ាងដូច្នេះនៅមិនទាន់មានការឆ្លើយតបបែបណានៅឡើយទេពីក្រុមមេធាវីគណបក្សប្រជាជនកម្ពុជានិងគណបក្សប្រជាជនកម្ពុជា។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា ការស្នើសុំនេះគឺជាសិទ្ធិរបស់ពួកគេ។ ប៉ុន្តែការសម្រេចយ៉ាងណាអាស្រ័យលើតុលាការស៊ើបអង្កេតកាត់សេចក្ដី ព្រោះបណ្ដឹងប្រឆាំងនឹងលោក សឹង សែនករុណា បានទៅដល់ដៃតុលាការហើយ។ សម្រាប់លោក សុខ ឥសាន គេមិនអាចយកការបំភ្លឺរបស់លោក សឹង សែនករុណា និងការសម្រួលឃ្លារបស់សារព័ត៌មានឌឺខេមបូឌាដេលី មកធ្វើជាមូលដ្ឋានដើម្បីដកពាក្យបណ្ដឹងនោះទេ។

គួរជម្រាបជូនថា ក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យបណ្តឹង ប្តឹងលោក ស៊ឹង សែនករុណា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយស្នើឱ្យតុលាការចាត់ការទៅតាមច្បាប់ និងទាមទារសំណងជំងឺចិត្តជូនគណបក្សប្រជាជនកម្ពុជាចំនួន ២ពាន់លានរៀល ឬស្មើប្រមាណ ៥សែនដុល្លារអាមេរិក។ ពាក្យបណ្ដឹងនេះកើតឡើងបន្ទាប់ពី លោក សឹង សែនករុណា និយាយក្នុងអត្ថបទមួយរបស់ The Cambodia Daily ចុះផ្សាយថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលប្រធានគណបក្សនេះយល់ថាជាការប្រមាថគណបក្សប្រជាជនកម្ពុជា៕

What Next?

Recent Articles