ដោយ ម៉ៅ សុធានី
2024.02.10
RFA
ទិដ្ឋភាពសមាជិកសភាពីប្រទេសដាណឺម៉ាក (Denmark) ន័រវែស (Norway) និងស៊ុយអែត (Sweden) បំពេញបេសកកម្មនៅកម្ពុជា នៅដើមខែកុម្ភៈ ២០២៤។ Photo Courtesy of UNICEF
សមាជិកសភាចំនួន១០រូប មកពីប្រទេសដាណឺម៉ាក (Denmark) ន័រវែស (Norway) និងស៊ុយអែត (Sweden) បានបញ្ចប់បេសកកម្មរយៈពេល ៤ថ្ងៃនៅកម្ពុជា ដើម្បីពិនិត្យមើលកម្មវិធីមួយចំនួននៅកម្ពុជា ដែលគាំទ្រពីបណ្តាប្រទេសទាំងនេះ។ កម្មវិធីទាំងនោះ រួមមាន ក្រុមហ៊ុនវ៉ាក់សាំងហ្គាវី (Gavi) ដែលផ្តល់វ៉ាក់សាំងបង្ការជំងឺឆ្លងដល់កុមារ កម្មវិធីមូលនិធិពិភពលោកសំរាប់ប្រយុទ្ធប្រឆាំងជំងឺអេដស៍ របេង និងជំងឺគ្រុនចាញ់ និងកម្មវិធីនានារបស់អង្គការយូនីសេហ្វ (Unicef)។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការយូនីសេហ្វ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឲ្យដឹងថា គណៈប្រតិភូទាំង១០រូបនោះ ក៏បានទៅពិនិត្យកម្មវិធីមួយចំនួន នៅខេត្តសៀមរាប និងនៅភូមិបណ្តែតទឹកមាត់ខ្លា នៅតំបន់ទន្លេសាប ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល និងបញ្ហាប្រឈមមួយចំនួន រួមមានជំងឺឆ្លងគ្រប់ប្រភេទសំរាប់កុមារ។
កម្មវិធីនេះក៏បានផ្តល់កិច្ចគាំពារសុខភាពដល់មាតានិងទារក ដូចជា ការចាក់ថ្នាំបង្ការ ការថែទាំគភ៌ នៅមុន និងក្រោយពេលសំរាលកូន អាហារូបត្ថម្ភ ផ្សព្វផ្សាយពីសុខភាពផ្លូវភេទ និងបន្តពូជ ព្រមទាំងធ្វើតេស្តរកជំងឺគ្រុនចាញ់ នៅសហគមន៍ដាច់ស្រយាលរបស់ពួកគេ។
អង្គការយូនីសេហ្វសង្កត់ធ្ងន់ថា ការចាក់ថ្នាំបង្ការ និងការអប់រំពីសុខភាពផ្លូវភេទ គាំទ្រដល់ស្ត្រី និងការថែទាំសុខភាពដល់ស្ត្រីមានគភ៌ បានធ្វើឲ្យមានការរីកចំរើនយ៉ាងខ្លាំង មិនតែចំពោះបុគ្គលម្នាក់ៗប៉ុណ្ណោះទេ ក៏ប៉ុន្តែសំរាប់សហគមន៍របស់ពួកគេថែមទៀតផង។
សមាជិកសភាទាំង ១០រូបនោះ ក៏បានជួបសមាជិកសភាកម្ពុជា មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល មន្ត្រីអង្គការសហប្រជាជាតិ និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ដើម្បីជជែកពីបញ្ហាអាទិភាពលើវិស័យសុខាភិបាល និងតួនាទីរបស់ភាគីពាក់ព័ន្ធ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព និងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។