កម្ពុជា
10/02/2024 – 10:11
ដោយ៖ ប៉ាង សុចិនាថ
RFI
នៅថ្ងៃសុក្រ ទី៩ កុម្ភៈវេលាម៉ោង ៣ និង៤០នាទីទាបភ្លឺ ពលរដ្ឋខ្មែរម្នាក់ត្រូវបានប៉ូលីសថៃចាប់ខ្លួនជាមួយកាំភ្លើងវែងចំនួន ១០ដើម គ្រាប់កាំភ្លើង AK-47 ប្រមាណ 1500គ្រាប់ រួមទាំងរបស់របរមួយចំនួនទៀត។ ក្រោយទទួលបានព័ត៌មាននេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI នៅថ្ងៃសៅរ៍ ទី១០ កុម្ភៈនេះថា ស្ថានអគ្គកុងស៊ុលកំពុងទំនាក់ទំនងជាមួយអាជ្ញាធរថៃ រកមេធាវីសំរាប់ការពារក្តីឲ្យពលរដ្ឋខ្មែរនេះ។
អាជ្ញាធរថៃចាប់ខ្លួនពលរដ្ឋខ្មែរម្នាក់ជាមួយគ្រាប់កាំភ្លើង និងអាវុធច្រើនគ្រឿង
តាមកាសែតបាងកកប៉ុស្តិ៍នៅចេញផ្សាយថ្ងៃទី៩ កុម្ភៈ កងទ័ពល្បាតជើងទឹកថៃម្នាក់បានស្ទាក់ទូកមួយគ្រឿងដែលជិះដោយបុរសជនជាតិខ្មែរវ័យ២០ឆ្នាំម្នាក់នៅម្ដុំភូមិ Tambon Hat Lek ស្រុក Klong Yai នៃខេត្តត្រាតជាប់ខេត្តកោះកុង។
មេបញ្ជាការនៃអង្គភាពកងទ័ពជើងទឹកខេត្តត្រាត លោក Naruemit Suksamiti បញ្ជាក់ថា នៅក្នុង អំឡុងពេលស្ទាក់ពិនិត្យនេះ កងទ័ពបានរកឃើញកេះបិទជិតចំនួន២នៅលើទូករបស់បុរសម្នាក់នោះ។ កេះទាំងពីរមានផ្ទុកដោយកាំភ្លើងវែងប្រភេទ M16 A1 ចំនួន២ដើមជាមួយបង់កាំភ្លើងចំនួន២ កាំភ្លើងវែងប្រភេទ AK-47 ចំនួន ៨ដើមជាមួយបង់កាំភ្លើងចំនួន៤៥ គ្រាប់កាំភ្លើង AK-47 ចំនួន ១៤៤០គ្រាប់ និងសារធាតុញៀនមួយចំនួនទៀត។
បច្ចុប្បន្ន បុរសជនជាតិខ្មែររូបនេះកំពុងត្រូវបានប៉ូលិសថៃធ្វើការសួរនាំដោយ មានការចូលរួមពីអាជ្ញាធរខ្មែរក្នុងខេត្តកោះកុង។ នេះបើតាមកាសែតបាងកកប៉ុស្តិ៍ដដែល។ ទោះយ៉ាងណា លោក Naruemit Suksamiti បានបញ្ជាក់ថា ប៉ូលីសថៃកំពុងស៊ើបអង្កេតស៊ីជម្រៅដើម្បី ចង់ដឹង ថា តើអាវុធទាំងនេះមានជាប់ពាក់ព័ន្ធជាមួយនឹងករណីប៉ះទង្គិចរវាងក្រុមជនជាតិដើមភាគតិចមួយក្រុមនៅភាគខាងជើងប្រទេសថៃ ឬក៏អត់។
ប្រតិកម្មពីកម្ពុជាក្នុងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរីបានលើកឡើងថា ក្រសួងបានណែនាំឲ្យស្ថានទូតខ្មែរ ប្រចាំទីក្រុងបាងកកស្រាវជ្រាវលើករណីនេះបន្ថែមទៀត។ តាមព័ត៌មានពីស្ថានអគ្គកុងស៊ុលកម្ពជានៅស្រះកែវ ជនជាប់ចោទកំពុងត្រូវបានឃុំខ្លួនដោយអាជ្ញាធរថៃដើម្បីកសាងសំណុំរឿងបញ្ជូនឡើងតុលាការ និងថា ស្ថានអគ្គកុងស៊ុលកំពុងទាក់ទងជាមួយអាជ្ញាធរថៃដើម្បី រកមេធាវីសម្រាប់ការពារជនជាប់ចោទ៕