អ្នក​ឃ្លាំមើល​ស្នើ​រដ្ឋាភិបាល​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ស្ថាប័ន​អនុវត្ត​ច្បាប់​ជា​ជាង​បង្កើត​គណៈកម្មការ​បន្ថែម

ដោយ ជាតិ ចំណាន
2024.02.10
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​ឃ្លាំមើល​ស្នើ​រដ្ឋាភិបាល​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ស្ថាប័ន​អនុវត្ត​ច្បាប់​ជា​ជាង​បង្កើត​គណៈកម្មការ​បន្ថែម

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេច នរោត្ដម សីហមុនី យាងជាអធិបតីនៃកិច្ចប្រជុំសភា កាលពីថ្ងៃទី២១ សីហា ២០២៣។ រូប៖ ហ្វេសប៊ុក​រដ្ឋសភា


អ្នក​ឃ្លាំ​មើល​លើកឡើង​ថា ការ​បង្កើត​គណៈកម្មការ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌ នឹង​ធ្វើ​ឱ្យ​មាន​ភាព​សាំញ៉ាំ និង​គ្មាន​ប្រសិទ្ធភាព​ឡើយ ដោយសារតែ​សមាសភាព របស់​គណៈកម្មការ​នេះ មាន​កូតា​ចេញ​ពី​គណបក្ស​កាន់​អំណាច។ ពួកគាត់​ថា រដ្ឋាភិបាល​គួរតែ​ពង្រឹង​តួនាទី និង​ការងារ​របស់​ស្ថាប័ន​អនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់ ជាជាង​បង្កើត​គណៈកម្មការ​ច្រើន​ក្នុង​ស្ថាប័ន​តែ​មួយ។

មន្ត្រី​គណបក្សប្រឆាំង មិន​រំពឹង​ថា ការ​បង្កើត​គណៈកម្មការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ជា​បន្តបន្ទាប់​មក​នេះ នឹង​អាច​ជួយ​លើកស្ទួយ​ប្រព័ន្ធ​យុត្តិធម៌ ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន​នោះ​ទេ ដោយសារ​ស្ថាប័ន ដែល​បង្កើត​ថ្មី និង​ស្ថាប័ន​ចាស់ ស្ថិត​ក្នុង​រចនាសម្ព័ន្ធ​គ្រប់គ្រង​តែមួយ។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​០៩ កុម្ភៈ ថា កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ដែល​រដ្ឋាភិបាល​បាន​បង្កើត​ឡើង ហាក់​មាន​ភាព​ច្របូក​ច្របល់ និង​សាំញ៉ាំ ពីព្រោះ​គណៈកម្មការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ បែរជា​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​យុត្តិធម៌​ខ្លួនឯង ដែល​ចំណុច​នេះ មាន​ន័យថា ក្រសួង​យុត្តិធម៌ ពង្រីក​ស្ថាប័ន​ដើម្បី​កែទម្រង់​ខ្លួនឯង នៅ​លើ​តួនាទី​ដែល​មាន​ស្រាប់។

លោក រ៉ុង ឈុន៖ «បើជា​ទស្សនៈ​របស់ខ្ញុំ​ក្នុងនាម​ជា​គណបក្ស​កម្លាំង​ជាតិ វា​មិន​ចាំបាច់​បង្កើត​គណៈកម្មការ​សាំញ៉ាំ សំពីងសំពោង​ច្រើន​ទេ​បាទ​សំខាន់​អ្នកគ្រប់គ្រង​ស្ថាប័ន ដូចជា​ស្ថាប័ន​យុត្តិធម៌ រដ្ឋមន្ត្រី​យុត្តិធម៌​ហ្នឹង មាន​សេចក្ដី​ក្លាហាន ក្នុង​ការ​វះកាត់​ប៉ុណ្ណា​ហើយ​ថ្នាក់​លើ​រដ្ឋមន្ត្រី​ហ្នឹង ផ្ដល់​អំណាច​ប៉ុន្មាន​ឱ្យ​គាត់​អារ​កាត់»។

ការ​លើកឡើង​នេះ គឺ​បន្ទាប់ពី​ព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី កាលពី​ថ្ងៃទី ០៨ ខែ​កុម្ភៈ បាន​ចេញ​ព្រះរាជក្រឹត្យ តែងតាំង​សមាសភាព​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការកែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ដោយមាន​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ និង​ប្រធាន​តុលាការ​កំពូល លោក ជីវ កេង ជា​សហប្រធាន និង​សមាសភាព​ថ្នាក់ដឹកនាំ​តាម​ស្ថាប័ន​ផ្សេងទៀត ដែល​ពួកគេ​មួយ​ចំនួន​ជា​មន្ត្រី​ជាន់ខ្ពស់ នៅក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា និង​ខ្លះទៀត ស្និទ្ធ​នឹង​គណបក្ស​កាន់អំណាច។

កន្លង​មក រដ្ឋាភិបាល​នីតិកាល​ទី​៧ បាន​បង្កើត​គណៈកម្មការ​ដើម្បី​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ជាច្រើន​មក​ហើយ មាន​ដូចជា គណៈកម្មការ​ដឹកនាំ និង​អនុវត្ត​យុទ្ធនាការ​ត្រួតពិនិត្យ និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ គណៈកម្មាធិការ​ដឹកនាំ​ការកែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ និង​គណៈកម្មាធិការ​សម្របសម្រួល​ថ្នាក់​ជាតិ ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការ​រីក​សាយភាយ​អាវុធ​មហា​ប្រល័យ​ជាដើម។

ទោះជា​បែប​នេះ​ក្ដី អ្នកឃ្លាំមើល​លើកឡើង​ថា ការ​បង្កើត​គណៈកម្មការ​ច្រើន​ស្អេកស្កះ បែប​នេះ អាច​នឹង​ប៉ះពាល់​ដល់​ព្រះរាជកិច្ច​របស់​ព្រះមហាក្សត្រ ព្រោះ​ថា ចៅក្រម និង​ព្រះរាជអាជ្ញា គឺ​ស្ថិត​នៅ​ក្រោម​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ដែល​មាន​ព្រះមហាក្សត្រ​ជា​ប្រធាន​ក្នុង​ការ​ត្រួតពិនិត្យ និង​ដាក់​ពិន័យ​លើ​ចៅក្រម និង​ព្រះរាជអាជ្ញា។ ពួកគាត់​ថា ការ​បង្កើត​គណៈកម្មការ​នេះ ក៏​អាច​ធ្វើ​ឱ្យ​មាន​ភាព​ច្របូកច្របល់​ផង​ដែរ ដោយ​ក្រសួងយុត្តិធម៌ មានឱកាស​ជ្រៀតជ្រែក​ក្នុង​ការងារ​ក្រសួង​ដទៃ។

អ្នក​សិក្សា​កិច្ចការ​សង្គម និង​នយោបាយ លោក ប៉ោ មករា យល់​ថា ការបង្កើត​គណៈកម្មការ ដើម្បី​កែ​លម្អ​ប្រព័ន្ធ​យុត្តិធម៌ របស់​រដ្ឋាភិបាល​នីតិកាល​ទី​៧ នេះ ប្រៀប​បាន​ទៅ​នឹង​ការ​ពង្រីក​តួនាទី និង​កន្លែង​ការងារ ជាជាង​ការ​ផ្ដោត​ទៅ​លើ​គុណភាព​ការងារ។

លោក ប៉ោ មករា៖ «ដូច្នេះ ដើម្បី​កុំឱ្យ​មាន​ឥទ្ធិពល ឬ​បញ្ហា​អ្វីមួយ​ទៅដល់​ស្ថាប័នរដ្ឋ អ៊ីចឹង​តួនាទី​របស់​គណបក្ស​នយោបាយ ឬក៏​សមាជិក​គណបក្ស​នយោបាយ​ដែល​ផ្ដល់​ទៅ​ឱ្យ​មន្ត្រី នៅ​តាម​ក្រសួង​ហ្នឹង គួរតែ​លុប​បំបាត់​ចោល។ ដើម្បី​ការ​អនុវត្ត​ការងារ ពិសេស​នៅ​ស្ថាប័ន​តុលាការ​ហ្នឹង កុំឱ្យ​អនុវត្ត​ទៅ​វា​មាន​ការ​លម្អៀង​ទៅ​ក្នុង​អគតិ​ទាំង​៤»។

របាយការណ៍​ស្ដីពី​សន្ទស្សន៍​នីតិរដ្ឋ​ប្រចាំឆ្នាំ​២០២២ របស់​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (WJP) បង្ហាញ​ថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​អាក្រក់​បំផុត​រហូតដល់​បាត​តារាង គឺ​នៅ​លេខ​រៀង​១៣៩ ក្នុង​ចំណោម ១៤០​ប្រទេស គឺ​គ្រាន់បើ​តែ​ជាង​ប្រទេស​វេណេហ្ស៊ុយអេឡា (Venezuela) មួយ​តែ​ប៉ុណ្ណោះ។

អ្នកឃ្លាំមើល​លើកឡើង​ថា ការ​​បង្កើត​គណៈកម្មការ​ដើម្បី​កែ​ទម្រង់​យុត្តិធម៌​ត្រួត​ជាន់គ្នា​នេះ គឺជា​ការ​សម្ដែង​ដើម្បី​កុហក​ពលរដ្ឋ​ខ្លួនឯង និង​សហគមន៍​អន្តរជាតិ​តែ​ប៉ុណ្ណោះ​។ ពួកគាត់​ថា ជំហាន​ដំបូង ដើម្បី​កែ​លម្អ​ប្រព័ន្ធ​យុត្តិធម៌ គឺ​ការ​ដាក់​ឱ្យ​ស្ថាប័ន​អនុវត្ត​ច្បាប់ ស្ថិត​នៅ​ឯករាជ្យ និង​មិន​បម្រើ​ផលប្រយោជន៍​ឱ្យ​គណបក្ស​នយោបាយ​ណាមួយ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment