អ្នក​ជំនាញ​ច្បាប់ និង​អ្នក​សារព័ត៌មាន​ចង់​ឃើញ​សវនាការ​សំណុំរឿង​លោក កឹម សុខា បើក​ជា​សាធារណៈ​ពិត​ប្រាកដ

ដោយ សេក បណ្ឌិត
2024.02.09
RFA

អ្នក​ជំនាញ​ច្បាប់ និង​អ្នក​សារព័ត៌មាន​ចង់​ឃើញ​សវនាការ​សំណុំរឿង​លោក កឹម សុខា បើក​ជា​សាធារណៈ​ពិត​ប្រាកដ

លោក កឹម សុខា ប្រធាន​គណបក្សសង្គ្រោះជាតិ លើកដៃ​រា​ពី​ក្នុង​រថយន្ត​ទៅកាន់​អ្នក​គាំទ្រ និង​អ្នក​សារ​ព័ត៌មាន ពេល​លោក​ចេញ​ដំណើរ​ពី​ផ្ទះ​ទៅ​ចូលរួម​សវនាការរឿងក្ដី​របស់​លោក​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី១៦ ខែ​កុម្ភៈ ឆ្នាំ២០២២។ រូបពីពលរដ្ឋ


អ្នក​ជំនាញ​ច្បាប់ និង​អ្នក​សារព័ត៌មាន​ថា ការ​រឹតត្បិត​អ្នក​សារព័ត៌មាន​មិន​ឱ្យ​ចូល​ស្ដាប់​លើ​សំណុំ​រឿង​លោក កឹម សុខា នឹង​ប៉ះពាល់​ដល់​សិទ្ធិ​ជំនុំជម្រះ​ដោយ​យុត្តិធម៌។ ពួកគាត់​ថា លោក​ កឹម សុខា គឺ​ជា​អ្នក​នយោបាយ​សំខាន់​ម្នាក់ ដែល​សាធារណជន​ចង់​ដឹង​ពី​ដំណើរ​ការ​កាត់​ក្ដី​របស់​លោក។

អ្នក​ជំនាញ​ច្បាប់ និង​អ្នកសារព័ត៌មាន​ស្នើ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​បង្ក​ភាព​ងាយ​ស្រួល​ដល់​អ្នក​សារព័ត៌មាន​យក​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​ក្នុង​សវនាការ​លើ​បណ្ដឹង​ជំទាស់​របស់​មេ​ដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា លើ​សំណុំ​រឿង​​ក្បត់​ជាតិ។

ការ​ស្នើ​នេះ ក្រោយ​ពី​អាជ្ញាធរ​ក្រុង​ភ្នំពេញ រឹតត្បិត​មក​លើ​អ្នក​សារព័ត៌មាន និង​សកម្មជន​បក្ស​ប្រឆាំង​មិន​ឱ្យ​ចូល​យក​ព័ត៌មាន ឬ​ឈរ​គាំទ្រ​នៅ​មុខ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ចំនួន​ពីរ​ដង​រួច​មក​ហើយ។ ជាក់ស្ដែង​នៅ​ថ្ងៃ​សវនាការ​លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី៨ កុម្ភៈ មាន​អាជ្ញាធរ​ពង្រាយ​កម្លាំង សន្តិសុខ និង​ប៉ូលិស​ជា​ច្រើន​នាក់ បិទ​គ្រប់​ច្រក​ចូល​​សាលាឧទ្ធរណ៍ ហើយ​រួម​ទាំង​បង្កប់​ដោយ​ជន​ស៊ីវិល​ឱ្យ​តាម​ថតរូប និង​ឃ្លាំមើល អ្នក​សារព័ត៌មាន និង​ក្រុម​សកម្មជន​បក្ស​ប្រឆាំង។

អ្នក​ជំនាញ​ផ្នែក​ច្បាប់ បណ្ឌិត សឺន ជុំជួន លើក​ឡើង​ថា នៅ​ក្នុង​កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​អន្តរជាតិ និង​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា ការ​ជំនុំ​ជម្រះ​ជា​សាធារណៈ គឺ​ជា​ផ្នែក​ដ៏​សំខាន់​​នៃ​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌។ បណ្ឌិត សឺន ជុំជួន បន្ត​ថា សវនាការ​លើ​អង្គសេចក្ដី​លើ​ករណី​ លោក កឹម សុខា គឺ​ជា​សវនាការ​ជា​សាធារណៈ ដូច្នេះ​លោក​យល់​តុលាការ​គួរ​បង្ក​ភាព​ងាយ​ស្រួល​ដល់​អ្នកសារព័ត៌មាន​ក្នុង​ការ​រាយការណ៍​ព័ត៌មាន​នេះ​ទៅ​កាន់​សាធារណជន​ផ្សេង​ទៀត​ដែល​មិន​បាន​ចូល​ស្ដាប់។

បណ្ឌិត សឺន ជុំជួន បន្ត​ថា លោក កឹម សុខា គឺ​ជា​អ្នក​នយោបាយ​សំខាន់​មួយ​រូប ក្នុង​ក្រសែភ្នែក​ពលរដ្ឋ​ខ្មែរ ហើយ​លោក​ជឿ​ថា សាធារណជន​នឹង​ចង់​ដឹង​ពី​ដំណើរ​ការ​កាត់​ក្ដី​លើ​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ។ បណ្ឌិត សឺន ជុំជួន យល់​ថា​ការ​ផ្ដល់​ឱ្យ​អ្នក​សារព័ត៌មាន និង​សាធារណជន​ចូល​រួម​ស្ដាប់​នឹង​មិន​បង្ក​ការ​រំខាន​ដល់​ដំណើរ​ការ​ជំនុំ​ជម្រះ​ក្ដី​នោះ​ដែរ។

បណ្ឌិត សឺន ជុំជួន៖«គេ​ចង់​ឃើញ ចង់​ដឹង ចង់​ស្ដាប់ ចង់​យល់​អំពី​នីតិវិធី​ដំណើរ​ការ​រឿង​របស់​គាត់ មិន​មែន​ធម្មតា​អី ដល់ ២៧ឆ្នាំ។ អ៊ីចឹង គេ​ចង់​ដឹង​ណាស់ ពិសេស អ្នក​សារព័ត៌មាន គឺ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​ចំណែក​ផ្ដល់​យុត្តិធម៌​ដល់​ជន​ជាប់​ចោទ​ផង​ដែរ នៅ​ក្នុង​ការ​សង្កេត​ថា សវនាការ​ហ្នឹង​មិន​បាន​ដំណើរ​ការ​ត្រូវ​នីតិវិធី មិន​មាន​តម្លាភាព​អី​ជា​ដើម»

អ្នក​សារព័ត៌មាន​មួយ​រូប ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា សាលា​ឧទ្ធរណ៍​បាន​រឹតត្បិត​អ្នក​សារព័ត៌មាន​ទោះ​បី​ជា​អ្នក​សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ឈ្មោះ ក៏​មន្ត្រី​តុលាការ​ថា មិន​មាន​កន្លែង​អង្គុយ​គ្រប់​គ្រាន់​ដែរ។ លោក​ថា ការ​រឹតត្បិត​បែប​នេះ​បាន​ធ្វើ​អ្នក​សារព័ត៌មាន​មិន​អាច​​រាយការណ៍​ពី​ការ​លើក​ឡើង​របស់​តំណាង​អយ្យការ និង​ចៅក្រម ទៅ​កាន់​លោក កឹម សុខា នោះ​ទេ។

លោក​ថា៖ «ការ​ប៉ះពាល់​មួយ​ចំនួន​ដល់​ការ​ធ្វើ​សេចក្ដី​រាយការណ៍​ព័ត៌មាន ដោយសារ​តែ​យើង​អត់​បាន​ចូល ​អត់​បាន​ស្ដាប់​នូវ​អ្វី ដែល​ជា​ការ​ដេញ​ដោល​សួរ​នៅ​​សវនាការ​ អ៊ីចឹង​ទៅ​ ការ​រាយការណ៍​ព័ត៌មាន​ផ្អែក​តែ​ទៅ​លើ​មន្ត្រី​សង្គម​ស៊ីវិល​ខ្លះ​ដែល​គាត់​ចូល​រួម​ និង​សហ​មេធាវី​របស់​លោក​ កឹម​ សុខា។ ធម្មតា​ខ្ញុំ​ចង់​ឱ្យ​មាន​ការ​បើក​ទូលាយ​សម្រាប់​អ្នក​កាសែត​ឱ្យ​គាត់​ធ្វើ​សេចក្ដីរាយការណ៍​គ្រប់​ជ្រុង​ពី​សម្ដី​របស់​ចៅក្រម​ ឬ​ភាគី​ប្ដឹង​ផ្ដល់​គ្នា»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍​ លោក​ ឃុន លាងម៉េង​ ជុំ​វិញ​សំណុំ​រឿង​របស់​លោក​ កឹម សុខា ​បាន​ទេ ​នៅ​ថ្ងៃ​ទី៩ ខែ​​មករា។

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​​កាល​ពី​ថ្ងៃ​ទី​ ០៣ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣ បាន​ផ្ដន្ទាទោស​លោក កឹម សុខា ដាក់​ពន្ធនាគារ​រយៈ​ពេល ២៧ឆ្នាំ ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស ឬ​ឃុបឃិត​​​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​បរទេស ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​តាំង​ពី​ឆ្នាំ​២០១៧។ តុលាការ​បាន​ដាក់​បម្រាម​មិន​ឱ្យ​លោក កឹម សុខា ធ្វើ​នយោបាយ មិន​ឱ្យ​ចេញ​ពី​ផ្ទះ មិន​អនុញ្ញាត​ឱ្យ​ជួប​បរទេស លើក​លែង​តែ​មាន​ការ​អនុញ្ញាត​ពី​តុលាការ៕

What Next?

Recent Articles

Leave a Reply

Submit Comment