ក្មេងប្រុសម្នាក់ស្លាប់ដោយសារជំងឺផ្ដាសាយបក្សី

ដោយ យ៉ង ចាន់តារា
2024.02.11
RFA

ក្មេងប្រុសម្នាក់ស្លាប់ដោយសារជំងឺផ្ដាសាយបក្សី

មន្ត្រីចុះបាញ់ថ្នាំសម្លាប់មេរោគនៅបរិវេណផ្ទះកុមាររងគ្រោះ ស្ថិតនៅភូមិកាប៉ូ១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ រូប៖ ហ្វេសប៊ុកអ្នកខេត្តក្រចេះ


ក្មេង​ប្រុស​អាយុ ៩ ឆ្នាំ ម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី (H5N1) ដែល​ជា​ករណី​ដំបូង​នៅ​ឆ្នាំ ២០២៤ នេះ។

ក្រសួង​សុខាភិបាល​ឱ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី ០៩ កុម្ភៈ​ថា ក្មេង​ប្រុស​រូប​នេះ​មាន​ស្ថានភាព​សុខភាព​ធ្ងន់ធ្ងរ រួម​មាន​គ្រុនក្ដៅ ពិបាក​ដក​ដង្ហើម ហត់ ក្អក និង​សន្លប់ ហើយ​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី ០៨ កុម្ភៈ ទោះជា​មារ​ការ​ជួយ​សង្គ្រោះ​ពី​ក្រុម​គ្រូពេទ្យ​ក៏ដោយ។ អ្នកជំងឺ​មាន​ទីលំនៅ​ក្នុង​ភូមិ​កាប៉ូ១ ឃុំ​អូរឫស្សី ក្រុង​ក្រចេះ ខេត្ត​ក្រចេះ។ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា  គ្រួសារ​របស់​អ្នក​ជំងឺ​បាន​យក​មាន់​ទា​ដែល​ងាប់ យក​ទៅ​ធ្វើ​ម្ហូប​បរិភោគ។

ចាប់តាំង​ពី​ឆ្នាំ ២០០៥ រហូត​ដល់​ពេល​នេះ កម្ពុជា​បាន​រក​ឃើញ​ករណី​ជំងឺ​ផ្ដាសាយ​បក្សី (H5N1) ឆ្លង​លើ​មនុស្ស​ចំនួន ៥៩ នាក់​ហើយ ក្នុង​នោះ​អ្នក​ស្លាប់​មាន​ចំនួន ៤០ នាក់។

ក្រសួង​សុខាភិបាល​ក្រើន​រំឭក​ដល់​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ជានិច្ច​ចំពោះ​ជំងឺ​ផ្ដាសាយ​បក្សី ព្រោះ​ជំងឺ​នេះ​នៅតែ​បន្ត​គំរាមកំហែង​ដល់​សុខភាព​ពលរដ្ឋ។ ដើម្បី​បង្ការ​ជំងឺ​នេះ ក្រសួង​ណែនាំ​ឱ្យ​ពលរដ្ឋ​លាងដៃ​ជាមួយ​សាប៊ូ​មុន​ពេល​បរិភោគ និង​ក្រោយ​ពី​ប៉ះពាល់​បក្សី ដាក់​កុមារ​នៅ​ឆ្ងាយ​ពី​សត្វ​បក្សី និង​ដាក់​សត្វ​បក្សី​នៅ​ឱ្យ​ឆ្ងាយ​ពី​កន្លែង​រស់នៅ កុំ​បរិភោគ​សត្វ​បក្សី​ឈឺ ឬ​ងាប់ ហើយ​រាល់​បក្សី​ដែល​ធ្វើ​សម្រាប់​បរិភោគ​ត្រូវ​ចម្អិន​ឱ្យ​ឆ្អិន​ល្អ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles