លោក សម រង្ស៊ី ថាមេដឹកនាំសព្វថ្ងៃធ្វើឲ្យព្រះពុទ្ធសានាធ្លាក់ចុះ តែលោកប៉ែន បូណាច្រានចោល

កម្ពុជា
11/02/2024 – 12:02
ដោយ៖ សេង​ បារាំង
RFI

លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្រ្គោះជាតិបានយកសាសនាព្រះពុទ្ធ ដើម្បីវាយប្រហាររដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ តាមមេប្រឆាំងចាស់វស្សារូបនេះ មេដឹកនាំសព្វថ្ងៃជាអ្នកធ្វើឲ្យតម្លៃព្រះពុទ្ធសាសនា និងសីលធម៌សង្គមធ្លាក់ចុះ។ តែការលើកឡើងរបស់លោក សម រង្ស៊ី ដូចនេះ ត្រូវបានអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា ច្រានចោលនិងវាយបកវិញថា គឺពួកលោក សម រង្ស៊ី ទេតើជាអ្នកធ្វើឲ្យខូចតម្លៃព្រះពុទ្ធសាសនានៅកម្ពុជា។

លោក សម រង្ស៊ី ថាមេដឹកនាំសព្វថ្ងៃធ្វើឲ្យព្រះពុទ្ធសានាធ្លាក់ចុះ តែលោកប៉ែន បូណាច្រានចោល


លោក សម រង្ស៊ី បានចោទរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ពិសេសមេដឹកនាំពី បទយកព្រះពុទ្ធសាសនាធ្វើជាឡប់ឡែ ជាខែល និង ជាឈ្នាន់ដើម្បីបម្រើឲ្យប្រយោជន៍របស់ខ្លួន។ ការចោទរបស់លោក សម រង្ស៊ី នេះ ធ្វើឡើងនៅក្នុងវេទិកាសាធារណៈស្តីពី “ព្រះពុទ្ធសាសនា វប្បធម៌ខ្មែរ និងព្រលឹងជាតិ” នៅវត្តចន្ទរង្សីក្បែរទីក្រុងប៉ារីសប្រទេសបារាំង កាលពីថ្ងៃទី១០ កុម្ភៈ។ តាមមេប្រឆាំងចាស់វស្សារូបនេះ ការយកព្រះពុទ្ធសាសនាទៅជាន់ឈ្លីលេងសើចឡប់ឡែ ជារឿងគ្រោះថ្នាក់ធ្វើឲ្យព្រលឹងជាតិស្លាប់។

តាមលោក សម រង្ស៊ី ព្រះពុទ្ធសាសនាអប់រំមនុស្សឲ្យធ្វើល្អ តែមេដឹកនាំសព្វថ្ងៃបានយកព្រះពុទ្ធសាសនាទៅបម្រើផលប្រយោជន៍ឲ្យបក្សពួក និងក្រុមគ្រួសាររបស់ខ្លួនទៅវិញ។ លោក សម រង្ស៊ី បានលើកជាឧទាហរណ៍នៅក្នុងបញ្ហានេះថា មេដឹកនាំសព្វថ្ងៃបានតម្លើងស័ក្តិឲ្យព្រះសង្ឃជាដើម។ ក្រៅពីនេះ និងបើ តាមលោកសម រង្ស៊ីដដែល មេដឹកនាំសព្វថ្ងៃបានប្រព្រឹត្តអំពើអាក្រក់ បាញ់សម្លាប់អ្នកដែលហ៊ានរិះគន់សង្គម អ្នកការពារព្រៃឈើ សហជីព ដូចជាលោក ជា វិជ្ជា លោក កែម ឡី និងលោក ឈុត វុទ្ធី ជាដើម។

លោក សម រង្ស៊ី ថាមេដឹកនាំសព្វថ្ងៃធ្វើឲ្យព្រះពុទ្ធសានាធ្លាក់ចុះ តែលោក ប៉ែន បូណា ច្រានចោល
លោក សម រង្ស៊ី ថាមេដឹកនាំសព្វថ្ងៃធ្វើឲ្យព្រះពុទ្ធសានាធ្លាក់ចុះ តែលោក ប៉ែន បូណា ច្រានចោល AFP – EMMANUEL DUNAND

តែការចោទប្រកាន់របស់លោក សម រង្ស៊ី ទាំងនេះ ត្រូវបានអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ច្រានចោល។ តាមលោក ប៉ែន បូណា ពាក្យសម្ដីរបស់លោក សម រង្ស៊ីសព្វថ្ងៃ ត្រូវបានពលរដ្ឋទូទៅចាត់ទុកថាជាពាក្យសម្ដីអត់បានការ ព្រោះលោក សម រង្ស៊ី និយាយមិនពិត។ សម្រាប់លោក ប៉ែន បូណា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនសព្វថ្ងៃ ជាអ្នកលើកតម្កើងតម្លៃព្រះពុទ្ធសាសនា ក្រោយពីបានបាត់បង់ក្នុងសម័យខ្មែរក្រហម។

អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះដដែលបានចំអកឲ្យលោក សម រង្ស៊ី វិញថា គ្មានបានធ្វើអ្វី ឬក៏សាងអ្វីចំពោះព្រះពុទ្ធសាសនានៅកម្ពុជាឡើយ និង ថាមានតែរដ្ឋាភិបាលដឹកនាំដោយបក្សប្រជាជនប៉ុណ្ណោះដែលជាអ្នកកសាងវត្តអារាមនៅទូទាំងប្រទេស។ ទន្ទឹមគ្នានេះ លោកប៉ែន បូណាបានចោទលោក សម រង្ស៊ី វិញពីបទប្រើឲ្យកូនចៅទៅបួសជាសង្ឃក្លែងក្លាយដើម្បីបម្រើមហិច្ឆតានយោបាយរបស់ខ្លួន និងធ្វើឲ្យខូចតម្លៃព្រះពុទ្ធសាសនា៕

What Next?

Recent Articles