ក្រុមអង្គការសង្គមស៊ីវិលនិងយុវជនស្នើគណបក្សប្រជាជនកម្ពុជាដកពាក្យបណ្តឹងលើមន្រ្តីអាដហុក

១២ កុម្ភៈ ២០២៤
មាស​ ដា
វីអូអេខ្មែរ

រូបឯកសារ៖ ប្រធានគណបក្ស​ប្រជាជនកម្ពុជាលោក ហ៊ុន សែន ថ្លែង​សុន្ទរកថា​នៅក្នុង​ពិធីខួបលើក​ទី៤៥ នៃការ​បង្កើតគណបក្ស​ប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។
រូបឯកសារ៖ ប្រធានគណបក្ស​ប្រជាជនកម្ពុជាលោក ហ៊ុន សែន ថ្លែង​សុន្ទរកថា​នៅក្នុង​ពិធីខួបលើក​ទី៤៥ នៃការ​បង្កើតគណបក្ស​ប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។

ភ្នំពេញ — ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​យុវជន​មួយ​ចំនួន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម ដោយ​ស្នើ​សុំ​គណ​បក្ស​ប្រជាជន​កម្ពុជា ពោល​គឺ​លោក ហ៊ុន សែន ឱ្យ​ដក​ពាក្យ​បណ្តឹង​លើ​មន្រ្តី​ជាន់​ខ្ពស់​សមាគម​អាដហុក លោក ស៊ឹង សែន​ករុណា។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចេញ​ផ្សាយ​កាល​ពី​ចុង​សប្តាហ៍។


ក្រុម​អង្គការ​សង្គម​ស៊ីវិល សមាគម សហជីព យុវជន ប្រមាណ​ ១០​ ដែល​រួមមាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ អង្គការ​សម្ព័ន្ធ​ភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា សមាគម IDEA សមាគម​បណ្តាញ​យុវជន និង​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​ជា​ដើម កាល​ពី​ថ្ងៃ​ទី​ ៩ ខែកុម្ភៈ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ដោយ ​«ស្នើសុំ​ឱ្យ​ដើម​បណ្តឹង​ពិចារណា​ដក​ពាក្យ​បណ្តឹង​លើ​រូប​លោក ស៊ឹង សែន​ករុណា» ​អនុ​ប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ដែល​កំពុង​រង​បណ្ដឹង​ទាក់ទង​នឹង​បទ​សម្ភាសន៍​មួយ​ជា​មួយ សារ​ព័ត៌មាន​ The Cambodia Daily

សេចក្តី​ថ្លែង​ការណ៍​ដដែល​ឱ្យ​ដឹង​ថា ក្នុង​បទ​សម្ភាសន៍​នោះ​ លោក ស៊ឹង សែន​ករុណា «មិន​មាន​ចេតនា​ទុច្ចរិត​ណា​មួយ​បង្កាច់​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​នោះ​ឡើយ» ព្រោះ​លោក ស៊ឹង សែនករុណា ​បាន​បដិសេធ​លើ​ការ​បន្ថែម​បន្ថយ​សម្រង់​សម្ដី​ដើម​របស់​លោក ដែល​មាន​បញ្ជាក់​ឈ្មោះ​គណបក្ស​ប្រជាជន​កម្ពុជា។

នៅ​ក្នុង​បេសកកម្ម​លើក​កម្ពស់​សិទ្ធិ​មនុស្ស លទ្ធិ​ប្រជា​ធិប​តេយ្យ និង​ក្នុង​តួនាទី​អនុ​ប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​លើក​កម្ពស់ និង​ការពារ​សិទ្ធិ​មនុស្ស យុត្តិធម៌​សង្គម​ និង​ប្រជាធិប​តេយ្យ​នៅ​ប្រទេស​កម្ពុជា និង​ចំណាយ​ពេល​ជា​ច្រើន​ក្នុង​ការ​ចែក​រំលែក​ចំណេះ​ដឹង និងទស្សនៈ​ទៅ​កាន់​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ប្រកប​ដោយ​អព្យា​ក្រឹតភាព និង​ប្រកប​ដោយ​វិជ្ជាជីវៈ។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍។

សេចក្តី​ថ្លែង​ការណ៍​ដដែល​អំពាវ​នាវ​ដល់​ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ពិចារណា​ដក​ពាក្យ​បណ្តឹង ក្នុង​ស្មារតី​ធានា និង​លើក​កម្ពស់​សិទ្ធិ​សេរី​ភាព​ខាង​ការ​បញ្ចេញ​មតិ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា។

កញ្ញា លី ស្រីស្រស់ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​ដែល​បាន​ចូល​រួម​គាំទ្រ​សេចក្តី​ថ្លែង​ការណ៍​នេះ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​វា​ហាក់​ដូច​ជា​មាន​កំហុស​វិជ្ជាជីវៈ​ផ្នែក​សារព័ត៌មាន ជាជាង​កំហុស​របស់​អ្នក​ផ្តល់​បទ​សម្ភាសន៍។

កញ្ញា​ថ្លែង​ថា​៖ «យើង​មើល​ឃើញ​ថា រឿង​រ៉ាវ​ទាំង​អស់​ហ្នឹង​វា​អាច​នៅ​ក្នុង​ការ​កែ​ប្រែ​ទៅ​លើ​សម្រង់​សម្តី​ឱ្យ​ទៅ​សម្រង់​សម្តី​ដើម​អ៊ីចឹង​ កំហុស​ប្រភព​គឺ​វា​អត់​មាន​ទេ។ យើង​មើល​ជា​រួម​ទៅ​ អាច​នៅ​ក្នុង​ទិដ្ឋ​ភាព​កំហុស​វិជ្ជាជីវៈ​សារព័ត៌មាន​ ឬ​ក៏​ការ​សម្រង់​សម្តី​ខុស​ទេ មិន​មែន​ប្រភព​ជា​អ្នក​ផ្តល់​ឱ្យ​ខុស​ទេ»

អ្នក​វិភាគ​វ័យ​ក្មេង​រូប​នេះ​បន្ថែម​ថា៖ «លោក​ ស៊ឹង សែនករុណា ខ្លួន​ឯង​ហ្នឹង​ក៏​បាន​បដិសេធ​ទៅ​លើ​ការ​បន្ថែម​បន្ថយ​សម្រង់​សម្តី​នៅ​ក្នុង​អត្ថបទ​ចុះ​ផ្សាយ​ របស់ ​The Cambodia Daily ទៀត។ ហើយ ​The Cambodia Daily ខ្លួន​ឯង​ហ្នឹង​ក៏​គាត់​បាន​កែ​សម្រង់​សម្តី​ហ្នឹង​ឱ្យ​វា​សម​ស្រប​ជា​មួយ​ហ្នឹង​សម្រង់​សម្តី​ដើម​របស់​លោក ស៊ឹង សែនករុណា ដែរ អត់​មាន​បញ្ជាក់​ឈ្មោះ​គណបក្ស​ណា​មួយ​នោះ​ទេ»

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ ឬ​ការ​ដាក់​ញត្តិ​ទាមទារ​ឱ្យ​មាន​ការ​ដក​ពាក្យ​បណ្តឹង​គឺសិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​អង្គការ និង​ក្រុម​យុវជន​ទាំង​នោះ។ លោក​ថា​ករណី​នេះ​ទុកឱ្យតុលាការ​ជា​អ្នក​សម្រេច។

លោក​ថ្លែង​ថា​៖ ​«ការ​ធ្វើ​ញត្តិ​ក៏​ដោយ ការ​មាន​មតិ​យ៉ាង​ណា​ក៏​ដោយ​ដែល​សំណូមពរ​ ឬ​ទាមទារ​ឱ្យ​ដក​ពាក្យ​បណ្តឹងនោះ​ វា​ហួស​ពេល​ទៅ​ហើយ​។ យើង​ចាត់​ទុក​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ឬ​មួយ​ការ​មាន​មតិ​បែប​ណា​ អាហ្នឹង​គ្រាន់​តែ​ជា​សិទ្ធិ​បញ្ចេញ​មតិ​។ ប៉ុន្តែ​ការ​សម្រេច​យ៉ាង​ណា ​វា​មិន​លើ​គាត់​ទេ វា​លើ​ដើម​បណ្តឹង​ ហើយ​ដើម​បណ្តឹង​នេះ បាន​ដាក់​ចូល​ដៃ​តុលាការ​ហើយ។ អ៊ីចឹង​ដើម​បណ្តឹង​ទុក​ឱ្យ​តុលាការ​លោក​ចាត់​នីតិវិធី​ ស្រប​តាម​តួនាទី​ ភារកិច្ច​របស់​លោក»

រូបឯកសារ៖ លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

គួរបញ្ជាក់​ថា​ កាល​ពី​ថ្ងៃ​ទី ​៥ ខែ​កុម្ភៈ ឆ្នាំ​ ២០២៤ ក្រុម​មេធាវី​របស់​លោក ហ៊ុន សែន បាន​ដាក់​ពាក្យប្តឹង​អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ទៅ​តុលាការ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ២ ​ពាន់​លាន​រៀល ឬ​ប្រមាណ ​៥០ ​ម៉ឺន​ដុល្លារ ពាក់ព័ន្ធនឹង​អត្ថបទ​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​សារព័ត៌​មាន The Cambodia Daily ​កាល​ពី​ថ្ងៃ​ទី ​២ ខែ​កុម្ភៈ ដោយ​ដក​ស្រង់​សម្តី​របស់​លោក ស៊ឹង សែន​ករុណា។

ក្នុង​អត្ថបទ​សារព័ត៌មាន ​The Cambodia Daily ​ដែល​មាន​ចំណង​ជើ​ងថា «លោក សុន ឆ័យ គ្រោង​លក់​ផ្ទះ​ចុង​ក្រោយ​របស់​លោក​ជាង​ ១​លាន​ដុល្លារ ដើម្បី​សង​ជំងឺ​ចិត្ត​បក្ស​កាន់​អំណាច» លោក ស៊ឹង សែន​ករុណា ត្រូវ​បាន​ដក​ស្រង់សម្តី​មក​សរសេរ​ថា៖ «វិវាទ​របស់​អ្ន​កនយោបាយ​គួរបញ្ចប់​ដោយ​នយោ​បាយ មិនគួរ​ប្រើ​ប្រព័ន្ធ​តុលាការ​មកដោះ​ស្រាយ​ទេ​។ .​.. គណបក្ស​កាន់​អំណាច​តែង​តែ​យក​តុលាការ​មកធ្វើជា​របាំង​ក្នុង​ការ​គាប​សង្កត់​ដៃគូ​នយោបាយ​ប្រឆាំង​របស់​ខ្លួន​។ … គណបក្ស​នយោបាយ​ទាំង​អស់​គួរ​តែ​ប្រើប្រាស់​វិធី​ចាស់ទុំ ដើម្បី​ធ្វើការ​ប្រកួត​ប្រជែង​គ្នា គួរ​បញ្ឈប់​នូវ​វប្បធម៌​គំរាម​កំហែង​ដៃគូនយោបាយ​របស់ខ្លួន​ ដើម្បី​ទុក​ជា​គំរូ​សម្រាប់​អ្នក​នយោ​បាយ​ជំនាន់​ក្រោយ»

ក្រោយ​មាន​ការ​ប្តឹង​ផ្តល់​នេះ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា លើក​ឡើង​ថា​ លោក​មិន​បាន​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ចំៗ​លើ​គណបក្ស​ប្រជាជន​កម្ពុជា ដូច​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌​មាន​ឡើយ។

ក្រោយ​មាន​ការ​ប្តឹង​ផ្តល់​ដោយ​សំអាង​លើ​អត្ថបទ​សារព័ត៌មាន ស្ថាប័ន​ The Cambodia Daily ដែល​ផ្សាយ​ចេញ​ពី​សហរដ្ឋអាមេរិក​តាម​ហ្វេស​ប៊ុក​និង​គេហទំព័រ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​ថា ​ខ្លួន​បាន​កែ​សម្រួល​សម្តី​ដក​ស្រង់​របស់​លោក ស៊ឹង សែន​ករុណា មួយ​ចំនួន ដែល​ក្នុង​នោះ​លុប​ចោល​នូវ​សម្តី​ចម្រូង​ចម្រាស ដូច​ជា ​«គណបក្ស​កាន់​អំណាច​តែង​តែ​យក​តុលាការ​មកធ្វើជា​របាំង​ក្នុង​ការ​គាប​សង្កត់​ដៃគូ​នយោបាយ​ប្រឆាំង​របស់​ខ្លួន»

What Next?

Recent Articles

Leave a Reply

Submit Comment