ដោយ ច័ន្ទ ដារ៉ូ
2024.02.12
RFA
អ្នកវិភាគនយោបាយលោកបណ្ឌិត សេង សារី (ពីឆ្វេងទៅស្ដាំនៅលេខរៀងទី៨) ចូលរួមធ្វើជាវាគ្មិនក្នុងសិក្ខាសាលាវគ្គខ្លីរបស់បណ្ដាញយុវជនកម្ពុជាសកល នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកលោក សុភ័ណ្ឌ ឡារី
បណ្ដាញយុវជនកម្ពុជាសកល (GCYN) នៅក្រៅប្រទេស ធ្វើសមាជរៀបចំក្បាលម៉ាស៊ីនដឹកនាំដើម្បីផ្ដល់ឱកាសដល់យុវជនបញ្ចេញសមត្ថភាព និងចូលរួម អភិវឌ្ឍសង្គមតាមរយៈការស្ដារលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ការបោះឆ្នោតដោយត្រឹមត្រូវនៅកម្ពុជា។ គណបក្សកាន់អំណាចថា ការបង្កើតចលនាយុវជនដើម្បីធ្វើសកម្មភាពនៅក្រៅប្រទេសនោះ មិនបានលទ្ធផលអ្វីនោះទេ។
បណ្ដាញយុវជនកម្ពុជាសកល (GCYN) នៅបណ្ដាប្រទេសជុំវិញពិភពលោក បានរៀបចំសមាជតាមប្រព័ន្ធហ្សូម (Zoom) និងផ្សព្វផ្សាយតាមបណ្ដាញសង្គមដែលមានតំណាងចូលរួមចំនួន ១៣៥ នាក់នៅថ្ងៃទី១១ ខែកុម្ភៈ។ អង្គសមាជ បានបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំរួមមានប្រធានមួយរូប អនុប្រធានពីររូប គណៈកម្មាធិការអចិន្ត្រៃយ៍ ១១ រូប គណៈកម្មាធិការនាយក ៣២ រូប និងអនុម័តលក្ខន្តិកៈចំនួន ១១ ជំពូក មាន ៥១ ប្រការ។ សមាជនេះដែរ ពួកគេក៏ប្រកាសពីទិសដៅដើម្បីជំរុញឱ្យយុវជនចូលរួមកសាង អភិវឌ្ឍសង្គម ព្រមទាំងធ្វើសច្ចាប្រណិធានបម្រើផលប្រយោជន៍ជាតិ ឈរលើគោលការណ៍ប្រជាធិបតេយ្យ សេរី យុត្តិធម៌ដោយមិនគាំទ្រការដឹកនាំបែបផ្ដាច់ការគ្រួសារនិយម។
អ្នកនាំពាក្យបណ្ដាញយុវជនកម្ពុជាសកលលោក ម៉ាត់ វណ្ណី ប្រាប់វិទ្យុអាស៊ីសេរីថា ការរៀបចំបណ្ដាញយុវជន ធ្វើឡើងក្នុងគោលបំណងចង់ឱ្យយុវជនខ្មែរទាំងក្នុងនិងក្រៅប្រទេស បានបញ្ចេញសមត្ថភាព និងមានឱកាសចូលរួមកាន់តែសកម្មក្នុងកិច្ចការនយោបាយ ការបណ្ដុះស្មារតីជាតិនិយមជាដើម។ លោកបញ្ជាក់ថា ការប្រមូលផ្ដុំកម្លាំងយុវជនដែលមានឫសគល់កើតចេញពីក្រុមអ្នកប្រជាធិបតេយ្យ នឹងមានសារៈសំខាន់សម្រាប់អ្នកតស៊ូ ដើម្បីរួមគ្នាជំរុញឱ្យសង្គមមានយុត្តិធម៌ និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ខណៈក្រុមអ្នកកាន់អំណាចកំពុងដឹកនាំប្រទេសតាមរយៈសែស្រឡាយបក្ខពួក។
លោក ម៉ាត់ វណ្ណី៖ «វាជាការបង្ហាញបរិបទថ្មីមួយថាយុវជននៅក្នុងប្រទេស និងក្រៅប្រទេសក្ដី គឺយើងមិនដែលបោះបង់ប្រទេសជាតិរបស់យើងចោលទេ យើងតែងតែរិះរកគ្រប់មធ្យោបាយ និងឱកាសដើម្បីរួបរួមគ្នាក្នុងការធ្វើកិច្ចការងារនយោបាយស្រោចស្រង់លទ្ធិប្រជាធិបតេយ្យ ការពារផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋ។ គណបក្សប្រជាជនកម្ពុជាដឹកនាំដោយគ្រួសារត្រកូលហ៊ុន មិនបានផ្ដល់ឱកាសដល់យុវជនដែលពុំជាប់ពាក់ព័ន្ធសែស្រឡាយ និងបក្ខពួកឱ្យបញ្ចេញសមត្ថភាពទេ»។
បណ្ដាញយុវជនកម្ពុជាសកល ជាបណ្ដុំយុវជនខ្មែររស់នៅក្រៅប្រទេស បានបង្កើតឡើងកាលពីឆ្នាំ២០២១ ដើម្បីប្រមូលកម្លាំងយុវជនអ្នកប្រជាធិបតេយ្យ ដែលចង់រៀបចំ និងកសាងប្រទេសកម្ពុជាឡើងវិញឱ្យបានត្រឹមត្រូវដោយផ្អែកលើគោលការណ៍សីលធម៌ សច្ចធម៌ និងយុត្តិធម៌។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការបង្កើតចលនាយុវជនដើម្បីធ្វើសកម្មភាពនៅក្រៅប្រទេសនោះ នឹងមិនរឹងមាំ ឬទទួលលទ្ធផលអ្វីនោះទេ។ លោកឱ្យដឹងថា បច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជាមានសមាជិកជាង ៧ លាននាក់នៅទូទាំងប្រទេស ក្នុងនោះលោកប៉ាន់ស្មានថា យុវជនមានជាង ២ លាននាក់។ លោកបន្ថែមថា គណបក្សនេះ តែងតែគាំទ្រយុវជនចូលរួមការងារនយោបាយ និងសង្គមស្មើភាពគ្នាមិនដូចការចោទប្រកាន់នោះទេ។
លោក សុខ ឥសាន៖ «រាល់ថ្ងៃនេះ កម្ពុជាកំពុងមានប្រជាធិបតេយ្យពិតប្រាកដហើយ តែពួកបក្សប្រឆាំងមិនដែលនិយាយថា កម្ពុជាមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដទេ គេថាក្លែងក្លាយ។ ឥឡូវនេះ យើងសួរថា តើមានអង្គការយុវជនណាដែលបះបោរថ្នាំងថ្នាក់ជាមួយរដ្ឋាភិបាលរបស់គណបក្សប្រជាជនគឺអត់មានទេ អាអត់មានហ្នឹង វាឆ្លុះបញ្ចាំងថា វាមានតុល្យភាពនៅក្នុងសង្គមហើយ ជាពិសេសជួរយុវជនហ្នឹង សុទ្ធតែទទួលបានឱកាសដូចៗគ្នាស្របតាមលទ្ធភាព សមត្ថភាព និងសំណូមពរត្រូវការរបស់សង្គម»។
ទោះបីលោក សុខ ឥសាន អះអាងបែបនេះក្តី តែកន្លងទៅ មេដឹកនាំគណបក្សប្រជាជនកម្ពុជាបានរៀបចំផ្ទេរអំណាចឱ្យកូនចៅ និងសាច់ញាតិ ទៅដឹកនាំក្នុងជួររដ្ឋាភិបាលរហូតដល់ថ្នាក់ក្រោមជាតិជំនួសពួកគេ ដោយគ្មានអតីតភាពការងារ ឬគ្មានឆ្លងកាត់ការប្រកួតប្រជែងត្រឹមត្រូវ។ ជាក់ស្ដែង អាជ្ញាធរបានបង្ក្រាបយុវជនដែលជាសមាជិកប្រឆាំងចេញពីឆាកនយោបាយ ចំណែកយុវជនដែលជាសកម្មជនសង្គម និងសកម្មជនបរិស្ថានវិញត្រូវរងគ្រោះជាបន្តបន្ទាប់ ក្រោយពេលពួកគេទាមទារឱ្យមានយុត្តិធម៌សង្គម។
ជុំវិញរឿងនេះ ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ហេង គឹមហុង យល់ឃើញថា បើសិនយុវជននៅក្រៅប្រទេស ចងក្រងគ្នាជជែករឿងបញ្ហាសង្គម ក្នុងន័យរិះគន់ស្ថាបនា និងបម្រើផលប្រយោជន៍ជាតិរួម គឺជារឿងល្អ ស្របពេលកម្ពុជាមិនទាន់មានលំហសិទ្ធិសេរីភាពស្មើគ្នាសម្រាប់យុវជនដែលគាំទ្របក្សកាន់អំណាច និងយុវជនដែលមានមតិផ្ទុយពីរដ្ឋាភិបាលនៅឡើយ។ លោកថា និន្នាការបែបនេះ មិនមែនជារឿងល្អនោះទេ ព្រោះធ្វើឱ្យយុវជនដែលមានសក្ដានុពលបាត់បង់ឱកាសក្នុងការចូលរួមអភិវឌ្ឍជាតិ។
លោក ហេង គឹមហុង៖ «យើងឃើញស្ថានភាពនៅកម្ពុជារបស់យើងក៏ហាក់មិនសូវអំណោយផល ឬក៏កន្លងមកមានការលើកឡើងពីដាក់បម្រាមមិនឱ្យជជែកពីសកម្មភាពនយោបាយ ឬជជែកកិច្ចការងារសង្គមនៅក្នុងគ្រឹះស្ថានអប់រំរដ្ឋមួយចំនួន ហើយពលរដ្ឋហ្នឹងមានការខ្លាចរអាដែរនៅពេលគណបក្សប្រឆាំងត្រូវបានបង្ក្រាប ឬសំឡេងជំទាស់ ឬសំឡេងផ្ទុយពីរដ្ឋាភិបាលមិនត្រូវបានលើកទឹកចិត្ត»។
មន្ត្រីសង្គមស៊ីវិល និងអ្នកឃ្លាំមើលបញ្ជាក់ថា ច្បាប់ជាតិ និងអន្តរជាតិ សុទ្ធតែធានាពីសិទ្ធិសេរីភាពខាងនយោបាយរបស់ប្រជាពលរដ្ឋ។ ហេតុដូច្នេះរដ្ឋាភិបាល ត្រូវតែបើកលំហនយោបាយ ដើម្បីឱ្យប្រជាពលរដ្ឋ រួមទាំងយុវជនផង អាចចូលរួមសកម្មភាពនយោបាយ សង្គម ដើម្បីនាំមកនូវការអភិវឌ្ឍ និងគោរពសិទ្ធិមនុស្សស្របតាមគោលការណ៍ប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។