១២ កុម្ភៈ ២០២៤
ហ៊ុល រស្មី
វីអូអេខ្មែរ
ភ្នំពេញ — យុវជនមួយក្រុមមានគ្នាជាង ២០ នាក់ ដែលភាគច្រើនជានិស្សិតបានចូលរួមធម្មយាត្រាស្វែងរកយុត្តិធម៌ជូនអតីតគរុនិស្សិត កែវ សុវណ្ណឫទ្ធិ ដែលត្រូវបានក្រសួងអប់រំ យុវជន និងកីឡាលុបឈ្មោះពីវគ្គបណ្តុះបណ្តាល នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា កាលពីឆ្នាំ២០២១ ដោយសារតែបញ្ហាកម្ពស់មិនគ្រប់លក្ខខណ្ឌកំណត់។
ធម្មយាត្រាដែលធ្វើឡើងកាលពីព្រឹកថ្ងៃចន្ទនេះ ជាការតវ៉ាក្នុងចំណោមការតវ៉ាច្រើនលើកដែលលោក កែវ សុវណ្ណឫទ្ធិ បានធ្វើដើម្បីស្នើឱ្យក្រសួងអប់រំ បញ្ជាក់មូលហេតុឱ្យជាក់លាក់ថាតើហេតុអ្វីលោកត្រូវបានគេលុបឈ្មោះ។ ការតវ៉ាមិនសុខចិត្តនេះ ដោយសារតែអ្នកផ្សេងទៀតដែលមានបញ្ហាកម្ពស់មិនគ្រប់លក្ខខណ្ឌដូចគ្នា ប៉ុន្តែបែរជាបានបន្តរៀន។
ព្រះតេជគុណ ធូ វ៉ាឃីម ដែលចូលរួមក្នុងការតវ៉ានោះ មានសង្ឃដីកាប្រាប់វីអូអេថាក្រសួងអប់រំគួរចេញមកពន្យល់ឱ្យបានច្បាស់ ពាក់ព័ន្ធនឹងការលុបឈ្មោះ លោក កែវ សុវណ្ណឫទ្ធិពីវគ្គបណ្តុះបណ្តាលគ្រូអប់រំកាយ និងកីឡា កម្រិតមូលដ្ឋាន។
ព្រះអង្គមានសង្ឃដីកាថា៖ «គោលបំណងទីមួយនោះ គឺចង់ឱ្យផ្តល់ភាពយុត្តិធម៌។ មានន័យថាភាពយុត្តិធម៌ ធម្មតាគាត់នៅឈរមុខក្រសួងរហូតមកហើយ គឺអត់មានដំណោះស្រាយឯណា គឺបកស្រាយប្រាប់គាត់ទេ។ អ៊ីចឹងបានន័យថាគោលបំណងទីមួយនោះគឺចង់ឱ្យក្រសួងហ្នឹងបកស្រាយហេតុផលនូវអ្វី ហេតុអ្វីបានលុបឈ្មោះ គាត់ចេញ ហើយហេតុអ្វីអ្នកផ្សេងទៀត ខុសលក្ខន្តិកៈដែរ បែរជាអត់លុបចេញ។ អីចឹងបានន័យថាគោលបំណងទីពីរនោះ គឺចង់ឱ្យដូចថាធម្មតា ក្រសួងអប់រំ យុវជន និងកីឡា គឺក្រសួងដែលបណ្តុះធនធានមនុស្ស នៅប្រទេសកម្ពុជាចង់ឱ្យលុបបំបាត់អំពើពុករលួយដែលភាពអយុត្តធម៌ មិនស្មើគ្នាពរ»។
លោក កែវ សុវណ្ណឫទ្ធិ បានចេញមុខធ្វើការតវ៉ាតែឯកឯង និងជាញឹកញាប់នៅមុខក្រសួងអប់រំកន្លងមក ហើយពេលខ្លះត្រូវទទួលការបង្ក្រាបពីសន្តិសុខខណ្ឌដូនពេញ។ រហូតមកដល់ពេលនេះ មិនមានដំណោះស្រាយជាក់លាក់ ជុំវិញនឹងការទាមទារឱ្យក្រសួងផ្តល់សេចក្តីពន្យល់អំពីមូលហេតុដែលនាំដល់ការលុបឈ្មោះគាត់ចេញពីវគ្គបណ្តុះបណ្តាលឡើយ។
ក្នុងការតវ៉ាជាទ្រង់ទ្រាយធម្មយាត្រា កាលពីព្រឹកថ្ងៃចន្ទនេះ លោក កែវ សុវណ្ណឫទ្ធិ បាននាំយកញត្តិទៅដាក់នៅក្រសួងអប់រំ។ បើតាមញត្តិដែលមានផ្តិតមេដៃពីនិស្សិតនិងពលរដ្ឋមួយចំនួនទៀតនោះ កាលពីថ្ងៃ ទី ២៨ ខែ ធ្នូ ឆ្នាំ ២០២១ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានលុបឈ្មោះគរុនិស្សិតចំនួន១២នាក់ក្នុងនោះមានគរុនិស្សិតកែវ សុវណ្ណឫទ្ធិផងដែរ។ ការលុបឈ្មោះនិសិ្សតទាំង ១២ នាក់នេះ ហាក់បីដូចជាមានភាពអយុត្តិធម៌ និងមិនប្រក្រតី។
អ្នកសរសេរញត្តិដែលមកពីបណ្តាសាកលវិទ្យាល័យផ្សេងៗ បានរៀបរាប់ទៀតថាតាំងពីការប្រឡងជាប់ ការវាស់កម្ពស់ រហូតបានចូលរៀន២០ថ្ងៃជាងទៀត ទើបមានការលុបឈ្មោះគរុនិស្សិតទាំង ១២ នាក់ ក្នុងនោះមានគរុនិស្សិត កែវ សុវណ្ណឫទ្ធិ ដោយលើកមូលហេតុខុសលក្ខន្តិកៈ គឺកម្ពស់មិនត្រូវនឹងគុណសម្បតិ្តដែលអាចទទួលបានការបណ្តុះបណ្តាល។
ញត្តិដដែលបញ្ជាក់ថា៖ «ខ្ញុំបាទ នាងខ្ញុំជាគរុនិស្សិត និស្សិត សិស្ស ដែលតាមដានយ៉ាងយកចិត្តទុកដាក់នូវ ភាពអយុត្តិធម៌ដែលកើតមានចំពោះគរុនិសិ្សត កែវ សុវណ្ណឫទ្ធិ និងគរុនិស្សិត ១១ នាក់ផ្សេងទៀត ស្នើសុំក្រសួងអប់រំ យុវជន និងកីឡា បកស្រាយជុំវិញភាពមិនប្រក្រតីនៃការលុបឈ្មោះ កែវ សុវណ្ណឫទ្ធិ ព្រមទាំងគរុនិស្សិត ១១ នាក់ផ្សេងទៀត និងផ្តល់យុត្តិធម៌ផ្លូវចិត្ត ដើម្បីបញ្ចប់ការតស៊ូមតិនៅសាធារណៈ»។
កញ្ញា រៀម ស្រីពេជ្ររតនា និសិត្សផ្នែកច្បាប់មួយរូប យល់ថា ក្រសួងអប់រំត្រូវដោះស្រាយភាពអយុត្តិធម៌ ដែលកើតមានទៅលើលោក កែវ សុវណ្ណឫទ្ធិ។ កញ្ញាបន្ថែមថាកញ្ញាចូលរួមតវ៉ារកយុត្តិធម៌ឱ្យលោ កកែវ សុវណ្ណឫទ្ធិ ព្រោះមិនចង់ឃើញរឿងដដែលនេះកើតឡើង ដែលអាចបង្កជាអយុត្តិធម៌ក្នុងសង្គម។
កញ្ញាថ្លែងថា៖ «ខ្ញុំសម្ងំយកសុខតែម្នាក់ឯង ខ្ញុំនៅសម្ងំរៀន។ អីចឹង រឿងមួយហ្នឹង វានឹងកើតថ្ងៃក្រោយវាអាចមិនប៉ះដល់ខ្ញុំទេ តែនឹងប៉ះដល់អ្នកផ្សេង នឹងប៉ះដល់ប្អូន ដល់ក្មួយ។ បងប្អូនយុវជនជំនាន់ក្រោយ គឺគាត់នឹងជួបរឿងអយុត្តិធម៌បែបហ្នឹង។ អីចឹង ខ្ញុំគិតថាបើសិនបើយើងនៅស្ងៀមស្ងាត់ គឺវាកាន់តែរីករាលដាល ព្រោះរឿងអយុត្តិធម៌សង្គមនេះ បើសិនជាកើតក្នុងសង្គមហើយចង់មិនចង់ពេលក្រោយ ក៏យើងត្រូវតែទទួលរងគ្រោះដូចគ្នាដែរ»។
ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ដែលបានចូលរួមការតវ៉ានេះដែរ ថ្លែងថា ក្រសួងអប់រំត្រូវធ្វើយ៉ាងណាផ្តល់ការពន្យល់ឱ្យហ្មត់ចត់ រឿងកាត់ឈ្មោះ លោក កែវ សុវណ្ណឫទ្ធិ ចេញពីការបណ្តុះបណ្តាលជំនាញអប់រំកាយ និងកីឡាកម្រិតមូលដ្ឋាន ដើម្បីឱ្យអតីតគរុនិស្សិតរូបនេះបានស្ងប់ចិត្ត ហើយបញ្ឈប់ការតវ៉ាតទៅទៀត។
លោកប្រាប់អ្នកកាសែតថា៖ «ដូចសិទ្ធិស្តីពីការងារអីចឹង បើសិនជាយើងបញ្ឈប់កម្មករក្នុងរយៈពេលអន្តរកាលណាមួយ យើងត្រូវទទួលខុសត្រូវទៅលើពេលវេលារបស់គាត់ដែលខូចខាត ដូចគ្នា។ យើងយកគាត់ទៅរៀនថា គាត់ជាប់ ហើយបន្ទាប់មកថាមិនជាប់វិញដេញគាត់ចេញ។ ហើយអាពេលវេលាដែលគាត់បានចំណាយពេលក្នុងការសិក្សាហ្នឹង តើមានសំណងអីទេ? តើមានសំណងអីទៅលើគាត់? អាហ្នឹងមួយ។ ហើយអារឿងដែលខ្លាំងជាងគេគឺផ្លូវចិត្តរបស់គាត់ វាប៉ះទង្គិច។ ម្តងថាគាត់អត់ជាប់ ម្តងថាគាត់ជាប់ យកគាត់ទៅរៀន ធ្វើឱ្យមនុស្សមានក្តីសង្ឃឹម ធ្វើឱ្យមនុស្សមានអារម្មណ៍ថាអូខេ ខ្លួនឯងថានឹងកំពុងតែវិវឌ្ឍហើយ ប៉ុន្តែសុខៗ ទៅបញ្ឈប់គាត់វិញ។ អាហ្នឹងហើយ អ្វីដែលយើងចង់បាននៅពេលនេះ គឺការបកស្រាយមួយជាក់លាក់ ហើយនិងការទទួលកំហុសខ្លួនឯងរបស់សាមីក្រសួង»។
នៅមុនពេលដាក់ញត្តិជូនមន្ត្រីរដ្ឋបាលមួយរូបនៅក្រសួងអប់រំ លោក កែវ សុវណ្ណឫទ្ធិ សម្តែងក្តីរីករាយនៅពេលដែលមានយុវជនឯទៀតមកចូលរួមជួយរកយុត្តិធម៌ជូនគាត់។
លោកថ្លែងថា៖ «ខ្ញុំមានអារម្មណ៍សប្បាយរីករាយដែល យុវជនគាត់ ចេះប្រើសិទ្ធិខ្លួនឯង គាត់មានសិទ្ធិចូលរួមគ្រប់ៗគ្នា មិនថា សកម្មភាពអ្វីក៏ដោយ គាត់មានសិទ្ធិចូលរួមទាំងអស់ ឱ្យតែពាក់ព័ន្ធជាមួយនឹងប៉ះពាល់ដល់សិទ្ធិយុវជន ហើយនិងប្រជាជនរបស់ខ្លួនគាត់ គាត់អាចមានសិទ្ធិចូលរួមតែម្តង»។
លោកបន្ថែមថា ការតវ៉ានឹងកើតឡើងសាជាថ្មីទៀត អាចមួយសប្តាហ៍ធ្វើម្តង បើសិនក្រសួងអប់រំនៅមិនចេញមកផ្តល់ការពន្យល់ឱ្យបានជាក់ច្បាស់ និងល្អិតល្អន់ជុំវិញការលុបឈ្មោះលោកចេញពីបញ្ជីគរុនិស្សិតឯកទេសអប់រំកាយ និងកីឡាថ្នាក់មូលដ្ឋាន។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា អ្នកស្រី ឃួន វិច្ឆិកា មិនផ្តល់ការអត្ថាធិប្បាយលើការតវ៉ារបស់យុវជនកែវ សុវណ្ណឫទ្ធិ នៅថ្ងៃចន្ទនេះ ដោយលើកឡើងថា៖ «រឿងនេះ ក្រសួងបានចេញសេចក្តីបំភ្លឺរួចហើយកាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣ កន្លងមក»។
បើតាមសេចក្តីបំភ្លឺនោះ យុវជន កែវ សុវណ្ណឫទ្ធិ ត្រូវបានគណៈកម្មការប្រឡងពិនិត្យឃើញថាមានកម្ពស់មិនត្រូវលក្ខខណ្ឌ គឺគាត់មានកម្ពស់ត្រឹមតែ ១,៦២ ម៉ែត្រខុសពីលក្ខខណ្ឌប្រឡងដែលតម្រូវឱ្យបេក្ខជនមានកម្ពស់ ១,៦៥ ម៉ែត្រ។
កាលពីឆ្នាំ ២០២៣ ក្រសួងអប់រំបានសម្របសម្រួលឱ្យលោកជ្រើសរើសលក្ខខណ្ឌពីរគឺអាហារូបករណ៍៤ឆ្នាំនៅសាកលវិទ្យាល័យ និងធ្វើជាមន្ត្រីកិច្ចសន្យា។ ប៉ុន្តែលោកបានទាត់ចោលលក្ខខណ្ឌទាំងពីរនោះ ដោយថា វាគឺជាទម្រង់នៃការសូកប៉ាន់ ដើម្បីឱ្យលោកស្ងប់ចិត្ត ហើយបញ្ឈប់ការតវ៉ា។
ក្នុងពេលដាក់ញត្តិនៅក្រសួងអប់រំ កាលពីព្រឹកថ្ងៃចន្ទនេះ មន្ត្រីរដ្ឋបាលម្នាក់បានទទួលញត្តិរបស់លោក កែវ សុវណ្ណឫទ្ធិនិងថានាំយកញត្តិទៅជូនរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន។ ក្រោយដាក់ញត្តិរួច យុវជនកែវ សុវណ្ណឫទ្ធិ បានធ្វើពិធីសាសនា ដោយមានព្រះសង្ឃសូត្រធម៌ រួចអូជធូបនៅគល់ឈើមួយដើមនៅពីមុខក្រសួងអប់រំ ដើម្បីបួងសួងឱ្យមានការពន្យល់ត្រឹមត្រូវនៅពីក្រោយមូលហេតុនៃការលុបឈ្មោះលោកចេញពីវគ្គបណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។
ការតវ៉ារបស់លោក កែវ សុវណ្ណាឫទ្ធិ កាលពីព្រឹកថ្ងៃចន្ទ ត្រូវគេកត់សម្គាល់ឃើញថា មិនមានការរារាំងណាមួយពីកងសន្តិសុខរបស់ខណ្ឌដូនពេញនោះទេ៕