គ្រួសារ​រំពឹង​ថា សាលា​ឧទ្ធរណ៍​បាត់ដំបង​នឹង​ដោះ​លែង​លោក កង សារ៉ន នៅ​ថ្ងៃ​ប្រកាស​សាលដីកា​ក្នុង​សប្ដាហ៍​នេះ

ដោយ ចាន់ ដារ៉ូ
2024.02.12
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គ្រួសារ​រំពឹង​ថា សាលា​ឧទ្ធរណ៍​បាត់ដំបង​នឹង​ដោះ​លែង​លោក កង សារ៉ន នៅ​ថ្ងៃ​ប្រកាស​សាលដីកា​ក្នុង​សប្ដាហ៍​នេះ

គ្រួសារ​លោក កង សារ៉ន ដែល​កំពុង​ជាប់​ពន្ធនាគារ​ ដោយសារ​រឿង​រិះគន់​គណបក្ស​កាន់​អំណាច​ថា អសមត្ថភាព​ទប់ស្កាត់​លំហូរ​ពលរដ្ឋ​វៀតណាម​នៅ​កម្ពុជា។ រូប៖ ហ្វេសប៊ុក ស្រី គឹះ


គ្រួសារ​លោក កង សារ៉ន ដែល​កំពុង​ជាប់​ពន្ធនាគារ​ដោយសារ​រឿង​រិះគន់​គណបក្ស​កាន់​អំណាច​អសមត្ថភាព​ទប់ស្កាត់​លំហូរ​ពលរដ្ឋ​វៀតណាម​នៅ​កម្ពុជា​រំពឹង​ថា សាលាឧទ្ធរណ៍​បាត់ដំបង​នឹង​ផ្តល់​យុត្តិធម៌ ហើយ​ដោះលែង​លោក​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។ ការ​រំពឹង​នេះ ធ្វើ​ឡើង​នៅ​មុន​ពេល​សាលាឧទ្ធរណ៍​គ្រោង​ប្រកាស​សាល​ដីកា​លើ​បណ្ដឹង​ជំទាស់​របស់​លោក កង សារ៉ន នៅ​ថ្ងៃ​ទី១៥ ខែកុម្ភៈ។

ប្រពន្ធ​របស់​លោក កង សារ៉ន គឺ​លោកស្រី ហង្ស ត្រឹប ប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១២ ខែកុម្ភៈ​ថា ប្ដី​លោកស្រី​នៅតែ​រក្សា​ស្មារតី និង​ឆន្ទៈ​រឹងមាំ​ដដែល​ក្នុង​ការស្វែងរក​យុត្តិធម៌ ហើយ​​គាត់​សុខចិត្ត​ស៊ូទ្រាំ​លំបាក​នៅ​ក្នុង​ពន្ធនាគារ ស្រប​ពេល​ស្ថានភាព​គ្រួសារ​ក្រីក្រ និង​ជំពាក់​បំណុល​ធនាគារ។ លោកស្រី​ឱ្យ​ដឹង​ថា​នៅ​ក្នុង​សវនាការ​កាល​ពី​ពេល​ថ្មីៗ នេះ ប្តី​លោកស្រី​គឺ​លោក កង សារ៉ន បាន​បញ្ជាក់​នៅ​មុខ​តុលាការ​រួច​ហើយ​ថា​គាត់​ជា​មនុស្ស​ស្អាតស្អំ ដោយ​ពុំ​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់​របស់​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​ឡើយ។


លោកស្រី ហង្ស ត្រឹប៖ «ប្ដី​របស់​ខ្ញុំ​មិន​ខុស​ទេ! គាត់​មិន​បាន​ដឹកនាំ​បះបោរ​​បងប្អូន​ណា​ទេ។ ប្ដី​របស់​ខ្ញុំ​ស្រឡាញ់​ជាតិ​ណាស់ ស្រឡាញ់​ទឹក​ដី​ខ្មែរ​ណាស់ គាត់​និយាយ​តែ​រឿង​ត្រឹមត្រូវ មិន​​បំភ្លៃ មិន​ចេះ​វោ​ហារ​អី​ទេ។ ខ្ញុំ​ឈឺ​ចាប់​ណាស់​បង​អើយ​មិន​ដឹង​ធ្វើ​មិច ពេល​ថ្ងៃ​អ៊ីចឹង​នឹក​ឃើញ​សព្វ​មុខ​ដល់​ពេល​យប់​ទៅ​ស្ងាត់​ឈឹង ខ្ញុំ​ឈឺ​ចាប់​ណាស់​គ្រាន់​តែ​ប្ដី​របស់​ខ្ញុំ​និយាយ​តែ​រឿង​ប៉ុណ្ណោះ​គេ​ចាប់​ប្ដី​របស់​ខ្ញុំ​ដាក់​ពន្ធនាគារ អយុត្តិធម៌ ខ្ញុំ​មិន​ដឹង​ស្រែក​យំ​ឱ្យ​អ្នក​ណា​ជួយ​ក៏​គេ​មិន​ឮ​ដែរ»។

សំណើ​របស់​គ្រួសារ​នេះ​បន្ទាប់​ពី​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​នៃ​សាលា​ឧទ្ធរណ៍​បាត់ដំបង​បាន​បើក​សវនាការ​ជម្រះ​ក្ដី​ក្នុង​សំណុំ​រឿង​របស់​លោក កង សារ៉ន កាល​ពី​ថ្ងៃ​ទី៥ ខែកុម្ភៈ ហើយ​គ្រោង​ប្រកាស​សាល​ដីកា​លើ​បណ្ដឹង​ជំទាស់​នេះ​នៅ​ថ្ងៃ​ទី១៥ ខែកុម្ភៈ។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍​បាត់ដំបង​អ្នកស្រី ទៀង សំបូរ ដើម្បី​សាកសួរ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១២ ខែកុម្ភៈ។

ជុំវិញ​រឿង​នេះ អ្នក​សម្របសម្រួល​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ភុន ឈិន មាន​ប្រសាសន៍​ថា កន្លងមក​តុលាការ​ហាក់​គ្មាន​ភស្តុតាង​រឹងមាំ​ក្នុង​ការ​ដាក់​បន្ទុក​ចោទប្រកាន់​លើ​លោក កង សារ៉ន នោះ​ទេ ដូច្នេះ តុលាការ​ជាន់​ខ្ពស់​គួរ​ពិចារណា​​លើក​លែង​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​គាត់​នៅ​ពេល​ខាង​មុខ​នេះ ដើម្បី​ត្រឡប់​ទៅ​ដោះស្រាយ​បញ្ហា​ជីវភាព​គ្រួសារ និង​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ប្រជាពលរដ្ឋ​បញ្ចេញ​មតិ ឬ​បង្ហាញ​កង្វល់​នៅ​ក្នុង​សង្គម។

លោក ភុន ឈិន៖ «បើ​សិន​ករណី​គ្រាន់​តែ​បុគ្គល​ម្នាក់​បញ្ចេញ​ទស្សន​យោបល់ គំនិត​យល់​ឃើញ​ផ្ទាល់​ខ្លួន ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​បទ​ល្មើស អា​ហ្នឹង​វា​​ជា​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​សតិ​អារម្មណ៍​របស់​ពលរដ្ឋ​ទាំង​អស់​នឹង​ខ្លាច​រអា​ក្នុង​ការ​បញ្ចេញ​មតិ និយាយ​ការពិត​អំពី​បញ្ហា​សង្គម​បាទ»

លោក កង សារ៉ន រស់​នៅ​ភូមិ​បន្ទាយ​១ ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។ លោក​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ដាក់​ក្នុង​ពន្ធនាគារ កាល​ពី​ថ្ងៃ​ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់​ពី​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ៣ឆ្នាំ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​វីដេអូ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ខែកក្កដា ឆ្នាំ២០២៣។ នៅ​ក្នុង​វីដេអូ​ផ្សាយ​ផ្ទាល់​នោះ លោក​បាន​ចោទ​ជា​សំណួរ​ថា តើ​ក្រោយ​ពី​បក្ស​ប្រជាជន​ឈ្នះ​ឆ្នោត នឹង​មាន​វិធាន​ការ​ដេញ​ពលរដ្ឋ​វៀតណាម​ចេញ ឬ​បន្ត​ឱ្យ​ហូរ​ចូល​ដោយ​ខុស​ច្បាប់​បន្ត​ទៀត?

លោក កង សារ៉ន កាល​នៅ​មាន​សេរីភាព​ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា មូលហេតុ​ដែល​លោក​បញ្ចេញ​មតិ​នៅ​លើ​បណ្ដាញ​សង្គម​គឺ​លោក​ចង់​បាន​សង្គម​មាន​យុត្តិធម៌ ព្រមទាំង​ចង់​ឃើញ​មេដឹកនាំ​ប្រទេស​បើក​លំហ​សិទ្ធិ​សេរីភាព​​ជូន​ពលរដ្ឋ និង​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles