ពលរដ្ឋ​មក​ពី​ខេត្ត​ផ្សេងៗ នាំ​គ្នា​តវ៉ា​នៅ​ខេត្តសៀមរាប​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ឧកញ៉ា ឡេង ចាន់ណា សង​ប្រាក់​ដល់​ពួកគេ​វិញ

ដោយ ខាន់ លក្ខិណា
2024.02.12
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​មក​ពី​ខេត្ត​ផ្សេងៗ នាំ​គ្នា​តវ៉ា​នៅ​ខេត្តសៀមរាប​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ឧកញ៉ា ឡេង ចាន់ណា សង​ប្រាក់​ដល់​ពួកគេ​វិញ

ប្រជាពលរដ្ឋអ្នក​ទិញ​ផ្ទះ លើកគ្នាតវ៉ាទាមទារ​លុយ​ពួក​គាត់​វិញ នៅខាង​មុខការិយាល័យ បូរី ប្រ៊ីលាន ស៊ីធី (Borey Brilliant City) ក្នុងទីរួមខេត្តសៀមរាប នៅ​ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ រូបពីពលរដ្ឋ


ប្រជាពលរដ្ឋ​ប្រមាណ ២០០នាក់ មក​ពី​ខេត្ត​ផ្សេងៗ ដែល​ដាក់​លុយ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​លក់​ផ្ទះ និង​ដី ប៊្រីលាន ស៊ីធី​របស់​ឧកញ៉ា ឡេង ចាន់ណា បាន​ប្រមូល​ផ្ដុំ​តវ៉ា​ខាង​មុខ​ក្រុមហ៊ុន​នៅ​ខេត្ត​សៀមរាប ដើម្បី​ទាមទារ​ឱ្យ​ឧកញ៉ា​រូប​នេះ សង​ប្រាក់​ដល់​ពួកគេ​វិញ។

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី។

ពលរដ្ឋ​រស់នៅ​ភូមិខ្សី ឃុំ​សែនសុខ ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប លោកស្រី ខែម ចាន់ណា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ នៅ​ថ្ងៃ​ទី១២ កុម្ភៈ ថា ក្រុមហ៊ុន​លក់​ផ្ទះ និង​ដី​ប៊្រីលានស៊ីធី បាន​ចុះ​ទៅ​លួង​លោម​ពួក​គាត់​ឱ្យ​ដាក់​ប្រាក់​វិនិយោគ​ជាមួយ​ក្រុមហ៊ុន ដោយ​លុយ​មួយ​ម៉ឺន​ដុល្លារ ក្រុមហ៊ុន​សន្យា​ផ្ដល់​ការ​ប្រាក់ ៤រយ​ដុល្លារ ឬ ស្មើ ៤ភាគ​រយ (៤%) ក្នុង​មួយ​ខែ។

លោកស្រី​ថា គ្រួសារ​របស់​គាត់​បាន​ដាក់​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​នេះ ចំនួន ៣ម៉ឺន​ដុល្លារ កាល​ពី​ខែមេសា ឆ្នាំ២០២២ ប៉ុន្តែ​ចាប់​ពី​ខែកក្កដា ឆ្នាំ២០២៣ រហូត​ដល់​ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុន​មិន​បាន​ផ្ដល់​ការ​ប្រាក់ និង​ក៏​មិន​បាន​សង​ប្រាក់​ដើម​ឱ្យ​ពួក​គាត់​វិញ ទើប​ពួកគាត់​នាំ​គ្នា​តវ៉ា។


លោកស្រី ខែម ចាន់ណា ថា ប្រាក់​ដែល​គ្រួសារ​គាត់​យក​ទៅ​ដាក់​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ឧកញ៉ា ឡេង ចាន់ណា នេះ គឺ​ជា​ប្រាក់​ខ្ចី​ពី​ធនាគារ ហើយ​ធនាគារ​បាន​ពិន័យ បន្ទាប់​ពី​គ្រួសារ​របស់​គាត់​គ្មាន​ប្រាក់ ធ្វើ​ឱ្យ​យឺត​យ៉ាវ​បង់​សង​ត្រឡប់ ទៅ​ធនាគារ​វិញ ទាំង​ការ​ប្រាក់ និង​ការ​បង់​រំលស់​ប្រាក់​ដើម។

លោកស្រី​បារម្ភ​ខ្លាច​ធនាគារ​រឹបអូស​យក​ដី​និង​ផ្ទះ ពីព្រោះ​ប្លង់​ទ្រព្យ​ទាំង​នេះ នៅ​ធនាគារ​ទាំង​អស់។

លោកស្រី ខែម ចាន់ណា៖ «និយាយ​ឱ្យ​លឺ​ដល់​សម្ដេច​ឯកឧត្ដម ហ៊ុន ម៉ាណែត ដើម្បី​ឱ្យ​ជួយ​និយាយ​សម្រួល​ជាមួយ​ធនាគារ ជួយ​ដោះស្រាយ​ជាមួយ​ឧកញ៉ា ឡេង ចាន់ណា នេះ សុំ​ប្រគល់​ប្រាក់​ដើម​មក​វិញ ដើម្បី​ដោះស្រាយ​ជាមួយ​ធនាគារ។ បើ​សិន​ថា មិន​ជួយ សម្ដេច​ពុក​ម្ដេច​ម៉ែ មិន​ជួយ​កូន​ទេ ធនាគារ​គេ​រឹប​អូស​យក​ប្លង់​ដី​ ប្លង់​ផ្ទះ​ដែល​ដាក់​ឱ្យ​អស់​ហើយ កូន​ចៅ​ក៏​គ្មាន​អី​ពឹង​ដែរ»។

រីឯ​ពលរដ្ឋ​រស់នៅ​ឃុំផ្ទះរុង ស្រុក​ក្រវាញ ខេត្តពោធិ៍សាត់ លោក អឿន ខឿន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ក្រុមហ៊ុន​បាន​ជូន​ដំណឹង​ថា គ្មាន​ប្រាក់ ដើម្បី​បង្វិល​សង​មក​ពួកគាត់ ប៉ុន្តែ​សន្យា​ផ្ដល់​ដី​ឱ្យ​ជំនួស​វិញ បើ​ពួកគាត់​យល់​ព្រម​ទទួល​យក​ដី។

លោក អឿន ខឿន៖ «ប្រជាពលរដ្ឋ​យើង​ដក​ដើម​វិញ ការ​នឹង​ទោះ​បី​អត់​ឱ្យ​ក៏​គេ​អត់​ថា អី​ដែរ ហើយ​ខាង​ក្រុមហ៊ុន គាត់​អត់​ចុះ​មក​ដោះស្រាយ​ឱ្យ​អ៊ីចឹង»។

ពលរដ្ឋ​ម្នាក់​ទៀត លោកស្រី យំ សំអាង លើក​ឡើង​ថា ពួកគាត់​ឡើង​មក​តវ៉ា​នេះ ចង់​ឱ្យ​ក្រុមហ៊ុន​សង​លុយ​ដល់​គាត់​វិញ និង​មិន​ចង់​បាន​ដី​ទេ ព្រោះ​គ្រួសារ​អស់​លទ្ធភាព​បង់​សង​ធនាគារ និង​បំណុល​ឯកជន ដែល​គាត់​បាន​ខ្ចី ដើម្បី​យក​មក​បង្វិល​សង​ធនាគារ ក្នុង​រយៈពេល​ជាង ៧ខែ​មក​នេះ។

ស្ត្រី​អាយុ ៥៥ឆ្នាំ រូប​នេះ​ថា ក្រុមហ៊ុន​បាន​ទៅ​បញ្ចុះបញ្ចូល​គ្រួសារ​គាត់​ឱ្យ​យក​ប្លង់​ដី និង​ផ្ទះ​ដាក់​នៅ​ធនាគារ ដើម្បី​យក​ប្រាក់​ទៅ​ដាក់​វិនិយោគ​ជាមួយ​ក្រុមហ៊ុន ហើយ​ក្រុមហ៊ុន​សន្យា​ផ្ដល់​ការ​ប្រាក់ និង​ចិញ្ចឹម​គាត់​រហូត ប៉ុន្តែ គាត់​ទទួល​បានការ​ប្រាក់​តែ ១០ខែ ហើយ​ក្រុមហ៊ុន​ក៏​ឈប់​ឱ្យ ដែល​ធ្វើ​ឱ្យ​គ្រួសារ​គាត់​ជំពាក់​បំណុល​វ័ណ្ឌ​ក។

លោកស្រី​បញ្ជាក់​ថា គ្រួសារ​គាត់​ខ្ចី​ធនាគារ​ជាង​បួន​ម៉ឺន​ដុល្លារ ដើម្បី​ដាក់​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ឧកញ៉ា ឡេង ចាន់ណា។

លោកស្រី យំ សំអាង៖ «សព្វ​ថ្ងៃ អ៊ុំ​មាន​ទុក​ធំ ចិញ្ចឹម​ចៅ​តូច ១០ ខែ ម៉ែ​ឪ​វា​ទៅ​រកស៊ី​ដោះ​បំណុល​ដែល​មក​នេះ​ផ្ញើ​ចៅ​ហ្នឹង​គេ ធ្វើ​ម៉េច​ឱ្យ​ជួយ​ដល់​សម្ដេច​ពុក​សម្ដេច​ម៉ែ​ ឱ្យ​ដឹង​ឱ្យ​ឮ បើ​មិន​អ៊ីចឹង​មិន​រស់​ទេ។ សូម​អំពាវនាវ​ធ្វើ​ម៉េច​ឱ្យ​បាន​ដល់​សម្ដេច​ពុក​សម្ដេច​ម៉ែ​ឱ្យ​បាន​ដឹង​ឮ​មក​ជួយ​មីង ទុក្ខ​ទាំង​អស់​គ្នា ប្រជាជន​រាប់ពាន់​រាប់​ម៉ឺន​នាក់​សុទ្ធ​តែ​ទុក្ខ​លំបាក​ដូចៗ គ្នា»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ ពី​ឧកញ៉ា ឡេង ចាន់ណា បាន​ទេ នៅ​ថ្ងៃ​ទី១២ កុម្ភៈ។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី៨ កុម្ភៈ ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ដែល​នៅ​ខេត្តសៀមរាប បាន​ប្រកាស​ប្រាប់​អតិថិជន ដែល​ដាក់​លុយ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ឱ្យ​ទទួល​យក​ដី​របស់​ខ្លួន ដើម្បី​បញ្ចប់​បំណុល។

បន្ថែម​ពី​នេះ ក្រុមហ៊ុន​ក៏​ឱ្យ​អតិថិជន​ទាំង​អស់​យក​ឯកសារ ដែល​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​ប្រាក់​កម្ចី មក​រៀបចំ​ឯកសារ​បញ្ចប់​ប្រាក់​ដើម និង​ការ​ប្រាក់ ហើយ​កាត់​យក​ដី​ពី​ក្រុមហ៊ុន ដោយ​ពួក​គាត់​ត្រូវ​ទៅ​ធ្វើ​កិច្ចការ​នេះ ជាមួយ​បុគ្គលិក​ក្រុមហ៊ុន​ទាំង ២៥រូប និង​មេធាវី​របស់​ក្រុមហ៊ុន​ចាប់​ពី​ថ្ងៃ​ទី១២ កុម្ភៈ។

អ្នកស្រី ឡេង ចាន់ណា ត្រូវ​បាន​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​ឱ្យ​ផ្ដល់​គោរមងារ​ជា «ឧកញ៉ា» កាល​ពី​ថ្ងៃ​ទី១៨ ខែធ្នូ ឆ្នាំ២០១៩ ។

ក្រុម​ប្រជាពលរដ្ឋ​អះអាង​ថា ក្រុមហ៊ុន​មិន​បាន​ចេញ​មក​ជួប​ពួក​គាត់​ឡើយ នៅ​ថ្ងៃ​ទី១២ កុម្ភៈ​នេះ។ ក្រោយ​ពី​មិន​ឃើញ​តំណាង​ក្រុមហ៊ុន​ចេញ​ដោះ​ស្រាយ ពួក​គាត់​ក៏​នាំ​គ្នា​ទៅ​តវ៉ា​នៅ​ខាង​មុខ​សាលា​ខេត្តសៀមរាប ដើម្បី​សុំ​ឱ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ដោះ​ស្រាយ​ពួក​គាត់។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បញ្ហា​នេះ ពី​អភិបាល​ខេត្ត​សៀមរាប លោក ប្រាក់ សោភ័ណ បាន​ទេ នៅ​ថ្ងៃ​ទី១២ កុម្ភៈ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត សម្ដែង​ការ​បារម្ភ ហើយ​ទទូច​ឱ្យ​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ​សម្រប​សម្រួល​ដោះស្រាយ​ដោយ​សន្តិវិធី។

លោក អំ សំអាត៖ «ពេល​ដែល​គាត់​បញ្ហា ហើយ​មិន​បាន​ប្រាក់​ត្រឡប់​ទៅ​វិញ វា​ធ្វើ​ឱ្យ​ពួកគាត់​ជំពាក់​បំណុល​កាន់​តែ​ច្រើន​ហ្នឹង​ឯង។ ចំណុច​នេះ យើង​ចង់​ឱ្យ​ភាគី​ពាក់ព័ន្ធ ជា​ពិសេស ក្រុមហ៊ុន និង​ពលរដ្ឋ ហើយ​មាន​ការ​សម្រប​សម្រួល​ពី​អាជ្ញាធរ​ធ្វើ​ម៉េច​រក​ដំណោះស្រាយ​មួយ​សម​ស្រប ដើម្បី​កុំ​ឱ្យ​ពលរដ្ឋ​គាត់​ជួប​បញ្ហា កាលណា​ពលរដ្ឋ​គាត់​ជំពាក់​បំណុល​គេ​ច្រើន គាត់​ប្រឈម​មុខ​ជាមួយ​នឹង​ការ​បាត់​បង់​ទ្រព្យ​សម្បត្តិ​ហើយ​ដី​ធ្លី​ទៀត»។

ករណី​ប្រហែល​គ្នា​នេះ កាលពី​ខែមេសា ឆ្នាំ២០២៣ ប្រជាពលរដ្ឋ​ជាង​២.០០០គ្រួសារ ដែល​បាន​ដាក់​លុយ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យ​របស់​ឧកញ៉ា ជា សារ៉ន បាន​តវ៉ា និង​ដាក់​បណ្ដឹង​ទៅ​សមត្ថកិច្ច​ខេត្តកំពត ដោយ​ចោទ​ប្រកាន់​ឧកញ៉ា ជា សារ៉ន បោក​យក​ប្រាក់​របស់​ពួកគេ​ជិត ៤០លាន​ដុល្លារ។

ក្រោយ​ទទួល​បណ្ដឹង​នេះ សមត្ថកិច្ច​ខេត្ត​កំពត​បាន​ចាប់ និង​ឃុំ​ខ្លួន​ឧកញ៉ា ជា សារ៉ន ប្រធាន​ក្រុមហ៊ុន​ជា សារ៉ន និង​បក្ខពួក​មួយ​ចំនួន​ទៀត ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន ខណៈ​ប្រជាពលរដ្ឋ​រង​គ្រោះ​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​នៅ​ឡើយ។

រីឯ​ឧកញ៉ា ហ៊ី គឹមហុង ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ឆបោក ពលរដ្ឋ​នៅ​ខេត្តកំពត ដែល​ដាក់​វិនិយោគ​ប្រាក់​រាប់​លាន​ដុល្លារ​ក្នុង​គម្រោង​អចលន​ទ្រព្យ ត្រូវ​តុលាការ​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន កាលពី​ខែវិច្ឆិកា ឆ្នាំ២០២៣៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles