លោក ហ៊ុន ម៉ាណែត កាត់​ដី​គម្រប​ព្រៃឈើ​ខេត្ត​ព្រះសីហនុ​ទំហំ​ជាង ៣១​ហិកតារ​ឱ្យ​បុគ្គល​មាន​លុយ​ធ្វើ​ជា​កម្មសិទ្ធិ

ដោយ ខាន់ លក្ខិណា
2024.02.13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន ម៉ាណែត កាត់​ដី​គម្រប​ព្រៃឈើ​ខេត្ត​ព្រះសីហនុ​ទំហំ​ជាង ៣១​ហិកតារ​ឱ្យ​បុគ្គល​មាន​លុយ​ធ្វើ​ជា​កម្មសិទ្ធិ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត


លោក ហ៊ុន ម៉ាណែត កាត់​ដី​គម្រប​ព្រៃឈើ​ខេត្ត​ព្រះសីហនុ​ទំហំ​ជាង ៣១ហិកតារ​ឱ្យ​ឯកជន​ធ្វើជា​កម្មសិទ្ធិ។ សកម្មជន​សង្គម និង​បរិស្ថាន​សោកស្ដាយ​ដែល​នាយករដ្ឋមន្ត្រី​ថ្មី នៅតែ​បន្ត​កាត់​ដី​គម្រប​ព្រៃឈើ​ប្រគល់​ឱ្យ​បុគ្គល​មាន​ប្រាក់ ឬ​ក្រុមហ៊ុន​ឯកជន។

ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​កាត់​ដី​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ នៅ​ខេត្ត​ព្រះសីហនុ​ទំហំ​ជាង ៣១​ហិកតារ ស្ថិតនៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ចេញពី​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ធ្វើ​អនុយោគ​ជា​ដី​ឯកជន។អនុក្រឹត្យ​ដដែល​ថា ដី​ទំហំ​ជាង ៣១​ហិកតារ​នេះ លោក ហ៊ុន ម៉ាណែត កាត់​ប្រគល់​ឱ្យ​ឈ្មោះ ឡូ សុគន្ធ ធ្វើ​ជា​កម្មសិទ្ធិ ប៉ុន្តែ​អនុក្រឹត្យ​មិន​បាន​បញ្ជាក់​ទេ​ថា ឈ្មោះ​ឡូ សុគន្ធ ជា​នរណា​នោះ​ទេ ទើប​ទទួល​បាន​ដី​គម្រប​ព្រៃឈើ​ពី​រដ្ឋាភិបាល​ថ្មី។

វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​អត្ថាធិប្បាយ​បញ្ហា​នេះ ពី​ប្រធាន​អង្គភាព​អ្នកនាំរដ្ឋាភិបាល លោក ប៉ែន បូណា បាន​ទេ នៅ​ថ្ងៃ​១០ កុម្ភៈ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល។

ការ​ចេញ​អនុក្រឹត្យ​កាត់​ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ​ឱ្យ​ឯកជន ឬ​អ្នកមាន​ប្រាក់ នៅ​ពេល​នេះ បន្ទាប់​ពី​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ជំនួស​ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន បាន​ប្រមាណ ៣​ខែ។

សកម្មជន​សង្គម និង​បរិស្ថាន លោក ម៉ា ចិត្រា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី១០ កុម្ភៈ ថា ដំបូង​ឡើយ​លោក​មាន​សង្ឃឹម​លើ​រដ្ឋាភិបាល​ថ្មី ពុំ​មាន​ឃើញ​មាន​កាត់​ដី​ព្រៃ​ដូច​រដ្ឋាភិបាល​ចាស់ ប៉ុន្តែ​នៅពេល​ឃើញ​ដូច្នេះ លោក​បាត់​ក្ដី​សង្ឃឹម​ទៅ​វិញ។

លោក​ថា គម្រប​ព្រៃឈើ​បើ​ការពារ​បាន​ជា​ការ​ល្អ​ប្រសើរ​សម្រាប់​ប្រយោជន៍​សង្គម​ជា​រួម ហើយ​បើកាលណា​កាត់​ដី​ព្រៃ​ឱ្យ​អ្នក​មានអំណាច ឬ​អ្នកមាន​លុយ គួរ​ស្វែង​យល់​មើល​ថា តើ​រវាង​អ្នក​ដែល​មាន​លុយ និង​អ្នក​គ្មាន​ប្រាក់ វា​យុត្តិធម៌​ទេ? នៅ​ពេល​ទទួល​បាន​ដី​គម្រប​ព្រៃឈើ​ជា​កម្មសិទ្ធិ​នោះ។

លោក ម៉ា ចិត្រា ថា កន្លង​មក​រដ្ឋាភិបាល​បាន​សន្យា​ថា រក្សា​គម្រប​ព្រៃឈើ​ឱ្យ​បាន ៦០​ភាគរយ ប៉ុន្តែ​ជាក់ស្ដែង តើ​ការពារ​យ៉ាងម៉េច​? បើ​ទើប​ឡើង​បាន ៣​ខែ ហើយ​គាត់​កាត់​ដី​គម្រប​ព្រៃឈើ​បាត់​ទៅ​ហើយ​នោះ? ថា​តើ​គាត់​មានលទ្ធភាព​ឯណា​ទៅ​រក្សា​គម្រប​ព្រៃឈើ​ឱ្យ​បាន ៦០​ភាគរយ​នោះ?

លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​ថ្មី ត្រូវ​បញ្ឈប់​ការ​កាត់​ដី​គម្រប​ព្រៃឈើ​បន្ត​ទៀត។

លោក ម៉ា ចិត្រា៖ «ខ្ញុំ​មិន​យល់​ហេតុ​អី​ប្រទេស​យើង​អភិវឌ្ឍន៍​របៀប​ខុសគេ​បែប​នេះ អភិវឌ្ឍន៍​ដោយ​ការ​បំផ្លិចបំផ្លាញ​ធនធាន​ជាតិ​បែប​នេះ ហេតុ​អី​ក៏​យើង​មិន​រក​មធ្យោបាយ​ផ្សេង ដើម្បី​អភិវឌ្ឍន៍ ខ្ញុំ​គិត​ថា ដី​នៅ​តំបន់​ផ្សេងៗ​អត់​មាន​ព្រៃឈើ​មិន​ខ្វះ​ទេ ដី​នៅ​ទំនេរ​។ ខ្ញុំ​គិត​ថា រដ្ឋាភិបាល​គួរ​ទៅ​ពិនិត្យ​ដី​ទាំងអស់​ហ្នឹង​វិញ ហើយ​សម្បទាន​ដី​ទាំងអស់​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ទៅ​អាហ្នឹង ខ្ញុំ​គាំទ្រ ហើយ​កុំទៅ​កាប់​ដី​ដែល​មាន​ព្រៃឈើ​ស្រាប់​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន អាហ្នឹង​ស្មើនឹង​បំផ្លាញ​ធនធាន​ធម្មជាតិ​ដែល​នឹង​កំពុង​តែ​មាន ហើយ​ខ្ញុំ​គិតថា វា​ជា​ការ​អាណោចអាធ័ម​ណាស់ ដែល​គាត់​ទើប​ឡើង​បាន ៣​ខែ ហើយ​គាត់​ទៅ​កាត់​ដី​ព្រៃ​អ៊ីចឹង»។

មុន​ពេល​ផ្ទេរ​តំណែង​នាយករដ្ឋមន្ត្រី ឱ្យ​កូនប្រុស​ច្បង គឺ​លោក ហ៊ុន ម៉ាណែត បន្តវេន​នោះ អតីត​នាយក​មន្ត្រី​លោក ហ៊ុន សែន កាត់​ដី​ឧទ្យានជាតិ ដី​ព្រៃ​ឬ​តំបន់​ការពារ ដែល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ នៅ​តាម​ខេត្ត​ផ្សេងៗ​បែងចែក​ប្រគល់​ឱ្យទៅ​សែស្រឡាយ​របស់​លោក និង​ក្រុមហ៊ុន​ឯកជន​ព្រមទាំង​បក្ខពួក​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​បន្តបន្ទាប់។

កាល​ពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០២០ លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​ចេញ​អនុក្រឹត្យ​កាត់​ដី​ជាង ៤០​ហិកតារ ចេញ​ពី​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ នៅ​ភូមិ​ចំណោត​រាម ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ប្រគល់​ឱ្យទៅ​អ្នកស្រី ហ៊ុន ម៉ាណា និង​អ្នកស្រី ហ៊ុន ម៉ាលី ដែល​ត្រូវជា​ប្អូនស្រី​បង្កើត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ 

What Next?

Recent Articles

One Response to "លោក ហ៊ុន ម៉ាណែត កាត់​ដី​គម្រប​ព្រៃឈើ​ខេត្ត​ព្រះសីហនុ​ទំហំ​ជាង ៣១​ហិកតារ​ឱ្យ​បុគ្គល​មាន​លុយ​ធ្វើ​ជា​កម្មសិទ្ធិ"

  1. Manet is just a puppet PM, he has NO rights to give any land to anybody! He should be prosecuted and impeached by doing this!