អាជ្ញាធរ​ខេត្ត​បាត់ដំបង​ឃាត់​ខ្លួន​ព្រះតេជព្រះគុណ សំ គឹមសាធ នៅ​ស្រុក​ថ្មគោល

ដោយ សេក បណ្ឌិត
2024.02.12
RFA

អាជ្ញាធរ​ខេត្ត​បាត់ដំបង​ឃាត់​ខ្លួន​ព្រះតេជព្រះគុណ សំ គឹមសាធ នៅ​ស្រុក​ថ្មគោល

(ពីឆ្វេង) សកម្មជនដីធ្លីបឹងកក់ លោកយាយ ម៉ាំមី សកម្មជន​សង្គម លោក អ៊ុក ពេជ្រសំណាង និង​ព្រះតេជព្រះគុណ សំ គឹមសាធ។ រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ


អាជ្ញាធរ​ខេត្ត​បាត់ដំបង​បាន​ឃាត់​ព្រះតេជព្រះគុណ សំ គឹមសាធ ដើម្បី​សាកសួរ​រក​ឆាយា ឬ​លិខិត​សម្គាល់​ខ្លួន​របស់​ភិក្ខុ​រួច​ឲ្យ​ចូល​ទៅ​វត្ត​មួយ នៅ​ឃុំ​បឹងព្រីង ស្រុក​ថ្មគោល នៅ​ល្ងាច​ថ្ងៃទី​១២ ខែ​កុម្ភៈ។

ព្រះតេជព្រះគុណ សំ គឹមសាធ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​យប់​ថ្ងៃទី​១២ កុម្ភៈ​ថា មន្ត្រី នៃ​មន្ទីរ​ធម្មការ និង​សាសនា ខេត្ត​បាត់ដំបង បាន​សួរ​រក​ឆាយា ឬ​លិខិត​សម្គាល់​ខ្លួន​របស់​ភិក្ខុ​ពី​ព្រះអង្គ ខណៈ​ព្រះអង្គ​កំពុង​បន្ត​ដំណើរ​ធម្មយាត្រា​លើក​កម្ពស់​សីលធម៌​សង្គម ពី​ខេត្ត​បាត់ដំបង ឆ្ពោះ​ទៅ​ខេត្ត​ពោធិ៍សាត់។

ព្រះតេជព្រះគុណ សំ គឹមសាធ៖ «អាត្មា​មើលទៅ​ដូចជា មិន​គួរ​គាប់​ដដែលៗ​រឿង​ឆាយា​រឿង​ធ្វើ​ដំណើរ​តាមផ្លូវ​គ្មាន​សំបុត្រ​ស្នាម ។ អាត្មា​ក្នុង​នាម​ជា​ព្រះសង្ឃ ដឹង​ហើយ​ថា ចាប់​អាត្មា​ក្នុង​ខេត្ត​បាត់ដំបង​ម្ដង​ហើយ ហើយ​យក​ទាំង​សេចក្ដី​សម្រេច​ការ​បំបួស​ហ្នឹង​ទៀត​ហើយ ដឹង​ហើយ​ថា អាត្មា​មិន​ព្រម​ចាក​សិក្ខាបទ ទោះ​ជា​សម្លាប់​អាត្មា​ចោល ទោះជា​ចាប់​អាត្មា​ដាក់គុក ចេញ​មកវិញ​អាត្មា​បបួល​ដដែល ។ ដឹង​ហើយ​ថា អាត្មា​ជា​ព្រះសង្ឃ​ជា​បុគ្គល​ម្នាក់​ស្រឡាញ់​សាសនា ដែល​មក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាព​ស្អាតស្អំ​របស់​អាត្មា ដែល​ធ្វើ​ធម្ម​យាត្រា​នេះ អាត្មា​មាន​ការ​អាក់អន់​បន្តិច​ដែរ»។

ព្រះតេជព្រះគុណ សំ គឹមសាធ ឲ្យ​ដឹង​ថា អាជ្ញាធរ​នៅ​តែ​បន្ត​តាម​ព្រះអង្គ ហើយ​ព្រះអង្គ​នឹង​បន្ត​និមន្ត​រហូត​ទល់​ភ្លឺ ដោយ​មិន​សឹង​នោះ​ទេ នៅ​យប់​ថ្ងៃទី​១២ កុម្ភៈ។

ចំណែកឯ សកម្មជន​សង្គម លោក អ៊ុក ពេជ្រ​សំណាង ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​ក៏​បារម្ភ​ពី​សុវត្ថិភាព​ដែរ ប៉ុន្តែ​លោក នៅតែ​បន្ត​ធ្វើដំណើរ​ទៅមុខ​ទៀត ដើម្បី​លើកកម្ពស់​សីលធម៌​សង្គម និង​លទ្ធិប្រជាធិបតេយ្យ​។ លោក ក៏​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ តាមដាន​ដំណើរ​ធម្ម​យាត្រា​នេះ​។​

វិទ្យុ​អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​ទាក់ទង មន្ត្រី​នៃ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តបាត់ដំបង ដើម្បី​សុំ​សួរ​ពី​ការ​ឃាត់ខ្លួន​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​១២ កុម្ភៈ។

កាលពី​ឆ្នាំ​២០២៣ ព្រះតេជព្រះគុណ សំ គឹមសាធ ធ្លាប់​ធ្វើ​ធម្ម​យាត្រា​ទៅ​ខេត្ត​ពោធិ៍សាត់ និង​ទៅ​ព្រំដែន​ថៃ ដែល​កាលណោះ​ព្រះអង្គ​រង​ការ​ធ្វើទុក្ខបុកម្នេញ​គ្រប់​រូបភាព ការ​រារាំង ការ​គំរាម​ចាប់​ផ្សឹក ពី​សំណាក់​អាជ្ញាធរ និង​ការ​បណ្ដេញ​ចេញ​ពី​វត្ត​ជាដើម។

ដំណើរ​ធម្មយាត្រា​របស់​ព្រះតេជព្រះគុណ សំ គឹមសាធ នៅ​ពេល​នេះ​ចាប់ផ្ដើម​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ ដោយ​ឆ្លងកាត់​ខេត្ត​ចំនួន​៨ នឹង​បញ្ចប់​នៅ​ភ្នំ​អដ្ឋរស្ស ស្ថិត​ក្នុង​ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ ដែល​មាន​ចម្ងាយ​ផ្លូវ​ជិត ៧​រយ​គីឡូម៉ែត្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ 

What Next?

Recent Articles

Leave a Reply

Submit Comment