កម្ពុជាទាត់ចោលការវិភាគថាអាមេរិកនឹងដាក់ទណ្ឌកម្មកម្ពុជាដូចកូរ៉េខាងជើង

កម្ពុជា
18/02/2024 – 08:55
ដោយ៖ អ៊ឹង ប៊ុនថន
RFI

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៧​កុម្ភៈ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជា​ភាសា​អង់​គ្លេស​មួយ​ដោយ​ទាត់​ចោល​នូវ​ការ​ចុះ​ផ្សាយ​អត្ថបទ​វិភាគ​របស់​សារ​ព័ត៌​មាន ​The Diplomat ​ដែល​បាន​វិភាគ​ថា ​សហរដ្ឋ​អាមេរិក​អាច​នឹង​ដាក់​ទណ្ឌ​កម្ម​មក​លើ​ប្រទេស​កម្ពុជា​ ដូច​ការ​ដាក់​ទណ្ឌ​កម្ម​ទៅ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​ដែល​កាន់​អំណាច​ផ្តាច់​ការ​។

កម្ពុជាទាត់ចោលការវិភាគថាអាមេរិកនឹងដាក់ទណ្ឌកម្មកម្ពុជាដូចកូរ៉េខាងជើង


នៅ​ក្នុង​អត្ថបទ​ចេញ​ផ្សាយ​នៅថ្ងៃ​ទី​១៦​កុម្ភៈ សារ​ព័ត៌​មាន​ The Diplomat  បាន​ធ្វើ​ការ​ប្រៀប​ធៀប​ពី​របៀប​ដឹក​នាំ​នៅ​កម្ពុជា និង​កូរ៉េ​ខាង​ជើង​ គឺ​ជា​ឧទាហរណ៍​នៃ​របប​ផ្តាច់​ការ​ ដែល​ប្តេជ្ញា​ផ្ទេរ​អំណាច​ត​ពូជ ​ដោយគ្មាន​ប្រកួត​ប្រជែង​អំណាច​ដោយ​បើក​ចំ​ហ​សម្រាប់​សាធារណៈ​ជន​។

សារ​ព័ត៌​មាន​ដែល​ផ្តោត​លើ​ការ​វិភាគ​បែប​នយោបាយ​មួយ​នេះ ​កត់​សំគាល់​ថា​ របប​ទាំង​ពីរ​នេះ​មាន​ឆន្ទៈ​ដូចគ្នា​ក្នុង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ប្រជា​ជន​របស់​ពួកគេ ​ដើម្បី​ធានា​បាន​នូវ​ការ​ក្តោប​ក្តាប់​អំណាច​បន្ត​។ ប៉ុន្តែការ​ដឹក​នាំ​របៀប​នេះ ​ត្រូវ​បាន​សារព័ត៌​មាន​ The Diplomat  ដែល​ដក​ស្រង់​សំដី​អ្នក​ជំនាញ​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​មក​ព្រមានថា​ ប្រទេស​ទាំង​ពីរ​នឹង​ទទួល​បាន​ប្រយោជន៍​តិច​តួច​ប៉ុណ្ណោះពី​ការ​ធ្វើពាណិជ្ជ​កម្ម​សកល ហើយ​គ្មាន​ហេតុ​ផល​ណាមួយ​ដើម្បី​ស្រមៃ​ថា​វា​នឹង​ផ្លាស់​ប្តូរ​នាពេល​អនាគត​នោះ​ទេ​។

លោក ហ៊ុន ម៉ាណែត នៅវេទិកាធុរកិច្ច អាមេរិក កម្ពុជា ឆ្នាំ២០២៣
លោក ហ៊ុន ម៉ាណែត នៅវេទិកាធុរកិច្ច អាមេរិក កម្ពុជា ឆ្នាំ២០២៣ © ទីស្តីការគណៈរដ្ឋមន្ត្រី

ក្នុង​អត្ថបទ​វិភាគ​ The Diplomat បាន​លើក​ឧទាហរណ៍​នៃ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអា​មេរិក​ប្រ​ឆាំងការ​រីក​សាយ​ភាយ​អាវុធនុយ​ក្លេអ៊ែរ​បន្ថែម​ទៀត​របស់​កូរ៉េ​ខាង​ជើង​ ដែល​កាន់​អំណាច​តពូជ ​ដោយ​មាន​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ ក្រោម​កណ្តាប់ដៃ ​លោក គីម ជុងអ៊ុន​។ ​ជាមួយ​គ្នា​នោះ ​The Diplomat ​ក៏​បានលើក​ឧទាហរណ៍​ដែរ​ ករណី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោន ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ឧកញ៉ា​នៅកម្ពុជា ​ដូចជាលោក ទ្រី ភាព ទីប្រឹក្សា​លោក ហ៊ុន សែន ដែល​ត្រូវ​បាន​សារព័ត៌​មាន​នេះ ​បរិហារ​ថា ជា​អ្នក​រក​ស៊ីកាប់​ឈើខុស​ច្បាប់​ទ្រង់​ទ្រាយ​ធំ​។

ដោយ​ស្រង់​សំដី​លោក ​Steve Hanke អ្នក​ជំនាញ​សេដ្ឋកិច្ច​នៅ​សាកល​វិទ្យាល័យ​របស់​សហរដ្ឋ​អាមេរិក The Diplomat ​បាន​សរសេរ​ថា ​«ការ​ដាក់​ទណ្ឌ​របស់​សហរដ្ឋ​អាមេរិក​នឹង​មិន​លើក​លែង​សម្រាប់​កូរ៉េ​ខាង​ជើង​ ឬ​កម្ពុជា​នោះទេ​ ​បើ​មិន​ធ្វើ​ដូច្នោះទេ ​នោះ​គឺ​ជា​ការ​លើក​ទឹកចិត្ត​ដល់ក្រុម​ម៉ាហ្វីយ៉ាឲ្យបន្ត​ឧក្រិដ្ឋកម្ម​អន្តរជាតិ»

ប្រតិកម្ម​នឹង​ការ​ផ្សាយ​របស់​សារព័ត៌​មាន ​The Diplomat អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា ​បាន​គូសបញ្ជាក់​ថា ​កម្ពុជា​មិន​ដូច​កូរ៉េ​ខាង​ជើង​នោះឡើយ​។​ បើ​តាម​លោក ​ជុំ សន្ទរី ​កម្ពុជា​មាន​ការ​បោះ​ឆ្នោត​ជាទៀង​ទាត់​តាំង​ពី​ឆ្នាំ​១៩៩៣​មក និង​ការ​បោះ​ឆ្នោត​ចុង​ក្រោយ​នៅ​ឆ្នាំ​២០២៣​ គឺ​មាន​គណ​បក្ស​ចូល​រួមរហូត​១៨​បក្ស​។

មួយ​វិញ​ទៀត​ បើតាម​ក្រសួង​ការបរទេស​កម្ពុជា ​ទំនាក់​ទំនង​រវាង​កម្ពុជា ​និង​សហរដ្ឋអាមេរិក ​គឺ​នៅ​តែ​បន្តសហ​ប្រតិបត្តិ​ការ​លើ​ផ្នែក​ជា​ច្រើន​ទាំង​ពាណិជ្ជ​កម្ម​ វប្បធម៌ ​សុខភាព ​និង​ការ​អប់រំ​ជា​ដើម​។

ទោះជា​យ៉ាង​ណា​មក​ទល់​ពេល​នេះ​សហរដ្ឋ​អាមេរិក​នៅមិន​ទាន់​សម្រេច​ថា​ នឹង​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ ​GSP ដល់​កម្ពុជា​ឡើង​វិញ​នៅ​ឡើយ​ទេ​ ខណៈ​ប្រព័ន្ធ​នេះ​បាន​ផុត​កំណត់​តាំង​ពី​ឆ្នាំ​២០២០​៕

What Next?

Recent Articles

One Response to "កម្ពុជាទាត់ចោលការវិភាគថាអាមេរិកនឹងដាក់ទណ្ឌកម្មកម្ពុជាដូចកូរ៉េខាងជើង"

  1. បារមីវិមានឯករាជ្យ says:

    អាមេរិកគេបានដាក់ទណ្ឌកម្ម(embargo)មកលើកម្មជារួចជាស្រាច់ហើយគ្រាន់តែគេមិនទាន់រឹតបន្តឹង។បើប្រៀបទៅនឹងការព្យួរកអាមេរិកបានពាកខ្សែចូលក្នុងកកម្មជាហើយតែគេមិនទាន់ធាក់កៅអីចេញពីជើង។ត្រង់នេះហើយទើបគ្មានក្រុមហ៊ុនធំៗមកពីប្រទេសប្រជាធិបតេយ្យមកកម្មជាឡើយ។