ដោយ ទីន ហ្សាការីយ៉ា
2024.02.24
RFA
![កសិករ និងអ្នកជំនាញកសិកម្មស្នើរដ្ឋាភិបាលដាក់ចេញយុទ្ធនាការជួយទីផ្សារកសិផលខ្មែរទូទាំងប្រទេស](https://www.rfa.org/khmer/news/economy/farmers-asked-govt-to-expand-the-markets-02242024035103.html/@@images/f96662e9-4099-4f67-8396-93596330277d.jpeg)
ការតាំងបង្ហាញ និងលក់ផលិតផលកសិកម្មរបស់កសិករ នៅមុខក្រសួងកសិកម្ម កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកលោក ឌិត ទីណា
កសិករ និងអ្នកជំនាញកសិកម្មចង់ឃើញរដ្ឋាភិបាលដាក់ចេញយុទ្ធនាការជាក់លាក់ជួយរកទីផ្សារកសិផលខ្មែរទូទាំងប្រទេស។ ពួកគេស្នើដូច្នេះ ដោយសារតែកន្លងមកចំណាត់ការរបស់រដ្ឋាភិបាលជួយបានតែមួយរយៈពេល ហើយក៏ឈប់ទៅវិញ។
សំណើរបស់កសិករ និងអ្នកជំនាញ ក្រោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អ្នកស្រី ចម និម្មល កាលពីថ្ងៃទី២២ ខែកុម្ភៈ បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលបន្លែតាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) របស់ក្រសួងក្រសួងពាណិជ្ជកម្មជាមួយក្រុមហ៊ុនប្រមូលទិញបន្លែចំនួន៥។
ក្រុមហ៊ុនប្រមូលទិញបន្លែទាំង៥ រួមមាន ផ្សារកូនកាំបិត ផ្សារខ្មែរបន្លែធម្មជាតិ និងផ្សារស្នាដៃម៉ែ ជាដើម។ ក្រសួងបញ្ជាក់ថា ក្រុមហ៊ុនទាំងនេះនឹងចូលរួមចំណែកក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះផលិតផលក្នុងស្រុកការបង្កើនសមត្ថភាពប្រកួតប្រជែង និងការធ្វើពាណិជ្ជកម្មកសិកម្មស្របតាមនិន្នាការគុណភាពនៅលើទីផ្សារ។
ការប្រមូលទិញបន្លែរបស់សហគ្រាសទាំង៥ គឺស្មើនឹងប្រមាណ ២៤ភាគរយ នៃបរិមាណលក់ជាក់ស្ដែងរបស់កសិករក្រោមគម្រោងកសិកម្មខ្នាតតូចរបស់ក្រសួងពាណិជ្ជកម្មក្នុងមួយឆ្នាំ។ ក្រសួងថា គម្រោងកសិកម្មខ្នាតតូចនឹងអាចបង្កើនការផ្គត់ផ្គង់ក្នុងស្រុករបស់ខ្លួនរហូតដល់ជាង ៣ម៉ឺនតោនក្នុងមួយឆ្នាំ។
កសិករដាំបន្លែនៅស្រុកស្អាង លោកស្រី សុខ ហៀង លើកឡើងតម្លៃបន្លែគ្រប់មុខមានតម្លៃថោក រហូតដល់មានកសិករខ្លះទៀតភ្ជួរបន្លែរបស់ខ្លួនចោលដោយសារតែគ្មានអ្នកទិញ ហើយកសិករកាន់តែច្រើន ធ្លាក់ក្នុងបំណុល។ លោកស្រី សុខ ហៀង លើកឡើងថា បញ្ហាទីផ្សារនេះ ដោយសារតែរដ្ឋាភិបាលបើកឱ្យឈ្មួញនាំចូលបន្លែពីប្រទេសវៀតណាម ហើយរដ្ឋាភិបាលមិនបានជួយរកទីផ្សារដល់ពលរដ្ឋខ្លួន។
ទោះជាយ៉ាងណា លោកស្រី សុខ ហៀង ស្នើដល់រដ្ឋាភិបាលដាក់ចេញនូវវិធានការជាបន្ទាន់ និងជាក់លាក់ក្នុងការជួយដល់ទីផ្សារកសិករទូទាំងប្រទេសឱ្យទទួលបានតម្លៃសមរម្យ និងបន្តគាំទ្រដល់បច្ចេកទេសកសិផលខ្មែរ។
លោកស្រី សុខ ហៀង៖ «បើបន្លែយើងធ្លាក់អ៊ីចឹង ខាតគ្រប់កន្លែង ថោកនោះថោក ជួនណាដាំបានអត់មានអ្នកទិញក៏ភ្ជួរចោលទៅ ដុតចោលទៅ។ ឱ្យជួយរកបានទីផ្សារទៅបន្លែខ្មែរយើង គ្រាន់មានទឹកមាត់លេបខ្លះ ព្រោះអត់មានទីផ្សារផងហ្នឹង យកទៅជួនកាលខាងម៉ូយភ្នំពេញក៏ពិបាកលក់ យកទៅទុកចោលរលួយពេញតង់»។
វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបជុំវិញករណីនេះ ពីអ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ប៉ែន សុវិជាតិ បានទេ កាលពីថ្ងៃទី២៣ ខែកុម្ភៈ។
ទីប្រឹក្សាអង្គការសាមគ្គីភាពកសិករកម្ពុជា លោក ឌី គន្ធា លើកឡើងថា លោកគាំទ្រចំពោះសហការជាមួយក្រុមហ៊ុនឯកជនដើម្បីចូលរួមរួមស្ទួយកសិផលខ្មែរ ប៉ុន្តែ លោកថា ការគាំទ្រនេះនៅមិនទាន់ជួយកសិករទូទាំងប្រទេសបាននោះទេ។ លោក ឌី គន្ធា បន្ថែមថា រដ្ឋាភិបាលគួរតែសហការជាមួយក្រុមហ៊ុនឯកជនជាច្រើនទៀតដើម្បីទិញកសិផលខ្មែរ។
លោក ឌី គន្ធា៖ «ចំពោះមុខរដ្ឋាភិបាលត្រូវធ្វើការកៀរគរអ្នកវិនិយោគទុនដែលផ្ដោតទៅលើវិស័យកសិកម្មដែលអាចបង្កើតជារោងចក្រកែច្នៃកសិផលដំណាំ ឧទាហរណ៍រោងចក្រផលិតចំណីសត្វ ឬក៏រោងចក្រកែច្នៃចំណីអាហារ»។
ក្រៅពីនេះ លោក ឌី គន្ធា ថា រដ្ឋាភិបាលគួរតែកែច្នៃផលិតផលកសិផលកសិកម្មឱ្យក្លាយជាផលិតផលសម្រេច និងជួយគាំទ្រផលិតផលកសិកម្មអាចប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិបាន។
ក្រសួងកសិកម្មធ្លាប់លើកឡើងថា នៅឆមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានចំណូលជាង ២ (២.៤)ពាន់លានដុល្លារ ធ្លាក់ចុះជាង២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ ក្រសួងអះអាងថា ការធ្លាក់ចុះនេះដោយសារតែវិបត្តិសេដ្ឋកិច្ចសកលលោក និងផលិតកម្មដំណាំមួយចំនួនមានការថយចុះជាដើម។
នៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលអាណត្តិទី៧ បានកំណត់ពីការធ្វើឱ្យវិស័យកសិកម្ម ប្រសើរឡើង មានការប្រកួតប្រជែងខ្ពស់ មានអ្នកជំនួញកសិកម្មនៅតាមឃុំ-សង្កាត់ និងធ្វើឱ្យកសិករនៅតាមជនបទមានជីវភាពធូរធារ។ ទោះជាយ៉ាងណា កសិករ និងអ្នកជំនាញកសិកម្ម ជំរុញឱ្យរដ្ឋាភិបាលបង្កើតគោលនយោបាយ ដើម្បីពង្រីកផលិតកម្ម កសិកម្ម ឱ្យបានគ្រប់តាមតម្រូវការក្នុងស្រុក ចៀសវាងការបើកឱ្យកសិផលពីក្រៅប្រទេសវាយលុកទីផ្សារក្នុងស្រុក។ ពួកគាត់ក៏ស្នើឱ្យប្រជាពលរដ្ឋ ដែលជាអ្នកបរិភោគឱ្យងាកមកទិញ បន្លែផ្លែឈើ ត្រីសាច់ ក្នុងស្រុក ដើម្បីជួយដល់កសិករខ្មែរ និងជួយដល់សេដ្ឋកិច្ចជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។