ដោយ សេក បណ្ឌិត
2024.02.24
RFA
(ពីឆ្វេង) ប្រធានក្រុមហ៊ុន ណាវ៉ាត្រា គ្រុប លោក ឡេង ណាវ៉ាត្រា លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងភរិយា អ្នកស្រី ម៉ៅ ចំណាន។ រូប៖ ហ្វេសប៊ុកលោក ឡេង ណាវ៉ាត្រា និងលោក គិត ម៉េង
អ្នកសិល្បៈ ទាំងជើងចាស់ និងថ្មី កំពុងប្រជែងគ្នាឈឈ្មោះជាបេក្ខភាពប្រធានសមាគមនេះ ដែលគេគ្រោងនឹងបោះឆ្នោតជ្រើសរើសនៅពេលដ៏ឆាប់ខាងមុខនេះ។
ជាមួយគ្នានេះដែរ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក៏បានចូលរួមគាំទ្រលើបេក្ខភាពមួយចំនួនដែលឈរឈ្មោះជាប្រធានសមាគម នៅមុនការបោះឆ្នោតមកដល់ ក៏ប៉ុន្តែ បេក្ខភាពដែល លោក ហ៊ុន សែន គាំទ្រនោះ មានការរិះគន់ជាច្រើន។
តើបេក្ខភាពមួយណា ដែលមហាជនលើបណ្ដាញសង្គមរិះគន់នោះ ហើយតើហេតុអីបានជាពួកជាពួកគេរិះគន់ និងមិនចង់ឲ្យឈឈ្មោះ ឬទៅធ្វើជាប្រធានសមាគមសិល្បៈនេះ…?
លោក ហ៊ុន សេន បានប្តូរចិត្តភ្លាមៗ ពីការគាំទ្រលើបេក្ខជនឈរឈ្មោះជាប្រធានសមាគមសិល្បៈ គឺ លោក ឡេង ណាវាត្រា ដោយងាកមកគាំទ្របេក្ខជនឈរឈ្មោះគឺ អ្នកស្រី ម៉ៅ ចំណាន ឬ ស្រី តូច ចំណាន ជាភរិយាអ្នកឧញ៉ា គិត ម៉េង។
ការប្រកាសគាំទ្រនេះ ធ្វើឡើងបន្ទាប់អ្នកស្រី ម៉ៅ ចំណាន ឬ ស្រីតូច ចំណាន កាលពីថ្ងៃទី២១ កុម្ភៈ ប្រកាសឈរឈ្មោះឲ្យគេបោះឆ្នោត ជាប្រធានសមាគមអ្នកសិល្បៈអាណត្តិថ្មី ឆ្នាំ២០២៤នេះ។
លោក ហ៊ុន សែន បានសរសេរសារបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា៖ «ខ្ញុំសូមសំដែងនូវការគាំទ្រចំពោះបេក្ខភាពលោកជំទាវ ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង ជាប្រធានសមាគមសិល្បៈ។ ប្រសិនលោកជំទាវទទួលបានការគាំទ្រតាមរយៈការបោះឆ្នោតសមាគមនេះមិនមានការលំបាកផ្នែកថវិកាខ្លាំងពេកនោះទេ។
អ្នកស្រី ម៉ៅ ចំណាន ឬ ស្រី តូច ចំណាន ជាអតីតពិធីការនីដ៏មានប្រជាប្រិយភាពមួយរូប ប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខ៥ នៃកងយោធពលខេមរភូមិន្ទ។
នៅមុនការគាំទ្របេក្ខភាព អ្នកស្រី ម៉ៅ ចំណាន នេះ លោក ហ៊ុន សែន បានគាំទ្របេក្ខភាព លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ដោយរំពឹងថា បេក្ខភាពរូបនេះធ្វើឲ្យលោកមានភាពកក់ក្តៅ ក្នុងការដឹកនាំសមាគមសិល្បៈបានល្អ ដោយមិនជួបបញ្ហាលំបាកក្នុងស្វែងរកថវិកាមកទ្រទ្រង់សមាគមនេះ ប៉ុន្តែភ្លាមៗនោះលោកបានប្តូរចិត្តវិញ។
ការផ្លាស់ប្ដូរនេះ ដោយសារមានការរិះគន់ផង និងសំណូមពរផង ដោយអ្នកខ្លះចូលទៅបញ្ចេញមតិដោយផ្ទាល់លើទំព័រហ្វេសប៊ុក លោក ហ៊ុន សែន និងខ្លះបានកាត់យកមកបង្ហោះបន្តចែករំលែក ឬ ស៊ែរ (Share) បន្ត ដោយសុំឲ្យលោក ឡេង ណាវ៉ាត្រា ទុកពេលសង់ផ្ទះសងអតិថិជនឲ្យរួចរាល់សិន ចាំរត់ទៅជួយអ្នកសមាគមសិល្បៈ។
ទាក់ទងនឹងរឿងនេះ ម្ចាស់គណនីហ្វេសប៊ុកមួយដាក់ឈ្មោះ ថា កា តុ សុខចាន់ធីតា(Ka Tok Sok Chanthida) ដែលគេស្គាល់ថា ជាអ្នកសិល្បៈជើងចាស់មួយរូបបានសរសេរនៅលើហ្វេសប៊ុក របស់ខ្លួននៅពេលថ្មីនេះថា៖
កា តុ សុខចាន់ធីតា៖ «ប៉ុន្មានថ្ងៃនេះក្នុងបណ្ដាញសង្គមមានរឿងរ៉ាវជាច្រើន អ្នកខ្លះចង់ធ្វើនេះ អ្នកខ្លះចង់នោះ តែចំណែកខ្ញុំមិនចង់ធ្វើអ្វីទេ ចង់បានតែផ្ទះដែលជាញើសឈាម ដែលខំសន្សំពីរនាក់ប្តីប្រពន្ធទាំងយប់ទាំងថ្ងៃ ទាំងក្នុងការងារសិល្បៈ នឹងការងាររកស៊ីផ្សេងៗ ដើម្បីយកលុយទិញបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិ6A បង់ផ្តាច់ តែអស់រយៈពេលជិត បីឆ្នាំហើយឃើញតែឥដ្ឋក្រហមបានពាក់កណ្តាលនឹងឯង សួរគេដែរតែគេអោយខ្ញុំយោគយល់ តើយោគយល់ប៉ុន្មានឆ្នាំទៀត (អាតូចយល់អាធំ..?) ខ្ញុំសែនពិបាកចិត្តរាល់ថ្ងៃ តែម្ចាស់បុរីដើរធ្វើបុណ្យដូចគ្មានរឿងអី ចុះទំរាំបងប្អូននៅផ្ទះជួលយកលុយពីធនាគារតើពួកគាត់គិតយ៉ាងមិច ជួយពិចារណាតាមការគួរ…!»។
ដោយឡែកម្ចាស់គណនីហ្វេសប៊ុកមួយទៀតដាក់ ឈ្មោះថា អាន វិចិត្រ (AN Vicheth) បានបង្ហោះរឿងនេះនៅលើហ្វេសប៊ុករបស់ខ្លួនថា រឿងដែលអ្នកឧកញ៉ាចិត្តធម៌ត្រូវធ្វើ គឺដោះស្រាយធ្វើផ្ទះជូនអតិថិជនរបស់ខ្លួនដែលបានបង់លុយអស់ហើយនោះ ប្រសើរហើយ មិនចាំបាច់ចំណាយពេលគិតរឿងសិល្បៈស្អីណាទេ ទុកឱ្យគេមានចំណេះជំនាញខាងសិល្បៈពិតប្រាកដគេដោះស្រាយទៅ។
ដោយឡែក ម្ចាស់គណនីហ្វេសប៊ុកមួយទៀត ឈ្មោះ ថា មយូរា ទឹកកក ចូលទៅ បញ្ចេញមតិនៅលើហ្វេសប៊ុក លោក ហ៊ុន សែន ផ្ទាល់តែម្តងថា មិនគួរគាំទ្រអ្នកឧកញ៉ាទេសម្ដេច គាត់មានទំនួលខុសត្រូវច្រើនហើយ បើអាចសង់ផ្ទះឱ្យបានហើយតាមកិច្ចសន្យាសិនមក សូមកុំបន្ថែមការងារឱ្យគាត់រវល់ទៀតអី។
ស្រដៀងគ្នានេះថា ម្ចាស់គណនីហ្វេសប៊ុកមួយទៀត ឈ្មោះ អា ព័រ ( Ahh Por ) ក៏បានចូលទៅបញ្ចេញមតិ លើរឿងនេះដែរថា៖ «ខ្ញុំសូមលើកដៃសំពះជំរាបសួរពីចំងាយ សូមសម្តេចពុកដ៏ខ្ពង់ខ្ពស់ក្នុងចិត្តប្រជាជនគ្រប់គ្នា ជួយប្រដៅដាស់តឿនសតិគាត់ឱ្យសង់ផ្ទះឱ្យប្រជាជនផង បើគ្មានផ្ទះឱ្យនោះទេ គួរសងលុយវិញមក (គ្រួសារខ្ញុំក៏ជាជនរងគ្រោះដែរ)»។
ចំណែក ម្ចាស់គណនីហ្វេសប៊ុក មួយទៀតឈ្មោះ មករា ខៀវ បានបន្ទរដោយស្នើទៅលោក ឡេងណាវ៉ាត្រា៖ «សូមអ្នកឧកញ៉ា ជួយដោះស្រាយបញ្ហាជាប់គាំងការសាងសង់ផ្ទះល្វែងជាច្រើន ដែលមិនទាន់ធ្វើរួចរាល់ជូនអតិថិជនផង ដែលជាគម្រោងផ្ទះល្វែងរបស់អ្នកឧកញ៉ា ដើម្បីកុំឱ្យអតិថិជន ពួកគាត់ផ្ទុះការតវ៉ាជាសាធារណៈកាន់តែច្រើនអី សម្តេចពុក និងគួរតែផ្តល់ឱកាសដល់សិល្បៈរៀមច្បងដែលមានបទពិសោធន៍ និងសក្ដិសមជាងនេះ។ សូមអរគុណ»។
ទាក់ទងសំណើរបស់ពលរដ្ឋ បែបនេះ ដូចជាមិនទាន់ឃើញលោក ឡេង ណាវ៉ាត្រា ឆ្លើយតបយ៉ាងណានៅឡើយទេហូតមកទល់ពេលនេះ។ លោក ហ៊ុន សែន ហាក់ឆ្លើយជំនួស លោក ឡេង ណាវ៉ាត្រា តាមរយៈសាររបស់លោក នៅលើបណ្តាលសង្គម។
លោក ហ៊ុន សែន បានលើកឡើង ៣ចំណុចមកពន្យល់ជុំវិញរឿងនេះ ដោយក្នុងនោះលោកលើកឡើងថា៖ «រវាងសិល្បៈ និងជំនួញមិនគួរផ្សាភ្ជាប់គ្នាទេ។ ខ្ញុំដឹងពីការយឺតយ៉ាវរបស់ក្រុមហ៊ុនក្នុងការប្រគល់ផ្ទះដោយសារកប់ទុនលើដីចំនួនច្រើន តែក្រុមហ៊ុនមិនទាន់ក្ស័យធនរហូតមិនអាចមកធ្វើប្រធានសមាគម និងជួយដល់សិល្បៈបានដែរ»។
លោកបន្តថា មិនតម្រូវថា ទាល់តែចេះសិល្បៈទើបធ្វើជាប្រធានសមាគមសិល្បៈបាននោះទេ។
លោក ហ៊ុន សែន នៅមានហេតុផល វែងអន្លាយថែមទៀត។ តែទោះយ៉ាងណាលោកសម្រេចថា ដើម្បីងាយស្រួល លោកស្នើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដកបេក្ខភាពចេញសិន ដោយចាំពេលក្រោយក៏មិនយឺតពេលដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
One eye Hun Sen should not be involved with who should be the President of the entertainment business. It should be up to the Ministry of Cultural department and the entertainers themselves to vote / select or choose who is well qualified to be the president. Hun Sen should stay out of it! You are not the only one should make all the decisions for others.