ដោយ ទីន ហ្សាការីយ៉ា
2024.02.24
RFA
មន្ត្រីពង្រឹងការអនុវត្តច្បាប់នៃគម្រោងរេដបូកទំរីង ចុះបង្រ្កាបបទល្មើសព្រៃឈើ និងសត្វព្រៃ នៅតំបន់អូរព្រូសឃុំក្រយា ស្រុកសន្ទក ខេត្ដកំពង់ធំ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ២០២៣។ រូប៖ ហ្វេសប៊ុកគម្រោងរេដបូកទំរីង – Tumring REDD+ Project
បណ្ដាញសហគមន៍ព្រៃឡង់រកឃើញថា គម្រោងរ៉េដបូក (Redd+) ចំនួន២ខេត្ត គឺខេត្តកំពង់ធំ និងខេត្តស្ទឹងត្រែង កំពុងបរាជ័យក្នុងការការពារព្រៃឈើ ដោយមានការកាប់ទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិនៅតំបន់ការពាររ៉េដបូក។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា ការបាត់បង់គម្របព្រៃឈើនេះ ដោយសារតែអាជ្ញាធរពាក់ព័ន្ធបណ្ដែតបណ្ដោយនិងគប់គិតគ្នាឲ្យមានការកាប់ទន្ទ្រាន។
បណ្ដាញសហគមន៍ព្រៃឡង់ នៅថ្ងៃទី២៣ ខែកុម្ភៈ បានបង្ហាញរបាយការណ៍សង្ខេបមួយ ដោយរកឃើញថា តំបន់ព្រៃការពារស្ថិតនៅក្រោមគម្រោងរ៉េដបូកទំរីង ខេត្តកំពង់ធំ និងខេត្តស្ទឹងត្រែង កំពុងរងបរាជ័យ ដោយសារមានការកាប់ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិឯកជន ដែលធ្វើឲ្យមានការកើនឡើងនៃការបំភាយកាបូន។ របាយការណ៍នេះក៏បានបញ្ជាក់ថា ការធ្វើអាជីវកម្មលើធនធានធម្មជាតិ ការកេងប្រវ័ញ្ច និងបំបិទសិទ្ធិសហគមន៍មូលដ្ឋានមិនឲ្យចូលរួមការពារព្រៃឈើទើបបណ្ដាលឲ្យមានការបាត់បង់គម្របព្រៃឈើនៅតំបន់ទាំងនោះ។
របាយការណ៍ពេញដែលមានកម្រាស់ ៣៤ទំព័រ និយាយអំពីការឃ្លាំមើលព្រៃឈើតំបន់ការពារលើកទី៣ បានចុះសិក្សាស្រាវជ្រាវរយៈពេល១ឆ្នាំ ដោយបានប្រើប្រាស់ដ្រូន ទូរស័ព្ទស្មាតហ្វូន ប្រព័ន្ធបច្ចេកវិទ្យា ផ្កាយរណប និងការចុះស្រាវជ្រាវផ្ទាល់របស់សហគមន៍មូលដ្ឋាន ដើម្បីប្រមូលទិន្នន័យនិងថតរូបភាពទុកជាភស្តុតាង។
អ្នកសម្របសម្រួលបណ្ដាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ លោក ខេម សុឃី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៣ ខែកុម្ភៈ ថា ទីតាំងដែលស្ថិតក្រោមគម្រោងរ៉េដបូក កំពុងតែរងការកាប់ទន្ទ្រានដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិយ៉ាងអនាធិបតេយ្យ ហើយមន្ត្រីពាក់ព័ន្ធនៅតំបន់នោះ មិនបានទប់ស្កាត់បទល្មើសទាំងនេះនោះទេ ។ លោកថា ផ្ទុយទៅវិញមន្ត្រីទាំងនោះព្យាយាមតាមធ្វើទុក្ខបុកម្នេញទៅលើអ្នកការពារព្រៃឈើតែប៉ុណ្ណោះ។
លោក ខេម សុឃី៖ «ស្នើសុំឲ្យអ្នកផ្ដល់មូលនិធិគម្រោងរ៉េដបូក និងរដ្ឋាភិបាលពិចារណាឲ្យបានច្បាស់លាស់នៅកិច្ចការទាំងអស់នេះ ប្រសិនបើយើងនៅតែបណ្ដែតបណ្ដោយឲ្យគម្រោងចេះតែដើរហើយព្រៃចេះតែអស់ សួរថា យើងបានផលអ្វីមកវិញ បានតែអស់លុយនឹងការគប់គិតគ្នាយកលុយមកតែចាយហ្នឹងប្រជាសហគមន៍ដែលមានឆន្ទៈក្នុងការធ្វើការបែរជាពួកគាត់អត់បានផលប្រយោជន៍អ្វីទេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខៃ អាទិត្យា ដើម្បីសុំការឆ្លើយតបបានទេ នៅថ្ងៃទី២៣ ខែកុម្ភៈ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
អ្នកសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន យល់ឃើញថា ដោយសារភាពកម្សោយនៃការអនុវត្តច្បាប់ និងមិនអនុញ្ញាតឲ្យសហគមន៍មូលដ្ឋានបានចូលរួមការពារព្រៃឈើ និងមិនមានការសហការជាមួយអង្គការជាដៃគូទើបធ្វើឲ្យគម្រោងមួយនេះរងបរាជ័យ។ លោកបន្ថែមថា អាជ្ញាធរត្រូវតែសហការជាមួយសហគមន៍មូលដ្ឋានជាចាំបាច់ និងត្រូវអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងទៅលើអ្នកប្រព្រឹត្ត។
លោក អូត ឡាទីន៖ «ចំណុចសំខាន់បំផុតទីមួយគឺរដ្ឋាភិបាលត្រូវតែផ្ដល់សិទ្ធិអំណាចពេញលេញទៅដល់សហគមន៍មូលដ្ឋាន ក្នុងការការពារតំបន់របស់ពួកគាត់ យុវជនទាំងអស់ហ្នឹងអាចធ្វើកិច្ចការរួមគ្នាទៅលើរួមចំណែកជួយការពារធនធានធម្មជាតិ យើងអាចធានាថា គម្រោងរ៉េដបូកមានការល្អប្រសើរផ្ទុយទៅវិញ ប្រសិនបើរដ្ឋាភិបាលអត់យកចិត្តទុកដាក់ក្នុងការអនុវត្តច្បាប់របៀបនេះទេ ខ្ញុំជឿថា ការអនុវត្តគម្រោងរ៉េដបូកតំបន់មួយចំនួនពិបាកក្នុងទទួលបានជោគជ័យណាស់»។
បណ្ដាញសហគមន៍ព្រៃឡង់លើកឡើងទៀតថា ដើម្បីធានាដល់បរិស្ថាន និងសុចរិតភាពសង្គមរដ្ឋាភិបាលគួរតែមានតម្លាភាព និងគណនេយ្យភាព ហើយប្រកាន់ខ្ជាប់នូវការការពារសង្គម និងបរិស្ថានឲ្យបានតឹងរ៉ឹង និងមានការចូលរួមការពារព្រៃឈើពីសហគមន៍មូលដ្ឋានដែលជាជនជាតិដើមភាគតិចនៅតំបន់នោះ។
កាលពីឆ្នាំ២០២០កន្លងទៅ សហព័ន្ធចលនាដើម្បីបរិស្ថាន (Korea Federation for Environmental Movements) ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េ បានចេញផ្សាយរបាយការណ៍ការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំ នៅតំបន់រ៉េដបូក របស់កូរ៉េក្នុងប្រទេសកម្ពុជា ។ របាយការណ៍នេះបានរកឃើញទៀតថា ព្រៃសហគមន៍ចំនួន ១៤មានផ្ទៃដីសរុបជាង ៧ម៉ឺនហិកតារនៅជាប់ព្រៃឡង់ក្នុងខេត្តកំពង់ធំបានបាត់បង់ព្រៃឈើជាង ២ម៉ឺនហិកតារ នៅរយៈពេល៦ ឆ្នាំចុងក្រោយនេះ ធ្វើឱ្យការអនុវត្តគម្រោងរេដបូកបានបរាជ័យ។ ក្រៅពីនេះទំហំព្រៃឈើដែលបាត់បង់ភាគច្រើនបានប្រែក្លាយទៅជាដីស្រែចម្ការមានដំណាំដំឡូងមី កៅស៊ូ និងស្វាយចន្ទីជាដើមគ្រប់គ្រងកម្មសិទ្ធិដោយបុគ្គលឯកជន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។