កម្ពុជា​រៀបចំ​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ដែល​លោក ហ៊ុន សែន នឹង​ក្លាយ​ជា​ប្រធាន​ស្ថាប័ន​កំពូល​នេះ

២៥ កុម្ភៈ ២០២៤
លាស់ លីបលីប
ស៊ុន ណារិន
ចិត្ត ស្រីយ៉ា
វីអូអេខ្មែរ

លោក ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជន​កម្ពុជា ​ផ្ទៀង​ឈ្មោះ​របស់​លោក ​នៅ​ក្នុង​មណ្ឌល​បោះ​ឆ្នោត​ខេត្តកណ្តាល ​កាល​ពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៤។ (លាស់ លីបលីប/វីអូអេ)
លោក ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជន​កម្ពុជា ​ផ្ទៀង​ឈ្មោះ​របស់​លោក ​នៅ​ក្នុង​មណ្ឌល​បោះ​ឆ្នោត​ខេត្តកណ្តាល ​កាល​ពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៤។ (លាស់ លីបលីប/វីអូអេ)

ភ្នំពេញ — ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា នីតិ​កាលទី៥ បាន​បិទ​បញ្ចប់​នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​អាទិត្យ ទី​២៥​ខែ​កុម្ភៈ​នេះ ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា​រំពឹង​ថា​នឹង​ឈ្នះ​អាសនៈ​លើស​លប់​ក្នុង​ចំណោម​អាសនៈ​ប្រកួត​ប្រជែង​ចំនួន​៥៨​។ លោក ហ៊ុន សែន អតីត​នាយក​រដ្ឋមន្រ្តី​កម្ពុជា និង​ជា​តំណាងរាស្រ្ត​មួយ​រូប​ដែល​ជា​អង្គ​បោះ​ឆ្នោត​នា​ថ្ងៃ​អាទិត្យ​នេះ នឹង​ឡើង​កាន់​តំណែង​ជា​ប្រធាន​ស្ថាប័ន​ព្រឹទ្ធសភា​នា​ពេល​ខាង​មុខ។

អង្គ​បោះ​ឆ្នោត​នៃ​ការបោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​នេះ ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​ជាប់​ឆ្នោត​មាន​ប្រមាណ​១២០០០​នាក់ និង​តំណាង​រាស្រ្ត​១២៥​រូប ដែល​ភាគ​ច្រើន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ជា សារ៉េត អាយុ​៤៩​ឆ្នាំ ចៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី១ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា លើក​ឡើង​ថា​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​អាណត្តិ​ទី​៥​នេះ មាន​ភាព​ល្អ​ប្រសើរ ដោយ​សារ​វា​ជា​ការ​បោះ​ឆ្នោត​ដោយ​សម្ងាត់ មិន​មាន​ការ​គំរាម​កំហែង​ ឬ​គាប​សង្កត់​អ្វី​ឡើយ។

លោក​ថ្លែង​ថា៖ «ពាក់ព័ន្ធ​នឹង​នីតិកាល​ទី៥ នៃព្រឹទ្ធសភា​នេះ​គឺ​ខ្ញុំ​មាន​គោលបំណង​មួយ​គឺ​ថា​ចង់​ធ្វើ​យ៉ាង​ណា​រួម​គ្នា​ ទាំង​ព្រឹទ្ធសភា​ក្ដី ទាំង​រដ្ឋសភា​ក្ដី​ ប្រជា​ពលរដ្ឋ​ទាំង​អស់ សំខាន់​គោលដៅ​ដែល គឺ​ខ្ញុំ​ចង់​បាន ​សន្ដិភាព​ឱ្យ​បាន​គង់វង្ស​ជា​អមតៈ​ទីមួយ។ ទីពីរ​ខ្ញុំ​ចង់​ឱ្យ​មាន​ការ​អភិវឌ្ឍ​ឱ្យ​បាន​ល្អ​ថែម​ទៅ​មុខ​ទៀត​ឱ្យ​ប្រទេស​យើង​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​ទៀត»


សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ មាន​ចំនួន​១១​រូប​ដែល៨រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​៣​រូប​ទៀត​មក​ពី​គណបក្ស​ភ្លើង​ទៀន។ នេះ​បើ​តាម​លោក ជា សារ៉េត​។

ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​នេះមាន​ការ​ចូលរួម​ពី​គណបក្ស​ជំទាស់ គឺ​គណបក្ស​ឆន្ទៈ​ខ្មែរ ​តំណាង​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ដែល​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច។

លោក ហង្ស វណ្ណនី អាយុ​៦៦​ឆ្នាំ ចៅសង្កាត់​រង​ទី២​នៃ​សង្កាត់​ព្រែក​ព្នៅ ខណ្ឌព្រែកព្នៅ រាជធានី​ភ្នំពេញ មក​ពី​គណបក្ស​ភ្លើង​ទៀន ថ្លែង​ថា​លោក​ចង់​បាន​តំណាង​មួយ​របស់​គណ​បក្ស​ជំទាស់​នៅ​ក្នុង​ថ្នាក់​ជាតិ។

លោក​បញ្ជាក់​ថា​៖ «…បើ​មាន ​អាច​មាន[គណបក្ស​ជំទាស់] យើង​អាច​ងាយ​ស្រួល​សហការ​គ្នា ដើម្បី​ក្នុង​ជួរ​គណ​បក្ស​នីមួយៗ​មាន​មេដឹក​នាំ​ជួយ​ផ្ដល់​មតិ ក៏​ដូច​ជា​ផ្ដល់​ការងារ​ដល់​ក្រុម​ប្រឹក្សា​ដែល​ជាប់​ឆ្នោត»

បើ​តាម លោក ហង្ស វណ្ណនី សង្កាត់​ព្រែកព្នៅ មាន​សមាជិក​ក្រុម​ប្រឹក្សា​ចំនួន​១១​រូប​ដែល​៩​រូប​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា និង​២​រូប​មក​ពី​គណបក្ស​ភ្លើង​ទៀន។

អង្គ​បោះឆ្នោត​ដែល​ជា​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កំពុង​ត្រួត​ពិនិត្យ​ឈ្មោះ​របស់​ពួកគេ​នៅ​មណ្ឌល​បោះ​ឆ្នោត​ព្រឹទ្ធសភា​ក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤។ (ស៊ុន ណារិន/វីអូអេ)
អង្គ​បោះឆ្នោត​ដែល​ជា​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កំពុង​ត្រួត​ពិនិត្យ​ឈ្មោះ​របស់​ពួកគេ​នៅ​មណ្ឌល​បោះ​ឆ្នោត​ព្រឹទ្ធសភា​ក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤។ (ស៊ុន ណារិន/វីអូអេ)

អង្គ​បោះ​ឆ្នោត​មួយ​ចំនួន​ប្រាប់​វីអូអេ​ថា​ពួក​គេ​ចង់​ឃើញ​សមាជិក​ព្រឹទ្ធសភា​ជាប់​ឆ្នោត​ហ៊ានលើក​យក​បញ្ហា​ប្រឈម​របស់​ប្រជា​ពលរដ្ឋ​មក​ដោះស្រាយ។

លោក រស់ ជៀប ​អាយុ​៧៣ឆ្នាំ ​ជា​ជំទប់​ទី២​នៃ​ឃុំកំពង់​ស្វាយ ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល មកពី​គណបក្ស​ភ្លើង​ទៀន​ដែល​បាន​មក​បោះ​ឆ្នោត​នាព្រឹក​ថ្ងៃ​អាទិត្យ​នេះ ​ប្រាប់​អ្នកសារ​ព័ត៌មាន​វីអូអេ​ថា​តាម​រយៈ​ការ​បោះ​ឆ្នោត​អសកល​មួយនេះ ​លោក​ចង់​ឃើញ​សមា​ជិក​ព្រឹទ្ធ​សភា​ដែល​ជាប់​ឆ្នោត​យក​ចិត្ត​ទុក​ដាក់​លើក​ស្ទួយ​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​បាន​ខ្ញុំ​មើល​ឃើញ​ថា​ប្រទេស​ប្រកាន់​ប្រជាធិប​តេយ្យ​ សេរី​ពហុបក្ស​ គឺការ​កសាង​ប្រទេស អភិវឌ្ឍ​ប្រទេស​មាន​ការ​ជឿន​លឿន។ ខ្ញុំ​ឃើញ​គេ​អភិវឌ្ឍ​ជឿន​លឿន​ណាស់ អ៊ីចឹង​បាន​ខ្ញុំ​ចង់​បានភាព​ជឿន​លឿន​ហ្នឹង ដើម្បី​ប្រទេស​ជឿន​លឿន​ផង ដើម្បី​ជីវភាព​ប្រជាពលរដ្ឋ​[និង]​លើក​ស្ទួយ​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​ផង ដោយ​សារ​ការដឹកនាំ​របស់​រដ្ឋាភិបាល​»

អង្គ​បោះ​ឆ្នោត​ម្នាក់​ទៀត​ដែល​ជា​ក្រុម​ប្រឹក្សា​ឃុំ​បន្ទាយ​ដែក ស្រុកកៀន​ស្វាយ ខេត្ត កណ្តាល មក​ពី​គណបក្ស​ភ្លើង​ទៀន លោក ស៊ឹម មឿន ចង់​ឃើញ​សមាជិក​ព្រឹទ្ធ​សភា​យក​បញ្ហា​ពលរដ្ឋ​ទៅ​ជជែក​ដោះស្រាយ​ក្នុង​ព្រឹទ្ធសភា និង​រដ្ឋសភា។

លោក​ប្រាប់​អ្នកសារព័ត៌​មាន​ថា៖​ «រាល់​ការ​ខ្វះខាត ការ​លំបាក​របស់​ប្រជា​ពលរដ្ឋ​ គាត់​នឹង​ហ៊ាន​ជជែក​នៅ​ក្នុង​ព្រឹទ្ធសភា នៅ​ក្នុង​រដ្ឋសភា​អី​បាន​»

អង្គ​បោះឆ្នោត​កំពុង​ឈរ​តម្រង់​ឈរ​ដើម្បី​ចូល​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធសភា នៅ​មណ្ឌល​បោះឆ្នោត​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤។ (ស៊ុន ណារិន/វីអូអេ)
អង្គ​បោះឆ្នោត​កំពុង​ឈរ​តម្រង់​ឈរ​ដើម្បី​ចូល​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធសភា នៅ​មណ្ឌល​បោះឆ្នោត​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤។ (ស៊ុន ណារិន/វីអូអេ)

ចំណែក​អ្នកស្រី វ៉ា ប៉ិច ក្រុម​ប្រឹក្សា​ឃុំ​សំបួរ​មាស ស្រុក​មុខ​កំពូល ខេត្ត​កណ្តាល ដែល​មក​បោះឆ្នោត​នៅ​ភូមិភាគ​៣ ក្នុង​ខេត្ត​កណ្តាល បាន​សរសើរ​ចំពោះ​ការ​អភិវឌ្ឍ និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ​ដែល​អ្នកស្រី​ផ្តល់​ក្តី​រំពឹង​ថា​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទ​ទួល​បានអាសនៈ​ព្រឹទ្ធសភា​ច្រើន​លើស​លប់​បន្ត​ទៀត។

អ្នកស្រី​ថ្លែង​ថា៖ ​«​ខ្ញុំឃើញ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ គាត់អភិវឌ្ឍ​បាន​ច្រើន​ អ៊ីចឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ គាត់​សប្បាយ​ចិត្ត​ជា​ច្រើន​ទាំង​ខ្ញុំ ​ទាំង​គេ»

ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​នេះ​ធ្វើ​ឡើង​៦​ឆ្នាំ​ម្តង​សម្រាប់​មួយ​អាណត្តិ។ កាល​ពី​៦​ឆ្នាំ​មុន ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​នេះ​មិន​មាន​វត្តមាន​គណ​បក្ស​ជំទាស់​ឡើយ ដោយ​សារ​ការ​រំលាយ​គណ​បក្ស​សង្រ្គោះ​ជាតិ ហើយ​អង្គ​បោះ​ឆ្នោត​ដែល​ជាប់​ឆ្នោត​របស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​បែង​ចែកឱ្យគណបក្ស​កាន់​អំណាច។

គណបក្ស​នយោបាយ​ចំនួន​៤​ បាន​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​អាទិត្យ​នេះ រួម​មាន​គណបក្ស​ប្រជា​ជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច និង​គណបក្ស​កម្លាំង​ជាតិ។ គណបក្ស​ប្រជាជន​កម្ពុជា ​ត្រូវ​បាន​មើល​ឃើញ​ថា​នឹង​ឈ្នះ​អាសនៈ​ភាគ​ច្រើន បើ​ទោះ​មាន​គណបក្ស​ជំទាស់​មួយ​ចំនួន​ចូលរួម​ប្រកួត​ប្រជែង​ក៏​ដោយ​។

នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ គណបក្ស​ឆន្ទៈ​ខ្មែរ​ រំពឹង​ថា​នឹង​ទទួល​បាន​អាសនៈ​ព្រឹទ្ធសភា​ចំនួន​៩ ទៅ​តាម​ចំនួន​ក្រុម​ប្រឹក្សា​ដែល​ខ្លួន​មាន​ជាង​២០០០​នាក់​។

ខេត្ត​កណ្តាល ​គឺ​ជា​ភូមិភាគ​៣​ដែល​មាន​អង្គបោះ​ឆ្នោត​សរុប​៩២៦​នាក់ ដែល​ភាគ​ច្រើន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។ ​ចំពោះ​លទ្ធផល​បឋម​ដែល​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​រាប់​នៅ​ក្នុង​ការិយាល័យ​ចំនួន​២​នោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ទ​ទួល​បាន​សំឡេង​គាំទ្រ​ជាង​៧៧០​សំឡេង ​គណបក្ស​ឆន្ទៈ​ខ្មែរ​ទទួល​បាន​១៣០​សំឡេង គណ​បក្ស​ហ៊្វុនស៊ិនប៉ិច​ទទួល​បាន​៤​សំឡេង​ និង​គណបក្ស​កម្លាំង​ជាតិ​ទទួល​បាន​១២​សំឡេង​។ នេះ​បើ​តាម​ការ​រាប់​សន្លឹកឆ្នោត​ជាក់​ស្តែង​នៅ​ក្នុង​ភូមិ​ភាគ​៣​នោះ។

អង្គ​បោះ​ឆ្នោត​ដែល​ជា​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ លើក​ដៃជ្រលក់​ទឹក​ថ្នាំ​ក្រោយ​ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធសភា នៅ​មណ្ឌល​បោះឆ្នោត​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤។ (ស៊ុន ណារិន/វីអូអេ)
អង្គ​បោះ​ឆ្នោត​ដែល​ជា​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ លើក​ដៃជ្រលក់​ទឹក​ថ្នាំ​ក្រោយ​ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធសភា នៅ​មណ្ឌល​បោះឆ្នោត​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤។ (ស៊ុន ណារិន/វីអូអេ)

អគ្គលេខា​ធិការ​គណបក្ស​ភ្លើង​ទៀន លោក លី សុធារ៉ាយុត្តិ ប្រាប់​វីអូអេ​ក្រោយ​ការ​បោះ​ឆ្នោត​ថា​ក្នុង​ខេត្ត​កណ្តាល​នេះ គណ​បក្ស​ឆន្ទៈ​ខ្មែរ​ដែល​ជា​គណបក្ស​សម្ព័ន្ធភាព​របស់​គណបក្ស​ភ្លើង​ទៀន​មិន​ទទួល​អាសនៈ ដូច​ការ​រំពឹង​ទុក​នោះ​ទេ ដោយ​សារអង្គ​បោះ​ឆ្នោត​មួយ​ចំនួនមិន​បាន​បោះ​ឆ្នោត​គាំទ្រ​ដល់​គណ​បក្ស​ឆន្ទៈ​ខ្មែរ។

លោក​ប្រាប់​វីអូអេតាម​ប្រព័ន្ធតេឡេ​ក្រាម​ថា៖ ​«អង្គ​បោះ​ឆ្នោត​មាន​ចំនួន​១៨៧​រូប ​តាម​លទ្ធផល​មក​យើង​បាន​ទទួល​តែ​១៣០​សំឡេង​។ ដូច្នេះ​យើង​អាច​មិន​បាន​ទទួល​អាសនៈ ​នេះ​គឺ​ជា​លទ្ធផល​បឋម​តែ​ប៉ុណ្ណោះ​»

លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​អង្គ​បោះ​ឆ្នោត​មួយ​រូប​ក្នុង​នាម​ជា​តំណាងរាស្រ្ត​មណ្ឌល​ខេត្ត​កណ្តាល ក៏​បាន​មក​បោះ​ឆ្នោត​នៅ​ក្នុង​ភូមិ​ភាគ​៣ នា​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ដែរ​។

នៅ​មុន​ពេល​ចុះ​ចេញ​ពី​តំណែង​ជា​នាយក​រដ្ឋមន្រ្តី ​លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ថា​លោក​នឹង​ក្លាយ​ជា​ប្រធាន​ព្រឹទ្ធ​សភា បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធ​សភា ដែល​គណបក្ស​របស់​លោក​រំពឹង​ថា​នឹង​ឈ្នះ​អាសនៈ​ច្រើន​លើស​លប់​។

បើ​តាម​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា ​គ.ជ.ប ​លទ្ធផល​ផ្លូវ​ការណ៍​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី២ ​ខែ​មេសា​ ក្រោយ​ដោះ​ស្រាយ​ពាក្យ​បណ្តឹង​រួច​រាល់៕

What Next?

Recent Articles