កម្ពុជា
26/02/2024 – 12:21
ដោយ៖ ញឹម សុផល
RFI
នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ តុលាការកំពូលបានសម្រេចឲ្យសកម្មជនដីធ្លីមកពីសហគមន៍បឹងកក់២នាក់ បានរួចផុតពីបទចោទប្រកាន់។ ការសម្រេចរបស់តុលាការកំពូលបានធ្វើឡើងបន្ទាប់ពីសកម្មជនបឹងកក់ទាំងពីររូបត្រូវបានសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ផ្តន្ទាទោសពីបទគំរាមកំហែងថានឹងសម្លាប់នៅក្នុងខែមីនា ឆ្នាំ២០១២ទៅលើភាគីម្ខាងទៀតដែលជាសកម្មជនដូចគ្នា។
តុលាការកំពូលសម្រេចឲ្យសកម្មជនបឹងកក់វ័យ៨៣ឆ្នាំរួចពីបទចោទប្រកាន់
លោកយាយ ង៉ែត ឃុន អាយុ៨៣ឆ្នាំ (ហៅយាយម៉ាមី) និងអ្នកស្រី ឆេង លាភ អាយុ៥៨ឆ្នាំ ដែលគេស្គាល់ថាជាស្ត្រី ដែលតែងតែតវ៉ារឿងវិវាទដីធ្លីនៅបឹងកក់កាលពីជាង១០ឆ្នាំមុន ត្រូវបានតុលាការកំពូលភ្នំពេញសម្រេចឲ្យរួចពីបទចោទប្រកាន់។
តាមអង្គការការពារសិទ្ធិមនុស្សលីកាដូ ការចោទប្រកាន់នេះ គឺពាក់ព័ន្ធនឹងហេតុការណ៍ដែលមានក្រដាសសរសេរជាច្រើនសន្លឹក គំរាមថានឹងសម្លាប់អតីតសមាជិកសហគមន៍ម្នាក់ទៀតឈ្មោះ លី មុំ ដែលត្រូវបានរកឃើញនៅរាយប៉ាយនៅខាងមុខផ្ទះរបស់នាង។ អ្នកស្រី លី មុំ បានដាក់ពាក្យបណ្ដឹងទៅលើសមាជិកសហគមន៍បឹងកក់៦នាក់ ដែលក្នុងនោះរួមទាំង លោកយាយ ង៉ែត ឃុន និងអ្នកស្រី ឆេង លាភផងដែរ។ ស្រ្ដីទាំងប្រាំមួយនាក់នោះបានបដិសេធការចោទនេះ។

នៅក្នុងឆ្នាំ ២០១៦ អ្នកស្រី លី មុំ បានដកពាក្យបណ្ដឹង ក៏ប៉ុន្តែសមាជិកសហគមន៍ទាំង៦នាក់ នៅតែត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨។ ប៉ុន្តែទោសដាក់ពន្ធនាគារចំនួន ៦ខែត្រូវបានព្យួរ។
លោកយាយ ង៉ែត ឃុន និងអ្នកស្រី ឆេង លាភ គឺជាជនជាប់ចោទតែពីរនាក់ប៉ុណ្ណោះ ដែលប្ដឹងសាទុក្ខទៅកាន់តុលាការកំពូល បន្ទាប់ពីសកម្មជនបឹងកក់ទាំងពីររូបបានប្តឹងទៅឧទ្ធរណ៍ ហើយឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមសាលាដំបូងទុកជាបានការកាលពីខែកញ្ញា ឆ្នាំ២០២៣។
សូមរំលឹកថា សមាជិកសហគមន៍បឹងកក់ បានប្រឈមនឹងជម្លោះដីធ្លីដ៏រាំរ៉ៃ បន្ទាប់ពីរដ្ឋាភិបាលបានជួលបឹងកក់ ទៅឲ្យក្រុមហ៊ុនឯកជនក្នុងឆ្នាំ២០០៧។ សមាជិកសហគមន៍ជាច្រើននាក់ ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារជាបន្តបន្ទាប់ និងត្រូវបានកាត់ទោសពីបទល្មើសទាក់ទងនឹងការការពារផ្ទះរបស់ពួកគេ និងហ៊ាននិយាយតវ៉ាទៅនឹងការបណ្ដេញចេញដោយបង្ខំ។ នេះបើតាមអង្គការលីកាដូ៕