បោះឆ្នោតព្រឹទ្ធសភា៖ អង្គបោះឆ្នោតបក្សប្រឆាំងជាង៥០០នាក់ បោះឲ្យបក្សកាន់អំណាច

កម្ពុជា
26/02/2024 – 10:03
ដោយ៖ ញឹម សុផល
RFI

លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ កាលពីថ្ងៃអាទិត្យ ទី២៥ កុម្ភៈ ឆ្នាំ២០២៤ ឲ្យដឹងថាគណបក្សប្រជាជនទទួលបានអាសនៈចំនួន៥៥ និងគណបក្សឆន្ទៈខ្មែរទទួលបាន ៣អាសនៈ។ តាមរយៈលទ្ធផលបណ្តោះអាសន្ននេះ អង្គបោះឆ្នោតបក្សប្រឆាំងជាង៥០០នាក់បានបោះឲ្យបក្សកាន់អំណាច។ តែលោក សម រង្ស៊ី បានសរសើរដល់អង្គបោះឆ្នោតបក្សប្រឆាំង និងយល់ថាជាបរិយាកាសនយោបាយដ៏លំបាកបំផុត។

បោះឆ្នោតព្រឹទ្ធសភា៖ អង្គបោះឆ្នោតបក្សប្រឆាំងជាង៥០០នាក់ បោះឲ្យបក្សកាន់អំណាច


លទ្ធផលបណ្ណោះអាសន្ន ដែលចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បង្ហាញថា គណបក្សប្រជាជនកម្ពុជាបានឈ្នះអាសនៈព្រឹទ្ធសភាចំនួន៥៥ នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដោយគិតជាសម្លេងមាន ១០ ០៥២ សម្លេង។ រីឯគណបក្សឆន្ទៈខ្មែរដែលជាបក្សប្រឆាំងទទួលបានត្រឹមតែ៣អាសនៈប៉ុណ្ណោះ ជាមួយនឹងសម្លេងគាំទ្រ ១ ៣៩៤ សម្លេង។ដោយឡែកគណបក្សកម្លាំងជាតិដែលមានការគាំទ្រ ២៣៤សម្លេង និងគណបក្សហ្វុនស៊ិនប៉ិចមានការគាំទ្រ ១៩សម្លេង គណបក្សទាំងពីរមិនទទួលបានអាសនៈអ្វីទាំងអស់។

ជុំវិញលទ្ធផលបណ្តោះអាសន្ននេះ បង្ហាញថាអង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀនសរុប ២ ១៩៨នាក់ ដែលមានគណបក្សឆន្ទៈខ្មែរជាតំណាង ត្រូវបានបែងចែកជាបីចំរៀក គឺក្រៅពីបោះឲ្យបក្សឆន្ទៈខ្មែរ សម្លេងនេះបានច្រៀកទៅឲ្យបក្សកម្លាំងជាតិ និងបក្សកាន់អំណាចផងដែរ។ ជាលទ្ធផលការសង្ឃឹមរបស់បក្សប្រឆាំងថានឹងអាចឈ្នះអាសនៈព្រឹទ្ធសភាពី៨ ទៅ ៩អាសនៈនោះ មានការប្រែប្រួលមកនៅត្រឹមតែ ៣អាសនៈប៉ុណ្ណោះ។

អមដោយការសរសើរផងនោះ តាមរយៈហ្វេសប៊ុករបស់លោក លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ បានហៅការទទួលបាន៣អាសនៈព្រឹទ្ធសភារបស់គណបក្សឆន្ទៈខ្មែរថាជាជោគជ័យមួយសម្រាប់កម្លាំងប្រជាធិបតេយ្យខ្មែរ យោងទៅតាមស្ថានភាពនយោបាយដ៏លំបាកជាទីបំផុតនៅពេលនេះ។ ស្ថានភាពលំបាកដែលលោក សម រង្ស៊ី លើកឡើង គឺជាការបោះឆ្នោតមួយ ប្រព្រឹត្តទៅក្នុងបរិយាកាសគំរាមកំហែង និងទិញដូរសន្លឹកឆ្នោតដ៏អាប់អួរជាទីបំផុត។

វិមានព្រឹទ្ធសភាកម្ពុជា
វិមានព្រឹទ្ធសភាកម្ពុជា © FB

បន្ថែមពីនេះ លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន បានប្រាប់វិទ្យុបារាំងRFI នៅថ្ងៃចន្ទនេះដែរថា ត្បិដលទ្ធផលនៃការបោះឆ្នោតខុសពីអ្វីដែលជាការរំពឹងទុក តែវាជាមោទនភាពមួយសម្រាប់គណបក្សភ្លើងទៀន ក៏ដូចជាគណបក្សឆន្ទៈខ្មែរ ដែលលទ្ធផលនេះបានឆ្លុះបញ្ចាំងពីភាពស្មោះត្រង់របស់អង្គបោះឆ្នោតគណបក្សភ្លើងទៀន។ ដោយលើកឡើងពីការគំរាមកំហែង ទិញទឹកចិត្តពីអ្នកមានឥទ្ធិពលកាលពីមុនការបោះឆ្នោត លោក លី សុធារ៉ាយុត្តិ បន្តថាលោកគាំទ្រសិទ្ធិអង្គបោះឆ្នោត ដែលបោះឲ្យគណបក្សកម្លាំងជាតិ ក៏ប៉ុន្តែមិនគាំទ្រអង្គបោះឆ្នោតណាដែលលក់សន្លឹកឆ្នោតខ្លួនដើម្បីលាបសក្ការៈទេ។

ក៏ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ក៏ដូចជា គ.ជ.ប បានហៅបរិយាកាសនៃការបោះឆ្នោតព្រឹទ្ធសភាប្រព្រឹត្តទៅដោយ​រលូន ​ពោល​គ្មាន​ឧបសគ្គ ​ឬ​អំពើហិ​ង្សា​អ្វីកើត​ឡើង​ឡើយ។ លោក សុខ ឥសាន ទទួលស្គាល់ថាពិតជាមានបរិយាកាសនយោបាយអាប់អួរនៃការបោះឆ្នោតព្រឹទ្ធសភាមែន គឺដោយសារតែជម្លោះរវាងបក្សប្រឆាំង និងបក្សប្រឆាំង មិនទាក់ទងនឹងគណបក្សប្រជាជនទេ។ រីឯការទិញលក់សន្លឹកឆ្នោតវិញ អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះបញ្ជាក់ថាជារឿងមិនពិត ពោលអង្គបោះឆ្នោតបក្សប្រឆាំងមួយចំនួនបានបោះឲ្យគណបក្សប្រជាជន ដោយសារតែពួកគេធុញទ្រាន់នឹងជម្លោះផ្ទៃក្នុងបក្សប្រឆាំង។

សូមបញ្ជាក់ថា ព្រឹទ្ធសភានីតិកាលទី៥នេះ ដ៏ដូចជាអាណត្តិមុនៗដែរ គឺមានព្រឹទ្ធសមាជិកសរុបចំនួន ៦២រូប ក្នុងនោះមកពីគណបក្សដែលជាប់ឆ្នោតចំនួន៥៨រូប ២រូបជ្រើសតាំងដោយរដ្ឋសភា និង២រូបទៀតជ្រើសតាំងដោយព្រះហាក្សត្រ៕

What Next?

Recent Articles