មន្ត្រីគណបក្ស​ប្រឆាំង​ថា ការ​យាង​ទៅ​ពិនិត្យ​សុខភាព​របស់​អង្គ​ព្រះមហាក្សត្រ​នៅ​ប្រទេស​ចិន បញ្ជាក់​ថា វិស័យ​សុខាភិបាល​កម្ពុជា​ទន់​ខ្សោយ

ដោយ សុជីវី
2024.02.26
RFA

មន្ត្រីគណបក្ស​ប្រឆាំង​ថា ការ​យាង​ទៅ​ពិនិត្យ​សុខភាព​របស់​អង្គ​ព្រះមហាក្សត្រ​នៅ​ប្រទេស​ចិន បញ្ជាក់​ថា វិស័យ​សុខាភិបាល​កម្ពុជា​ទន់​ខ្សោយ

ព្រះករុណាសម្ដេចព្រះព្រះបាទ នរោត្ដម សីហមុនី និងព្រះមហាក្សត្រិយ៍ នរោត្ដម មុនីនាថ សីហនុ យាង​ចេញទៅ​ប្រទេសចិន ដើម្បី​ពិនិត្យ​ព្រះសុខភាព នៅ​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។ Photo: RFA


មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​កម្ពុជា​លើក​ឡើង​ដូចៗ គ្នា​ថា ការ​យាង​ទៅ​ពិនិត្យ​សុខភាព​របស់​អង្គ​ព្រះមហាក្សត្រ​នៅ​ប្រទេស​ចិន បញ្ជាក់​ថា វិស័យ​សុខាភិបាល​កម្ពុជា​ទន់​ខ្សោយ។ ការ​លើក​ឡើង​ដូច្នេះ ក្រោយ​ពី​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី នៅតែ​យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ប្រទេស​ចិន បើ​ទោះបីជា​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​បង្កើត​ក្រុម​គ្រូពេទ្យ​ពិនិត្យ​តាមដាន​សុខភាព​អង្គ​ព្រះមហាក្សត្រ​ក៏​ដោយ។

មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​កម្ពុជា​ឡើង​ដូចៗ គ្នា​ថា ដរាប​ណា​ប្រមុខ​ដឹកនាំ​ប្រទេស​នៅតែ​មិន​ប្រើប្រាស់​សេវា​ថែទាំ​សុខភាព​នៅ​ក្នុង​ស្រុក​នោះ​ទេ នោះ​វិស័យ​សុខាភិបាល​កម្ពុជា​នឹង​មិន​អាច​រីកចម្រើន​បាន​នោះ​ឡើយ។

អតីតតំណាងរាស្ត្រ​គណបក្សសង្គ្រោះជាតិ លោក អំ សំអាត លើក​ឡើង​ថា ការយាងទៅពិនិត្យ​សុខភាព​នៅ​ប្រទេស​ចិន​របស់​ព្រះបាទបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី នរោត្តម មុនីនាថ ឆ្លុះ​បញ្ចាំង​ថា អង្គ​ព្រះមហាក្សត្រ​មិន​ទុក​ចិត្ត​ទៅលើក្រុមគ្រូពេទ្យដែលលោក ហ៊ុន ម៉ាណែត បង្កើត​ឡើង ដើម្បី​មើល​ថែ​ព្រះរាជ​សុខភាព​ព្រះអង្គ​នោះ​ឡើយ។ លោកបន្តថា ការចាកចេញពី​ប្រទេស​របស់​អង្គ​ព្រះមហាក្សត្រ នៅពេលទើបបញ្ចប់ការបោះឆ្នោតព្រឹទ្ធសភាត្រឹមតែមួយថ្ងៃបែបនេះ ក៏អាចបង្ហាញការមិនពេញចិត្តចំពោះការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា ដែលពោរពេញទៅដោយរឿងចម្រូងចម្រាសផងដែរ។

«ហើយយើងដឹងហើយ លោក ហ៊ុន សែន នឹងក្លាយទៅជា ប្រធានព្រឹទ្ធសភា ក្នុងពេលឆាប់ៗនេះ ហើយនៅពេលព្រះមហាក្សត្រយាងទៅក្រៅប្រទេស លោក ហ៊ុន សែន នឹងក្លាយជាប្រមុខរដ្ឋស្ដីទីហើយ បើអ៊ីចឹងកាន់អំណាចពេញដៃហើយ ឪជាប្រមុខរដ្ឋស្ដីទី កូនជានាយករដ្ឋមន្ត្រី អ៊ីចឹងចង់ស៊ីញេអីក៏បានដែរ ចង់ស៊ីញេកាត់ដីឱ្យយួនឱ្យ ចង់ស៊ីញេកាត់ដីឱ្យថៃ ឬក៏ស៊ីញេលក់ភ្នំ លក់ព្រឹក្សាលក់អីក៏បានដែរ ព្រោះឪកូន អាចស៊ុមគ្រលុំគ្នាបាន»។

ប្រតិកម្មរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះ ក្រោយពីអង្គព្រះមហាក្សត្រ និងព្រះមហាក្សត្រី នៅតែបន្តយាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន នៅថ្ងៃទី២៦ ខែកុម្ភៈ។ ក្នុងពិធីជូនព្រះរាជដំណើរអង្គព្រះមហាក្សត្រ គេក៏ឃើញមានវត្តមានលោក ហ៊ុន ម៉ាណែត លោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាចាស់វស្សាមួយចំនួនទៀតដូចជា លោក ស ខេង លោក ទៀ បាញ់ និងអ្នកស្រី ម៉ែន សំអន ជាដើម។

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្កើតក្រុមគ្រូពេទ្យមួយ ដើម្បីពិគ្រោះយោបល់ និងពិនិត្យមើលស្ថានភាពព្រះរាជសុខភាពអង្គព្រះមហាក្សត្រ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រុមគ្រូពេទ្យនេះមានសមាជិកចំនួន៨នាក់ ដោយមានរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា ជាប្រធាន និងមានអនុប្រធានពីរនាក់ រួមទាំងសមាជិកជាវេជ្ជបណ្ឌិតប្រចាំការចំនួន៥នាក់។ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការបង្កើតក្រុមគ្រូពេទ្យនេះ គឺដើម្បីថែទាំព្រះរាជសុខភាពព្រះមហាក្សត្រ និងអញ្ជើញអ្នកជំនាញវេជ្ជសាស្ត្រករណីចាំបាច់។

វិទ្យុអាស៊ីសេរីមិនអាចទាក់ទង ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានឡើយ នៅថ្ងៃទី២៦ ខែកុម្ភៈ។

ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវែស(Norway) លោក ម៉ែន ណាត មានប្រសាសន៍ថា ការបន្តយាងទៅពិនិត្យព្រះរាជសុខភាពរបស់អង្គព្រះមហាក្សត្រនៅប្រទេសចិន អាចបញ្ជាក់ថា គុណភាពវិស័យសុខាភិបាលដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត តែងតែអះអាងថា មានគុណភាពមិនចាញ់ប្រទេសជិតខាងមិនមែនជាការពិតនោះឡើយ។ លោកបន្តថា ដើម្បីបណ្ដុះធនធានមនុស្ស និងគុណភាពវិស័យសុខាភិបាលបាន ប្រមុខដឹកនាំរដ្ឋាភិបាលគួរធ្វើជាបុគ្គលគំរូប្រើប្រាស់សេវាថែទាំនិងព្យាបាលជំងឺនៅក្នុងប្រទេស ជាជាងទៅក្រៅប្រទេស។

«ដោយសារតែអំពើពុករលួយពេកទៅ វាគុណភាពព្យាបាលហ្នឹងក៏ធ្លាក់ចុះប្រៀបនឹងប្រទេសជិតខាងស្រុកសៀមស្រុកយួនហ្នឹង យើងក៏អត់ទាន់មានតម្លៃស្មើគេដែរ អ៊ីចឹងបានថាបើឱ្យក្រុមគ្រូពេទ្យស្រុកខ្មែររឹងមាំបាន វាទាល់តែពួកអ្នកធំអស់ហ្នឹងត្រូវតែកែទម្រង់ប្រព័ន្ធសុខាភិបាលហ្នឹង»។

ដោយសារតែការផ្ដល់សេវាថែទាំសុខភាព និងព្យាបាលជំងឺនៅកម្ពុជាមិនសូវមានប្រសិទ្ធភាព ប្រជាពលរដ្ឋខ្មែរបានលើកឡើងជាពាក្យស្លោកថា អ្នកមានទៅមើលជំងឺនៅសាំងហ្គាពួរ អ្នកបង្គួរទៅមើលជំងឺនៅថៃ ឬវៀតណាម ឯអ្នកជំងឺក្ររហាមត្រូវដេកស្លាប់នៅផ្ទះ។

មន្ត្រីគណបក្សប្រឆាំង និងអ្នកតាមដានឃ្លាំមើលកម្ពុជាលើកឡើងថា ប្រសិនបើអង្គព្រះមហាក្សត្រនៅតែបន្តយាងទៅពិនិត្យ ព្រះរាជសុខភាពនៅប្រទេសចិនដូច្នេះនោះត្រកូលហ៊ុននឹងអាចធ្វើអ្វីបានតាមអំពើចិត្ត នៅពេលលោក ហ៊ុន សែន ឡើងធ្វើជាប្រធានព្រឹទ្ធសភា ដែលមានតួនាទីជាប្រមុខរដ្ឋស្ដីទីជំនួសអង្គព្រះមហាក្សត្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles