ដោយ ហ៊ុំ ចំរើន
2024.02.26
RFA
លោក ដេនញៀល គ្រីថិនប្រ៊ិង (Daniel J. Kritenbrink) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងជំនួបនៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត និង ហ៊ុន ម៉ានី
ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោក ដេនញៀល គ្រីថិនប្រ៊ិង (Daniel J. Kritenbrink) ព្រមទាំងគណៈប្រតិភូ បានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ កុម្ភៈ។
ក្នុងជំនួបនោះ ភាគីទាំងពីរពិភាក្សាលើកិច្ចសហប្រតិបត្តិការមួយចំនួន រួមមាន ការអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ប្រឆាំងប្រទេសកូរ៉េខាងជើង (North Korea) និងការថ្កោលទោសប្រទេសរុស្សី (Russia) ដែលឈ្លានពានប្រទេសអ៊ុយក្រែន (Ukraine)។ បន្ថែមពីនេះ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកក៏បានពិភាក្សាពីកម្មវិធីជំនួយបរទេស ការរុករកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនក្នុងសង្គ្រាម និងការពង្រឹងការអនុវត្តច្បាប់ជាដើម។
ជាមួយគ្នានេះភាគីទាំងពីរក៏ពិភាក្សាអំពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ការជួញដូរមនុស្ស ការបង្កើតលទ្ធភាពសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងមានភាពសេរី ព្រមទាំងបញ្ហាសន្តិសុខតំបន់។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាឱ្យដឹងថា អាមេរិកនៅតែប្ដេជ្ញាចិត្តដល់ពលរដ្ឋកម្ពុជា ដែលចង់ឱ្យប្រទេសកម្ពុជាមានវិបុលភាព ប្រជាធិបតេយ្យ និងឯករាជ្យភាព។
ក្នុងដំណើរទស្សនៈកិច្ចនេះ លោក ដេនញៀល គ្រីថិនប្រ៊ិង (Daniel J. Kritenbrink) ក៏បានជួបជាមួយយុវជនកម្ពុជាក្នុងគម្រោងគំនិតផ្ដួចផ្ដើមនៃមេដឹកនាំយុវជនវ័យក្មេង នៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីអបអរសាទរខួបលើកទី១០ នៃកម្មវិធីផ្លាស់ប្ដូរថ្នាក់តំបន់មួយនេះផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។