ដោយ វិទ្យុអាស៊ីសេរី
2024.02.26
RFA
ស្ត្រីខ្មែរបន្តរងគ្រោះពីការជួញដូរផ្លូវភេទដោយបុរសចិន រូប៖ RFA
ស្ត្រីខ្មែរមួយចំនួនដែលរួចខ្លួនចេញពីការជួញដូរផ្លូវភេទ ធ្លាប់ឱ្យវិទ្យុអាស៊ីសេរីដឹងថា បុរសចិន និងគ្រួសារខ្លះបានចាត់ទុកពួកនាងដូចជា ឧបករណ៍បង្កើតកូន។ ពួកនាងបានរងនូវការវាយធ្វើបាបលើរាងកាយ បង្ខាំងក្នុងបន្ទប់ និងគាបសង្កត់សេរីភាពគ្រប់បែបយ៉ាង។ ស្ត្រីខ្មែរទាំងនោះ ផ្ដាំផ្ញើដល់ស្ត្រីខ្មែរគ្រប់រូបនៅក្នុងប្រទេស កុំឱ្យចង់បានលុយពីចិន ហើយប្រថុយប្រថានរៀបការទៅតាមគេដោយងាយៗឱ្យសោះ ពីព្រោះបើសំណាងអាក្រក់ នឹងត្រូវគេវាយដំលើរាងកាយជារៀងរាល់ថ្ងៃ ដោយមិនមានឱកាសបានវិលត្រឡប់មកជួបជុំគ្រួសារវិញឡើយ។ ពោលគឺមានតែស្លាប់ចោលឆ្អឹងនៅស្រុកគេប៉ុណ្ណោះ។
ថ្មីៗនេះ សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) បានរកឃើញថា ក្នុងចំណោមស្ត្រីខ្មែរជាច្រើនដែលរងគ្រោះដោយអំពើជួញដូរទៅប្រទេសចិន ពួកគេមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរព្រមទាំងស្មារតីបាក់ស្បាតដោយសារតែទទួលរងការធ្វើទារុណកម្មអំពើហិង្សាទាំងផ្លូវកាយ និងផ្លូវចិត្តពីគ្រួសារចិនមួយចំនួន។
មូលហេតុចម្បងដែលធ្វើឱ្យអំពើជួញដូរមនុស្សនៅតែបន្តកើតមានក្នុងប្រទេសកម្ពុជា គឺដោយសារតែអំពើពុករលួយក្នុងប្រព័ន្ធយុត្តិធម៌ ខណៈមន្ត្រីរដ្ឋាភិបាលដែលមានតួនាទីគ្រាក់ៗមួយចំនួនជាប់ពាក់ព័ន្ធនឹងក្រុមរកស៊ីជួញដូរមនុស្ស ព្រមទាំងកាងការពារមិនឱ្យសមត្ថកិច្ចអនុវត្តច្បាប់ក្នុងការបង្ក្រាបក្រុមជនដែលជាមុខសញ្ញាជួញដូរមនុស្សទាំងនោះបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។