លោក ហ៊ុន សែន តែងតាំង​ឧក្រិដ្ឋជន​បញ្ជា​ឱ្យ​ជះ​ទឹក​អាស៊ីត គឺ​អ្នកស្រី ជា រដ្ឋា ជា​ទីប្រឹក្សា

ដោយ ខាន់ លក្ខិណា
2024.02.28
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន តែងតាំង​ឧក្រិដ្ឋជន​បញ្ជា​ឱ្យ​ជះ​ទឹក​អាស៊ីត គឺ​អ្នកស្រី ជា រដ្ឋា ជា​ទីប្រឹក្សា

​អតីត​អគ្គសេនាធិការ​រង នៃ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស អ្នកស្រី ជា រដ្ឋា និងជាទីប្រឹក្សាប្រធានគណបក្សប្រជាជនកម្ពុជា។ រូប៖ ហ្វេសប៊ុកលោក អ៊ុំ សំអាន


ប្រធាន​គណបក្ស​កាន់អំណាច​លោក ហ៊ុន សែន ចេញ​លិខិត​តែងតាំង​ទណ្ឌិត​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក។ ក្នុង​លិខិត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ហត្ថលេខា​ដោយ​លោក ហ៊ុន សែន ថ្ងៃទី​២៣ កុម្ភៈ ឆ្នាំ​២០២៤ តែងតាំង​អ្នកស្រី ជា រដ្ឋា ជាទី​ប្រឹក្សា​របស់​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។ តើ​អ្នកស្រី ជា រដ្ឋា ជា​នរណា និង​មាន​ប្រវត្តិ​ជាប់ទោស​ឧក្រិដ្ឋ​បែប​ណា?

អ្នកស្រី ជា រដ្ឋា គឺជា​អតីត​អគ្គសេនាធិការ​រង នៃ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស។ អ្នកស្រី និង​ក្រុម​បក្ខពួក​ចំនួន ៥​នាក់​ទៀត ត្រូវ​បាន​សាលាឧទ្ធរណ៍​កាត់ទោស កាល​ពី​ខែវិច្ឆិកា ឆ្នាំ​២០០៩ ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពី​ចន្លោះ ១៥​ឆ្នាំ ទៅដល់ ១៨​ឆ្នាំ​ផ្សេងៗ​គ្នា ចំពោះ​ការ​វាយប្រហារ​ទឹក​អាស៊ីត​ទៅលើ​អ្នកស្រី យ៉ា សុខនីម ដែល​ជា​ម្ដាយមីង​របស់​អ្នកនាង អ៊ិន សុខលីដា កាលពី​ខែ​ឧសភា ឆ្នាំ​២០០៨ កន្លង​ទៅ​។ បន្ទាប់​មក​នៅ​ដើម​តុលា ឆ្នាំ​២០១០ តុលាការ​កំពូល​បាន​ចេញ​សេចក្ដីសម្រេច​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ទុកជា​បាន​ការ។

នៅ​ពេល​នោះ អ្នកស្រី ជា រដ្ឋា ត្រូវបាន​សាលាឧទ្ធរណ៍​រកឃើញ​ថា ជា​អ្នកបញ្ជា​ការវាយប្រហារ​ទឹក​អាស៊ីត​លើ​ជនរងគ្រោះ​អ្នកស្រី យ៉ា សុខនីម បន្ទាប់ពី​ដៃគូ​ស្នេហា​របស់​គាត់ គឺ​កញ្ញា អ៊ិន សុខលីដា ត្រូវជា​ក្មួយ​ស្រី​របស់​ជនរងគ្រោះ​បាន​បែកចិត្ត​ចេញ​ពី​គាត់​។ បន្ទាប់ពី​កើត​មាន​រឿង​នេះ អ្នកនាង អ៊ិន សុខលីដា និង​ក្រុម​គ្រួសារ​របស់​នាង​ចំនួន ១៧​នាក់ បាន​ទៅ​ស្នាក់នៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​ប្រទេស​ទី​៣ ដោយ​មាន​ការ​ភ័យខ្លាច​ពី​សុវត្ថិភាព។

អ្នកនាង អ៊ិន សុខលីដា នៅ​គ្រានោះ គឺជា​តារា​សម្ដែង​និង​ជា​អតីត​បវរកញ្ញា​ទេសចរណ៍​កម្ពុជា។អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៧ កុម្ភៈ ថា ការ​តែងតាំង​អ្នកស្រី ជា រដ្ឋា នេះ ជា​រឿង​ឯកជន។

លោក សុខ ឥសាន៖ «ការពិត​មិន​យ៉ាងម៉េច​ទេ។ ឥឡូវ​អាស៊ីសេរី​លែង​អ្នក​ផ្សាយ​ព័ត៌មាន​ទៅជា​ស៊ើបអង្កេត រឿង​គេ​រឿង​ឯង ពុករលួយ​មិន​ពុករលួយ​អី របៀប​ចារកម្ម​ផង ស៊ើបអង្កេត​ផង លែង​ធ្វើជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហើយ​។ អ៊ីចឹង​ខ្ញុំ​អត់​មានអី​ឆ្លើយ​ទេ​ណាស់ ពីព្រោះ​វា​ពាក់ព័ន្ធ​នឹង​ឯកជន​ភាព​របស់​គេ»។

សារព័ត៌មាន​ហ្វ្រេសញូវ (Fresh News) ដែល​គាំទ្រ​រដ្ឋាភិបាល​ចុះផ្សាយ​កាលពី​ថ្ងៃទី​២៦ កុម្ភៈ​ថា ក្រៅពី​មាន​តួនាទី​ជាទី​ប្រឹក្សា​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន នោះ អ្នកស្រី ជា រដ្ឋា ក៏​មាន​តួនាទី​ជាទី​ប្រឹក្សា​រដ្ឋាភិបាល​ផង​ដែរ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៧ កុម្ភៈ ថា ការតែងតាំង​ជាទី​ប្រឹក្សា​ក្នុង​គណបក្ស គឺ​ជា​សិទ្ធិ​របស់​គណបក្ស ប៉ុន្តែ​អាច​មាន​ការរិះគន់​ខ្លះ ប្រសិនបើ​បុគ្គល​ដែល​ត្រូវ​បាន​តែងតាំង​នោះ មាន​ប្រវត្តិ​អតីតកាល ដែល​ធ្លាប់​មាន​បញ្ហា​ត្រូវ​បាន​តុលាការ​កាត់​ឱ្យ​មាន​ទោស។

យ៉ាងណា​លោក​ពន្យល់​ថា ការតែងតាំង​បុគ្គល​ណា​ម្នាក់ ជាទី​ប្រឹក្សា​រដ្ឋាភិបាល​វិញ ត្រូវ​មាន​ការពិនិត្យ​ឱ្យ​បាន​ដិតដល់​លើ​បុគ្គល​នោះ​ដែរ គឺ​គួរតែ​ជា​បុគ្គល​ដែល​មាន​ស្នាដៃ​ជួយ​រដ្ឋាភិបាល ជួយ​ប្រទេស​ជាតិ និង​ជា​បុគ្គល​ដែល​គួរ​ឱ្យ​គោរព។

លោក អំ សំអាត៖ «ក៏ប៉ុន្តែ​បើសិនជា​បុគ្គល​ដែល​គាត់​ធ្លាប់​មាន​បណ្ដឹង​ជាប់​កាត់ទោស​ដោយ​តុលាការ​អី​ជាដើម​ហ្នឹង អាហ្នឹង​ទាល់តែ​មានការ​ស្ដារ​នីតិ​សម្បទា​ឡើងវិញ ដែល​អាច​ទទួល​នូវ​ការ​តែងតាំង​។ ទោះ​យ៉ាងណា យើង​ឃើញថា បើសិន​ជា​មាន​បុគ្គល​ដែល​ធ្លាប់​មាន​ការ​កាត់ទោស​ពី​តុលាការ​អី​ហើយ ជា​ទំនៀម​ទម្លាក់​យើង​ឃើញថា មាន​មតិ​ខ្លះ​តែ​មាន​ការរិះគន់»។

នៅ​ឆ្នាំ​២០០៨ ក្រោយ​ហេតុការណ៍​នោះ​កើតឡើង ជនល្មើស​អ្នកស្រី ជា រដ្ឋា ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​បក​ស័ក្ដ និង​មុខតំណែង​អតីត​អគ្គ​សេនាធិការ​រង នៃ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស ហើយ​អាជ្ញាធរ​នគរបាល​កម្ពុជា និង​មន្ត្រី​នគរបាល​របស់​អាំងទែប៉ូល (Interpol) បាន​តាម​ចាប់​អ្នកស្រី ជា រដ្ឋា ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​ជីវិត​និង​សុខភាព​។ នៅ​គ្រានោះ ពី​កន្លែង​លាក់ខ្លួន​នៅក្នុង​ប្រទេស អ្នកស្រី ជា រដ្ឋា បាន​ប្រាប់​សារព័ត៌មាន​ថា អ្នកស្រី​មិន​បាន​ប្រព្រឹត្តិ​កំហុស​ដូច​ការចោទប្រកាន់​នោះ​ទេ។

យ៉ាងណា​ក៏ដោយ​ចុះ បើ​ទោះ​ជា​តុលាការ​ជាន់ខ្ពស់​ទាំងពីរ​ថ្នាក់​រក​ឃើញ​ថា អ្នកស្រី ជា រដ្ឋា មាន​កំហុស ហើយ​ផ្ដន្ទាទោស​ឱ្យ​ជាប់គុក​១៨​ឆ្នាំ​ក៏ដោយ ក៏​គេ​មិន​ឃើញ​អ្នកស្រី ជា រដ្ឋា ត្រូវ​បាន​ចាប់ខ្លួន និង​ជាប់​ពន្ធនាគារ​មួយថ្ងៃ​សោះ​ដែរ​។ ប៉ុន្តែ អ្វី​ដែល​ធ្វើ​ឱ្យ​សាធារណជន​ភ្ញាក់ផ្អើល​កាន់តែ​ខ្លាំង និង​ស្លុតចិត្ត​នោះ គឺ​ទណ្ឌិត​ឧក្រិដ្ឋជន​រូប​នេះ ត្រូវ​បាន​លោក ហ៊ុន សែន តែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​របស់​លោក និង​របស់​រដ្ឋាភិបាល​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន តែងតាំង​ឧក្រិដ្ឋជន​បញ្ជា​ឱ្យ​ជះ​ទឹក​អាស៊ីត គឺ​អ្នកស្រី ជា រដ្ឋា ជា​ទីប្រឹក្សា"

  1. ពូជចោរត្រូវតែយកចោរគ្នាវាមកធ្វើការជាមួយគ្នាហើយទើបវាបានសុខ! សំដីអាតាចាស់ឥសានដូបអាចម៍ក្នុងកន្ឋោរ!