ដោយ ខាន់ លក្ខិណា
2024.02.28
RFA
(រូបឯកសារខាងឆ្វេង) អ្នកស្រី ជា រដ្ឋា ដែលប៉ូលិសអន្តរជាតិដាក់លើបញ្ជីស្វែងរកចាប់ខ្លួន កាលពីឆ្នាំ២០០៨ និងស្ដាំ រូបគេផ្សព្វផ្សាយលើហ្វេសប៊ុកថ្មីៗ នេះ។ រូប៖ ហ្វេសប៊ុកលោក អ៊ុំ សំអាន និង Interpol
អ្នកឃ្លាំមើលបារម្ភថា ការបន្តតែងតាំងអ្នកស្រី ជា រដ្ឋា ដែលមានប្រវត្តិជាឧក្រិដ្ឋជនជាទីប្រឹក្សា លោក ហ៊ុន សែន និងរដ្ឋាភិបាលធ្វើឱ្យជាតិខូចប្រយោជន៍ ហើយពលរដ្ឋកាន់តែភ័យខ្លាច។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាចាត់ទុកការតែងតាំងនេះថា ជារឿងឯកជន។
អ្នកស្រី ជា រដ្ឋា ដែលជាអតីតអគ្គសេនាធិការរង នៃកងរាជអាវុធហត្ថផ្ទៃប្រទេស និងធ្លាប់ត្រូវបានតុលាការទោសឧក្រិដ្ឋឱ្យជាប់គុក ១៨ឆ្នាំ ពាក់ព័ន្ធករណីវាយប្រហារដោយទឹកអាស៊ីដ ត្រូវបានតែងតាំងជាទីប្រឹក្សាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន និងជាទីប្រឹក្សាក្នុងរដ្ឋាភិបាល បន្ទាប់ពីបាត់ដំណឹងអ្នកស្រីជាច្រើនឆ្នាំ មិនឃើញអនុវត្តទោសក្នុងគុកនោះ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៨ កុម្ភៈ ថា មិនចម្លែកទេ ដែលលោក ហ៊ុន សែន តែងតាំងអ្នកស្រី ជា រដ្ឋា ជាឧក្រិដ្ឋជន និងពួកម៉ាហ្វីយ៉ាមួយចំនួនជាទីប្រឹក្សា ពីព្រោះលោក ហ៊ុន សែន និងក្រុមគ្រួសារគាត់ ក៏ជាក្រុមមនុស្សពាក់ព័ន្ធនឹងរឿងឧក្រិដ្ឋ និងគ្មានគុណធម៌ដែរ។
លោក ម៉ែន ណាត៖ «មិនមែនតែ ជា រដ្ឋា ធ្លាប់ទុច្ចរិតទេ ពួកទីប្រឹក្សា ពួកជំនួយការរដ្ឋាភិបាលសព្វថ្ងៃជាច្រើននាក់ ក៏ទុច្ចរិតដែរ។ ឆបោកប្រជាពលរដ្ឋវ័ណ្ឌកគ្រប់គ្នា មានដូចជា ជនសង្ស័យព្រាប កុល ឈ្មោះ ពិសិដ្ឋ ដែលជាជំនួយ ហ៊ុន សែន អ៊ីចឹងទៅ។ ឧកញ៉ា ឡេង ចាន់ណា ទ្រី ភាព លី យ៉ុងផាត់ អស់ហ្នឹងសុទ្ធតែពួករកស៊ីទុច្ចរិតទាំងអស់។ អ្នកទុច្ចរិតទាំងអស់នេះ នៅជុំវិញ ហ៊ុន សែន ជុំវិញគ្រួសារត្រកូលហ្នឹង។ ហ្នឹងឧទាហរណ៍មួយចំនួន។ នៅច្រើនទៀត ព្រោះគាត់ដូចខ្ញុំបញ្ជាក់អ៊ីចឹង គាត់ទុច្ចរិត»។
លោក ម៉ែន ណាត ថា លោក ហ៊ុន សែន និងកូនប្រុសរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត ឡើងកាន់អំណាចដោយទុច្ចរិត តាមរយៈការបំពានរដ្ឋធម្មនុញ្ញ និងរំលោភ ច្បាប់ជាតិ ព្រមទាំងអនុវត្តអំណាចដោយទុច្ចរិតជាមួយក្រុមមនុស្សដែលលោកបាន តែងតាំង ដូចជា ការគប់គិតគ្នាប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ បំផ្លាញធនធានធម្មជាតិ បឹងបួ ព្រៃឈើ ការបណ្ដេញពលរដ្ឋចេញពីផ្ទះសំបែង និងការរំលោភសិទ្ធិមនុស្ស។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៨ កុម្ភៈ ថា អ្នកស្រី ជា រដ្ឋា គ្មានតួនាទីក្នុងក្របខណ្ឌរាជអាវុធហត្ថទៀតទេ។
លោក អេង ហ៊ី៖ «អត់មានផង អត់មានក្របខណ្ឌនៅកងរាជអាវុធហត្ថផ្ទៃប្រទេសទេ តាំងពីណាពីណីមក»។
មកដល់ពេលនេះ វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត បានលើកឡើងថា ក្នុងសង្គមប្រជាធិបតេយ្យ ការតែងតាំងបុគ្គលមានប្រវត្តិ ដែលតុលាការកាត់ទោសពីបទប៉ងសម្លាប់ ឱ្យមានតួនាទីធំ មិនមែនជារឿងឯកជនទេ ពីព្រោះ ធ្វើឱ្យប៉ះពាល់ដល់មុខមាត់របស់រដ្ឋាភិបាល និងប្រទេសជាតិ ដែលធ្វើឱ្យអ្នកជំនួញអន្តរជាតិល្អៗ មិនហ៊ានទៅដាក់ទុនវិនិយោគ នៅប្រទេសកម្ពុជា ហើយសម្បូរតែពួកអ្នកជំនួញលោកឆត្រ ដែលធ្វើឱ្យខូចប្រយោជន៍របស់ប្រជាពលរដ្ឋ។
លោក វ៉ន ចាន់ឡូត៖ «យើងឃើញថា ភាគច្រើនសុទ្ធតែបទល្មើស ដែលពិភពលោកគេស្អប់ខ្ពើម គេមិនចង់ថែមទៅទៀត ប៉ុន្តែអ្នកទាំងនោះ បែរជាទទួលបាននៅឱកាសលើកលែងទោស ហើយថែមទាំងទទួលបាននៅមុខងារតួនាទីគ្រាក់ៗនៅក្នុងជួររដ្ឋាភិបាលទៅវិញ»។
សកម្មជនចលនាមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី ២៨ កុម្ភៈ ថា នេះ គឺជាការបង្ហាញគំរូអាក្រក់ ដែលមិនបានផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ ក៏ប៉ុន្តែលើកទឹកចិត្តដល់បុគ្គលដែលតុលាការកាត់ទោសឧក្រិដ្ឋទៅវិញ ហើយការធ្វើបែបនេះ កាន់តែធ្វើឱ្យប្រជាពលរដ្ឋរស់ក្នុងសង្គមដែលគួរឱ្យភ័យខ្លាច ពេលបុគ្គលដែលធ្លាប់មានបទល្មើសក្លាយជាទីប្រឹក្សារបស់អ្នកដឹកនាំ។
កញ្ញាថា ការតែងតាំងនេះ មានគោលដៅតែប្រយោជន៍បុគ្គលប៉ុណ្ណោះ ប៉ុន្តែមិនមែនដើម្បីសង្គមជាតិនោះទេ នៅពេលដែលអ្នកលះបង់ដើម្បីប្រទេសជាតិ អ្នកតស៊ូដើម្បីប្រជាធិបតេយ្យ អ្នកការពារសិទ្ធិមនុស្ស និង សកម្មជនការពារធនធានធម្មជាតិ មិនត្រូវបានលើកទឹកចិត្ត ហើយកាន់តែរឹតត្បិត។
កញ្ញា ភួន កែវរស្មី៖ «ខ្ញុំជឿថា នៅក្នុងប្រទេស ដែលគណបក្សប្រឆាំងត្រូវបានរំលាយចោល រដ្ឋាភិបាលមើលទៅដឹកនាំបែបអត្តនោម័តិ មានន័យថា គិតគួរតែម្នាក់ឯង មុននឹងសម្រេចចិត្ត ខ្ញុំមិនជឿថា គាត់ទៅសួរទីប្រឹក្សាគាត់ទេ គាត់សម្រេចតែគាត់។ អ៊ីចឹងអ្នកដែលតែងតាំងផលប្រយោជន៍ដែលទទួលបាន គឺមានអំណាចកាងពីក្រោយខ្នង ដើម្បីទៅធ្វើរឿងរ៉ាវមួយចំនួន ទៅថ្ងៃមុខជាការរកស៊ី ឬក៏រឿងផ្ទាល់ខ្លួនណាមួយអាហ្នឹងខ្ញុំអត់ច្បាស់»។
នៅឆ្នាំ២០០៨ ក្រោយហេតុការណ៍នោះកើតឡើង ជនល្មើសអ្នកស្រី ជា រដ្ឋា ត្រូវបានរដ្ឋាភិបាលកម្ពុជាបកស័ក្ដិនិងមុខតំណែងអតីតអគ្គសេនាធិការរង នៃកងរាជអាវុធហត្ថផ្ទៃប្រទេស ហើយអាជ្ញាធរនគរបាលកម្ពុជា និងមន្ត្រីនគរបាលរបស់អាំងទែប៉ូល (Interpol) បានតាមចាប់អ្នកស្រី ជា រដ្ឋា ពីបទឧក្រិដ្ឋកម្មប្រឆាំងជីវិតនិងសុខភាព។ នៅគ្រានោះ ពីកន្លែងលាក់ខ្លួននៅក្នុងប្រទេសថៃ អ្នកស្រី ជា រដ្ឋា បានប្រាប់សារព័ត៌មានថា អ្នកស្រីមិនបានប្រព្រឹត្តិកំហុសដូចការចោទប្រកាន់នោះទេ។
អ្នកស្រី និងក្រុមបក្ខពួកចំនួន ៥នាក់ទៀត ត្រូវបានសាលាឧទ្ធរណ៍កាត់ទោស កាលពីខែវិច្ឆិកា ឆ្នាំ២០០៩ ឱ្យជាប់ពន្ធនាគាររយៈពេលពីចន្លោះ ១៥ឆ្នាំទៅដល់ ១៨ឆ្នាំផ្សេងៗ គ្នា ចំពោះការវាយប្រហារទឹកអាស៊ីដទៅលើ អ្នកស្រី យ៉ា សុខនីម ដែលជា ម្ដាយមីងរបស់អ្នកនាង អ៊ិន សុខលីដា កាលពីខែឧសភា ឆ្នាំ២០០៨។
បន្ទាប់មកនៅដើមតុលា ឆ្នាំ២០១០ តុលាការកំពូលបានចេញសេចក្ដីសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ។
ទោះជាយ៉ាងណាក្ដី បើទោះជាតុលាការជាន់ខ្ពស់ទាំងពីរថ្នាក់រកឃើញថា អ្នកស្រី ជា រដ្ឋា មានកំហុស ហើយផ្ដន្ទាទោសឱ្យជាប់គុក ១៨ឆ្នាំក៏ដោយ ក៏គេមិនឃើញអ្នកស្រី ជា រដ្ឋា ត្រូវបានចាប់ខ្លួន និងជាប់ពន្ធនាគារមួយថ្ងៃសោះដែរ។ ប៉ុន្តែ អ្វីដែលធ្វើឱ្យសាធារណជនភ្ញាក់ផ្អើលកាន់តែខ្លាំង និងស្លុតចិត្តនោះ គឺទណ្ឌិតឧក្រិដ្ឋជនរូបនេះ ត្រូវបានលោក ហ៊ុន សែន តែងតាំងជាទីប្រឹក្សាផ្ទាល់របស់លោក និងរបស់រដ្ឋាភិបាលទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។