តើ​ឧកញ៉ា​សម្បូរ​​ដោយ​រឿងអាស្រូវ​ណាខ្លះ​អាច​បាន​តំណែង​សមាជិក​ព្រឹទ្ធសភា?

ដោយ មាន ឫទ្ធិ
2024.02.29
RFA

តើ​ឧកញ៉ា​សម្បូរ​​ដោយ​រឿងអាស្រូវ​ណាខ្លះ​អាច​បាន​តំណែង​សមាជិក​ព្រឹទ្ធសភា?

ឧកញ៉ា​ទាំង៤រូប​ដែលមានរឿងអាស្រូវ​បន្តក្លាយជាសមាជិកព្រឹទ្ធសភា (ពីឆ្វេង) លោក លី យ៉ុងផាត់ លោក ម៉ុង ឫទ្ធី លោក កុក អាន និង​លោក សុខ គង់។ Photo Courtesy



ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ថ្ងៃអាទិត្យ ទី​២៥ ខែ​កុម្ភៈ តើ​ឧកញ៉ា​សម្បូរ​ដោយ​រឿងរ៉ាវ​អាស្រូវ​ណាខ្លះ​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន អាច​បន្ត​ទទួល​បាន​តំណែង​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា?

កៅអី​ព្រឹទ្ធសភា​ត្រូវ​គេ​មើល​ឃើញ​ថា គឺជា​តំណែង​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​ឪ​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ទុក​ប្រើប្រាស់​សម្រាប់​ទិញ​ទឹកចិត្ត​សូក​ក្រុម​ឈ្មួញ​រកស៊ី​គ្រាក់ៗ​នៅ​កម្ពុជា ជា​ថ្នូរ​នឹង​ការ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​របស់​ពួកគេ​ដល់​គណបក្ស។

លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​កាលពី​ថ្ងៃអាទិត្យ ទី​២៥ ខែកុម្ភៈ បង្ហាញថា គណបក្ស​កាន់​អំណាច​បាន​របូត​អស់ ៣​អាសនៈ ទៅ​គណបក្ស​ប្រឆាំង ក្នុងចំណោម​អាសនៈ​ព្រឹទ្ធសភា​ដែល​ត្រូវ​ដណ្ដើម​យក​សរុប​ចំនួន​៥៨។

យ៉ាងហោចណាស់ មាន​អាសនៈ​ព្រឹទ្ធសភា​ចំនួន​៤ អាច​ត្រូវ​បាន​គណបក្ស​កាន់អំណាច​បម្រុង​ទុក​ឱ្យ​ក្រុម​ឧកញ៉ា​ល្បីឈ្មោះ​ខាង​រកស៊ី​ទុច្ចរិត ខុសច្បាប់ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ក្រោម​ប្រព័ន្ធ​«​ឯង​ជួយ​អញ អញ​ជួយ​ឯង​»​។ ឧកញ៉ា​ដែល​អាច​បន្ត​ជាប់​ឈ្មោះ​ជា​សមាជិក​ព្រឹទ្ធសភា​របស់​បក្ស​ប្រជាជន​កម្ពុជា​ទាំងនោះ រួមមាន​៖

ទី​១៖ លោក លី យ៉ុងផាត់ កើត​ឆ្នាំ​១៩៥៨ ឈរ​ជា​បេក្ខជន​ពេញ​សិទ្ធិ លេខ​រៀង​ទី​៤ ប្រចាំ​ភូមិភាគ​ទី​៧​។ មាន​រហស្សនាម​ថា​ជា «ស្តេច​កោះកុង​» លោក​មានឈ្មោះ​ដើម ផាត់ ស៊ុផាផា (Phat Suphapha) មាន​សញ្ជាតិ​ខ្មែរ​-​ថៃ។ លោក​បង្កើន​ទ្រព្យសម្បត្តិ​របស់​លោក​ផ្តើម​ចេញពី​ការ​រកស៊ី​រត់ពន្ធ​បារី បើក​បន​ល្បែង​ស៊ីសង​កាស៊ីណូ និង​រមណីយដ្ឋាន​។ លោក​ជា​ម្ចាស់​ក្រុមហ៊ុន​ចែកចាយ​បារី​ថ្នាំជក់​ឈ្មោះ Hero King ជា​អភិបាល​ក្រុមហ៊ុន​ឧស្សាហកម្ម​ស្ករ​កោះកុង (Koh Kong Sugar Industry Co., Ltd.) និង​ក្រុមហ៊ុន​ចម្ការ​អំពៅ​កោះកុង (Koh Kong Sugar Plantation Co., Ltd.) ដែល​ជាប់​កំណត់ត្រា​ថា​ជា​អាជីវកម្ម «​ស្ករ​ឈាម​» ដោយសារ​ពាក់ព័ន្ធ​នឹង​អំពើ​ច្បាម​យក​ដីធ្លី ដុត​ផលដំណាំ និង​បណ្តេញ​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​ចេញពីផ្ទះ​សម្បែង​ដោយ​បង្ខំ​។ លោក​ក៏​ជា​ម្ចាស់​ក្រុមហ៊ុន​ទូរទស្សន៍​ក្នុងស្រុក PNN និង​អាជីវកម្ម​ជាច្រើន​ទៀត ជ្រក​ក្រោម​យីហោ​សម្ព័ន្ធ​ក្រុមហ៊ុន L.Y.P Group។

ទី​២៖ លោក ម៉ុង ឫទ្ធី កើត​ឆ្នាំ​១៩៥៤ ឈរ​ជា​បេក្ខជន​ពេញ​សិទ្ធិ​លេខ​រៀង​ទី​៥ ប្រចាំ​ភូមិភាគ​ទី​៧។ មាន​រហស្សនាម​ជា «​អ្នកចាត់ចែង​រកលុយ​ឱ្យ​លោក ហ៊ុន សែន​» (Hun Sen’s Money Man) លោក​ល្បី​ឈ្មោះ​អាក្រក់​ជាប់ចោទ​ពី​រឿង​រត់ពន្ធ​កញ្ឆា​ប្រមាណ​៧​តោន​បង្កប់​ខាងក្រោម​បន្ទះ​កៅស៊ូ​ក្រែប​បម្រុង​ដឹក​ទៅ​កំពង់ផែ​ក្រុងព្រះសីហនុ កាលពី​ឆ្នាំ​១៩៩៧។ កាលនោះ លោក ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី​ទី​២ បាន​ចេញ​មុខ​កាង​ការពារ​លោក​មិន​ឱ្យ​នរណា​ប៉ះពាល់​បាន​ឡើយ​។ លោក ម៉ុង ឫទ្ធី ជា​ម្ចាស់​សម្ព័ន្ធ​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែល​វិនិយោគ​លើ​វិស័យ​ជាច្រើន ដូចជា សំណង់​ក្មេង​វត្ត សាងសង់​សាលារៀន​នៅ​ទូទាំង​ប្រទេស​ដាក់ឈ្មោះ​លោក ហ៊ុន សែន កំពង់ផែ​ឯកជន កសិ​ឧស្សាហកម្ម ដំណាំ​ដូងប្រេង កៅស៊ូ ផ្លែឈើ ចិញ្ចឹម​ជ្រូក គោ ក្របី សម្រាប់​នាំចេញ​ជាដើម​។ លោក​ធ្លាប់​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ជាច្រើន​ម៉ឺន​ហិកតារ​ដើម្បី​ដាំដូង​ប្រេង​នៅ​ខេត្ត​ព្រះសីហនុ​។ ក្នុង​នោះ លោក​ក៏​ធ្លាប់​ពាក់ព័ន្ធ​នឹង​ករណី​បណ្តេញ​ប្រជាពលរដ្ឋ​ដោយ​បង្ខំ​ផង​ដែរ។

ទី៣៖ លោក កុក អាន កើត​ឆ្នាំ​១៩៥៤ ឈរ​ជា​បេក្ខជន​ពេញ​សិទ្ធិ លេខ​រៀង​ទី​៤ ប្រចាំ​ភូមិភាគ​ទី​៥​។ មាន​រហស្សនាម​ថា​ជា «​បិតា​បន​ល្បែងស៊ីសង​» លោក​មានឈ្មោះ​ដើម​ថា ភូ កុកអាន ជា​កូន​កាត់​ចិន បច្ចុប្បន្ន​ជា​ម្ចាស់​សម្ព័ន្ធ​ក្រុមហ៊ុន អានកូ គ្រុប (ANCO GROUP)​។ លោក​រកស៊ី​ខាង​ឧស្សាហកម្ម​នេសាទ​ត្រី បារី ថ្នាំជក់ កាលពី​ទសវត្ស​ទី​៩០ ហើយ​ក្រោយ​មក​បាន​ពង្រីក​មុខ​របរ​ខាង​ល្បែងស៊ីសង ក្លាយជា​ម្ចាស់​កាស៊ីណូ​ឈ្មោះ Crown Resorts នៅ​ក្រុង​ប៉ោយប៉ែត ព្រំដែន​កម្ពុជា​-​ថៃ នៅ​ខេត្ត​ប៉ៃលិន នៅ​ក្រុង​ជ្រៃ​ធំ ខេត្តកណ្តាល និង​ក្រុង​បាវិត ខេត្តស្វាយរៀង ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​។ សារព័ត៌មាន អាល់ ហ្សាហ្ស៊ីរ៉ា (Al Jazeera) កាលពី​ឆ្នាំ​២០២២ បាន​លាតត្រដាង​ថា សួន​ឧស្សាហកម្ម Crown Industrial Park របស់​លោក កុក អាន នៅ​ក្រុងព្រះសីហនុ គឺជា​កន្លែង​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ​បែប​ទាសករ​សម័យ​ទំនើប និង​ការ​ធ្វើ​ទារុណកម្ម​មនុស្ស​ដ៏​គួរ​ឱ្យ​ខ្លាចរអា​។ ក្រុមហ៊ុន​របស់​មហាសេដ្ឋី​រូប​នេះ ក៏​ធ្លាប់​រង​នូវ​ការចោទប្រកាន់​ពី​ការ​ច្បាម​យក​ដីធ្លី​របស់​ពលរដ្ឋ​នៅ​បុរី​កាំកូ ក្រុងភ្នំពេញ និង​បង្ក​ឱ្យ​មាន​ទឹក​ជន់​លិចលង់​ផ្ទះសម្បែង​របស់​អ្នកស្រុក​នៅ​ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ដោយសារ​ក្រុមហ៊ុន​សង់​អាងទឹក​ក្នុង​តំបន់​នោះ​។ លោក​ក៏​ធ្លាប់​មាន​រឿងរ៉ាវ​អាស្រូវ​ជាច្រើន​ទៀត​ទាក់ទង​នឹង​ការ​ដណ្តើម​កាន់កាប់​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) និង​ការ​ប្តឹង​ផ្តល់​នៅ​ធនាគារ Union Commercial Bank​។ លោក កុក អាន ក៏​ជា​អ្នក​ជួយ​ចេញ​លុយ ៥០​លាន​ដុល្លារ​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន សង​ឱ្យ​រដ្ឋាភិបាល​ថៃ ចំពោះ​ការខូចខាត​នានា​បណ្ដាលមកពី​កុបកម្ម​ដុត​ស្ថានទូត និង​អគារ​ក្រុមហ៊ុន​ថៃ​កាល​ពី​ដើម​ឆ្នាំ​២០០៣​ផង​ដែរ។

ទី​៤៖ លោក សុខ គង់ កើត​ឆ្នាំ​១៩៥៦ ឈរ​ជា​បេក្ខជន​បម្រុង លេខ​រៀង​ទី​១ ប្រចាំ​ភូមិភាគ​ទី​៤​។ មាន​រហ័ស​នាម​ថា «Mr. Sokimex» លោក​គឺជា​ម្ចាស់​ក្រុមហ៊ុន​លក់​សាំង សូគីម៉ិច ល្បីឈ្មោះ​អាក្រក់​ខាង​រត់ពន្ធ​សាំង ប្រេងកាត កៅស៊ូ សម្ភារៈ​យោធា ស្បៀង និង​ថ្នាំសង្កូវ​សម្រាប់​យោធា និង​កិប​កេង​ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​តំបន់​អង្គរ។ លោក​គឺ​ជា​ម្ចាស់​សណ្ឋាគារ​យីហោ សុខា អូតែល និង​ទទួល​បាន​សិទ្ធិ​វិនិយោគ​ខ្វះ​តម្លាភាព​នៅ​តាម​តំបន់​ជាច្រើន​ពិសេស​នៅ​តំបន់​រមណីយដ្ឋាន​ភ្នំ​បូកគោ​។ បច្ចុប្បន្ន មហាសេដ្ឋី​រូប​នេះ ក្ដោប​ក្ដាប់​មុខ​ជំនួញ​ជាច្រើន​ក្រោម​ស្លាក​សម្ព័ន្ធ​ក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប ដែល​រកស៊ី​ចែកចាយ​ផលិតផល​ប្រេងឥន្ធនៈ ហ្គាស កៅស៊ូ​ក្រាល​ថ្នល់ កាត់ដេរ សណ្ឋាគារ អចលនទ្រព្យ និង​មន្ទីរពេទ្យ​ជាដើម​។ ក្រៅពី​តំបន់​អង្គរ ក្រុមហ៊ុន​របស់​ឧកញ៉ា​រូប​នេះ ក៏​ធ្លាប់​ស្វះ​ស្វែងរក​សិទ្ធិ​ចាត់ចែង​កេរដំណែល​សម្បត្តិ​វប្បធម៌​ប្រាសាទបុរាណ​ខ្មែរ ដូចជា​នៅ​ប្រាសាទ​សម្បូរ​ព្រៃគុក ប្រាសាទព្រះវិហារ និង​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស បូកគោ ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles