ដោយ ទីន ហ្សាការីយ៉ា
2024.02.29
RFA

ពលរដ្ឋរងគ្រោះដីធ្លីនៅបឹងតាមោក នាំគ្នាលើកបដាតវ៉ាប្រឆាំងនឹងការបណ្ដេញចេញពីសំណាក់អាជ្ញាធរ នៅថ្ងៃទី២៩ កុម្ភៈ ២០២៤។ រូប៖ ពលរដ្ឋផ្តល់ឱ្យ
ពលរដ្ឋមានជម្លោះដីធ្លីនៅបឹងតាមោកម្នាក់កំពុងស្ថិតក្នុងសភាពទន់ខ្សោយ ក្រោយអាជ្ញាធរខណ្ឌព្រែកព្នៅប្រមាណ២០០នាក់ ប្រើអំពើហិង្សា និងយកគ្រឿងចក្រមកកាយប្រឡាយក្រោយផ្ទះពលរដ្ឋ។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស ចាត់ទុកទង្វើរបស់អាជ្ញាធរ គឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់សិទ្ធិរស់រានមានជីវិតពលរដ្ឋ។
ពលរដ្ឋរងគ្រោះដោយសារការរំលោភយកដីធ្លី និងប្រឈមការបណ្ដាញចេញទាំងបង្ខំ លើកឡើងថា ស្ត្រី និងកុមារដែលរងការប្រើហិង្សាពីសំណាក់អាជ្ញាធរខណ្ឌព្រែកព្នៅតក់ស្លុត និងមានបញ្ហាស្មារតីមិនល្អ។
សកម្មជនការពារដីធ្លីបឹងតាមោក លោកស្រី ស៊ា ដាវី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៨ ខែកុម្ភៈ ថា ស្ត្រីម្នាក់ដែលអាជ្ញាធរប្រើហិង្សាវាយចំទ្រូងឱ្យសន្លប់ បច្ចុប្បន្នគាត់មានសុខភាពទន់ខ្សោយ និងប៉ះទង្គិចផ្លូវចិត្ត។ លោកស្រីបន្តថា គឺជារឿងអមនុស្សធម៌ និងអយុត្តិធម៌ចំពោះពលរដ្ឋស្លូតត្រង់ដែលប្រើប្រាស់សិទ្ធិការពារដីធ្លីពីការបណ្ដេញចេញទាំងបង្ខំបែរជាអាជ្ញាធរវាយដំទៅវិញ។
លោកស្រី ស៊ា ដាវី៖ «មើលទៅរូបភាពព្រៃផ្សៃមែនទែនដែលអាជ្ញាធរអនុវត្តមកលើប្រជាពលរដ្ឋ ដែលរងគ្រោះមិនទាន់មានដំណោះស្រាយហើយសម្លុតគំរាមកំហែងហើយប្រើពាក្យ អសុរោះអសីលធម៌មកលើពួកខ្ញុំសុទ្ធតែស្រីៗហៅពួកខ្ញុំសុទ្ធតែង៉ែង ហង បងទទួលយកអត់បានទេ ហើយសួរថា អាជ្ញាធរមានប្រកបសីលធម៌វិជ្ជាជីវៈជាអាជ្ញាធរ ឬក៏មានតួនាទីជាអ្នកការពារ ជាអ្នកបម្រើ មកប្រើអំពើហិង្សាហើយមកប្រើហិង្សាពាក្យសំដីប៉ះពាល់ធ្ងន់ធ្ងរដល់ផ្លូវចិត្តពួកខ្ញុំមែនទែន»។
រីឯលោកស្រី យឹម ស្រីណយ ដែលរងការប្រើអំពើហិង្សាពីសំណាក់អាជ្ញាធរខណ្ឌព្រែកព្នៅ ពេលនេះកំពុងសម្រាកនៅផ្ទះ ដោយទទួលបានការព្យាបាលពីគ្រូពេទ្យរបស់អង្គការលីកាដូ (LICADHO) ក្រោយមន្ទីរពេទ្យបង្អែកខណ្ឌព្រែកព្នៅ មិនទទួលព្យាបាល ដោយពេទ្យអះអាងថា លោកស្រីគ្មានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ។
នៅថ្ងៃទី២៨ ខែកុម្ភៈ ដដែលនេះសហគមន៍បឹងតាមោក និងក្រុមយុវជនប្រមាណជិត១០០នាក់នាំគ្នាធ្វើកូដកម្មដោយអហិង្សា ទាមទារឱ្យអាជ្ញាធរបញ្ឈប់ការប្រើអំពើហិង្សាលើពលរដ្ឋ និងកាត់ឆ្វៀលដីជូនពួកគាត់។ ពួកគាត់នាំគ្នាកាន់រូបថត លោក ហ៊ុន ម៉ាណែត និងកាន់បដាដែលមានខ្លឹមសារថា ដីធ្លីគឺជាអាយុជីវិតរបស់ពលរដ្ឋ។
និស្សិតសិក្សាផ្នែកគណនេយ្យ នៅរាជធានីភ្នំពេញ កញ្ញា ឡាច ធីណា ដែលបានចូលរួមឃ្លាំមើល ថ្លែងថា ការចូលរួមរបស់យុវជនជាមួយសហគមន៍បឹងតាមោកគឺក្នុងគោលបំណងចង់ផ្សព្វផ្សាយពីភាពអយុត្តិធម៌នៅក្នុងសង្គម និងភាពទន់ខ្សោយនៃការដឹកនាំរបស់រដ្ឋាភិបាល។
កញ្ញា ឡាច ធីណា៖ «សូមអំពាវនាវដល់អាជ្ញាធរ ជាពិសេសភាគីពាក់ព័ន្ធសូមចូលខ្លួនមកដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ហើយក្នុងនាមជា ជាអាជ្ញាធរបម្រើប្រជាពលរដ្ឋត្រូវបំពេញតួនាទីខ្លួនឯងឱ្យបានខ្ជាប់ខ្ជួន កុំប្រើនីតិមាត់មកនិយាយតែត្រូវប្រើនីតិរដ្ឋមកនិយាយវិញ»។
អាជ្ញាធរខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី២៧ ខែកុម្ភៈ បានយកអេស្កាវ៉ាទ័រទៅកាយប្រឡាយបង្ហូរទឹកស្អុយក្រោយផ្ទះរបស់ពលរដ្ឋក្នុងសហគមន៍បឹងតាមោក ដែលធ្វើឱ្យមានការប៉ះទង្គិចគ្នាដោយហិង្សារវាងអាជ្ញាធរ និងពលរដ្ឋ ។ សកម្មភាពប៉ះទង្គិចគ្នានេះ បណ្ដាលឱ្យស្ត្រីម្នាក់ដួលសន្លប់ និងកុមារម្នាក់រលាកភ្លើងត្រង់ចង្កេះ ហើយអ្នកខ្លះទៀតរងរបួលស្រាល។ ពលរដ្ឋអះអាងថា ការកាយប្រឡាយធ្វើផ្លូវរំដោះទឹកស្អុយក្រោយផ្ទះរបស់ពួកគាត់គឺជាចេតនារបស់អាជ្ញាធរចង់បណ្ដេញពលរដ្ឋចេញទាំងបង្ខំ ដើម្បីយកដីទៅឱ្យក្រុមហ៊ុនឯកជនធ្វើជាកម្មសិទ្ធិតែប៉ុណ្ណោះ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៨ ខែកុម្ភៈ។
ជុំវិញបញ្ហានេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា សកម្មភាពរបស់អាជ្ញាធរដែលប្រើអំពើហិង្សាលើពលរដ្ឋគឺជាការរំលោភសិទ្ធិមនុស្ស ដែលរដ្ឋាភិបាលគួរតែត្រួតពិនិត្យឡើងវិញលើបញ្ហានេះ ដើម្បីកុំឱ្យពលរដ្ឋក្លាយជាជនរងគ្រោះបន្ថែមទៀត។
លោក អំ សំអាត៖ «អ្វីដែលបានកើតឡើងយើងឃើញថា ការប្រើប្រាស់អំពើហិង្សា ទៅលើរាងកាយទៅសិទ្ធិរបស់ពលរដ្ឋហ្នឹងទៅវិញទេ អ្វីដែលសំខាន់អាជ្ញាធរនិងពលរដ្ឋហ្នឹងគួរតែស្វែងរកដំណោះស្រាយមួយដើម្បីដោះស្រាយដោយសន្តិវិធីកុំឱ្យមានផ្ទុះឡើងនូវអំពើហិង្សាកើតឡើងពីព្រោះការផ្ទុះអំពើហិង្សា វាអត់ចំណេញហើយវានាំឱ្យមានការរិះគន់ទៅលើការរំលោភសិទ្ធិមនុស្ស»។
ពលរដ្ឋរស់នៅក្បែរបឹងតាមោក ភូមិសំរោងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ អះអាងថា ពួកគាត់អាស្រ័យផលលើដីនេះ ចាប់តាំងពីឆ្នាំ ១៩៩៦មក ហើយពួកគាត់ប្រឈមនឹងបាត់បង់ដីធ្លីចាប់តាំងពីរដ្ឋាភិបាលកាត់ផ្ទៃបឹងតាមោក ទៅឱ្យក្រុមហ៊ុនឯកជន និងមន្ត្រីគ្រាក់ៗក្នុងស្ថាប័នរដ្ឋយកទៅធ្វើជាកម្មសិទ្ធិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។