មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​បារម្ភ​ថា អង្គភាព​វាយ​ប្រហារ​លើ​អ៊ីនធឹណិត​របស់​រដ្ឋាភិបាល​នឹង​ធ្វើ​ឱ្យ​សេរីភាព​បញ្ចេញ​មតិ​កាន់តែ​រួម​តូច

ដោយ ច័ន្ទ ដារ៉ូ
2024.03.08
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​បារម្ភ​ថា អង្គភាព​វាយ​ប្រហារ​លើ​អ៊ីនធឹណិត​របស់​រដ្ឋាភិបាល​នឹង​ធ្វើ​ឱ្យ​សេរីភាព​បញ្ចេញ​មតិ​កាន់តែ​រួម​តូច

(រូបឯកសារ) លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុង​ពិធីប្រកាស​ផ្សព្វផ្សាយរបាយការណ៍​ថ្នាក់​ជាតិ ស្ដីពី​លទ្ធផល​ចុង​ក្រោយ​នៃ​ជំរឿន​សេដ្ឋកិច្ចនៅ​កម្ពុជា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុកលោក​ ហ៊ុន ម៉ាណែត និង ហ៊ុន ម៉ានី


មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល​សង្គម​បារម្ភ​ថា អង្គភាព​វាយ​ប្រហារ​លើ​ប្រព័ន្ធ​អ៊ីនធឹណេត​របស់​រដ្ឋាភិបាល​នឹង​ក្លាយ​ជា​ឧបករណ៍​រឹតត្បិត​លើ​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ ជាពិសេស​សកម្មជន​សង្គម និង​នយោបាយ។ ក្ដី​បារម្ភ​កើត​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សម្រេច​បង្កើត​គណៈកម្មាធិការ​សន្តិសុខ​មួយ​ដោយ​អះអាង​ថា​ដើម្បី​ទប់ទល់​នឹង​ការ​វាយ​ប្រហារ​អ៊ីនធឹណេត។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស នូវែលហ្សែលឡង់ (New Zealand) លោក ម៉ន ផល្លា សង្កេតឃើញ​ថា រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន រហូត​ដល់​លោក ហ៊ុន ម៉ាណែត ពុំ​មាន​ឆន្ទៈ​ដោះ​ស្រាយ​បញ្ហា​ជីវភាព​ពលរដ្ឋ និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ពិត​ប្រាកដ​នោះ​ទេ។ លោក​យល់​ថា បញ្ហា​ទាំង​នេះ​ហើយ ទើប​ពួកគេ​ព្យាយាម​បង្កើត​ក្រុម​ដើរ​វាយ​ប្រហារ​តាម​បណ្ដាញ​សង្គម ក្នុង​គោលបំណង​បំបិទ​សិទ្ធិ​សេរីភាព​ដើម្បី​បំបិទមាត់​អ្នក​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​បញ្ចេញមតិ​រិះគន់​ភាព​អសកម្ម​​របស់​រដ្ឋាភិបាល។


លោក ម៉ន ផល្លា៖ «ការ​បង្កើត​គណៈកម្មាធិការ​នេះ​ឡើង​ជា​ចេតនា​មួយ​ដើម្បី​បំបិទ​មាត់​អ្នក​ប្រជាធិបតេយ្យ​ទី១ និង​ទី​ពីរ​អ្នក​ដែល​ហ៊ាន​តវ៉ា និយាយ​ការ​ពិត​ត្រូវតែ​ទទួល​បាន​ការ​ព្រមាន ទទួល​បាន​ការ​ចាប់​ដាក់​ពន្ធនាគារ ជាពិសេស តាមរយៈ​បណ្ដាញ​នេះ គឺ​ជា​ក្រុម​មួយ​ធ្វើ​សកម្មភាព​អូសទាញ ឬ​បំផុស​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​លែង​គិត​គូ​អំពី​​បញ្ហា​សង្គម​សំខាន់ៗ ជាពិសេស​រឿង​ទឹកដី ដូច្នេះ​ហើយ​ខ្ញុំ​យល់​ថា វា​គ្មាន​ប្រយោជន៍​អ្វី​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទេ គឺ​មាន​ប្រយោជន៍​សម្រាប់​តែ​ក្រុម​របស់​លោក ហ៊ុន ម៉ាណែត តែ​ប៉ុណ្ណោះ​បាទ»។

កាល​ពី​ថ្ងៃទី១ ខែមីនា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ចេញ​អនុក្រឹត្យ​រៀបចំ និង​ការប្រព្រឹត្ត​ទៅ​របស់​គណៈកម្មាធិការ​សន្តិសុខ​ឌីជីថល ក្រោម​ហេតុផល ដើម្បី​ការពារ​អត្ថប្រយោជន៍​គ្រប់​តួអង្គ​សង្គម​ទប់ទល់​នឹង​ការ​វាយ​ប្រហារ​គ្រប់​រូបភាព ឆ្លើយតប​គ្រប់​​ផ្នែក​ទាំង​បច្ចេកទេស និង​កម្លាំង​ពាក់ព័ន្ធ​នឹង​ការធានា និង​ការពារ​​សន្តិសុខ​ឌីជីថល។ រដ្ឋាភិបាល​បញ្ជាក់​ថា​គណៈកម្មាធិការ​នេះ​មាន​លេខាធិការដ្ឋាន និង​អង្គភាព​លើ​អ៊ីនធឹណិត​ចំនួន៤ រួមមាន អង្គភាព​សន្តិសុខ​សាយប៊ើរ​កម្ពុជា  អង្គភាព​ប្រឆាំង​ឧក្រិដ្ឋកម្ម​សាយប៊ើរ ការពារ​ជាតិ​​ក្នុង​លំហ​សាយប៊ើរ ការទូត​សាយប៊ើរ ហើយ​ដំណើរ​របស់​អង្គភាព និង​ប្រាក់​ខែ​របស់​មន្ត្រី​បំពេញ​ការងារ​នៅ​ក្នុង​ស្ថាប័ន​នេះ​ប្រើប្រាស់​ថវិកា​ជាតិ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃ​ទី៨ ខែមីនា។

ជុំវិញ​រឿង​នេះ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​លោក លី ចាន់ដារ៉ាវុធ លើកឡើង​ថា​ការ​បង្កើត​គណៈកម្មាធិការ​នេះ​ឡើង​ជា​រឿង​មិន​ចាំបាច់​នោះ​ទេ តែ​រដ្ឋាភិបាល​គួរតែ​ពង្រឹង​សមត្ថភាព​មន្ត្រី​នៅ​តាម​ក្រសួង ស្ថាប័ន​រដ្ឋ​ដែល​មាន​ស្រាប់​ឱ្យ​បំពេញការងារ​ប្រឆាំង​បទល្មើស និង​ឧក្រិដ្ឋកម្ម​លើ​អ៊ីនធឺណិត​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​វិញ។ លោក លី ចាន់ដារ៉ាវុធ សង្កេត​ឃើញ​ថា ការ​បង្កើត​ក្រុម​នេះ​ហាក់​មាន​ទម្រង់​ដូច​នឹង​ក្រុម​អុកឡុក​នៅ​លើ​អ៊ីនធឹណេត​កន្លងមក​​​ធ្វើ​សកម្មភាព​បន្សាប​ព័ត៌មាន​​ដែល​​រិះគន់​រដ្ឋាភិបាល​នៅ​លើ​បណ្ដាញ​សង្គម។

លោក លី ចាន់ដារ៉ាវុធ៖ «ឧទាហរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅតែ​មាន​គោលនយោបាយ​ផ្តល់​ដីសម្បទាន ការ​លុប​បឹងបួ​ធម្មជាតិ ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅ​របស់​ខ្លួន​នោះ​ព័ត៌មាន​អសកម្ម​នៅតែ​កើត​មាន​នៅ​ក្នុង​សង្គម បើ​សិន​យើង​មិន​ចង់​ឱ្យ​មាន​ព័ត៌មាន​អសកម្ម​ហ្នឹង​កើត​មាន លុះ​ត្រា​តែ​គ្មាន​ភាព​អសកម្ម​នៅ​ក្នុ​សង្គម ហើយ​គ្មាន​ភាព​អសកម្ម​ទាល់តែ​រដ្ឋាភិបាល​ហ្នឹង ព្យាយាម​ដោះស្រាយ​បញ្ហា ជា​ជាង​ច្រានចោល​ព័ត៌មាន ដោយសារ​ការ​ច្រានចោល​ព័ត៌មាន​មិន​អាច​ដោះស្រាយ​អ្វី​បាន​ច្រើន​ទេ។ វា​ទម្រង់​បំបិទ​សំឡេង​លើ​ជន​រង​គ្រោះ​យូរៗ ទៅ សំឡេង​របស់​ជន​រង​គ្រោះ​កាន់តែ​រីក​ធំ​ឡើង បញ្ហា​សង្គម​កាន់តែ​ធ្ងន់ធ្ងរ​មិន​អាច​ដោះ​ស្រាយ​បាន»។

កាល​ពី​ឆ្នាំ២០១៧ សារ​បែក​ធ្លាយ​​ចេញ​ពី​អ៊ីម៉េល​របស់​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង​ជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន ម៉ាណែត គឺ​លោក គឹម សន្ដិភាព បាន​បង្ហាញ​ពី​ការ​បង្កើត​ក្រុម​សង្គ្រាម​ព័ត៌មាន​តាម​អ៊ីនធឺណិត ដែល​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា សាយប៊ើរ វ៉រ រូម (Cyber War Room)។

ក្រុម​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ២០១៣ ដែល​មាន​លោក ហ៊ុន ម៉ាណែត និង​លោក ស្វាយ ស៊ីថា ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​ព័ត៌មាន និង​សាធារណ​មតិ​បច្ចុប្បន្ន​នេះ​ជា​ប្រធាន និង​មាន​អនុប្រធាន​ជា​ច្រើន​រូប ដូច​ជា លោក សុខ ពុទ្ធិវុធ កូនប្រសា​លោក ហ៊ុន សែន លោក ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ព្រមទាំង​លោក គឹម សន្តិភាព និង​មន្ត្រី​ច្រើន​នាក់​ទៀត។

ក្រុម​សង្គ្រាម​ព័ត៌មាន​អ៊ីនធឺណិត​នេះ​ដើរ​តួនាទី​តាមដាន និង​គ្រប់គ្រង​ព័ត៌មាន​នានា លើ​បណ្ដាញ​សង្គម ព្រមទាំង​រៀបចំ​វិធានការ​នានា​ដើម្បី​ទប់ស្កាត់ ឆ្លើយ​តប និង​វាយបក​ទៅ​លើ​មជ្ឈដ្ឋាន​រិះគន់​ការដឹកនាំ​របស់​រដ្ឋាភិបាល​មក​ពី​គណបក្សប្រជាជន​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles