ដោយ យ៉ង ចាន់តារា
2024.03.08
RFA

សកម្មភាពអាជ្ញាធរខេត្តព្រះវិហារចុះបង្ក្រាបហិង្សា លើពលរដ្ឋស្រុកគូលែន កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។ រូប៖ ពលរដ្ឋផ្តល់ឱ្យ
សមត្ថកិច្ចចម្រុះខេត្តព្រះវិហារនៅថ្ងៃទី៨ ខែមីនា ចុះចាប់ពលរដ្ឋបន្ថែមទៀតនៅឃុំស្រយង់ កើតឡើងចំនួន ៤០នាក់ និងបន្តឃុំខ្លួនពលរដ្ឋទាំងនោះ នៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងសង្កាត់រដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ដើម្បីសាកសួរចម្លើយពួកគាត់។ ពលរដ្ឋថា អាជ្ញាធរចុះរឹបអូនទ្រព្យសម្បត្តិរបស់ពួកគេ និងសម្ភារៈធ្វើកសិកម្ម មួយចំនួន។
នាយកប្រតិបត្តិអង្គការពន្លកខ្មែរ លោក ប៉ឹក សោភ័ណ ប្រាប់វិទ្យុអាស៊ីសេរីគិតត្រឹមថ្ងៃទី៨ ខែមីនាថា អាជ្ញាធរគួរចុះស្រាវជ្រាវ និងស្វែងរកមូលហេតុឲ្យច្បាស់លាស់ ប្រសិនបើពលរដ្ឋទាំងនោះគ្មានទីលំនៅនិងដីស្រែអាស្រ័យផល រដ្ឋាភិបាលជាអ្នកខុសត្រូវចំពោះប្រជាពលរដ្ឋទាំងនោះ ដោយមិនគួរចាប់ឃុំខ្លួនពួកគាត់នោះទេ។
លោក ប៉ឹក សោភ័ណ៖ «ដូច្នេះអាជ្ញាធរខេត្តក៏ដូជារដ្ឋាភិបាលមិនគួរព្រងើយកន្តើយ ចំពោះការបណ្ដេញគាត់ចេញ ហើយអត់មានការដោះដូរ អត់មានការដោះស្រាយលំនៅឋាន ដីសម្រាប់ពួកគាត់ទេ គួរតែមានការយោគយល់ ហើយដោះស្រាយបញ្ហានេះដោយស្មើភាពគ្នា»។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងស្នងការនគរបាលខេត្តព្រះវិហារ លោក សួស សុខដារ៉ា និងអ្នកនាំពាក្យសាលាខេត្តព្រះវិហារ លោក ណុប វុទ្ធី ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី៨ ខែមីនា ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។ ប៉ុន្តែលោក ណុប វុទ្ធី បានប្រាប់សារព័ត៌មានក្នុងស្រុកថា អាជ្ញាធរខេត្តព្រះវិហារ មានវិធានការទៅលើពលរដ្ឋ ដែលបានរុករានទន្ទ្រានដីព្រៃរដ្ឋ និងដីសម្បទានសេដ្ឋកិច្ច ដែលរដ្ឋាភិបាលបានផ្ដល់ឲ្យក្រុមហ៊ុន សិលាដាម៉ិច ខណៈបច្ចុប្បន្នក្រុមហ៊ុនមួយនេះទទួលបានដីសម្បទានជាង ៦ពាន់ហិកតារ ស្ថិតនៅស្រុកគូលែន ខេត្តព្រះវិហារ។
បើទោះជាបែបនេះក្ដី ពលរដ្ឋរស់នៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ លោកស្រី លួត សាលា ឲ្យដឹងថា ពលរដ្ឋដែលបានតាំងទីលំនៅក្នុងឃុំស្រយង់ ពួកគាត់មិនមានកន្លែងរស់នៅនោះទេ។ លោកស្រីបន្ថែមថា កន្លងទៅអាជ្ញាធរភូមិឃុំបានទទួលស្គាល់ និងចេញប័ណ្ណសម្គាល់ដីផ្ទះសម្បែង និងស្រែចម្ការរបស់ពលរដ្ឋ ប៉ុន្តែនៅចុះឆ្នាំ២០២២ អាជ្ញាធរខេត្តមិនទទួលស្គាល់និងបញ្ជាឲ្យពួកគេរុះរើចេញពីទីនោះ។ លោកស្រីថា អាជ្ញាធរធ្វើបែបនេះ កំពុងតែធ្វើបាបប្រជាពលរដ្ឋខ្មែរ។
លោកស្រី លួត សាលា៖ «មានផ្ទះនៅណាមានដីនៅឯណា ក៏ទៅនៅទៅ សួរខ្ញុំបីដងគាត់ថា អ៊ីចឹង។ ខ្ញុំក៏បានលើកអះអាងថា ខ្ញុំមិនបានទៅណាទេ។ ខ្ញុំគ្មានផ្ទះសម្បែងនៅទេ។ ខ្ញុំស៊ូស្លាប់រស់នៅទីនេះ។ គាត់ក៏បានលើកដៃឲ្យពួកទាហានគប់គ្រាប់បែកផ្សែងចូលផ្ទះខ្ញុំ ហើយពួកមិនដឹងថា គ្រាប់បែកនោះជាគ្រាប់បែកផ្សែង ក៏នាំគ្នារត់គេចបែកគ្នា គាត់ក៏បានដេញចាប់ខ្ញុំ ហើយចាប់ខ្ញុំផ្ញុចខ្ញុំទៅនឹងដី»។
ពលរដ្ឋដដែលបន្ថែមថា អាជ្ញាធរចុះរុះរើផ្ទះសម្បែងនិងរឹបអូសយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋមួយចំនួន ដូចជា ម៉ូតូ គោយន្ត ឈើបម្រុងធ្វើផ្ទះ និងសម្ភារៈធ្វើកសិកម្ម ដឹកចេញពីភូមិ សំដៅទៅសាលាខេត្តព្រះវិហារ។ លោកបន្ថែមថា ពលរដ្ឋនៅតែបន្តរត់គេចខ្លួនមិនទាន់ហ៊ានចូលមករស់នៅ ក្នុងភូមិវិញនោះទេ។
កាលពីព្រឹកថ្ងៃទី៦ ខែមីនា ប្រជាពលរដ្ឋនៅឃុំស្រយង់ និងឃុំត្បែងពីរ ជាង ១០០នាក់ បាននាំគ្នារារាំងសមត្ថកិច្ច មិនឲ្យចុះរុះរើ និងដុតផ្ទះសម្បែងរបស់ពួកគេ។ ក៏ប៉ុន្តែត្រូវបានសមត្ថកិច្ចចម្រុះខេត្តព្រះវិហារបង្ក្រាប ដោយបានបាញ់កាំភ្លើងរះឡើងលើ និងគប់គ្រាប់បែកផ្សែងទៅលើប្រជាពលរដ្ឋនិងចាប់ខ្លួនពលរដ្ឋជាច្រើននាក់។ ពលរដ្ឋនៅឃុំស្រយង់ និងឃុំត្បែងពីរ ជាង ៣០០គ្រួសារ កំពុងមានជម្លោះដីធ្លីដ៏រាំរ៉ៃ ជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច សិលាដាម៉ិច។
ក្រុមហ៊ុន សិលាដាម៉ិច (Seila Damex CO., LTD.) ទទួលបានដីសម្បទានសេដ្ឋកិច្ច ពីរដ្ឋាភិបាល នៅឆ្នាំ២០០៩ លើផ្ទៃដី ៩ពាន់ (៩.០០០)ហិកតារ ក្រោមហេតុផល ធ្វើការអភិវឌ្ឍន៍ដាំដំណាំកៅស៊ូ ដែលមានទីតាំងស្ថិតនៅក្នុងឃុំស្រយង់ និងឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ និងបានបោះបង្គោលនៅឆ្នាំ២០១១ ធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋនៅតំបន់នោះ ជិត ១ពាន់គ្រួសារ។ ក្រុមហ៊ុនមួយនេះ ក៏បានផ្អាកសកម្មភាពមួយរយៈ ប៉ុន្តែនៅឆ្នាំ២០២២ អាជ្ញាធរពាក់ព័ន្ធខេត្តព្រះវិហារ បានចេញប័ណ្ណកម្មសិទ្ធិឲ្យក្រុមហ៊ុន សិលាដាម៉ិច លើផ្ទៃដីជាង ៦ពាន់ (៦.៣៧៨.៤៦)ហិកតារ និងបន្តប៉ះពាល់ប្រជាពលរដ្ឋជាង ៣០០គ្រួសាររហូតដល់បច្ចុប្បន្ន ហើយប្រជាពលរដ្ឋនៅតំបន់នោះ ស្នើដល់អាជ្ញាធរឱ្យកាត់ឆ្វៀលដីរបស់ពួកគេទុកអាស្រ័យផល ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ក៏ប៉ុន្តែអាជ្ញាធរមិនបានដោះស្រាយឱ្យពួកគេនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។