អាមេរិកថា ក្តីកង្វល់របស់ខ្លួនក្នុងរឿងកំពង់ផែរាម ព្រោះចង់ជួយការពារអធិបតេយ្យភាពកម្ពុជា

កម្ពុជា
08/03/2024 – 11:31
ដោយ៖ ជួប នរក្សា
RFI

នៅថ្ងៃព្រហស្បតិ៍ ទី០៧មីនា មន្ត្រីជាន់ខ្ពស់អាមេរិក លោក Daniel Kritenbrink បានធ្វើសន្និសីទសារព័ត៌មានអនឡាញដើម្បីគូសបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់ខ្លួនទៅកាន់ប្រទេសក្នុងតំបន់អាស៊ាន។ នៅកម្ពុជា លោក Daniel Kritenbrink បានជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីលោកហ៊ុន ម៉ាណែត។ តាមមន្ត្រីជាន់ខ្ពស់អាមេរិក រូបនេះ កិច្ចសន្ទនាជាមួយប្រមុខរដ្ឋាភិបាលកម្ពុជាផ្តោតលើទំនាក់ទំនងទ្វេភាគីកម្ពុជា និងអាមេរិក។ ទន្ទឹមគ្នានេះ លោក Daniel Kritenbrink ក៏បានលើកឡើងពីក្តីកង្វល់របស់អាមេរិកទាក់ទងនឹងការបន្តអភិវឌ្ឍកំពង់ផែរាមរបស់កម្ពុជាដែរ។ 

អាមេរិកថា ក្តីកង្វល់របស់ខ្លួនក្នុងរឿងកំពង់ផែរាម ព្រោះចង់ជួយការពារអធិបតេយ្យភាពកម្ពុជា


លោក Daniel Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានបញ្ជាក់ថា កិច្ចសន្ទនារវាងលោក និងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត បានផ្តោតសំខាន់លើទំនាក់ទំនងទ្វេភាគីកម្ពុជា និងអាមេរិក។ ទន្ទឹមគ្នានេះ មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះដដែលក៏បានអះអាងនៅចំពោះមុខលោក ហ៊ុន ម៉ាណែត ពីការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះប្រជាជនកម្ពុជា និងបំណងប្រាថ្នារបស់ពួកគេដែលចង់បានប្រទេសកាន់តែរីកចម្រើន ប្រជាធិបតេយ្យ និងឯករាជ្យ។

ទន្ទឹមគ្នានេះ លោក Daniel Kritenbrink មិនភ្លេចបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានអំពីប្រធានបទផ្សេងទៀតដែលលោកបានលើកយកទៅជជែកជាមួយលោកហ៊ុន ម៉ាណែត ពិសេសទាក់ទងនឹងការអភិវឌ្ឍកំពង់ផែរាមរបស់កម្ពុជា។ តាមលោក Daniel Kritenbrink ការឈឺឆ្អាលរបស់អាមេរិកនៅក្នុងរឿងនេះមិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទេ តែជាការជួយការពារអធិបតេយ្យភាពរបស់កម្ពុជាដោយអាមេរិកបារម្ភពីវត្តមានកងទ័ពជើងទឹកចិននៅលើទឹកដីកម្ពុជា។

កងទ័ពជើងទឹកកម្ពុជា នៅឯមូលដ្ឋានកងទ័ពជើងទឹក រាម
កងទ័ពជើងទឹកកម្ពុជា នៅឯមូលដ្ឋានកងទ័ពជើងទឹក រាម AP – Heng Sinith

គួរបញ្ជាក់ថា ក្តីកង្វល់របស់អាមេរិកទាក់ទងនឹងការធ្វើទំនើបកម្មកំពង់ផែរាមរបស់កម្ពុជានៅតែបន្តកើតមាន និងត្រូវបានលើកយកទៅជជែកនៅរាល់ពេលដែលមន្ត្រីអាមេរិកមានជំនួបជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា។ អាមេរិកតែងដាក់ការសង្ស័យថានឹងមានវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា ក្រោយពេលដែលការធ្វើទំនើបកម្មកំពង់ផែរាមត្រូវបានបញ្ចប់។ ជាការកត់សម្គាល់នារយៈពេលចុងក្រោយនេះ ការធ្វើទំនើបកម្មកំពង់ផែរាមកំពុងពន្លឿនសកម្មភាពនឹកស្មានមិនដល់។

ការចុះផ្សាយរបស់ Naval News ដែលជាស្ថាប័នតាមដានអំពីបច្ចេកវិទ្យាកងទ័ពជើងទឹកនៅលើពិភពលោកក្នុងថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា ការធ្វើទំនើបកម្មកំពង់ផែរាមរៀបចំបានយ៉ាងល្អ និងមានសមត្ថភាពលើសពីអ្វីដែលរបាយការណ៍ធ្លាប់បានលើកឡើងពីមុន។ តាមការអះអាងពីក្រុមអ្នកជំនាញផ្នែកយុទ្ធសាស្ត្រយោធារបស់ Naval News ការធ្វើទំនើបកម្មកំពង់ផែរាមជាការកសាងផែស្ងួតសម្រាប់ការចូលចតរបស់កប៉ាល់ជើងទឹកចិន៕

What Next?

Recent Articles