អាមេរិក​កំពុង​បារម្ភ​យ៉ាង​ខ្លាំង អំពី​ការ​ផ្ដល់​ជំនួយ​របស់​ចិន​លើ​ការ​សាងសង់​មូលដ្ឋាន​ទ័ពរាម

ដោយ ម៉ៅ សុធានី
2024.03.07
RFA

អាមេរិក​កំពុង​បារម្ភ​យ៉ាង​ខ្លាំង អំពី​ការ​ផ្ដល់​ជំនួយ​របស់​ចិន​លើ​ការ​សាងសង់​មូលដ្ឋាន​ទ័ពរាម

ទិន្នន័យ​ផែនដីជាសកល​នៅ​សហរដ្ឋអាមេរិក​ឈ្មោះ ផ្លេនណិត លេបស៍ (Planet Labs) បង្ហាញ​ទិដ្ឋភាពមូលដ្ឋាន​សមុទ្រ​រាម នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។ រូប៖ Planet Labs


ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​លោក ដានីញ៉ែល ក្រៃថិនប្រ៊ីង (Daniel J. Kritenbrink) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​ប្រព័ន្ធ​ឌីជីថល (Digital) កាល​ពី​ថ្ងៃ​ទី៧ ខែមីនា​ថា សហរដ្ឋ​អាមេរិក​មាន​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ការ​ផ្ដល់​ជំនួយ​របស់​ចិន និង​ការ​វិវត្តន៍​ថ្មីៗ អំពី​ការ​សាងសង់​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​នៅ​កម្ពុជា។ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​អាមេរិក​រូប​នេះ​បញ្ជាក់​ថា អាមេរិក និង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់ ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ចេតនា និង​វិសាលភាព នៃ​ការ​សាងសង់​ជុំវិញ​មូលដ្ឋានទ័ព​ជើង​ទឹក​រាម និង​តួនាទី​កងទ័ព​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

លោក ដានីញ៉ែល ក្រៃថិនប្រ៊ីង (Daniel J. Kritenbrink) កាល​ពី​សប្ដាហ៍​មុន បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​ទៀត ហើយ​លោក​ក៏​បាន​ជួប​ជជែក​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក ជុំ សន្ទរី ដើម្បី​ឆ្លើយតប​ចំពោះ​ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​អាមេរិក​បាន​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ក្នុង​ជំនួប​ទ្វេភាគី​របស់​លោក ដានីញ៉ែល ក្រៃថិនប្រ៊ីង ជាមួយ​លោក ហ៊ុន ម៉ាណែត និង​ការ​មក​បំពេញ​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ថ្មីៗ នេះ បន្ទាប់​ពី​គម្រោង​សាងសង់​កំពង់ផែ​សមុទ្រ​រាម ក្រោម​ជំនួយ​របស់​ចិន​មាន​ការវិវត្តន៍​ថ្មីៗ ជា​បន្ត​បន្ទាប់។ កាល​ពី​ចុង​ឆ្នាំ២០២៣ ចិន​បាន​បញ្ជូន​នាវា​ចម្បាំង​របស់​ខ្លួន​ចំនួន ២គ្រឿង មក​កំពង់ផែ​រាម​ជា​លើក​ដំបូង ហើយ​ភាគី​កម្ពុជា និង​ចិន​ថា ការ​ចូល​ចត​នាវា​ចិន​នេះ គឺ​ដើម្បី​រឹត​ចំណង​ទំនាក់ទំនង​ទ្វេភាគី និង​សម្រាប់​ហ្វឹកហ្វឺន​រវាង​នាវិក​ចិន និង​កម្ពុជា​រួម​គ្នា។

ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​ឃ្លាំមើល​ជាតិ និង​អន្តរជាតិ ហៅ​ការ​ចូល​ចត​នាវា​ចិន​លើ​កំពង់ផែ​រាម​លើក​ដំបូង​ជា​ការ​សាកល្បង​របស់​ចិន ស្រប​ពេល​កម្ពុជា និង​ចិន នៅតែ​មិន​បង្ហាញ​តម្លាភាព ចំពោះ​ការ​ចោទ​ប្រកាន់​អាមេរិក​អំពី​វត្តមាន​យោធា​ចិន​ប្រើប្រាស់​កំពង់ផែ​រាម​សម្រាប់​បម្រើ​ដល់​យោធា​របស់​ចិន៕

What Next?

Recent Articles