ដោយ យ៉ង ចាន់តារា
2024.03.09
RFA
ទិដ្ឋភាពពលរដ្ឋលើកបដា និងបង្ហាញពីសកម្មភាពអាជ្ញាធរដុតបំផ្លាញផ្ទះ ពលរដ្ឋនៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ នៅថ្ងៃទី៩ មីនា ២០២៤។ រូប៖ ពីវីដេអូពលរដ្ឋផ្ដល់ឱ្យ
សមត្ថកិច្ចខេត្តព្រះវិហារនៅតែបន្តចុះចាប់និងកម្ទេចផ្ទះរបស់ពលរដ្ឋ នៅឃុំស្រយង់ ស្របពេលពលរដ្ឋ២៨នាក់ត្រូវបានបញ្ជូនទៅតុលាការនិងមួយចំនួនទៀតបន្តជាប់ឃុំ។ សមត្ថកិច្ចខេត្តចោទពលរដ្ឋទាំងនោះជាជនអនាធិបតេយ្យចូលកាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា រដ្ឋាភិបាលគួររកដំណោះស្រាយប្រសើរជាងឲ្យមានអំពើហិង្សា។
អស់រយៈពេល៤ថ្ងៃ ហើយដែលសមត្ថកិច្ចចម្រុះខេត្តព្រះវិហារ បានចុះបង្ក្រាប និងចាប់ពលរដ្ឋ កម្ទេចផ្ទះសម្បែងរបស់ពលរដ្ឋ ដែលមានជម្លោះដីធ្លីជាមួយ ក្រុមហ៊ុន សិលាដាម៉ិច ខូអិលធីឌី (Seila Damex)។
នៅថ្ងៃទី៩ ខែមីនា អាជ្ញាធរមានប៉ូលិស កងរាជអាវុធហត្ថ ខេត្តព្រះវិហារ ប្រមាណជាង២០០នាក់ បន្តចុះរុះរើ ដុតផ្ទះសម្បែង របស់ប្រជាពលរដ្ឋ ជាង៣០គ្រួសារបន្ថែមទៀត នៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ និងបន្តតាមចាប់ពលរដ្ឋមួយចំនួនទៀត។ ពលរដ្ឋជិត៣០នាក់ មានទាំងកុមារផង ដែលកំពុងរត់គេចខ្លួនក្នុងព្រៃ បាននាំគ្នាឈរកាន់បដា និងស្រែកអង្វរករ ដល់អាជ្ញាធរខេត្តព្រះវិហារ ឲ្យដោះលែង ឪពុកម្ដាយ និងប្រជាពលរដ្ឋដទៃទៀត ហើយអំពាវនាវឲ្យដល់រដ្ឋាភិបាល ជួយរកដំណោះស្រាយដល់ពួកគេ។
សំឡេងពលរដ្ឋ៖ «សុំសំណូមពរឲ្យគ្រប់ជាន់ថ្នាក់ជួយដល់ពួកខ្ញុំផង ជួយរកយុត្តិធម៌ឲ្យពួកខ្ញុំផង ពួកខ្ញុំគ្មានអ្វីទីពឹងទេ មានតែខោអាវមួយចង្កេះរត់មកគ្មានអ្វីហូបទេ កូនចៅយំរំពងរកម៉ែដែលគេចាប់ទៅ សូមខាងខេត្តដោះលែងបងប្អូនខ្ញុំមកវិញមក»។
ពលរដ្ឋរស់នៅឃុំស្រយង់ម្នាក់ សុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា ប្រជាពលរដ្ឋនៅភូមិម្រេច នាំគ្នារើផ្ទះសម្បែងទាំងយប់ទាំងថ្ងៃ ដើម្បីគេចខ្លួនទៅនៅកន្លែងផ្សេង ពីព្រោះពួកគេខ្លាចសមត្ថកិច្ចរឹបអូសទ្រព្យសម្បត្តិរបស់ពួកគេ។
ពលរដ្ឋថ្លែងលាក់ឈ្មោះ «គេដុតផ្ទះធំៗនឹងគេវ៉ៃខ្ទេចខ្ទីអស់ហើយ មានយន្តហោះ កន្ទុំរុយ ហោះឆ្វែលពេញហ្នឹងមិនដឹងថា ទៅចុះនៅឯណា សម្រាប់តែបានទៅ»។
នៅក្នុងសន្និសីទសារព័ត៌មាន នៅសាលាខេត្តព្រះវិហារ កាលពីថ្ងៃទី៧ ខែមីនា អនុប្រធានរដ្ឋបាលព្រៃឈើ លោក សួន សុវណ្ណ ឲ្យដឹងថា ការចុះបង្ក្រាបនេះ គឺជាវិធានការការពារដីរបស់រដ្ឋ បើទោះបីដីនោះបានផ្ដល់ឲ្យក្រុមហ៊ុន សិលាដាម៉ិច យ៉ាងក្ដី។ លោកបន្ថែមថា អាជ្ញាធរបានបញ្ជាឲ្យពលរដ្ឋនៅតំបន់រុះរើ ផ្ទះសម្បែងចេញ ពីតំបន់នោះម្ដងហើយម្ដងទៀត ប៉ុន្តែពលរដ្ឋមិនព្រមចាកចេញនោះទេ ទើបកម្លាំងសមត្ថកិច្ចជម្រុះថ្នាក់ខេត្ត និងជាតិចុះបង្ក្រាបករណីនេះ។
លោក សួន សុវណ្ណ៖ «ឲ្យគាត់ចាកចេញតែគាត់នៅតែមិនចាកចេញ តែយើងបានធ្វើវិធានការ មុននឹងបានឈានទៅដល់ការការពារដីរដ្ឋ យើងបានធ្វើការអប់រំមានការផ្សព្វផ្សាយ ឲ្យបងប្អូនចាកចេញ រហូតដល់ពេលដែលយើង ធ្វើយុទ្ធនាការនេះក៏យើងទុកពេលវេលាឲ្យគាត់ចាកចេញដែរ ប៉ុន្តែគាត់មិនព្រមចាកចេញ ប៉ុន្តែគាត់បានធ្វើការតបត ជាមួយកម្លាំងសមត្ថកិច្ចរបស់យើង»។
កាលពីព្រឹកថ្ងៃទី៦ ខែមីនា សមត្ថកិច្ចចម្រុះខេត្តព្រះវិហារ បានចុះរុះរើនិងដុតផ្ទះសម្បែង របស់ប្រជាពលរដ្ឋនៅឃុំស្រយង់ និងឃុំត្បែងពីរ ត្រូវបានពលរដ្ឋជាង ១០០នាក់ នាំគ្នារារាំងបណ្ដាលឲ្យមានការប៉ះទង្គិចគ្នា ជាមួយកងកម្លាំងសមត្ថកិច្ចចម្រុះ រាប់រយនាក់ សមត្ថកិច្ចចម្រុះ បានបាញ់កាំភ្លើងរះឡើងលើ និងគប់គ្រាប់បែកផ្សែងជាច្រើនគ្រាប់ ទៅលើប្រជាពលរដ្ឋ ក្នុងពេលបង្ក្រាបពលរដ្ឋ។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោក ទី សុវិនថាល់ បានទេ នៅថ្ងៃទី៩ ខែមីនា ទូរស័ព្ទចូលគ្មានអ្នកទទួល។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការពន្លកខ្មែរ លោក ប៉ឹក សោភ័ណ យល់ឃើញថា រដ្ឋាភិបាលអាណត្តិថ្មីគួរតែរកដំណោះស្រាយ ដល់ប្រជាពលរដ្ឋទាំងអស់នោះឲ្យបានសមរម្យ និងត្រូវស្វែងរកទីតាំងផ្សេងទៀត ដើម្បីឲ្យពួកគេមានលំនៅឋាន និងដីអាស្រ័យផល ប្រសើរជាងការបណ្ដេញចេញទាំងបង្ខំ និងធ្វើទុក្ខបុកម្នេញតែប្រជាពលរដ្ឋខ្លួនឯង។
លោក ប៉ឹក សោភ័ណ៖ «ដូច្នេះកន្លែងដីសាធារណៈរបស់រដ្ឋមាននៅសល់ច្រើនណាស់ គួរតែធ្វើសម្បទានសង្គមកិច្ច ដល់ពួកគាត់ទៅវាប្រសើរជាជាងធ្វើឲ្យមានរូបភាពអំពើហិង្សាណាមួយកើតចេញពីអាជ្ញាធរពីមន្ត្រីពីសមត្ថកិច្ចគ្រប់បែបយ៉ាងហ្នឹងវាអត់ល្អ គួរតែចែកគាត់ទៅ»។
ក្រុមហ៊ុនសិលាដាម៉ិច ខូអិលធីឌី (Seila Damex) ទទួលបានដីសម្បទានសេដ្ឋកិច្ច ពីរដ្ឋាភិបាល នៅឆ្នាំ២០០៩ លើផ្ទៃដី ៩ពាន់ (៩.០០០) ហិកតារ ក្រោមហេតុផល ធ្វើការអភិវឌ្ឍន៍ដាំដំណាំកៅស៊ូ ។ ក្រុមហ៊ុនមួយនេះក៏បានផ្អាកសកម្មភាពមួយរយៈ រហូតដល់ឆ្នាំ២០២២ អាជ្ញាធរពាក់ព័ន្ធខេត្តព្រះវិហារ បានចេញប័ណ្ណកម្មសិទ្ធិ លើផ្ទៃដី ជាង ៦ពាន់ (៦៣៧៨.៤៦)ហិកតារ ឲ្យទៅជាអ្នកទទួលបានសិទ្ធិវិនិយោគបន្ត ហើយបន្តប៉ះពាល់ប្រជាពលរដ្ឋជាង ៣០០គ្រួសារដល់បច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
តើអាចមានបដិវត្តន៍មហាជនដូចនៅឯសំឡូតខេត្តបាត់ដំបងដែរឬទេ?បើពួកបនពុករលួយក្រុងភ្នំពេញយកតែតុលាការមកធ្វើទុកបុកម្នេញដល់ពួកគាត់តែយ៉ាងនេះ។