លោក ហ៊ុន ម៉ាណែត ថា ការអភិវឌ្ឍសម្រាប់ពលរដ្ឋគ្រប់រូប ខណៈស្រ្ដីម្នាក់សម្លាប់ខ្លួនដោយសារ «ការអភិវឌ្ឍ»

ដោយ ខាន់ លក្ខិណា
2024.03.18
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន ម៉ាណែត ថា ការអភិវឌ្ឍសម្រាប់ពលរដ្ឋគ្រប់រូប ខណៈស្រ្ដីម្នាក់សម្លាប់ខ្លួនដោយសារ «ការអភិវឌ្ឍ»

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត


លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ថា ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​នេះ មាន​ទិស​ដៅ ដើម្បី​ប្រជាពលរដ្ឋ​។ ជុំវិញ​ការ​អះអាង​នេះ អ្នក​ឃ្លាំមើល​ស្នើ​ឱ្យ​ រដ្ឋាភិបាល​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​មុខ​មាត់​រដ្ឋាភិបាល ស្រប​ពេល​ស្ត្រី​ម្នាក់​នៅ​ខេត្ត​ព្រះវិហារ​សម្លាប់​ខ្លួន ក្រោយ​អាជ្ញាធរ​រឹបអូស​ដី​របស់​គាត់​ទៅ​ឱ្យ​ក្រុមហ៊ុន។

ក្នុង​ពិធី​បុណ្យ​ទន្លេ​លើក​ទី៨ នៅ​ខេត្ត​សៀមរាប​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើង​ថា លោក​បាន​អាន​ពាក្យ​ស្លោក​មួយ​ឃ្លា​របស់​អង្គការ​សហប្រជាជាតិ ដែល​មាន​ន័យ​ថា មិន​ទុក​អ្នក​ណាម្នាក់ ឬ​កន្លែងណាមួយ​ចោល​នោះ​ទេ «​Leave No One and No Place Behind» ។


លោក​បញ្ជាក់​ថា ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​អាណត្តិ​ចាស់ និង​អាណត្តិ​ទី​៧​នេះ ក្នុង​ទិស​ដៅ ដើម្បី​ប្រជាពលរដ្ឋ​។

លោក ហ៊ុន ម៉ាណែត៖ «ព្រោះ​ការ​អភិវឌ្ឍ​ទិសដៅ​របស់​រាជរដ្ឋាភិបាល​ក្នុងរយៈពេល ៤០​ឆ្នាំ​​នេះ និង​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ គឺ​ធ្វើ​យ៉ាងណា​អភិវឌ្ឍ រុញ​ការ​អភិវឌ្ឍ រហូត​ទៅ​ដល់​គ្រប់​ទី​កន្លែង ព្យាយាម​ទាញ​នូវ​អត្ថប្រយោជន៍​សក្ដានុពល​នៅ​នឹង​កន្លែង នឹង​ភ្ជាប់​ទី​កន្លែង​។ ប៉ុន្តែ​ជាមួយ​គ្នា​នឹង​គោល​ដៅ​ធំ គឺ​ធ្វើ​ដើម្បី​ប្រជាពលរដ្ឋ​នៅ​គ្រប់​កន្លែង ​គ្រប់​ទី​តាំង​ទាំង​អស់​។ ផល​ប្រយោជន៍​ដែល​យើង​ដាក់​ចេញ គឺ​សម្រាប់​ប្រជាពលរដ្ឋ​អ៊ីចឹង​អ្វី​ក៏ដោយ ដែល​ថា គោល​នយោបាយ​ដែល​យើង​ដាក់​ចេញ​នៅ​ក្នុង​ការ​អភិវឌ្ឍ គឺ​ក្នុង​គោល​ដៅ​ពីរ គឺ​ធ្វើ​ការ​អភិវឌ្ឍ​គ្រប់​ទី​កន្លែង និង​សម្រាប់​ប្រជាជន​គ្រប់​រូប​ទាំងអស់​»​

ស្រប​ពេល​លោក ហ៊ុន ម៉ាណែត ថ្លែង​សារ​បែប​នេះ ស្ត្រី​រងគ្រោះ​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ​ម្នាក់​បាន​លេប​ថ្នាំ​សម្លាប់​ខ្លួន នៅ​ក្រោយ​ពេល​ក្រុម​អាជ្ញាធរ​បាន​ចុះ​ដុត​ផ្ទះ​សម្បែង និង​រឹបអូស​ដី​ចម្ការ​របស់​គាត់​ទៅ​ឱ្យ​ក្រុមហ៊ុន សិលាដាម៉ិច (Seila Damex ) ដែល​អាជ្ញាធរ​ថា ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​។

កូន​របស់​គាត់​បញ្ជាក់​ថា ម្ដាយ​របស់​ខ្លួន​លេប​ថ្នាំ​សម្លាប់​ខ្លួន ដោយសារ​ការ​ឈី​ចាប់​ព្រោះ​អាជ្ញាធរ​ប្រើ​ហិង្សា បំផ្លាញ​ផ្ទះ​សម្បែង និង​រឹបអូស​យក​ដី។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៧ មីនា ថា ការ​ដោះស្រាយ​ដោយ​ប្រើ​អាវុធ​ និង​កម្លាំង​ហួសហេតុ​ពេក មិន​គួរ​កើត​មាន​ឡើយ​ក្នុង​សម័យ​បច្ចុប្បន្ន និង​ក៏​មិន​ សម​ស្រប​នឹង​ការ​ប្ដេជ្ញា​ចិត្ត  ធ្វើ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​ទេ។

លោក អំ សំអាត​៖ «​ដើម​ឆ្នាំ២០២៤នេះ ករណី​ដី​ធ្លី​វា​ជា​លើក​ទី១ហើយ ដែល​ឃើញ​មាន​ការ​ប្រឈម​មុខ​រវាង​កង​កម្លាំង​ជាមួយ​ពលរដ្ឋ រហូត​ដល់​មាន​ការ​ផ្ទុះ​អាវុធ​និង​ការ​ប្រើប្រាស់​គ្រាប់​បែក​ផ្សែង​អី​ជាដើម​ហ្នឹង។ អ៊ីចឹង​ទិដ្ឋភាព​ទាំងអស់​នេះ បើ​សិន​ជា​មាន​ការ​កើត​ឡើង វា​គេច​មិន​ផុត​ទេ ពី​ការ​រិះគន់​សាធារណៈ​មតិ​ជាតិ ក៏​ដូច​ជា អន្តរជាតិ​កាល​ណា​ប្រើប្រាស់​កម្លាំង​ហួសហេតុ​ពេក ហើយ​មាន​ការ​ប្រើប្រាស់​អាវុធ​»​។

រីឯ​សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា ភួន កែវរស្មី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ពលរដ្ឋ ទាំង​នៅ​តំបន់​បឹង​តាមោក រាជធានី​ភ្នំពេញ និង​ពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ​ជា​ដើម ​ដែល​ធ្លាប់​មាន​សង្ឃឹម​ពន្លឺ​យុត្តិធម៌ ក្រោម​ការ​ដឹក​នាំ​របស់​មេ​ដឹក​នាំ​ថ្មី ដែល​មាន​ការ​សិក្សា​អប់រំ​ពី​ប្រទេស​ប្រជាធិបតេយ្យ​ជឿន​លឿន ប៉ុន្តែ​ខក​ចិត្ត​ទៅ​វិញ​ពេល​ឃើញ​មាន​លទ្ធផល​ជាក់ស្ដែង​កាន់​តែ​យ៉ាប់​ទៅ។

កញ្ញា ភួន កែវរស្មី​៖ «យើង​ឃើញ​មាន​ការ​យាយី ការ​បណ្ដេញ​ជា​ហូរហែ ប៉ុន្តែ​ករណី​ហិង្សា​ខ្លាំង​ៗ​មួយ​រយៈ​ក្រោយ​នេះ​។ យើង​មើល​ឃើញ​ថា ហាក់​ដូច​ជា ដៃ​ឆៅ ចិត្ត​ក្ដៅ​ជាង​ពី​កាល​អាណត្តិ​មុន​ទៀត ទាំង​ដែល​គាត់ ទើប​បាន​ឡើង​កាន់​តំណែង​។ យើង​សង្ឃឹម​ថា មាន​ការ​ប្រែប្រួល​ឥរិយាបថ ដែល​បង្ហាញ​ការ​យក​ចិត្ត​ទុក​ប្រជាពលរដ្ឋ​ជាដើម ប៉ុន្តែ​វា​ហាក់​ដូច​ជា​ផ្ទុយ​ពី​ហ្នឹង​ទៅ​វិញ​»​។

ចំណែក​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត​និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​អនុវត្ត​របស់​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ខុស​ពី​ការ​ ប្រកាស​ធានា​របស់​នាយក​រដ្ឋមន្ត្រី និង​ផ្ទុយ​ពី​ការ​តម្រង់​ទិស​របស់​អង្គការ​ សហប្រជាជាតិ។

លោក​ថា ការ​អនុវត្ត​ច្បាប់ ដែល​ការពារ​តែ​ក្រុមហ៊ុន ហើយ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​ប្រជាពលរដ្ឋ ឱ្យ​បាត់​បង់​ដីធ្លី និង​ផ្ទះ​សម្បែង រហូត​ដល់​ធ្វើ​ឱ្យ​មាន​ពលរដ្ឋ​ទាល់ច្រក​ ឈាន​ដល់​សម្រេច​ចិត្ត​សម្លាប់​ខ្លួន​បែប​នេះ គឺ​ជា​សោកនាដកម្ម​ដ៏​ធំ​មួយ សម្រាប់​ ជាតិ ហើយ​ករណី​បែប​នេះ នឹង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​មេ​ដឹក​នាំ​រដ្ឋាភិបាល​បើ​មិន​ដោះស្រាយ​ឱ្យ​ទាន់​ពេលវេលា​ទេ។

លោក សេក សុជាតិ ថា អង្គការ​សហប្រជាជាតិ មាន​គោល​ការណ៍​តម្រង់​ទិស ឱ្យ​ រដ្ឋាភិបាល​នៃ​រដ្ឋ​សមាជិក​ទាំងអស់ ពង្រឹង​អភិបាល​កិច្ច ដោយ​រៀបចំ​ដោយ ​តម្លាភាព ឱ្យ​ពលរដ្ឋ​មាន​ជម្រក​ស្នាក់​នៅ​សមរម្យ អាហារ​គ្រប់​គ្រាន់ ការ​ថែ​ទាំ​ សុខភាព និង​សេវា​អប់រំ​ជា​ដើម ហើយ​ត្រូវ​ធានា​ថា ការ​ផ្ដល់​សេវា​គាំពារ​ទាំង​នេះ ធ្វើ​ដោយ​សមភាព និង​គ្មាន​ការ​រើស​អើង​។

លោក សេក សុជាតិ៖ «អាជ្ញាធរ​ដែល​ធ្វើ​ឬ​បង្ខំ​ប្រជាពលរដ្ឋ​ឱ្យ​ឈាន​ទៅ​ដល់​កម្រិត​នេះ វា​នឹង​ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​អំពី​ការ​អនុវត្ត​ច្បាប់​តាម​បែប​ហិង្សា​ហើយ គ្មាន​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ទេ​។ ដូច្នេះ វា​ជះ​ឥទ្ធិពល​ទៅ​ដល់​ភាព​ជា​អ្នក​ដឹកនាំ​របស់​មេ​ដឹកនាំ​នៅ​ក្នុង​នីតិកាល​នេះ ក៏​ដូច​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ និង​មើល​ឃើញ​កម្ពុជា​កាន់​តែ​ដើរ​នៅ​ក្នុង​ផ្លូវ​ហិង្សា​»​

របាយការណ៍​របស់​សមាគម​អាដហុក ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​មាន​ចំណង​ជើង​«ស្ថានភាព​សិទ្ធិ​មនុស្ស​ឆ្នាំ២០២២» បង្ហាញ​ថា តាម​ការ​អង្កេត​វិវាទ​ដី​ធ្លី នៅ​តែ​បន្ត​កើត​មាន​ឡើង​ឥត​ឈប់ឈរ  ទន្ទឹម​និង​វិវាទ​រ៉ាំរ៉ៃ​មួយ​ចំនួន​ធំ មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ ខណៈ​វិវាទ​ថ្មីៗ​ទៀត ​បាន​កើត​ឡើង​ជា​បន្តបន្ទាប់​។

នៅ​ក្នុង​ឆ្នាំ២០២២ សមាគម​អាដហុក​បាន​រក​ឃើញ​ថា វិវាទ​ដីធ្លី​កើត​ឡើង​ចំនួន ៨៤​ករណី ដែល ៥០% នៃ​វិវាទ គឺ​ជា​ករណី​រំលោភ​ដោយ​បុគ្គល​មាន​អំណាច  ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ជន​រងគ្រោះ​ផ្ទាល់​ជាង ៧​ពាន់ (៧.១៤១) គ្រួសារ ស្មើ ៣៦.៧៦៦ នាក់ ដែល​ដី​វិវាទ​ជិត១ម៉ឺន (៩.៨៣១)ហិកតារ ជាង​៩៧% នៃ​វិវាទ  ត្រូវ​បាន​អូស​បន្លាយ​ការ​រក​ដំណោះស្រាយ រហូត​មក​ដល់​បំណាច់​ឆ្នាំ​២០២២​។

ក្រុម​អ្នក​ឃ្លាំមើល លើក​ឡើង​ដែរ​ថា ព្រឹត្តិការណ៍​ហិង្សា ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ ការ​បំពាន​សិទ្ធិ​ដីធ្លី​របស់​ពលរដ្ឋ​បែប​នេះ នឹង​ធ្វើ​ឱ្យ​កម្រិត​នីតិរដ្ឋ​របស់​កម្ពុជា​នឹង ​ធ្លាក់​ចុះ​ថែម​ទៀត និង​ក៏​ជះឥទ្ធិពល​អវិជ្ជមាន ដល់​យុទ្ធនាការ​ទាក់ទាញ​វិនិយោគ​ របស់​រដ្ឋាភិបាល​ថ្មី ដែល​បញ្ហា​ទាំង​នេះ នឹង​រុញ​ឱ្យ​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា កាន់​តែ​លំបាក​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles